អានតួអត្ថបទ

មេដឹកនាំ​អង្គការ​រដ្ឋអ៊ីស្លាម​ចេញ​មុខ​តាម​វីដេអូ​ជា​លើក​ទីមួយ

មេដឹកនាំ​អង្កការ​រដ្ឋ​អ៊ីស្លាម Abou Bakr al-Baghdadi បង្ហាញ​ខ្លួន​តាម​វីដេអូ​ជាលើក​ទី​មួយ គិត​ចាប់​តាំង​ពី​ឆ្នាំ​២០១៤មក
មេដឹកនាំ​អង្កការ​រដ្ឋ​អ៊ីស្លាម Abou Bakr al-Baghdadi បង្ហាញ​ខ្លួន​តាម​វីដេអូ​ជាលើក​ទី​មួយ គិត​ចាប់​តាំង​ពី​ឆ្នាំ​២០១៤មក AFP / AL-FURQAN MEDIA
១៥ នាទី

ជាង​មួយ​ខែ​ក្រោយ​​ការ​ដួល​រលំនៃ​រដ្ឋស្វ័យប្រកាស​​កាលីហ្វា ជន​ឈ្មោះ​អាប៊ូ បាក អាល់បាក់ដាឌី​ Abou Bakr Al-Baghdadi ដែល​ជា​មេដឹកនាំ​​អង្គការ​រដ្ឋ​អ៊ីស្លាម បានបង្ហាញ​មុខ​តាម​រយៈ​ខ្សែ​អាត់​​វីដេអូ ផ្សព្វផ្សាយ​តាម​ប្រព័ន្ធ​ឃោសនា​របស់​ខ្លួន នៅ​ថ្ងៃទី ២៩​មេសា ២០១៩ ម្សិលមិញ។ ​ជារូបភាព​វីដេអូ​​លើក​ទីមួយ​ គិត​ចាប់​តាំងពី​ឆ្នាំ​២០១៤មក។ សហរដ្ឋ​អាមេរិក​ កំពុង​ធ្វើ​ការ​ផ្ទៀង​ផ្ទាត់​សុពលភាព​នៃ​ឯកសារ​នេះ។

ផ្សាយពាណិជ្ជកម្ម

មិនដែល​ចេញ​មុខ​តាំង​ពី​៥​ឆ្នាំ​មក និង​ធ្លាប់​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​​ស្លាប់​ជា​ច្រើន​លើក​ច្រើនសាមកហើយ អាប៊ូ បា អាល់បាក់ដាឌី បាន​ចេញ​មុខ​ជា​ថ្មី ដោយ​លើក​នេះ​ ក្នុង​ទម្រង់​ឆាក​ឈុត ថត​អង្គុយ​ពែនភ្នែន ផ្អែក​ជញ្ជាំង ដាក់​កំាំភ្លើង​អាកា​នៅ​ក្បែរ​ខ្លួន ដូច​​រូបភាព​របស់មេកើយ​ចលនា​អាល់កៃដា អូសាម៉ា បិនឡាដិន យ៉ាង​ដូច្នេះ។

នៅ​ក្នុង​ខ្សែ​វីដេអូ រយៈពេល១៨​នាទី ដែល​គ្មាន​បញ្ជាក់ពី​​ទី​កន្លែង​ និង​​ថ្ងៃ​ខែថត ​ជន​ជា​មេដឹកនាំ​អង្គការ​រដ្ឋ​អ៊ីស្លាមអាប៊ូ បាក អាល់ បាក់ដាឌី ​លើក​ឡើង​អំពីភេរវកម្ម​នៅ ស្រីលង្កា កាលពី​ថ្ងៃ​អាទិត្យ​ទី​២១​មេសា បាន​និយាយ​អំពី​ការ​ចុះ​ចេញ​ពី​អំណាច​របស់​​ប្រធានាធិបតីអាល់ហ្សេរី ឬ​ពី​លោក អូម៉ារ អែល-បាស្ហៀរ នៅ​ស៊ូដង់ ព្រមទាំងរំលឹក​ពី​ស្នាដៃ​របស់ពលទាហាន​នៅ​ជំរំ​ចុងក្រោយនៅ​ភាគ​ខាង​កើត​ស៊ីរី​​ដែល​ទើប​ត្រូវ​បានកម្ចាត់។ តាម​រយៈ​ខ្លឹមសារ​នេះ​គេ​អាច​កាត់​យល់​ថា​ ជា​វីដេអូ​ទើប​នឹង​ថត និង​ជា​សារ​បញ្ជាក់​ថា​ពួកគេ​ចាញ់ តែ​​អង្គការ​រដ្ឋ​អ៊ីស្លាម មិន​ស្លាប់​ទេ។

បើ​តាម​​មជ្ឈមណ្ឌល​​អាមេរិក​ទទួល​បន្ទុក​តាមដាន​ចលនា​អ៊ីស្លាម​ជ្រុលនិយម ជន​ក្នុង​វីដេអូ​នេះ ពិត​ជា​ប្រមុខ​ដឹកនាំ​ចលនា​ជីហាត​អង្គការ​រដ្ឋ​អ៊ីស្លាមមែន។ ចំណែក​សម្ព័ន្ធ​អន្តរជាតិ​ដឹកនាំ​ដោយ​វ៉ាស៊ីនតោន កំពុង​ផ្ទៀង​ផ្ទាត់​​សុពលភាព​នៃ​ខ្សែវីដេអូ។

សូម​បញ្ជាក់ថា មេដឹកនាំអង្គការ​រដ្ឋអ៊ីស្លាម អាយុ​៤៧​ឆ្នាំនេះ ធ្លាប់​បាន​បង្ហាញ​មុខ​ តែ​ម្តង​គត់ កាលពី​ឆ្នាំ​២០១៤ ជា​សាធារណៈ​ និងជា​ខ្សែ​វីដេអូ នៅ​ក្រុង​មូស៊ូល ភាគ​ខាង​ជើង​ប្រទេស​អ៊ីរ៉ាក់ ក្នុង​ពេល​ស្វ័យប្រកាស​បង្កើត​រដ្ឋ​កាលីហ្វា និង ​ធ្លាប់​បាន​បង្ហោះសារ​សំឡេង​ ជាលើក​ចុង​ក្រោយ​បំផុត​កាលពី​ខែ​សីហា ២០១៨។

បើ​តាម​អ្នក​ជំនាញ​​ផ្នែក​អង្គការ​រដ្ឋ​អ៊ីស្លាម អាប៊ូ បាកអាល់បាក់ដាឌី ដែល​ពិភពលោក​តាម​ស្វែង​រក​ចាប់​បំផុត រស់​​លាក់​ខ្លួន​ក្រោម​ដី ក្នុង​វាលខ្សាច់​ប្រទេស​ស៊ីរី​។ ប៉ុន្តែ​កងកម្លាំង​សម្ព័ន្ធ​អារ៉ាប​គួដឌីស្ថាន​ស៊ិរី ដែល​ជា​អ្នក​វាយកម្ចាត់​ពួក​អង្គការ​រដ្ឋអ៊ីស្លាម​ក្នុង​តំបន់​ដោយ​ផ្ទាល់​នោះ បាន​អះអាង​កាលពី​ខែ​មីនា​កន្លង​ទៅ ថា​គ្មាន​ដាន​ព័ត៌មាន​ទាក់ទង​នឹង​វត្តមាន​បាក់ដាឌី​នៅ​ស៊ីរី​សោះ។ សហរដ្ឋ​អាមេរិក​ នឹង​ផ្តល់​រង្វាន់​២៥​លាន​ដុល្លារ​ដល់​ជន​ណា​ដែល​ចាប់មេកើយ​អង្គការ​រដ្ឋអ៊ីស្លាម​នេះ​បាន៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ