Make America Great Again៖ អាមេរិកអំឡុងជិតបីឆ្នាំក្រោមលោកត្រាំ
ចុះផ្សាយនៅថ្ងៃ៖
Make America Great Again” ឬ “ធ្វើឱ្យអាមេរិកអស្ចារ្យម្ដងទៀត” គឺជាប្រយោគមួយឃ្លា ដែលលោកត្រាំ ប្រើប្រាស់ក្នុងយុទ្ធនាការបោះឆ្នោត រហូតទទួលបានជ័យជំនះ។ តើលោកត្រាំពិតជាបានធ្វើឱ្យអាមេរិកអស្ចារ្យម្ដងទៀត ដែរឬយ៉ាងណា រហូតមកដល់ពេលនេះ?
តាំងតែពីអំឡុងពេលធ្វើយុទ្ធនាការបោះឆ្នោត រហូតដល់បានជាប់ធ្វើជាប្រធានាធិបតីទី៤៥ របស់សហរដ្ឋអាមេរិក, លោកដូណាល់ ត្រាំ បានបន្តប្រើប្រាស់ពាក្យ “Make America Great Again” ឬមានន័យជាភាសាខ្មែរ “ធ្វើឱ្យអាមេរិកអស្ចារ្យម្ដងទៀត”។
អំឡុងរយៈពេលជិតបីឆ្នាំ ក្រោមការដឹកនាំរបស់ខ្លួន, តើលោកត្រាំពិតជាបានធ្វើឱ្យអាមេរិកអស្ចារ្យម្ដងទៀតដែរឬយ៉ាងណា?
ប្រាកដណាស់ វាពិតជាមិនងាយស្រួលនោះទេក្នុងការឆ្លើយសំនួរនេះ ព្រោះគេត្រូវសង្កត់ធ្ងន់ថា តើអស្ចារ្យប្រៀបធៀបជាមួយនឹងអ្វី? ខណៈសហរដ្ឋអាមេរិកបច្ចុប្បន្ន ជាប្រទេសមហាអំណាចលេខមួយរួចទៅហើយ លើពិភពលោក ទាំងក្របខ័ណ្ឌសេដ្ឋកិច្ច យោធា និងនយោបាយ។
ទោះជាយ៉ាងណា គេអាចកំណត់បរិបទនៃការប្រៀបធៀប ឧទាហរណ៍ ដូចជា ការប្រៀបធៀបលើកត្តាសេដ្ឋកិច្ចចម្បងៗ ដែលអាចជះឥទ្ធិពលដល់ជីវភាពរស់នៅប្រចាំថ្ងៃ របស់ពលរដ្ឋអាមេរិក ទៅនឹងអ្វីដែលប្រធានាធិបតីអាមេរិកក្នុងអាណត្តិមុនៗ បានបន្សល់ទុក។
ផ្អែកតាមរបាយការណ៍របស់ Yahoo Finance ដែលបានកត់ត្រាលទ្ធផលសេដ្ឋកិច្ច ក្រោមការដឹកនាំរបស់ លោកដូណាល់ ត្រាំ ប្រៀបធៀបជាមួយនឹងប្រធានាធិបតីអាមេរិកប្រាំមួយនាក់មុន ពោលគឺតាំងពីជំនាក់ លោក Jimmy Carter និងប្រើប្រាស់អាំងឌីកាទ័រសេដ្ឋកិច្ចចំនួនប្រាំមួយផងដែរ, របាយការណ៍បានបង្ហាញនូវលទ្ធផលដូចខាងក្រោម។
ពាក់ព័ន្ធទៅនឹង ការបង្កើតការងារ អាណត្តិលោកត្រាំ ហាក់មានភាពល្អប្រសើរជាងគេបន្តិច។ លោកត្រាំ បានឡើងកាន់តំណែង នៅពេលសេដ្ឋកិច្ចបន្តងើបឡើងវិញ។ អត្រាអ្នកអត់ការងារធ្វើបច្ចុប្បន្នមានត្រឹម ៣,៧ភាគប៉ុណ្ណោះ គិតត្រឹមខែសីហា ឆ្នាំ២០១៩ ពោលវាជាអត្រាដ៏ទាបបំផុត អំឡុងរយៈពេលកន្លះសតវត្សរ៍ចុងក្រោយ។
ចំណែកឯ ការបង្កើតការងារក្នុងវិស័យឧស្សាហកម្មផលិត លោកត្រាំសម្រេចបាននូវលទ្ធផលកាន់តែប្រសើរជាងគេ ហើយបើយើងមើលទៅលើ លទ្ធផលនៃចំណូលប្រចាំម៉ោងជាមធ្យមរបស់ពលរដ្ឋអាមេរិកវិញ បង្ហាញថា លោកត្រាំទទួលបានការវាយតម្លៃខ្ពស់ដាច់គេ សឹងមិនគួរឱ្យជឿ។
ផ្ទុយទៅវិញ សម្រាប់តួលេខនៃការនាំចេញ បើមើលជារួម វាហាក់ស្ថិតនៅក្រោមមធ្យម ប្រៀបធៀបជាមួយប្រធានាធីបតីផ្សេងទៀត។ ពាណិជ្ជកម្ម ជាបញ្ហាមួយក្នុងចំណោមបញ្ហាដ៏រសើប សម្រាប់លោកត្រាំ។ ទោះបីជាមានការដាក់ចេញនូវវិធានការដ៏តឹងរ៉ឹង ជាពិសេស ការដំឡើងពន្ធលើការនាំចូល ក៏ឱនភាពជញ្ជឹងពាណិជ្ជកម្មរបស់អាមេរិក នៅតែបន្តមាន ហើយវាមានទំហំកាន់តែធំបន្ថែមទៀត អំឡុងប៉ុន្មានឆ្នាំចុងក្រោយនេះ។
ងាកទៅមើល តារាងចំណាត់ថ្នាក់ហានិភ័យ S&P 500 វិញ លទ្ធផលអាចផ្ទឹមគ្នាបាន។ ទោះបីជានៅពេលដំបូងនៃការឡើងកាន់ដំណែងរបស់លោកត្រាំ គេអង្កេតឃើញ ពីការប្រែប្រួលតម្លៃទីផ្សារហិរញ្ញវត្ថុខ្លាំង និងការកើនឡើងភាពមិនច្បាស់លាស់ ក៏ស្ថានភាពហាក់ប្រែមករកភាពធម្មតាវិញ នៅពេលបន្ទាប់។
សម្រាប់កត្តាចុងក្រោយ ពាក់ព័ន្ធទៅនឹង ចំណូលពិតសម្រាប់មនុស្សម្នាក់។ លទ្ធផលរបស់លោកត្រាំហាក់ល្អប្រសើរជាងគេបន្តិច។ គេអង្កេតឃើញថា អត្រាចំណូលពិតរបស់ពលរដ្ឋអាមេរិក ធៀបនឹងតម្លៃទំនិញទូទៅ បានកើនឡើង ក្នុងរង្វង់ចន្លោះ ២ ឬ៣ភាគរយ ជាមធ្យមប្រចាំឆ្នាំ។
សរុបជារួម ប្រសិនបើគេផ្អែកលើលទ្ធផលនៃអាំងឌីកាទ័រសេដ្ឋកិច្ចចម្បងៗទាំងនេះ គេអាចវាយតម្លៃជារួមថា លោកត្រាំ ហាក់សម្រេចបានលទ្ធផលល្អប្រសើរជាងប្រធានាធិបតីមុនៗ។
ទោះជាយ៉ាងណា គេមិនត្រូវភ្លេចទេថា លោកត្រាំ បានឡើងមកកាន់ដំណែង ក្នុងស្ថានភាពដែល សេដ្ឋកិច្ចអាមេរិក បានងើបចាកផុតរួចទៅហើយ ពីគ្រោះវិបត្តិហិរញ្ញវត្ថុសកល ដែលកើតមានឡើង តាំងពីមុនអាណត្តិដឹកនាំរបស់ លោក បារ៉ាក់ អូបាម៉ា។
ដូច្នេះ អ្វីៗវាគួរតែមានភាពងាយស្រួល និងអំណោយផលជាងសម្រាប់លោកត្រាំ។ លើសពីនេះ គេក៏មិនគួរមើលរំលងផងដែរ អំពីការបន្តកើនឡើង បំណុលជាតិ និងឱនភាពថវិកា របស់សហរដ្ឋអាមេរិក ក្រោមអាណត្តិរបស់លោកត្រាំ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ