ដោយសារជនអន្តោប្រវេសន៍ លោកដូណាល់ ត្រាំប្រកាសផ្តាច់ជំនួយដល់ប្រទេសបី របស់អាមេរិកកណ្តាល
លោកដូណាល់ ត្រាំ នៅថ្ងៃចន្ទទី ២២ តុលា បានប្រកាសកាត់ផ្តាច់ជំនួយដល់ប្រទេសហុងឌូរ៉ាស អេលសាល់វ៉ាឌ័រ ហើយនិងក្វាតេម៉ាឡា។ ប្រធានាធិបតីអាមេរិកាំង បានរិះគន់ បន្ទោសប្រទេសទាំងបី នៅអាមេរិកកណ្តាលថា គ្មានសមត្ថភាព ទប់ស្កាត់ជនអន្តោប្រវេសន៍ រាប់ពាន់នាក់ ដែលកំពុងធ្វើដំណើរជាក្បួនក្នុងទឹកដី ម៉ិចស៊ិក សំដៅ ឆ្លងដែនខុសច្បាប់ ចូលក្នុងប្រទេសអាមេរិក។
ចុះផ្សាយនៅថ្ងៃ៖
នៅពេលដែលជនអន្តោប្រវេសន៍ហុងឌូរ៉ាសកំពុងលើកគ្នា ធ្វើដំណើរជាក្បួន សំដៅ ទឹកដីអាមេរិក លោកដូណាល់ ត្រាំ តាមរយៈសារTwitter របស់លោក បានប្រកាសកាត់ផ្តាច់ជំនួយ ភ្លាមៗ សម្រាប់ប្រទេសបី នៅអាមេរិកកណ្តាល ដូចជា ហុងឌូរ៉ាស ក្វាតេម៉ាឡា ហើយនិងអេល សាល់វ៉ាឌ័រ។ ប្រធានាធិបតី អាមេរិកបានចោទប្រកាន់រដ្ឋាភិបាលប្រទេសទាំងបីថា បានទទួលប្រាក់ជំនួយជាប្រចាំពីអាមេរិក ប៉ុន្តែ គ្មានសមត្ថភាព ទប់ស្កាត់កុំឲ្យប្រជាជន ចាកចេញពីប្រទេស ដើម្បី លួចឆ្លងដែនខុសច្បាប់ចូលទឹកដី អាមេរិក។ តាមទីភ្នាក់ងារអភិវឌ្ឍអាមេរិក នៅឆ្នាំ ២០១៧ អាមេរិកផ្តល់ជំនួយ ២៤៨លានដុល្លារ ដល់ប្រទេសក្វាតេម៉ាឡា
តាមអង្គការសហប្រជាជាតិ ជនអន្តោប្រវេសន៍ ជាង ៧ពាន់នាក់ មកពី អាមេរិកកណ្តាល កំពុងធ្វើដំណើរឆ្លងកាត់ ប្រទេសម៉ិចស៊ិក នៅថ្ងៃ ចន្ទ សំដៅ ព្រំដែនម៉ិចស៊ិក អាមេរិក ដែលស្ថិតនៅចម្ងាយជាង ៣ពាន់គីឡូម៉ែត្រទៀត។ ទៅតាមការប្រកាសអំពាវនាវនៅលើបណ្តាញ សង្គម កាលពីថ្ងៃទី ១៣តុលា ប្រជាជនហុងឌូរ៉ាស រាប់ពាន់នាក់ បានលើកគ្នា ធ្វើដំណើរជាក្បួន ក្នុងក្តីសង្ឃឹមស្វែងរកជីវិតថ្មី ក្នុងទឹកដីអាមេរិក។
អង្គការសហប្រជាជាតិបានវាយតម្លៃថា ក្នុងមួយឆ្នាំៗ មានមនុស្ស ៥សែននាក់បានឆ្លងដែនខុសច្បាប់ ចូលប្រទេស ម៉ិកស៊ិក ដើម្បីសំដៅ ទឹកដីអាមេរិក។ នៅថ្ងៃព្រហស្បតិ៍ បន្ទាប់ពីប្រធានាធិបតីអាមេរិក គំរាមប្រើកម្លាំងទ័ព ដើម្បីប្រយុទ្ធប្រឆាំងនឹងការហូរចូលជនអន្តោប្រវេសន៍ខុសច្បាប់ ពីទឹកដី ម៉ិចស៊ិក រដ្ឋាភិបាលម៉ិចស៊ិកបានពង្រាយទ័ព ដើម្បី រារាំងក្បួនជនអន្តោប្រវេសន៍នៅព្រំដនគោក ជាមួយប្រទេសក្វាតេម៉ាឡា។ ប៉ុន្តែ យ៉ាងណាក៏ដោយ ជនអន្តោប្រវេសន៍ រាប់ពាន់នាក់ផ្សេងទៀត នៅតែអាចឆ្លងចូលម៉ិចស៊ិក តាមរយៈផ្លូវទឹក ដែលស្ថិតនៅតាមព្រំដែនក្វាតេម៉ាឡា និងម៉ិចស៊ិក។
សម្រាប់អង្គការការពារសិទ្ធិមនុស្ស Human Rights Watch ការកាត់បន្ថយជំនួយ អាមេរិក នឹងមិនជួយដោះស្រាយបញ្ហានោះតែ ប៉ុន្តែ ផ្ទុយទៅវិញ វានឹងធ្វើឲ្យវិបត្តិជនអន្តោប្រវេសន៍កាន់តែធ្លាក់ដុនដាប។ ប្រជាជនហុងឌូរ៉ាស ភាគច្រើន បានរត់ចេញពីប្រទេស ដើម្បី គេចខ្លួនចេញពីការតាមសម្លាប់ អំពើហិង្សា ហើយនិងភាពក្រីក្រ។
តាមអង្គការ និងស្ថាប័នរដ្ឋរបស់ប្រទេសហុងឌូរ៉ាស ជំនួយរបស់អាមេរិក សម្រាប់ការអភិវឌ្ឍន៍ ក្នុងគោលដៅ ទប់ស្កាត់កុំឲ្យប្រជាជនធ្វើចំណាកស្រុក និងធ្វើអន្តោប្រវេសន៍ ឆ្លងដែនខុសច្បាប់ទៅអាមេរិក បានធ្លាក់ចុះជាបន្តបន្ទាប់ នៅរយៈពេល៣ឆ្នាំចុងក្រោយនេះ។ នៅឆ្នាំ ២០១៧ ជំនួយរបស់អាមេរិកសម្រាប់ប្រទេសហុងឌូរ៉ាសបានថយចុះ ពី៧៥០លាន មក នៅត្រឹម ៦៥៥លានដុល្លារ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ