អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

លោកត្រាំ ប្រកាស​អនុវត្ត​ទណ្ឌកម្ម​ប្រេង​និង​ធនាគារ​លើ​អ៊ីរ៉ង់

សំឡេង ០៦:៤១
លោក​Mike Pompeoរដ្ឋមន្ត្រី​ក្រសួងការបរទេសអាមេរិក
លោក​Mike Pompeoរដ្ឋមន្ត្រី​ក្រសួងការបរទេសអាមេរិក REUTERS/Darren Ornitz
ដោយ៖ អៀង សុខម៉ិញ
៣៤ នាទី

៦ខែ​ក្រោយ​​ពី​បាន​ប្រកាស​ដក​ខ្លួន​ចេញ​ពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់ សហរដ្ឋ​អាមេរិក​បាន​ប្រកាស​នៅ​ល្ងាច​ថ្ងៃ​សុក្រ​ម្សិលមិញ ចាប់​ដាក់​ទណ្ឌកម្ម​លើក្រុង​តេអេរ៉ង់​ឡើង​វិញ ចាប់​​ថ្ងៃទី ៥ វិច្ឆិកា​ តទៅ ដោយ​វាយ​ឱ្យ​ចំ​លើ​វិស័យប្រេង និង​ធនាគារ ដែល​​​ជា​អាយុជីវិត​របស់​ប្រទេស​តែ​ម្តង។ ជាទណ្ឌកម្ម​ ដ៏​ចាស់ដៃ​បំផុត​ពុំ​មាន​ធ្លាប់​អនុវត្ត​ពី​មុន​មក​ទេ។ នៅ​ក្នុង​សេចក្តីថ្លែងការណ៍​រួម សហភាព​អឺរ៉ុប បារាំង អង់គ្លេស និង​អាល្លឺម៉ង់ បាន​សម្តែង​ការ​សោក​ស្តាយ​យ៉ាង​ខ្លាំង ចំពោះ​សេចក្តីសម្រេច​ចិត្ត​របស់​អាមេរិក​។

ផ្សាយពាណិជ្ជកម្ម

ទណ្ឌកម្ម​ដែល​នឹង​​ចូល​ជា​ធរមាន ចាប់ពី​​​ថ្ងៃចន្ទទី ៥ វិច្ឆិកា​នេះ​តទៅ ជា​ទណ្ឌកម្ម​ទាំង​អស់​ដែល​អាមេរិក​​ធ្លាប់​បាន​ដាក់​លើ​អ៊ីរ៉ង់ កាលពី​មុន​កិច្ចព្រមព្រៀង​អន្តរជាតិ​ស្តី​ពី​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ឆ្នាំ​២០១៥។ ជា​ទណ្ឌកម្ម​លើ​​វិស័យ ថាមពល វិស័យ​សំណង់​នាវា​ ព្រមទាំង​វិស័យ​ធនាគារ ពោល​គឺ​ជា​ការ​បិទ​ទ្វារ​ ​មិន​ឱ្យ​គ្រប់​ប្រទេស​ឬ​ក្រុមហ៊ុន​រកស៊ីទិញ​ប្រេង​ពី​អ៊ីរ៉ង់​ ឬ​មាន​ទំនាក់ទំនង​ជាមួយ​​ធនាគារជាតិអ៊ីរ៉ង់ ចូល​ទីផ្សារ​អាមេរិកបាន​ទេ។

បុគ្គល​ ឬ​ក្រុមហ៊ុន​អ៊ីរ៉ង់​ចំនួន​៧០០ នឹង​ត្រូវ​ចាត់​បញ្ចូល​ទៅក្នុង​បញ្ជី​ខ្មៅ​អាមេរិក​ ចាប់ពី​ថ្ងៃ​ចន្ទ​នេះ​ទៅ​ដែរ ! នេះ​បើ​តាម​ការ​បង្ហើប​ឱ្យ​ដឹង​របស់​រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ ក្នុងនោះ​៤០០​អត្តសញ្ញាណ​ធ្លាប់​ត្រូវ​បាន​ដក​ចេញ​ពី​បញ្ជី​ជាប់​ទណ្ឌកម្ម​កាលពី​ឆ្នាំ​២០១៥ ឥលូវ​ត្រូវ​ត្រលប់​ចូល​បញ្ជី​វិញ និង​បីរយ​នាក់​ជាមនុស្ស​ឬ​ក្រុមហ៊ុន​ថ្មី​​ទើប​ត្រូវ​បន្ថែម។ ស្ថាប័ន​ហិរញ្ញវត្ថុ​អ៊ីរ៉ង់ ក៏​នឹង​ត្រូវ​​​អាមេរិក​ដាក់​ទណ្ឌកម្ម​ផ្តាច់ពី​​​ចរន្ត​ធានាគារ​អន្តរជាតិ Swiftដែរ លើក​លែង​តែ​ហិរញ្ញវត្ថុ​មនុស្សធម៌ ដោយ​សន្យា​បង្ហាញ​បញ្ជី​ឈ្មោះ​ស្ថាប័ន​ធនាគារ​ជាប់​ទណ្ឌកម្ម​នៅ​ថ្ងៃ​ចន្ទ​ខាង​ស្អែក​នេះ។ ដោយ​ហេតុ​ថា​ទណ្ឌកម្ម​អាមេរិកប្រឆាំង​អ៊ីរ៉ង់ សំដៅ​តែ​លើ​របប​ដឹកនាំ​នយោបាយ មិនមែន​ចង់ធ្វើ​បាប​ប្រជាពលរដ្ឋ ជំនួយ​មនុស្សធម៌​ អាហារ​ និង​ថ្នាំពេទ្យ​ មិន​ជាប់​ក្នុង​ទណ្ឌកម្ម​នេះ​ទេ !

ក្នុង​វិស័យ​ប្រេង អាមេរិក​មាន​កម្មវត្ថុ​​ដាក់​ទណ្ឌកម្ម​ ធ្វើ​យ៉ាងណាឱ្យ​ការ​នាំចេញ​ប្រេង​អ៊ីរ៉ង់​ធ្លាក់​មក​នៅ​ស្មើ​​សូន្យ។ ​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​ រដ្ឋមន្ត្រីការបរទេស​​អាមេរិក លោក មៃ ប៉ុមប៉េអូ បាន​ប្រកាស​ទៀត​ថា ដើម្បី​ឱ្យ​គំនាប​ទណ្ឌកម្ម​កាន់​តែ​មាន​ប្រសិទ្ធភាព​ខ្លាំង អាមេរិក​នឹង​សហការ​យ៉ា​ស្អិត​ល្មួត​ជាមួយ​បណ្តា​ប្រទេស​ជា​ច្រើន​ផ្សេង​ទៀត​ ដើម្បី​កាត់​បន្ថយ​ជា​អតិបរិមា ការ​នាំ​ចេញ​ប្រេង​​អ៊ីរ៉ង់។

៨ប្រទេស​អាច​បន្ត​ទិញប្រេង​អ៊ីរ៉ង់

ក៏​ប៉ុន្តែ​មាន​ប្រទេស​ចំនួន​៨ ដែល​​នឹង​ទទួល​បាន​សិទ្ធិ​លើកលែង និង​ត្រូវ​បាន​អនុញ្ញត​ឱ្យ​បន្ត​ទិញ​ប្រេង​ពី​អ៊ីរ៉ង់​ (យោង​តាម​ច្បាប់​អាមេរិក ករណី​លើក​លែង​​មាន​រយៈ​ពេល​១៨០​ថ្ងៃ​យ៉ាង​ច្រើន​បំផុត)។ ព្រោះ​ប្រទេស​ទាំង​នោះ​បាននិង​កំពុង​ប្រឹង​កាត់​បន្ថយ​ការនាំ​ចូល​ប្រេង​អ៊ីរ៉ង់​ និង​មាន​កម្មវត្ថុ​ឈប់​ទិញ​ប្រេង​សោះ​ពី​អ៊ីរ៉ង់​នៅ​ថ្ងៃ​មុខ។ បើ​តាម​ការ​សន្និដ្ឋាន​របស់​អាមេរិក នៅ​ឆ្នាំ​ក្រោយ​ផលិតផល​ប្រេង​នឹង​កើន​លើ​ស​សេចក្តី​ត្រូវការ​ពិភពលោក ដូច្នេះ​ប្រទេស​ពាក់ព័ន្ធ​ទាំ​ងនោះ​នឹង​ត្រូវ​ឈប់ទិញ​​ប្រេង​អ៊ីរ៉ង់​​សោះ​តែ​ម្តង។

បញ្ជី​ឈ្មោះ​ប្រទេស​ជា​ករណី​ពិសេស​អាច​បន្ត​ទិញ​ប្រេង​ពី​អ៊ីរ៉ង់​បាន​ទៀត នឹង​ត្រូវ​ប្រកាស​បង្ហាញ​ជា​ផ្លូវការ​នៅ​ថ្ងៃ​ចន្ទ។ នេះ​បើ​តាម​ប្រសាសន៍​របស់​លោក​ប៉ុមប៉េអូ ដែល​បាន​គូស​បញ្ជាក់​រួច​ជា​ស្រេច​ទៅ​ហើយ​ថា សហភាព​អឺរ៉ុប​ទាំង​មូល​ទំនង​ជា​មិន​ស្ថិត​នៅ​ក្នុង​ករណី​លើក​លែង​ទេ ! ឥណ្ឌា អ៊ីរ៉ាក់ និង​កូរ៉េខាងត្បូង ហើយ​ប្រហែល​ជា​ចិន​មួយ​ដែរ អាច​មាន​ឈ្មោះ​នៅ​ក្នុង​បញ្ជី​លើកលែង​៨​ប្រទេស។ អ៊ីរ៉ាក់​បាន​បញ្ជាក់​តាំង​ពី​ល្ងាច​មិញ​ថា​ខ្លួនបាន​ទទួល​សិទ្ធិ​ពិសេស​បន្ត​នាំ​ចូល​ឧស្ម័ន​និង​ប្រភព​ថាមពល​ផ្សេងៗ​ពី​អ៊ីរ៉ង់ ព្រមទាំងផលិតផល​ស្បៀង​អាហារ​ពី​អ៊ីរ៉ង់​បាន​ ឱ្យ​តែ​បង់​លុយ​ជា​ដុល្លារ។

តួកគី​ ក៏មាន​ទំនុក​ចិត្ត​ថា​នឹង​ស្ថិត​នៅ​ក្នុង​ក្រុម៨​ប្រទេសនេះ​ដែរ។ សូម​បញ្ជាក់​ថា ក្នុង​សម័យ​លោក​អូបាម៉ា មាន​ប្រទេ​ស​ដល់​២០​ ឯណោះ ដែល​បាន​រួច​ខ្លួន​ ស្ថិត​ក្នុង​ករណី​លើកលែង​ ក្នុង​ទណ្ឌកម្ម​អាមេរិក​ប្រឆាំង​នឹង​អ៊ីរ៉ង់។​

​អឺរ៉ុប បារាំង​ អាល្លឺម៉ង់ អង់គ្លេស បានត្រឹម​​សោកស្តាយ

​ប្រជាពលរដ្ឋអ៊ីរ៉ង់​​ចាប់​ភ័យ​ព្រួយ​អំពី​ឥទ្ធិពល​នៃ​ទណ្ឌកម្ម​អាមេរិក​​មែន​ហើយ តែខាង​រដ្ឋាភិបាល​អ៊ីរ៉ង់​ផ្ទាល់​បាន​ប្រកាស​ថា​មិន​ព្រួយ​បារម្ភ​នឹង​​ការ​ដាក់​ទណ្ឌកម្ម​​លើ​វិស័យ​ប្រេង​និង​ធនាគារ​នេះ​ទេ។

ជាមួយ​នឹង​សេចក្តី​ថ្លែងការណ៍​រួម​បង្ហាញ​ពី​អំពី​ការ​សោក​ស្តាយ​ចំពោះ​សេចក្តី​សម្រេច​ចិត្ត​អាមេរិក សហភាព​អឺរ៉ុប បារាំង​ អាល្លឺម៉ង់ និង​អង់គ្លេស​បាន​អះអាង​ជា​ថ្មី​ ការពារ​តួអង្គ​សេដ្ឋកិច្ចអឺរ៉ុប​ក្នុង​ការ​ផ្តោះ​ប្តូរពាណិជ្ជកម្ម​ស្រប​ច្បាប់​ជាមួយអ៊ីរ៉ង់ និង​បន្ត​ការពារ​កិច្ចព្រមព្រៀង​អន្តរជាតិ​ចុះ​ហត្ថលេខា​កាលពី​ឆ្នាំ​២០១៥។

អាមេរិក​ប្រើ​វិធានការ​​ដាក់​ទណ្ឌកម្ម​គ្រប់បែប​យ៉ាងប្រឆាំង​នឹង​អ៊ីរ៉ង់​ក្នុង​យុទ្ធសាស្ត្រ​តែ​មួយ គឺ​ប្រើ​ធម៌​ក្តៅ​រួច​ចាប់​មក​ចរចា ដូច​អ្វី​ដែល​វ៉ាស៊ីនតោន​ជឿ​ថា​ធ្វើ​បាន​សម្រេច​ជាមួយ​កូរ៉េខាង​ជើង។ ជាមួយ​អ៊ីរ៉ង់ លោក​ត្រាំ​ក៏​ធ្លាប់​ប្រកាស​ត្រៀម​ជួប​ចរចា​ជាមួយ​មេដឹកនាំ​សាធារណរដ្ឋ​អ៊ីស្លាម​នេះ​ដែរ ដើម្បី​បានកិច្ចព្រមព្រៀង​ថ្មី​ពេញ​លេញ​ ដោយ​ដាក់​លក្ខខណ្ឌ​១២​ចំណុច មាន​ជាអាទិ៍ បិទ​បញ្ចប់​ការ​រិគសាយភាយ​មីស៊ីល និង​សកម្មភាព​បង្ក​អស្ថិរភាព​នៅ​ក្នុង​តំបន់​ ប្តូរ​ឥរិយាបថ ... តែ​អាមេរិក​ភ្លេច​គិត​ថា ទោះ​បី​ជាអាមេរិក​ដាក់​ទណ្ឌកម្ម​យ៉ាង​ណា ក៏​ជាង​៤០​ឆ្នាំ​កន្លង​មក​នេះ អ៊ីរ៉ង់​នៅ​តែបន្ត​គាំទ្រ​សម្ព័ន្ធមិត្ត​ក្នុ​តំបន់ ស៊ីរី យេម៉ែន លីបង់ ... បាន​តែ​រហូត​មក​។ ហើយ​ក្នុង​សម័យ​នោះ (២០១២) ​អាមេរិក​ និង​សម្ព័ន្ធមិត្ត​ ព្រមទាំង​ពិភពលោក​ទាំងមូល​បាន​មូលមិត​តែ​មួយ​ដាក់​ទណ្ឌកម្ម​ប្រឆាំង​អ៊ីរ៉ង់ផង។

លើក​នេះអាមេរិក​ដាក់​ទណ្ឌកម្ម​តែ​ម្នាក់​ឯង​ ដោយ​គ្មាន​​អឺរ៉ុប​ និង​ដោយ​រំពឹង​លើ​អារ៉ាបអារ៉ាប៊ីសាអូឌីត ក្នុង​កា​របង្កើត​សម្ព័ន្ធ​យុទ្ធសាស្ត្រ​ជាមួយ​អេហ្ស៊ីប និងហ្ស័កដានី ទៅ​ទល់​នឹង​អ៊ីរ៉ង់។ គ្រាន់​តែ​ថាពេល​នេះ​ទំនាក់ទំនង​ជាមួយអារ៉ាប៊ីសាអូឌីត ក៏​ត្រូវ​រអាក់រអួល​ដោយ​សារ​ឃាតកម្ម​សម្លាប់​អ្នក​កាសែត ខាស្ហូហ្ស៊ី។ ហេតុដូច្នេះ​ហើយ​បាន​ជា​បើ​តាម​អ្នក​វិភាគ​ខ្លះ យល់​ថា គម្រោង​យុទ្ធសាស្ត្រ​នោះ ​បាន​ស្លាប់​ជាមួយ​អ្នក​កាសែត​បាត់​ទៅ​ហើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ