ជនសង្ស័យផ្ញើកញ្ចប់មានគ្រាប់បែកច្នៃ ជាអ្នកដែលមានសមានចិត្តគាំទ្រ លោកដូណាល់ ត្រាំ
បន្ទាប់ពីតាមប្រមាញ់អស់ប៉ុន្មានថ្ងៃ ប៉ូលិសFBI នៅថ្ងៃសុក្រម្សិលមិញ បានចាប់ឃាត់ខ្លួន បុរសម្នាក់ នៅរដ្ឋFlorida ដែលគេសង្ស័យថា ជាម្ចាស់កញ្ចប់ គ្រាប់បែកច្នៃ ចំនួន ១៣កញ្ចប់ ដែលត្រូវបានផ្ញើទៅកាន់អ្នកនយោបាយ និងមនុស្សសំខាន់ៗ ដែលមានជាអាទិ៍ អតីតប្រធានាធិបតី បារ៉ាក់ អូបាម៉ា អតីតប្រធានចារកម្មអាមេរិក ហើយនិងទូរទស្សន៍CNNជាដើម។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
មានអាយុ ៥៦ឆ្នាំ ជនសង្ស័យ Cesar Sayoc ត្រូវបានប៉ូលិស អាមេរិកាំង FBI ចាប់ខ្លួន នៅក្នុងហាងលក់គ្រឿងរថយន្តមួយ ក្នុងរដ្ឋFlorida។ ជាមួយ ស្នាមភិនភាគ DNA ប៉ូលិសអាមេរិកាំង ជឿថា គឺCesar Sayoc ដែលជាម្ចាស់ កញ្ចប់គ្រាប់បែកច្នៃ ទាំង១៣ ដែលត្រូវបានផ្ញើទៅកាន់ អ្នកនយោបាយ និងមនុស្សសំខាន់ៗ នៅទូទាំងសហរដ្ឋអាមេរិក។ នៅសប្តាហ៍នេះ កញ្ចប់បញ្ញើជាច្រើន ដែលមានបង្កប់គ្រាប់បែកច្នៃ ឬគ្រឿងផ្ទុះ ត្រូវ បានផ្ញើទៅកាន់អាស័យដ្ឋានរបស់ក្រុមមនុស្សដែលប្រឆាំងរិះគន់ លោកប្រធានាធិបតីដូណាល់ ត្រាំ ដែលមានដូចជាអតីតប្រធានាធិបតី បារ៉ាក់ អូបាម៉ា លោកស្រីហ៊ីឡារី គ្លីនតុន ទូរទស្សន៍ CNN តារាភាពយន្ត Robert De Niro សមាជិកសភា មកពីគណបក្សប្រជាធិបតេយ្យ ឬមហាសេដ្ឋី George Sorosជាដើម។
ក្នុងកំណត់ហេតុរបស់តុលាការនៅរដ្ឋFlorida Cesar Sayoc ធ្លាប់ជាប់ទោស កាលពីឆ្នាំ ២០០២ ក្នុងបទប្រព្រឹត្តអំពើហិង្សា លួច ហើយនិងគំរាមបំផ្ទុះគ្រាប់បែក។ នៅប៉ុន្មានខែចុងក្រោយនេះ Cesar Sayoc ដែលជាសមាជិករបស់គណបក្សសាធារណរដ្ឋ បានបញ្ចេញយោបល់នៅលើបណ្តាញសង្គមហ្វេសប៊ុក រិះគន់ខ្លាំង ប្រឆាំងអតីតប្រធានាធិបតីបារ៉ាក់ អូបាម៉ា លោកស្រីហ៊ីឡារី គ្លីនតុន ហើយនិងបានអំពាវនាវឲ្យគេបោះឆ្នោតគាំទ្របក្សសាធារណរដ្ឋនៅថ្ងៃទី ៦វិច្ឆិកាខាងមុខ។ នៅក្នុងគណនីហ្វេសប៊ុក គេឃើញ រូបថត Cesar Sayoc ពាក់មួក មានសរសេរពាក្យស្លោករបស់លោកប្រធានាធិបតីដូណាល់ ត្រាំ ដែលថា ធ្វើឲ្យអាមេរិកអស្ចារ្យឡើងវិញ។ ចំណែករថយន្តពណ៌ស របស់ជនសង្ស័យ មានបិទរូបលោកដូណាល់ ត្រាំ និងគណបក្សសាធារណរដ្ឋ នៅក្បែររូបលោកស្រីគ្លីនតុន ដែលជារូបផ្ទាំងស៊ីប។
ប្រតិកម្មទៅនឹងការចាប់ខ្លួនជនសង្ស័យ នៅថ្ងៃសុក្រម្សិលមិញ លោកប្រធានាធិបតីអាមេរិក នៅចំពោះមុខក្រុមអ្នកគាំទ្ររបស់លោក នៅរដ្ឋការូលីនខាងជើង បានចាត់ទុកការប៉ុនប៉ងវាយប្រហារ ដោយកញ្ចប់គ្រាប់បែកច្នៃ ថា ជាសកម្មភាពភេរវកម្ម ដែលត្រូវរងការដាក់ពិន័យកម្រិតធ្ងន់ទៅតាមច្បាប់។ សម្រាប់ប្រធានាធិបតីអាមេរិកាំង សំណុំរឿងកញ្ចប់ បញ្ញើមានគ្រឿងផ្ទុះ បានបំផ្លាញរូបភាព និងបន្ទុចបង្អាក់ សន្ទុះគាំទ្រគណបក្សសាធារណរដ្ឋ នៅតែប៉ុន្មានថ្ងៃមុនកាលបោះឆ្នោត សភា ពាក់កណ្តាលអាណត្តិ។ សម្រាប់ លោកដូណាល់ ត្រាំ ក្រុមប្រជាធិបតេយ្យ និងកាសែតអាមេរិកាំងបានឆ្លៀតឱកាស បំប៉ោង សំណុំរឿងនេះ ដើម្បី វាយប្រហារ ប្រឆាំងរូបលោក ហើយនិងគណបក្សសាធារណរដ្ឋ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ