វ៉េណេស៊ុយអេឡា ប្រកាស​​បិទ​ព្រំដែន​ជាមួយ​កូឡុំប៊ី

ប្រធានាធិបតីកូឡុំប៊ី​ ប៉ារ៉ាហ្កាយ ឈីលី អគ្គលេខា​អង្គការ​អាមេរិក​OEA និង​លោក ហ្កៃដូ នៅ​Cucuta ប្រទេស​កូឡុំប៊ី​ ជាប់​ព្រំដែន​វ៉េណេស៊ុយអេឡា
ប្រធានាធិបតីកូឡុំប៊ី​ ប៉ារ៉ាហ្កាយ ឈីលី អគ្គលេខា​អង្គការ​អាមេរិក​OEA និង​លោក ហ្កៃដូ នៅ​Cucuta ប្រទេស​កូឡុំប៊ី​ ជាប់​ព្រំដែន​វ៉េណេស៊ុយអេឡា ®REUTERS/Edgard Garrido

ការ​តតាំង​អំណាច​នៅ​វ៉េណេស៊ុយអេឡា បាន​ផុង​ចូល​ដំណាក់​កាល​ដ៏​ជ្រៅ​មួយ​កំរិត​ទៀត។ លោក​ ហ្កៃដូ Juan Guaido ដែល​បានស្វ័យ​​ប្រកាស​តាំង​ខ្លួន​ជា​ប្រធានាធិបតី​ស្តីទីរបស់​វ៉េណេស៊ុយអេឡា បាន​លួច​ឆ្លង​ព្រំដែន​ទៅ​ប្រទេស​កូឡុំប៊ី មិន​ខ្វល់​នឹង​សេចក្តី​សម្រេច​របស់​​តុលាការ​ដែល​បាន​ហាមឃាត់​លោក​មិន​ចាក​ចេញ​ពី​ប្រទេសទេ។ ក្នុង​ពេល​ជាមួយ​គ្នា​នោះ​ រដ្ឋាភិបាល​កាន់​អំណាច​ បាន​បញ្ជា​ឱ្យ​បិទ​ព្រំ​ដែន​ជាមួយ​កូឡុំប៊ីតែ​ម្តង​។

ផ្សាយពាណិជ្ជកម្ម

មិនខ្វល់​នឹង​​បម្រាមរបស់​តុលាការ លោកហ្កៃដូ ​​ដែល​ទទួល​ស្គាល់​ដោយ​ជាង​៥០​ប្រទេស​នៅ​លើ​ពិភពលោក ក្នុង​នាម​ជា​ប្រធានាធិបតី​ស្តី​ទី​វ៉េណេស៊ុយអេឡា បាន​ឆ្លង​ដែន​ទៅ​​ជួប​ជុំ​ជាមួយ​ក្រុម​អ្នក​គាំទ្រនៅ​កន្លែង​ស្តុក​ជំនួយ ក្នុង​ទឹក​ដី​​កូឡុំប៊ី ​ កាលពី​​​ថ្ងៃ​សុក្រ​ម្សិលមិញ។ ​ក្នុង​ឱកាស​ជួប​ជុំ​ដោយ​មាន​ការ​ប្រគុំ​តន្ត្រី ដែល​​រៀប​ចំ​ដោយ​មហាសេដ្ឋី​អង់គ្លេស​Richard Branson ដើម្បី​ប្រមូល​មូលនិធិ​ទៅ​ជួយ​ពលរដ្ឋ​វ៉េណេស៊ុយអេឡានោះ​ លោក ហ្កៃដូ បានប្រកាស​​ចាត់​ទុក​ថ្ងៃ​សៅរ៍​ទី ២៣​កុម្ភៈ​នេះ ជា​ថ្ងៃទម្លាយ​ច្រក​ព្រំដែន​​សម្រុក​នាំ​ជំនួយ​អាមេរិកទៅ​ជួយ​ប្រទេស។ ជំនួយ​អាមេរិក​ដែល​បាន​មក​គរ​ទុក​នៅ​តំបន់​ព្រំដែន​ប្រទេស​កូឡុំ​ប៊ី តាំង​ពី​ថ្ងៃទី ៧​កុម្ភៈ មក។

លោក ហ្កៃដូ ក៏​បាន​អំពាវនាវជា​ថ្មី​ឱ្យ​យោធា​​ងាក​មក​ខាង​លោក និង​បានព្រមាន​ថា​ជោគ​វាសនា​ប្រទេស​ស្ថិត​នៅ​លើ​សេចក្តី​សម្រេច​របស់​ពួក​គេ​នៅ​ថ្ងៃ​សៅរ៍​នេះ ព្រោះ​​បក្ស​ប្រឆាំង​ដែល​មាន​សំឡេង​ភាគ​ច្រើន ​បាន​សន្យា​រួច​ហើយ​នឹងធ្វើ​ការ​លើក​លែង​ទោស ប្រសិន​បើ​របប​លោក​ម៉ាឌុយរ៉ូ​រលំទៅ។

ប៉ុន្តែ​ឱសានវាទ​កាន់​តែ​ខិត​ជិត​មក​ដល់ កម្លាំង​យោធា​កាន់​តែ​មាន​ច្រើន​នៅ​តាម​ព្រំដែន។ ​ តាំង​ពី​ល្ងាច​ថ្ងៃសុក្រ​មក​​ រដ្ឋាភិបាលក្រុង​ការ៉ាកាស បាន​ចេញ​បញ្ជា​ឱ្យ​ទាហាន​បិទ​ច្រក​ព្រំដែន​ទាំង​ស្រុង​ និង​ជា​បណ្តោះ​អាសន្ន​ ជាមួយ​កូឡុំ​ប៊ី​ ក្រោម​ហេតុ​ផល​ថា​មាន​ការ​គំរាមកំហែង​ធ្ងន់ធ្ងរ​និង​ខុស​ច្បាប់​ពី​សំណាក់​រដ្ឋាភិបាល​កូឡុំប៊ី ប្រឆាំង​នឹង​សន្តិភាព​និង​អធិបតេយ្យភាព​វ៉េណេស៊ុយអេឡា។ បើ​តាម​ប្រសាសន៍​របស់​លោកស្រី​អនុប្រធានាធិបតី​ វ៉េណេស៊ុយអេឡា​នឹង​បើក​ព្រំដែន​ជាមួយ​កូឡុំប៊ី​វិញ​ នៅ​ពេល​ណា​រដ្ឋាភិបាល​គ្រប់​គ្រង​សកម្មភាព​ហិង្សា​បាន។

ភាព​តាន​តឹងខ្លាំង​ក៏​កំពុង​កើត​មាន​ដែរ នៅ​តាម​ព្រំដែន​ជាមួយ​ប្រទេស​ប្រេស៊ីល នៅ​ថ្ងៃសុក្រ​ម្សិលមិញ។ ​ ការ​ប៉ុនប៉ង​បិទ​ខ្ទប់​មិន​ឱ្យ​​ក្បួន​ដឹកជំនួយ​មនុស្ស​ធម៌​បរទេសអាច​ចូលមក​ដល់​តាម​​ច្រក​ប្រេស៊ីល​​ បាន​រាល​ដាល​ទៅ​ជា​ការ​ផ្ទុះ​អាវុធ ​ស្លាប់​មនុស្ស​អស់​ពីរ​នាក់ របួស​ជាង​១០​នាក់។

គេ​នៅមិន​ដឹង​ថា​តើ​លោក ហ្កៃដូ នឹង​អាច​ត្រលប់​ចូល​ប្រទេស​នៅ​ពេល​ណា និង​តាម​វិធី​ណា​ឡើយ។ ​ចំណែក​​រដ្ឋាភិបាលលោក​ម៉ាឌុយរ៉ូ​វិញ បាន​បង្កើន​សកម្មភាព​ការ​ទូត​យ៉ាង​ខ្លាំង នៅ​អង្គការ​សហប្រជាជាតិ ដើម្បីបរិហារ​ការ​ប៉ុនប៉ង​ធ្វើ​អន្តរាគមន៍​យោធា​របស់​​អាមេរិក ដែល​ជា​ហានិភ័យ​នាំ​​ឱ្យ​មាន​អំពើ​ហិង្សា​ និង​ដើម្បី​​ឱ្យ​លោក​អគ្គលេខាធិការជួយ​​ធ្វើជាអន្តរការី​។

ក្រោយ​ជំនួបជាមួយ​តំណាង​ការទូត​អាមេរិក​និង​វ៉េណេស៊ុយអេឡា ជា​ច្រើន​លើក​ លោក​អគ្គលេខា​ធិការ​អង្គការ​សហប្រជាជាតិ​បានផ្តល់​សារ​តែ​មួយ​គឺ ឱ្យ​ភាគី​ទាំង​ពីរធ្វើ​គ្រប់​យ៉ាង​​បញ្ចៀស​ការ​បង្ហូរ​ឈាម៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI