ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

វ៉េណេស៊ុយអេឡា៖តើ​ថ្ងៃអវសានរបស់​លោក​នីកូឡា ម៉ាឌុយរ៉ូ​បាន​ឈាន​មក​ដល់​ហើយ ឬ?

សំឡេង ០៧:២៩
លោក​ប្រធានាធិបតីវ៉េណេស៊ុយអេឡា​​នីកូឡា ម៉ាឌុយរ៉ូ​
លោក​ប្រធានាធិបតីវ៉េណេស៊ុយអេឡា​​នីកូឡា ម៉ាឌុយរ៉ូ​ Reuters

នៅ​ក្នុង​ប្រទេស​វ៉េណេស៊ុយអេឡា ក្រុម​អ្នកប្រឆាំង និង​ក្រុម​អ្នកគាំទ្រ​លោក​ប្រធានាធិបតី​នីកូឡា ម៉ាឌុយរ៉ូ​ផ្តើម​សាកកម្លាំង​គ្នា​តាម​រយៈ​ក្បួនបាតុកម្ម​ក្នុង​ថ្ងៃ​ពុធ ទី២៣ មករា។ ក្រុម​គណបក្សប្រឆាំង​ដែល​បន្ត​មិន​ទទួល​ស្គាល់​អាណត្តិទី២ របស់​លោក​ប្រធានាធិបតី​នីកូឡា ម៉ាឌុយរ៉ូ​បាន​អំពាវនាវ​ឲ្យ​បង្កើត​រដ្ឋាភិបាល​អន្តរកាល​មួយ​ឆ្ពោះ​ទៅ​រៀបចំ​ការ​បោះឆ្នោត​ឡើង​វិញ។ អ្វី​ជា​ការ​កត់សម្គាល់ ក្បួនបាតុកម្ម​តទល់​គ្នា​រវាង​ក្រុមអ្នកប្រឆាំង និង​ក្រុម​អ្នកគាំទ្រ​លោក​ម៉ាឌុយរ៉ូ​ពេល​នេះ​បាន​ធ្វើ​ឡើង ២ថ្ងៃ​បន្ទាប់​ពី​មាន​ទាហាន​ចំនួន ២៧នាក់​បាន​ចេញ​មុខ​ប្រកាស​ឲ្យ​មាន​ការ​ងើប​បះបោរ​ទម្លាក់​លោក​ម៉ាឌុយរ៉ូ។ ចំណែក​លោក​ម៉ាឌុយរ៉ូ​បាន​ចោទ​អាមេរិក​ថា​ជា​អ្នក​រៀបចំ​ឲ្យ​មាន​រដ្ឋប្រហារ​ទម្លាក់​លោក។

ផ្សាយពាណិជ្ជកម្ម

ដើម្បី​អាច​យល់​ព្រឹត្តិការណ៍​ដែល​កំពុង​ពុះកញ្ជ្រោល​នៅ​វ៉េណេស៊ុយអេឡា​បាន គេ​ត្រូវ​ត្រឡប់​ក្រោយ​មើល​ការ​បោះឆ្នោត​ប្រធានាធិបតី​ក្នុង​ថ្ងៃទី២០ឧសភា ឆ្នាំ ២០១៨ ដែល​ជោគជ័យ​បាន​ធ្លាក់​ក្នុង​ដៃ​ប្រធានាធិបតី​ផុត​អាណត្តិ​លោកនី​កូឡា ម៉ាឌូរ៉ូ​ដោយ​ទទួល​បាន​សម្លេង​គាំទ្រ​ជិត ៧០%។ តែ​ការ​បោះឆ្នោត​កាល​ណោះ​ត្រូវ​បាន​គណបក្សប្រឆាំង​មួយ​ចំនួន​ធ្វើ​ពហិការ​មិន​ចូល​រួម ហើយ​គណបក្ស​ប្រឆាំង​ដែល​បាន​ចូលរួម​បោះឆ្នោត​បាន​ប្រកាស​មិន​ទទួល​ស្គាល់​លទ្ធផល​ដោយ​ពួក​គេ​យល់​ថា ការ​បោះឆ្នោត​នោះ​មាន​បង្កប់​ដោយ​ភាព​មិន​ប្រក្រតី​ជា​ច្រើន រួម​ទាំង​ការ​លួច​បន្លំ​សន្លឹក​ឆ្នោត។ ក្រៅ​ពី​ក្រុមគណបក្សប្រឆាំង​នៅ​វ៉េណេស៊ុយអេឡា ការ​ជាប់​ឆ្នោត​ប្រធានាធិបតី​អាណត្តិទី២ របស់​លោក​ម៉ាឌុយរ៉ូ​ក៏​ត្រូវ​បាន​សហរដ្ឋអាមេរិក សហភាពអឺរ៉ុប និង​សម្ព័ន្ធ​នៃ ១៤ប្រទេស​ក្នុង​ទ្វីប​អាមេរិក និង​ការ៉ាអ៊ីប​ប្រកាស​មិន​ទទួល​ស្គាល់​ដែរ។

ទោះ​ជា​យ៉ាង​នេះ​ក្តី ក៏​គ្មាន​អ្វី​អាច​រារាំង​ឲ្យ​លោក​ម៉ាឌុយរ៉ូ​ស្បថ​ចូល​កាន់​តំណែង​ប្រធានាធិបតី​អាណត្តិទី២ សម្រាប់​រយៈពេល ៦ឆ្នាំ​កាល​ពី​ថ្ងៃ​ទី១០ មករា​បាន​ឡើយ។ ប៉ុន្តែ​ស្រប​ពេល​គ្នា​នេះ ក្រុម​គណបក្សប្រឆាំង​ក៏​មិន​ឈរ​ឳបដៃ​នៅ​ស្ងៀម​ដែរ ហើយ​បន្ត​ការ​ប្រឆាំង​មក​ដល់​ពេល​នេះ។ អ្នក​ដែល​បាន​ចេញ​មុខ​តទល់​នឹង​លោក​ម៉ាឌុយរ៉ូ​ខ្លាំង​ជាង​គេ គឺ​ប្រធាន​សភា​លោក​ហ័ន ហ្កាយដូ។ គួរ​បញ្ជាក់​ថា​បច្ចុប្បន្ន សភា​កំពុង​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​គណបក្សប្រឆាំង ហើយ​គឺ​លោក​ហ័ន ហ្កាយដូ​រូប​នេះ​ឯង​ដែល​បាន​ប្រកាស​ឲ្យ​មាន​បាតុកម្ម​ប្រឆាំង​នឹង​លោក​ម៉ាឌុយរ៉ូ​ក្នុង​ថ្ងៃទី២៣ មករា​នេះ។ រីឯ​ជម្រើស​យក​ថ្ងៃទី២៣ មករា​នេះ​ទៀត​សោត​ក៏​មិនមែន​ជា​ជម្រើស​ចៃដន្យ​ដែរ ព្រោះ​វា​ជា​ថ្ងៃ​ធ្លាក់​ពី​អំណាច​របស់​អតីត​អ្នកកាន់អំណាច​ផ្តាច់ការ​នៅ​វ៉េណេស៊ុយអេឡា​លោក​ម៉ាក្រូ ប៉េរ៉េ ជីម៉េណេ​ក្នុង​ថ្ងៃទី២៣ មករា ឆ្នាំ ១៩៥៨។

តើ​លោក​ម៉ាឌុយរ៉ូ​នឹង​ទទួល​វាសនា​ដូច​លោក​ជីម៉េណេ​កាល​ពី ៦១ឆ្នាំ​មុន​ឬ ?។ នៅ​មិន​ទាន់​អាច​ឆ្លើយ​បាន​ទេ​នៅ​ពេល​នេះ។ អ្វី​ដែល​គេ​អាច​ឆ្លើយ​បាន លោក​ម៉ាឌុយរ៉ូ​កំពុង​បន្ត​ចាត់​ទុក​ការ​ជាប់ឆ្នោត​ជា​ថ្មី​របស់​លោក​ថា​ជា​រឿង​ស្របច្បាប់ និង​បាន​អំពាវនាវ​ដល់​ក្រុមសកម្មជន​របស់​លោក​ឲ្យ​ចុះ​ផ្លូវ​តតាំង​ទល់​នឹង​ក្រុមប្រឆាំង​វិញ​ក្នុង​ថ្ងៃទី២៣ មករា ឆ្នាំ ២០១៩។

លោក​នីកូឡា ម៉ាឌុយរ៉ូ​ចោទ​សហរដ្ឋអាមេរិក​ពី​បទ​រៀបចំ​រដ្ឋប្រហារ​ទម្លាក់​លោក

និយាយ​ជា​រួម នេះ​មិនមែន​ជា​លើកទី១ ទេ​ដែល​រដ្ឋបាល​អាមេរិក និង​របបដឹកនាំ​វ៉េណេស៊ុយអេឡា​បាន​ដំឡើង​សម្លេង​ដាក់​គ្នា។ គេ​អាច​និយាយ​បាន​ថា ទំនាក់ទំនង​រវាង​ទីក្រុង​វ៉ាស៊ីនតោន និង​ទីក្រុង​ការ៉ាកាស​មិន​ខុស​អ្វី​ពី​ប្រេង និង​ទឹក​ឡើយ។ ក្រោម​ភ្នែក ច្រមុះ​របស់​រដ្ឋបាលអាមេរិកាំង របប​ដឹកនាំ​ក្នុង​ជំនាន់​លោក​អ៊ុយហ្គោ ឆាវ៉េ​ក៏​ដូច​ជា​លោក​នីកូឡា ម៉ាឌុយរ៉ូ​ជា​របប​ដឹកនាំផ្តាច់ការ។ ក្នុង​ខែ​សីហា ឆ្នាំ ២០១៧ ពោល​ក្នុង​ពេល​កើត​មាន​អំពើហិង្សា​យ៉ាង​បង្ហូរ​ឈាម​នៅ​ក្រោយ​ការ​បោះឆ្នោត​សភា​វ៉េណេស៊ុយអេឡា លោក​ប្រធានាធិបតី​អាមេរិក​ដូណាល់ ត្រាំ​បាន​ដាក់​ទណ្ឌកម្ម​លើ​លោក​ម៉ាឌុយរ៉ូ និង​ព្រមាន​វាយប្រហារ​ផ្លូវយោធា​ទៀត​ផង​បើ​ចាំ​បាច់។

ដោយឡែក ការ​ចោទ​រដ្ឋបាលអាមេរិក​ពី​បទ​រៀបចំ​រដ្ឋប្រហារ​ទម្លាក់​លោក​ម៉ាឌុយរ៉ូ​ពេល​នេះ​ត្រូវ​បាន​ក្រុម​មនុស្សជំនិត​របស់​លោក​ម៉ាឌុយរ៉ូ​ចង្អុល​មុខ​អនុប្រធានាធិបតី​អាមេរិក​លោក Mike Pence។ រដ្ឋមន្រ្តី​ក្រសួង​ទូរគមនាគមន៍​វ៉េណេស៊ុយអេឡា​លោក​ហ្សក រ៉ូឌ្រីហ្គេ​បាន​ចោទ​លោក Pence ពី​បទ​មាន​សមានចិត្ត​ជាមួយ​ក្រុមបាតុករ​របស់​គណបក្សប្រឆាំង និង​បាន​បញ្ជា​ឲ្យ​ក្រុម​ភេរវជន​បង្ក​អំពើហិង្សា​ដោយ​បាញ់​ប្រហារ​លើ​ហ្វូង​បាតុករ​របស់​ក្រុមប្រឆាំង​នៅ​ក្នុង​ក្បួនបាតុកម្ម​ថ្ងៃទី២៣ មករា​នេះ។ តាម​លោក​រ៉ូឌ្រីហ្គេ លោក Mike Pence បាន​អំពាវនាវ​ដល់​កងទ័ព​ដែល​បះបោរ​ប្រឆាំង​លោក​ម៉ាឌុយរ៉ូ​ឲ្យ​ប្រគល់​អាវុធ​ទៅ​ឲ្យ​មនុស្ស​មួយ​ក្រុម​ទុក​សម្រាប់​បាញ់​ប្រហារ​លើ​ហ្វូងបាតុករ​របស់​បក្សប្រឆាំង។

លោក​រ៉ូឌ្រីហ្គេ​បាន​ចាត់​ទុក​ទង្វើ​របស់​អនុប្រធានាធិបតី​អាមេរិក​របៀប​នេះ​ថា​ជា​ការ​លាបពណ៌​ដើម្បី​ទម្លាក់​ការ​ទទួល​ខុស​ត្រូវ​នៃ​អំពើ​ហិង្សា​នេះ​ទៅ​លើ​រដ្ឋាភិបាល។ គួរ​រម្លឹក​ថា​ក្នុង​ថ្ងៃទី២១ មករា មាន​ក្រុម​ទាហាន ២៧នាក់​បាន​ប្រកាស​ឲ្យ​ពលរដ្ឋ​ងើបបះបោរ​ប្រឆាំង​លោក​ម៉ាឌុយរ៉ូ តែ​ទាហាន​ទាំង ២៧នាក់​នោះ​ត្រូវ​បាន​រដ្ឋអំណាច​ក្របួច ក ជាប់។

ចុះ​ពី​អំណាច​ខ្លួន​ឯង ឬ​ត្រូវ​ធ្លាក់​ដោយ​បដិវត្ត​របស់​ពលរដ្ឋ?

អ្វី​ដែល​គ្រប់​គ្នា​បារម្ភ គឺ​ខ្លាច​ព្រឹត្តិការណ៍​នៅ​វ៉េណេស៊ុយអេឡា​ពេល​នេះ​នឹង​ដូច​ព្រឹត្តិការណ៍​ក្នុង​ឆ្នាំ ២០១៧​ដែល​អំពើហិង្សា​នៅ​ក្រោយ​ការ​បោះឆ្នោត​សភា​បាន​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​ប្រមាណ​ជា ១២៥នាក់។ គេ​នៅ​មិន​ទាន់​ដឹង​ថា តើ​ក្បួនបាតុកម្ម​រៀបចំ​ដោយ​ក្រុម​គណបក្សប្រឆាំង​លើក​នេះ​មាន​ទំហំ​ប៉ុនណា និង​មាន​មនុស្ស​ប៉ុន្មាន​នាក់​ចូលរួម​ទេ។ បន្ទាប់​មក ក៏​នៅ​មាន​ក្បួនបាតុកម្ម​រៀបចំ​ដោយ​ក្រុម​អ្នកគាំទ្រ​រដ្ឋាភិបាល​របស់​លោក​ប្រធានាធិបតី​នីកូឡា ម៉ាឌុយរ៉ូ។ តែ​មាន​ការ​កត់សម្គាល់​ថា បរិយាកាស​នយោបាយ​កាល​ពី​ឆ្នាំ ២០១៧ មិន​ដូច​គ្នា​នឹង​បរិយាកាស​នយោបាយ​នៅ​ពេល​នេះ​ទេ។

មិន​ដូច​គ្នា​ព្រោះ​ទី១ អំណាច​ផ្តាច់ការ​របស់​លោក​ម៉ាឌុយរ៉ូ​បាន​និង​កំពុង​ទទួល​រង​ការ​ប្រឆាំង​កាន់​តែ​ខ្លាំង​នៅ​ក្នុង​ស្រុក និង​ពី​សហគមន៍​អន្តរជាតិ មាន​សហរដ្ឋអាមេរិក សហភាព​អឺរ៉ុប រួម​ទាំង​ក្រុមប្រទេស​នៅ​អាមេរិកឡាទីន​ផងហើយ​ទី២ ស្ថានភាព​សេដ្ឋកិច្ច​ក្នុង​ស្រុក​កំពុង​បន្ត​ធ្លាក់​ដុនដាប​កាន់​តែ​ខ្លាំង​ឡើងៗ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។ លោក​ម៉ាឌុយរ៉ូ​ដែល​ទើប​មាន​អាយុ ៥៦ឆ្នាំ​កំពុង​សោយរាជ្យ​នៅ​ក្នុង​ប្រទេស​ជង្រុក​ប្រេងកាត​មួយ​ដែល​ពលរដ្ឋ​ខ្វះ​អាហារ​ទទួល​ទាន​គ្រប់​ប្រភេទ។ តាម​អង្គការ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ IMF អត្រា​អតិផរណា​អាច​នឹង​កើន​ដល់​ទៅ ១០លានភាគរយ​ក្នុង​ឆ្នាំ ២០១៩។ គ្រាន់​តែ​ក្នុង​រយៈពេល ៣ឆ្នាំ​ចុង​ក្រោយ​នេះ មាន​ពលរដ្ឋ​វ៉េណេស៊ុយអេឡា​ជិត ៣លាននាក់​បាន​ភៀសខ្លួន​ទៅ​ស្វែង​ជីវិត​សមរម្យ​នៅ​ក្នុង​ប្រទេស​ក្បែរខាង។

នេះ​ជា​ព្រឹត្តិការណ៍​មួយ​ដែល​គ្មាន​ប្រទេស​ណា​មួយ​នៅ​អាមេរិកឡាទីន​ធ្លាប់​បាន​ជួប​ប្រទះ​ដូច​វ៉េណេស៊ុយអេឡា​ពេល​នេះ​ទេ។ ក្រុម​អ្នក​ជំនាញ​បាន​ប្រមើលមើល​ថា បើ​គ្មាន​ដំណោះស្រាយ​ឆាប់ៗ​ទេ នឹង​មាន​ពលរដ្ឋ​វ៉េណេស៊ុយអេឡា​ដល់​ទៅ ៥លាននាក់​រត់​ចេញ​ពី​ស្រុក​កំណើត​ពី​ពេល​នេះ​ដល់​ដំណាច់​ឆ្នាំ ២០១៩។ ឃើញ​ថា នេះ​ជា​រឿង​បន្ទាន់​បំផុត​ដែល​លោក​ម៉ាឌុយរ៉ូ​ត្រូវ​គិត​គូរ បើ​មិន​ដូច្នេះ​ទេ លោក​អាច​នឹង​មាន​ជម្រើស​ពីរ ទី១ ចុះ​ចេញ​ពី​អំណាច​ខ្លួន​ឯង​ដោយ​គ្មាន​ការ​បង្ហូរ​ឈាម និង​ទី២ ធ្លាក់​ពី​អំណាច​ដោយ​ការ​ងើប​បះបោរ​របស់​ពលរដ្ឋ​ក្នុង​ស្រុក​ដោយ​មាន​ការ​បង្ហូរឈាម៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI