កាណាដាស្វែងរកអនាគតឱ្យអង្គការពាណិជ្ជកម្មពិភពលោក OMC
នៅថ្ងៃទី ២៥-២៦តុលា ពីរថ្ងៃនេះ កាណាដា ត្រូវធ្វើជាម្ចាស់ផ្ទះទទួលរៀបចំជំនួប១៣ប្រទេស មកពីទ្វីបទាំង៥នៃភពផែនដី ដើម្បីពិភាក្សាស្តីពីការធ្វើកំណែទម្រង់អង្គការពាណិជ្ជកម្មពិភពលោក។ អូស្ត្រាលី ប្រេស៊ីល សហភាពអឺរ៉ុប ន័រវែស នូវែលហ្សេឡង់ម៉ិចស៊ិក ឈីលី កូរ៉េខាងត្បូង ជប៉ុន សិង្ហបុរី កេនយ៉ា និងស្វីស បានបង្ហាញវត្តមានក្នុងអង្គប្រជុំនោះ។ អវត្តមានរបស់មហាយក្សចិននិងអាមេរិក ប្រៀបដូចជាព្រនង់វាយសំពងលើអង្គការដែលកាន់តែខ្វិនទៅៗ។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
អ្នកជំនាញបានដឹងរួចជាស្រេចហើយថា បើគ្មានអ្វីប្តូរផ្លាស់នៅពេលនេះទេ អង្គការពាណិជ្ជកម្មពិភពលោកនឹងស្លាប់ទាំងរស់ហើយ នៅខែមករា ឆ្នាំ២០១៩ខាងមុខ។ ពីព្រោះនៅខែមករាខាងមុខនេះ ចៅក្រមចុងក្រោយគេម្នាក់ក្នុងចំណោមចៅក្រមទទួលបន្ទុកដោះស្រាយវិវាទរវាងប្រទេសជាសមាជិកអង្គការនឹងត្រូវផុតអាណត្តិ។ ឯប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានខ្ទប់មិនឱ្យមានការតែងតាំងចៅក្រមថ្មីសម្រាប់មកបន្តអាណត្តិការងារ៤ឆ្នាំឡើយ។ តាមរយៈហេតុផលនេះ អង្គការពាណិជ្ជកម្មពិភពលោកដែលជាស្ថាប័ន ដោះស្រាយជម្លោះពាណិជ្ជកម្មរបស់រដ្ឋជាសមាជិក នឹងត្រូវជាប់គាំងធ្វើការលែងកើត។
ហេតុដូច្នេះហើយបានជាកាណាដា ត្រូវការប្រមូលផ្តុំក្រុមប្រទេសតូចៗ ដែលមានគំនិតដូចគ្នា មកជួបពិភាក្សាគ្នាធ្វើកំណែទម្រង់ស្ថាប័នOMC ដើម្បីអាចកំណត់អំពីមធ្យោបាយជាក់ស្តែងសម្រាប់នាំអង្គការឱ្យបានស្គាល់ភាពប្រសើរឡើង ក្នុងពេលខ្លី មធ្យម និងយូរអង្វែងទៅមុខ។ ប្រធានបទសំខាន់ៗទាក់ទងនឹងធ្វើកំណែទម្រង់ស្ថាប័នមិនខ្វះទេ !
ប្រធានបទជាផ្លូវការដែលដៃគូទាំង១៣ប្រទេសត្រូវជជែកគ្នានៅក្នុងកិច្ចប្រជុំពីរថ្ងៃនៅកាណាដា នេះមានបីធំៗ ៖ បង្កើនប្រសិទ្ធិភាព តួនាទីត្រួតពិនិត្យ និងតម្លាភាពរបស់អង្គការ រក្សាយន្តការដោះស្រាយជម្លោះ បង្កើតច្បាប់ពាណិជ្ជកម្មប្រចាំសតវត្សរ៍ទី ២១។ បង្កើនសមត្ថភាពចរចាឱ្យអង្គការឱ្យបានប្រសើរឡើង ក៏មាននៅក្នុងរបៀបវារៈនៃជំនួបប្រជុំនេះដែរ។ ប៉ុន្តែចំណោទនេះហាក់គ្មានអ្វីគួរឱ្យទុកចិត្តធានាបានសោះ ក្នុងខណៈដែលអាមេរិករបស់លោកត្រាំ ដាក់បង្ខំដំឡើងពន្ធជាឯកតោភាគី ដល់២៥%ចំពោះការនាំចូលដែកថែប។ អាមេរិកប្រាថ្នាចង់ឱ្យអង្គការពាណិជ្ជកម្មពិភពលោក ថ្កោលទោស ចាត់វិធានសងសឹករបស់ចិន។ សម្រាប់កាណាដា ក៏ដូចជាសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក OMC មិនបានឆ្លើយតបសមរម្យទៅនឹងទង្វើសងសឹកពាណិជ្ជកម្មបង្កឡើងដោយចិនទេ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ