អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

វ៉េណេស៊ុយអេឡា៖​លោក​ម៉ាឌូរ៉ូ​ថយក្រោយ​មួយ​ជំហាន តែ​លោក​ហ្កាយដូ​បោះជំហាន​ទៅ​មុខ​កាន់​តែ​លឿន

សំឡេង ០៧:៤៥
លោក​ហ័ន ហ្កាយដូ ប្រធានរដ្ឋសភា​​វ៉េណេស៊ុយអេឡា (រូបឆ្វេង) និង​លោក​កូឡា ម៉ាឌូយរ៉ូប្រធានាធិបតី​វ៉េណេស៊ុយអេឡា
លោក​ហ័ន ហ្កាយដូ ប្រធានរដ្ឋសភា​​វ៉េណេស៊ុយអេឡា (រូបឆ្វេង) និង​លោក​កូឡា ម៉ាឌូយរ៉ូប្រធានាធិបតី​វ៉េណេស៊ុយអេឡា REUTERS/Carlos Garcia Rawlins/ Miraflores Palace

នៅ​ក្នុង​ប្រទេស​វ៉េណេស៊ុយអេឡា លោក​ប្រធានាធិបតី​នីកូឡា ម៉ាឌូយរ៉ូ​បាន​អះអាង​នា​ថ្ងៃ​ពុធ ទី៣០ មករា​នេះ​ថា លោក​បាន​ត្រៀម​ខ្លួន​ដើម្បី​រៀបចំ​ការ​បោះឆ្នោត​សភា​មុន​អាណត្តិ និង​អង្គុយ​ចរចា​ជាមួយ​ក្រុមប្រឆាំង។ តែ​ទន្ទឹម​គ្នា​នេះ លោក​ម៉ាឌូរ៉ូ​មិន​បាន​យល់ព្រម​ឲ្យ​មាន​ការ​បោះឆ្នោត​ប្រធានាធិបតី​ឡើង​វិញ​ទេ។ ការ​ថ្លែង​យ៉ាង​ដូច​នេះ​របស់​លោក​ម៉ាឌូរ៉ូ​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​បទសម្ភាសន៍​ជាមួយ​ទីភ្នាក់ងារ​សារព័ត៌មាន​រុស្ស៊ី​ឈ្មោះ RIA Novosti។ អ្វី​ជា​ការ​កត់សម្គាល់ ការ​បន្ទន់​ជំហរ​បន្តិច​របស់​មនុស្សខ្លាំង​វ៉េណេស៊ុយអេឡា​ពេល​នេះ​បាន​ធ្វើ​ឡើង ចំ​ពេល​ដែល​ប្រធាន​សភា និង​ប្រធានាធិបតី​ស្តីទី​ប្រកាស​ខ្លួន​ឯង​លោក​ហ័ន ហ្កាយដូ​អំពាវនាវ​ឲ្យ​មាន​បាតុកម្ម​ជា​ថ្មី​ដើម្បី​ប្រឆាំង​នឹង​លោក​ម៉ាឌូរ៉ូ។

ផ្សាយពាណិជ្ជកម្ម

មាន​ហេតុផល​សំខាន់​ពីរ​ដែល​បាន​ជំរុញ​ឲ្យ​លោក​នីកូឡា ម៉ាឌុយរ៉ូ​បន្ទន់​ឥរិយាបទ​បន្តិច​នៅ​ពេល​នេះ ទី១ គំនាប​របស់​សហគមន៍​អន្តរជាតិ និង​ទី២ គំនាប​របស់​ក្រុមប្រឆាំង​នៅ​ក្នុង​ស្រុក។ គំនាប​របស់​សហគមន៍​អន្តរជាតិ​អាច​មាន​ពីរ គឺ​គំនាប​របស់​ក្រុម​អ្នកប្រឆាំង និង​គំនាប​របស់​ក្រុម​អ្នកគាំទ្រ​លោក​ម៉ាឌូរ៉ូ។ គំនាប​របស់​ក្រុម​អ្នកប្រឆាំង​ដ៏​មាន​ឥទ្ធិពល​ខ្លាំង គឺ​ចេញ​ពី​បបូរ​មាត់​លោក​ប្រធានាធិបតី​អាមេរិក​ដូណាល់ ត្រាំ​ដែល​បាន​ប្រកាស​ជា​ផ្លូវការ​ទទួល​ស្គាល់​លោក​ហ័ន ហ្កាយដូ​ជា​ប្រធានាធិបតីស្តីទី​វ៉េណេស៊ុយអេឡា។ បន្ទាប់​ពី​សហរដ្ឋអាមេរិក ក៏​មាន​ប្រទេស​មួយ​ចំនួន​ទៀត​បាន​នាំ​គ្នា​ដើរ​តាម​ផ្លូវ​របស់​លោក​ត្រាំ​ដែរ រួម​មាន​កាណាដា អូស្រ្តាលី អ៊ីស្រាអែល និង​ប្រទេស​មួយ​ចំនួន​នៅ​អាមេរិកឡាទីន។

បន្ទាប់​មក​ទៀត រដ្ឋបាល​អាមេរិក​របស់​លោក​ត្រាំ​ក៏​បាន​បន្ថែម​គំនាប​លើ​លោក​ម៉ាឌូរ៉ូ​ដោយ​ប្រកាស​ដាក់​ទណ្ឌកម្ម​លើ​ក្រុមហ៊ុន​ប្រេងឥន្ធនៈ​ឈ្មោះ PDVSA ដែល​ជា​ក្រុមហ៊ុន​របស់​រដ្ឋ។ ចំណែក​គំនាប​របស់​ក្រុម​អ្នកគាំទ្រ​លោក​ម៉ាឌូរ៉ូ​នៅ​អន្តរជាតិ​វិញ​ក៏​មាន​ច្រើន​ដែរ តែ​មាន​ប្រទេស​ពីរ​ដែល​មាន​ឥទ្ធិពលខ្លាំង គឺ​ចិន និង​រុស្ស៊ី។ រហូត​មក​ដល់​ពេល​នេះ ប៉េកាំង និង​មូស្គូ​បាន​ចេញ​មុខ​គាំទ្រ​លោក​ម៉ាឌូរ៉ូ​ផ្កាប់មុខ។ តែ​អាច​ថា ចិន និង​រស្ស៊ី​ក៏​បាន​ឲ្យ​ដំបូន្មាន និង​ដំណោះស្រាយ​ខ្លះៗ​ដល់​លោក​ម៉ាឌូរ៉ូ​ដើម្បី​បញ្ចប់​វិបត្តិ​ដែរ។ ចិន និង​រុស្ស៊ី​អាច​បង្ខំ​លោក​ម៉ាឌូរ៉ូ​ឲ្យ​បន្ទន់​ជំហរ​បន្តិច បើ​ពុំ​នោះ​ទេ ពួក​គេ​អាច​នឹង​ដោះដៃ​ចោល​ឈប់​គាំទ្រ​លោក​ម៉ាឌូរ៉ូ។

និយាយ​ពី​គំនាប​របស់​ក្រុមប្រឆាំង​នៅ​ក្នុង​ស្រុក​វិញ​ក៏​ហាក់​កាន់​តែ​ខ្លាំង​ឡើងៗ​ពី​មួយ​ថ្ងៃ ទៅ​មួយ​ថ្ងៃ ទាំង​ពី​លោក​ហ័ន ហ្កាយដូ និង​ពី​មហាជន​ទូទៅ។ ជាក់ស្តែង​ក្នុង​ថ្ងៃ​ពុធ ទី៣០ មករា​នេះ មាន​ការ​រៀបចំ​បាតុកម្ម​ជា​ថ្មី​នៅ​ទូទាំង​ប្រទេស​រយៈពេល ២ម៉ោង ពី​ម៉ោង ១២ថ្ងៃត្រង់​ដល់​ម៉ោង ២រសៀល។ រូបភាព​បាតុកម្ម​ថ្ងៃ​នេះ​ត្រូវ​បាន​លោក​ហ្កាយដូ​ចាត់​ទុក​ជា​និមិត្តរូប ព្រោះ​មិន​មាន​ការ​ជួបជុំ ឬ​ដង្ហែ​ជា​ក្បួន​ទេ គឺ​គ្រាន់​ឲ្យ​ពលរដ្ឋ​ម្នាក់ៗ​ចេញ​ឈរ​មុខ​ផ្ទះ ឬ​មុខ​កន្លែង​ធ្វើការ។ បន្ទាប់​មក​នៅ​ថ្ងៃ​សៅរ៍ ទី២ កុម្ភៈ​ចុង​សប្តាហ៍​នេះ មាន​បាតុកម្ម​មួយ​ទៀត​ដែល​មាន​ការ​ដង្ហែក្បួន និង​ការ​ជួបជុំ​ដូច​កាល​ពី​ថ្ងៃទី២៣ មករា។ មក​ដល់​ពេល​នេះ លោក​ហ្កាយដូ​ទទួល​បាន​ការ​គាំទ្រ​ច្រើន​ពី​មហាជន​ទូទៅ និង​កំពុង​បន្ត​ទទូច​ឲ្យ​កងទ័ព​រួម​កម្លាំង​ជាមួយ​លោក។

ជម្រៅ​នៃ​បញ្ហា​នៅ​មិន​ទាន់​បាន​ដោះស្រាយ

សម្បទាន​ដែល​លោក​នីកូឡា ម៉ាឌូរ៉ូ​បាន​ធ្វើ​ពេល​នេះ​មាន​ច្រើន ពោល​មិនមែន​មាន​តែ​ការ​យល់​ព្រម​រៀបចំ​បោះឆ្នោតសភា​មុន​អាណត្តិ និង​សុខចិត្ត​អង្គុយ​ចរចា​ជាមួយ​ក្រុម​ប្រឆាំង​ទេ។ លោក​ម៉ាឌូរ៉ូ​យល់​ឃើញ​ថា ការ​រៀបចំ​បោះឆ្នោតសភា​មុន​អាណត្តិ ឬ​មួយ​ក៏​អង្គុយ​ចរចា​ជាមួយ​ក្រុមប្រឆាំង​អាច​ជា​ដំណោះស្រាយ​នយោបាយ​មួយ​ត្រឹមត្រូវ និង​ជា​ការ​បើក​ផ្លូវ​នាំ​ប្រទេស​ទៅ​កាន់​សុខ​សន្តិភាព និង​ភាព​រុងរឿង​នៅ​ថ្ងៃ​អនាគត។ លើស​ពី​នេះ លោក​ម៉ាឌូរ៉ូ​មិន​ជំទាស់​ឲ្យ​ភាគីអន្តរជាតិ​ធ្វើ​ជា​អាជ្ញាកណ្តាល​សម្រាប់​ដោះស្រាយ​វិបត្តិ​វ៉េណេស៊ុយអេឡា​ទេ។ លោក​ម៉ាឌូរ៉ូ​បាន​បញ្ជាក់​ថា មាន​រដ្ឋាភិបាល​បរទេស និង​អង្គការ​អន្តរជាតិ​ជា​ច្រើន​បាន​បង្ហាញ​ពី​ក្តីបារម្ភ​ស្មោះត្រង់​របស់​ខ្លួន​ចំពោះ​ស្ថានការណ៍​នៅ​ក្នុង​ប្រទេស​វ៉េណេស៊ុយអេឡា​សព្វថ្ងៃ។

បន្ទាប់​មក មនុស្ស​ខ្លាំង​វ៉េណេស៊ុយអេឡា​រូប​នេះ​ដដែល​ក៏​បាន​បញ្ជាក់​ពី​ការ​ត្រៀម​ខ្លួន​ចង់​ជួប​សន្ទនា​ផ្ទាល់​ជាមួយ​សមភាគី​អាមេរិក​លោក​ដូណាល់ ត្រាំ​នៅ​ទីកន្លែង​ណា​ក៏​បាន ហើយ​ចង់​និយាយ​ពី​ប្រធានរឿង​អ្វី​ក៏​បាន​ដែរ។ តែ​លោក​ម៉ាឌូរ៉ូ​បាន​ទទួល​ស្គាល់​ថា ប្រហែល​ជា​ពិបាក​បន្តិច​នៅ​ក្នុង​កាលៈទេសៈ​សព្វថ្ងៃ ព្រោះ​បើ​តាម​លោក​ម៉ាឌូរ៉ូ ទីប្រឹក្សាសន្តិសុខជាតិ​អាមេរិក​លោក​ចន បុលតុន​បាន​ហាម​លោក​ត្រាំ​មិន​ឲ្យ​ផ្តើម​កិច្ចសន្ទនា​ជាមួយ​លោក​ទេ។ បន្ទាប់​មក​ទៀត លោក​ម៉ាឌូរ៉ូ​មិន​ភ្លេច​សម្តែង​ការ​ដឹង​គុណ​ការ​គាំទ្រ​ពី​សមភាគី​រុស្ស៊ី​លោក​ពូទីន និង​អួតអាង​ថា វ៉េណេស៊ុយអេឡា​បន្ត​ទទួល​អាវុធ​ពី​រុស្ស៊ី​ដ៏​ទំនើប​ជាង​គេ​ក្នុង​លោក​ជា​រៀងរាល់ខែ​ដោយ​ផ្អែក​លើ​កុងត្រា​ដែល​នៅ​ជា​ធរមាន។

វា​ពិត​ជា​រឿង​ល្អ​ដែល​លោក​ម៉ាឌូរ៉ូ​ចង់​សម្របសម្រួល​ដោយ​សន្តិវិធី​ជាជាង​បន្ត​ការ​តតាំង​តាម​កម្លាំងបាយ។ តែ​ចំណោត​នៅ​ត្រង់​ថា សំណើ​ដែល​លោក​ម៉ាឌូរ៉ូ​បាន​លើកឡើង​មិន​បាន​ឆ្លើយ​តប​នឹង​ដើមចម​នៃ​បញ្ហា​ទេ។ អ្វី​ដែល​ក្រុមប្រឆាំង និង​សហគមន៍​អន្តរជាតិ​កំពុង​បន្ត​ទាមទារ​យ៉ាង​ទទូច​ពេល​នេះ គឺ​ការ​រៀបចំ​បោះឆ្នោត​ប្រធានាធិបតី​ឡើង​វិញ ពោល​មិនមែន​បោះឆ្នោត​សភា​មុន​អាណត្តិ​ទេ។ គឺ​កៅអី​ប្រធានាធិបតី​ដែល​កំពុង​ចោទ​ជា​បញ្ហា ពោល​មិនមែន​កៅអី​នាយករដ្ឋមន្រ្តី​ទេ ហើយ​គឺ​ភាព​ស្របច្បាប់​របស់​ប្រធានាធិបតី​សព្វថ្ងៃ​ដែល​ជា​ដើមចម​នៃ​បញ្ហា ពោល​មិនមែន​នាយករដ្ឋមន្រ្តី​ទេ។ សរុប​មក​វិញ ជម្រៅ​នៃ​បញ្ហា​នៅ​តែ​មិន​ទាន់​បាន​ដោះស្រាយ​នៅ​ឡើយ។

លោក​ម៉ាឌូរ៉ូ និង​លោក​ហ្កាយដូ​បន្ត​រក​វិធានការ​កំចាត់​គ្នា

គេ​បាន​កត់សម្គាល់​ឃើញ​ជា​រួម​ថា វិបត្តិនយោបាយ​នៅ​វ៉េណេស៊ុយអេឡា​បាន និង​កំពុង​បន្ត​ពុះចែក​សហគមន៍​អន្តរជាតិ និង​សង្គម​វ៉េណេស៊ុយអេឡា​ជា​ពីរ។ នៅ​ម្ខាង ជា​ក្រុម​អ្នក​គាំទ្រ​លោក​ម៉ាឌូរ៉ូ និង​នៅ​ម្ខាង​ទៀត ជា​ក្រុម​អ្នកគាំទ្រ​លោក​ហ្កាយដូ។ ទន្ទឹម​គ្នា​នេះ គេ​ក៏​បាន​សង្កេត​ឃើញ​ថា​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ចំនួន​អ្នក​គាំទ្រ​លោក​ហ្កាយដូ​ទាំង​នៅ​លើ​ឆាក​អន្តរជាតិ និង​នៅ​ក្នុង​ស្រុក​ហាក់​មាន​ការ​កើន​ឡើង​កាន់​តែ​ច្រើន​បើ​ធៀប​នឹង​លោក​ម៉ាឌូរ៉ូ។ មាន​ការ​លើកឡើង​ថា បើ​កុំ​តែ​កងទ័ព​នៅ​បន្ត​មាន​សមានចិត្ត និង​ស្មោះត្រង់​ចំពោះ​លោក​ម៉ាឌូរ៉ូ ម្ល៉េះ​លោក​ម៉ាឌូរ៉ូ​មិន​អាច​បន្ត​តោង​អំណាច​មក​ដល់​ថ្ងៃ​នឹង​ទេ។

អ៊ីចឹង​ហើយ​បាន​ជា​ពេល​នេះ លោក​ហ្កាយដូ​កំពុង​បន្ត​អូសទាញ​កងទ័ព​ឲ្យ​ចូលរួម​ជាមួយ​លោក។ គេ​នៅ​មិន​ទាន់​ដឹង​ថា តើ​កងទ័ព​នឹង​ដោះដៃ​ពី​លោក​ម៉ាឌូរ៉ូ ឬ​អត់​ទេ អ្វី​ដែល​គេ​ដឹង លោក​ម៉ាឌូរ៉ូ​កំពុង​បន្ត​ធ្វើ​អ្វី​គ្រប់យ៉ាង​ដើម្បី​កំចាត់​លោក​ហ្កាយដូ។ ជាក់ស្តែង​នៅ​ថ្ងៃ​អង្គារ ទី២៩ មករា តុលាការ​ទីក្រុង​ការ៉ាកាស​បាន​ហាម​លោក​ហ្កាយដូ​មិន​ឲ្យ​ចាកចេញ​ពី​ប្រទេស​ដោយ​គ្មាន​ការ​អនុញ្ញាត បង្កក​ទ្រព្យសម្បត្តិ​លោក​ហ្កាយដូ និង​បើក​ការ​ស៊ើបអង្កេត​លើ​លោក​លោក​ហ្កាយដូ​ក្នុង​បទ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សន្តិភាព​សាធារណរដ្ឋ។ ចំណែក​លោក​ហ្កាយដូ​ក៏​ហាក់​បាន​ប្តេជ្ញាចិត្ត​មិន​ទុក​ឲ្យ​លោក​ម៉ាឌូរ៉ូ​បន្ត​សោយរាជ្យ​យូរ​ទៀត​ឡើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ