សហរដ្ឋអាមេរិក-ម៉ិចស៊ិក

នៅពេល​លោកដូណាល់ ត្រាំ នៅ​មិនស្រណុក ដោយសារ​ក្បួនជនអន្តោប្រវេសន៍​ហុងឌូរ៉ាស

ជនអន្តោប្រវេសន៍ភាគច្រើន​មកពី​ប្រទេស​ហុងឌូរ៉ាស​កំពុង​ធ្វើដំណើរ​ជា​ក្បួន​ឆ្លងកាត់​ប្រទេស​ម៉ិចស៊ិក ដើម្បី សំដៅ​ឆ្លង​ទៅ​រស់នៅ​ទឹកដី​អាមេរិក នៅថ្ងៃទី ២៦ តុលា​២០១៨
ជនអន្តោប្រវេសន៍ភាគច្រើន​មកពី​ប្រទេស​ហុងឌូរ៉ាស​កំពុង​ធ្វើដំណើរ​ជា​ក្បួន​ឆ្លងកាត់​ប្រទេស​ម៉ិចស៊ិក ដើម្បី សំដៅ​ឆ្លង​ទៅ​រស់នៅ​ទឹកដី​អាមេរិក នៅថ្ងៃទី ២៦ តុលា​២០១៨ ©REUTERS/Ueslei Marcelino

នៅក្នុង​អំឡុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​សភា​ពាក់កណ្តាល​អាណត្តិ បញ្ហា​អន្តោប្រវេសន៍ និង​ជាពិសេស​ក្បួន​ប្រជាជន​ហុងឌូរ៉ាស ដែល​លើកគ្នា​រាប់ពាន់​នាក់ ដើរ​សំដៅ​ទឹកដី​អាមេរិក ជាប្រធានរឿង​សំខាន់ នៅក្នុង​សារ​ឃោសនា​របស់​លោក​ប្រធានាធិបតី​អាមេរិក។ នៅ​ថ្ងៃសុក្រ​ទី ២៦ ទៅតាម​សំណើ​របស់​លោកដូណាល់ ត្រាំ ក្រសួង​ការពារ​ជាតិ​អាមេរិក បានប្រកាស បញ្ជូន​កងទ័ព​៨០០​នាក់ ទៅ​ពង្រាយ នៅ​ព្រំដែន ម៉ិចស៊ិក និង​អាមេរិក ដើម្បី ទប់ស្កាត់​ការឆ្លងដែន​ខុសច្បាប់ ជនអន្តោប្រវេសន៍​មក​ពី​អាមេរិកកណ្តាល ចូលទឹកដី​អាមេរិក។ 

ផ្សាយពាណិជ្ជកម្ម

ការសម្រេច​របស់​មន្ទីរបញ្ចកោន​ដើម្បី​បញ្ជូន​កងទ័ព​អាមេរិក​ទៅ​ព្រំដែន នឹង​ធ្វើ​ឲ្យ​ចំនួន​ឆ្មាំ​ព្រំដែន សម្រាប់​ដោះស្រាយ​បញ្ហា​ជនអន្តោប្រវេសន៍ នៅ​តាមព្រំដែន​ម៉ិចស៊ិក-​អាមេរិក​កើនឡើង​ច្រើនជាង ២ពាន់នាក់។ ក្រៅតែ​ពី​បញ្ជូន​កងទ័ព ទៅជួយ​ពង្រឹង​កម្លាំង​របស់​ឆ្មាំព្រំដែន និង​គំរាម​កាត់​ប្រាក់ជំនួយ ដល់​ប្រទេស​ចំណាកស្រុក​របស់​ជនអន្តោប្រវេសន៍ លោកដូណាល់ ត្រាំ នៅ​បាន​គំរាម​ប្រើ​អំណាច​ប្រធានាធិបតី ដើម្បី ចេញ​ច្បាប់ ទប់ស្កាត់​ការហូរចូល​ជនអន្តោប្រវេសន៍ មក​ពី​អាមេរិកកណ្តាល។

សូមអាន៖ សហរដ្ឋ​អាមេរិកដកខ្លួន ​ចេញពី​កិច្ច​ព្រមព្រៀង​ពិភពលោក​ស្តីពី​ជនភៀសខ្លួន និង​ជន​អន្តោប្រវេសន៍

តើ​លោកដូណាល់ ត្រាំ នឹង​ប្រើ​ក្រឹត្យ​ប្រធានាធិបតី​ដើម្បី ហាមឃាត់​កុំ​ឲ្យ​ជន​អន្តោប្រវេសន៍ មក​ពី​អាមេរិកកណ្តាល​ចូល​ទឹកដី ដូចដែល​លោក​ធ្លាប់​បាន​ធ្វើទៅលើ​​ប្រជាជន មកពី​ប្រទេស​កាន់សាសនា​អ៊ីស្លាម? នៅពេល​ដែល​ក្បួន​ជនអន្តោប្រវេសន៍​មាន​ប្រភព​មក​ពី ប្រទេស​ហុងឌូរ៉ាស នៅតែ​បន្ត​ដំណើរ​សំដៅ​ទឹកដី​អាមេរិក លោកដូណាល់​ត្រាំ មិនរារែក​នឹង​ប្រើ​ចាត់វិធានការ ប្រឆាំង​ជនអន្តោប្រវេសន៍​នោះទេ។

តាម​មន្រ្តី​របស់​សេតវិមាន ដែល​ដកស្រង់​សំដី​ដោយ​កាសែត​The Washington Post លោក​ប្រធានាធិបតី​ដូណាល់ ត្រាំ កំពុង​ពិចារណា លើ​ច្បាប់​ដែល​នឹង​ហាម​មិន​ឲ្យ​ជនអន្តោប្រវេសន៍​ឆ្លងព្រំដែន​ចូល​ទឹកដី​អាមេរិក ដើម្បី​ដាក់​ពាក្យ​សុំ​សិទ្ធិ​ជ្រកកោន​នយោបាយ។ លោកដូណាល់​ត្រាំ អាច​ប្រើ​អំណាច​ប្រធានាធិបតី ប៉ុន្តែ ទៅតាម​ផ្លូវច្បាប់ ក្រឹត្យ​របស់​ប្រធានាធិបតី​នឹង​អាច​រំលាយ​ចោលវិញ នៅពេល​មាន​ពាក្យបណ្តឹង​ទៅ​តុលាការ​កំពូល ដូចក្នុង​ករណី​ហាមប្រាម​មិន​ឲ្យ​អ្នកកាន់​សាសនា​អ៊ីស្លាម​ចូល​ទឹកដី​អាមេរិក​កាលពីឆ្នាំមុន។

នៅ​ថ្ងៃ​សុក្រ នៅពេល​ដែល​ក្បួន​ជនអន្តោប្រវេសន៍ ដែល​ភាគច្រើន​ជា​ប្រជាជន​ហុងឌូរ៉ាស ឆ្លងចូល​ទឹកដី​ម៉ិចស៊ិក រដ្ឋាភិបាល​ម៉ិចស៊ិក បាន​ប្រកាស​ផ្តល់​លិខិត​ស្នាក់នៅ និង​សេវា​សុខភាព ដល់​ជនអន្តោប្រវេសន៍​ណា ដែល​មាន​បំណង​សុំ​សិទ្ធិ​ជ្រកកោន នៅ​ប្រទេស​ម៉ិចស៊ិក។ តាម​ក្រសួង​មហាផ្ទៃ ម៉ិចស៊ិក មានជនអន្តោប្រវេសន៍​ជិត ២ពាន់​នាក់ ប៉ុណ្ណោះ ក្នុង​ចំណោម ជាង ៧ពាន់នាក់ ដែល​បាន​ដាក់ពាក្យ​សុំ​ ចំណែក​ជនអន្តោប្រវេសន៍​រាប់ពាន់​នាក់​ផ្សេងទៀត បាន​បដិសេធ​មិន​ទទួល​យក​សំណើ ព្រោះថា ម៉ិចស៊ិក​មិនមែន​ជា​គោលដៅ​ដែល​គេ​ចង់​បាននោះទេ ប៉ុន្តែ គឺ​សហរដ្ឋអាមេរិក ជាទី​ដែល​ពួកគេ​បាន​ស្រមៃ​ចង់​កសាង​ជីវិត ថ្មី បន្ទាប់ពី​ចាកចេញ ពី​ប្រទេស​ដែល​សំបូរ​ដោយ​អំពើហិង្សា ឧក្រិដ្ឋកម្ម​សម្លាប់មនុស្ស ហើយ​និង​ភាពក្រីក្រ ដូចជា​ហុងឌូរ៉ាសជាដើមនោះ។ រហូតមក​ដល់​ថ្ងៃ​សៅរ៍ ក្បួន​ជនអន្តោប្រវេសន៍​អាមេរិក​កណ្តាល​ដើរ​បាន​តែ​ជាង ១០០​គីឡូម៉ែត្រ​ប៉ុណ្ណោះ ក្នុង​ប្រទេស​ម៉ិចស៊ិក គឺ​នៅ​សល់ ជាង ៣ពាន់​គីឡូម៉ែត្រ ឯណោះ។ គេ​វាយតម្លៃ​ថា ជនអន្តោប្រវេសន៍ ដែល​ធ្វើដំណើរថ្មើរជើង សំដៅ ទឹកដី​អាមេរិក នឹង​អាច​ទៅ​ព្រំដែន អាមេរិក ម៉ិចស៊ិក យ៉ាងហោច ក្នុង​៦សប្តាហ៍​ទៀត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI