ប្រមុខដឹកនាំសាសនាអ៊ីរ៉ង់ប្រកាសបិទផ្លូវ មិនចរចាជាមួយអាមេរិក
នៅពេលអាមេរិក និងអ៊ីរ៉ង់ កាន់តែតានតឹងនឹងគ្នា ជាពិសេស នៅក្រោយ ការវាយប្រហារទៅលើទីតាំងផលិតប្រេងរបស់អារ៉ាប៊ី សាអូឌីត ដែលអាមេរិកចោទប្រកាន់ថា ជាស្នាដៃរបស់អ៊ីរ៉ង់ ប្រមុខដឹកនាំសាសនាអ៊ីរ៉ង់ អាលី ខាមេណី បានចេញមុខប្រកាស មិនចរចាជាមួយទីក្រុងវ៉ាស៊ីនតោន។ សម្រាប់មេដឹកនាំកំពូលរបស់អ៊ីរ៉ង់ អ៊ីរ៉ង់យល់ព្រមជួបចរចាជាមួយអាមេរិក តែក្នុងក្របខ័ណ្ឌកិច្ចព្រមព្រៀងស្តីពីនុយក្លេអ៊ែរអ៊ីរ៉ង់ដែលអាមេរិកបានដកខ្លួន តាំងពីឆ្នាំ ២០១៥។
ចុះផ្សាយនៅថ្ងៃ៖
ប្រមុខសាសនាអ៊ីស្លាមដ៏មានឥទ្ធិពល នៅអ៊ីរ៉ង់ លោកអាលី ខាមេណី បាននិយាយបិទផ្លូវ មិនឲ្យមានការចរចាណាមួយ ជាមួយទីក្រុងវ៉ាស៊ីនតោន។ ប្រមុខដឹកនាំសាសនាអ៊ីរ៉ង់ បានបញ្ជាក់ជំហរនេះ សាជាថ្មី បន្ទាប់ពីអ្នកនាំពាក្យរបស់ក្រសួងការបរទេស អ៊ីរ៉ង់ កាលពីថ្ងៃចន្ទ បានលើកឡើងថា លោកប្រធានាធិបតីអ៊ីរ៉ង់ ហាសាន់ រ៉ូហានី គ្មានគម្រោងជួបលោកដូណាល់ ត្រាំ នៅសប្តាហ៍ក្រោយនោះទេ។
និយាយទៅកាន់និស្សិត នៅទីក្រុងតេហេរ៉ង់ ប្រមុខសាសនាអ៊ីស្លាម ដ៏មានឥទ្ធិពលរបស់អ៊ីរ៉ង់ បានថ្លែងថា ការចរចា ណាមួយ ជាមួយអាមេរិក នឹងមានន័យថា អ៊ីរ៉ង់ ចុះញ៉ម ធ្វើទៅតាមការទាមទាររបស់អាមេរិក។ វាមានន័យផងដែរ ថា នយោបាយរបស់អាមេរិក ដាក់សម្ពាធទៅលើអ៊ីរ៉ង់ បានទទួលជោគជ័យ។ យ៉ាងណាក៏ដោយ សម្រាប់ប្រមុខដឹកនាំសាសនាអ៊ីរ៉ង់ អ៊ីរ៉ង់ នឹងអាចចរចាជាមួយអាមេរិក តែក្នុងគោលដៅ ស្រោចស្រង់ កិច្ចព្រមព្រៀងអន្តរជាតិ ស្តីពីនុយក្លេអ៊ែរ អ៊ីរ៉ង់ដែលអាមេរិកបានសម្រេចដកខ្លួន ដោយឯកតោភាគីកាលពីឆ្នាំ២០១៥។
នៅថ្ងៃអាទិត្យ ពោលគឺនៅ១ថ្ងៃក្រោយ ការវាយប្រហារទៅលើទីតាំងផលិតប្រេង២កន្លែងរបស់អារ៉ាប៊ី សាអូឌីត ដែលប្រមុខការបរទេសអាមេរិក បានចង្អុរចោទចំថា ជាស្នាដៃរបស់អ៊ីរ៉ង់ សេតវិមានបានអះអាងថា លោកប្រធានាធិបតី ដូណាល់ ត្រាំនឹងអាចជួបប្រធានាធិបតី អ៊ីរ៉ង់ នៅក្រៅក្របខ័ណ្ឌមហាសន្និបាតអង្គការសហប្រជាជាតិ ដែលត្រូវចាប់ផ្តើមនៅសប្តាហ៍ក្រោយ នៅទីក្រុងញូវយ៉ក។
នៅក្រោយការវាយប្រហារទៅលើទីតាំងផលិតប្រេងរបស់អារ៉ាប៊ី សាអូឌីត លោកដូណាល់ ត្រាំ កាលពីថ្ងៃចន្ទ បានសរសេរក្នុងសារ Twitter ថាអាមេរិក ត្រៀមខ្លួនរួចហើយ ដើម្បីវាយបកវិញ។ ប៉ុន្តែ អាមេរិក នៅរង់ចាំចម្លើយពីអារ៉ាប៊ី សាអូឌីត ដើម្បីដឹងថា តើប្រទេសណាដែលស៊ុំគ្រលំ នៅក្នុងការវាយប្រហារលើកនេះ។
នៅក្នុងការស៊ើបអង្កេតបឋមរបស់ខ្លួន អារ៉ាប៊ី សាអូឌីត ដែលគ្មានបង្ហាញភស្តុតាង អ្វីជាក់ស្តែង បានលើកឡើងថា អាវុធ ដែលពួកឧទ្ទាមហ៊ូទី នៅយេម៉ែន បានប្រើដើម្បីបំផ្លាញ រោងចក្រផលិតប្រេង មានប្រភពមកពីប្រទេសអ៊ីរ៉ង់ ប៉ុន្តែមិនបានចោទប្រកាន់ចំៗទេថា ការវាយប្រហារនៅថ្ងៃសៅរ៍ គឺជាស្នាដៃរបស់អ៊ីរ៉ង់។
ប្រធានាធិបតី អ៊ីរ៉ង់ លោកហាសាន់ រូហានីធ្លាប់បានបដិសេធ ទាត់ចោល ការទម្លាក់កំហុសលើអ៊ីរ៉ង់។ សម្រាប់មេដឹកនាំអ៊ីរ៉ង់ ការវាយប្រហាររបស់ពួកឧទ្ទាមហ៊ូទី កាលពីថ្ងៃសៅរ៍ គឺជាការសំដែង សិទ្ធិការពារខ្លួន របស់ប្រជាជនយេម៉ែន ដែលបានរងគ្រោះ ដោយសារប្រតិបត្តិការវាយប្រហារកងទ័ពរបស់អារ៉ាប៊ី សាអូឌីត តាំងពីឆ្នាំ ២០១៥មក៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ