អាមេរិក-វិទ្យាសាស្រ្ត

តើ​ពិត​ជា​មាន​ពិភពថ្មី​ទី៩ នៅ​ក្នុង​ប្រព័ន្ធ​ព្រះអាទិត្យ​មែន ឬ?

តើ​ពិត​ជា​មាន​ពិភពថ្មី​ទី៩ នៅ​ក្នុង​ប្រព័ន្ធ​ព្រះអាទិត្យ​មែន ឬ?
តើ​ពិត​ជា​មាន​ពិភពថ្មី​ទី៩ នៅ​ក្នុង​ប្រព័ន្ធ​ព្រះអាទិត្យ​មែន ឬ? REUTERS/R. Hurt/Caltech/IPAC/Handout via Reuters

តើ​ពិត​ជា​មាន​ពិភព​ថ្មី​ទី៩ នៅ​ក្នុង​ប្រព័ន្ធ​ព្រះអាទិត្យ​មែន ឬ?។ ពិត​ជា​មាន​មែន នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​ក្រុម​អ្នកស្រាវជ្រាវ​អាមេរិកំាង។ ពិភព​ថ្មី​ទី៩ មាន​ទំហំ​ធំ​ជាង​ផែនដី​សព្វថ្ងៃ​ដល់​ទៅ ១០ដង និង​ស្ថិត​នៅ​ចម្ងាយ​ពី​ផែនដី​រហូត​ដល់​ទៅ ៣០ ០០០លានគីឡូម៉ែត្រ​ឯណោះ។ គឺ​ជា​ចម្ងាយ​មួយ​ដែល​មនុស្សលោក​មិន​អាច​តាម​មើល​ដោយ​ភ្នែក​ទទេ​បាន​ឡើយ។

ផ្សាយពាណិជ្ជកម្ម

រហូត​មក​ដល់​​សព្វថ្ងៃ គេ​បាន​ដឹង និង​ស្គាល់​ឈ្មោះ​ពិភព​ទាំង ៨ ដែល​មាន​នៅ​ក្នុង​ប្រព័ន្ធ​ព្រះអាទិត្យ​របស់​យើង ដោយ​រាប់​បញ្ចូល​ទាំង​ផែនដី​របស់​យើង​ផង​ដែរ។ តែ​ចាប់​ពី​ពេល​នេះ​ត​ទៅ ប្រព័ន្ធ​ព្រះអាទិត្យ​របស់​យើង​នឹង​អាច​មាន​ពិភព​ថ្មី​ទី៩ មួយ​ទៀត​ដែល​គេ​មិន​ទាន់​ស្គាល់​ឈ្មោះ​នៅ​ឡើយ​ទេ។ ដំណឹង​ថ្មី​នេះ​ត្រូវ​បាន​ចុះ​ផ្សាយ​នៅ​ក្នុង​ទស្សនាវដ្តី​វិទ្យាសាស្រ្ត​អាមេរិកាំង​មួយ​ឈ្មោះ Astronomical Journal កាល​ពី​ថ្ងៃ​ពុធ ទី២០ មករា។ តាម​ពិត​ទៅ ដំណឹង​ស្តីពី​វត្តមាន​ពិភព​ថ្មី​នៅ​ក្នុង​ប្រព័ន្ធ​ព្រះអាទិត្យ​របស់​យើង​មិន​មែន​ជា​ថ្មី​ទេ ព្រោះ​ធ្លាប់​ត្រូវ​បាន​ក្រុម​អ្នក​ស្រាវជ្រាវ​លើក​យក​ទៅ​និយាយ​ជា​យូរ​មក​ហើយ។

តែ​គឺ​ទើប​នៅ​ពេល​នេះ​ទេ​ដែល​ការ​ពិត​ហាក់​ដូច​ជា​បាន​លេច​កាន់​ច្បាស់​ឡើងៗ​តាម​សេចក្តី​សន្និដ្ឋាន​របស់​ក្រុមអ្នកស្រាវជ្រាវ​អាមេរិកាំង​ដែល​ថា អាច​នឹង​មាន​ពិភពថ្មី​ទី៩ នៅ​ក្នុង​ប្រព័ន្ធ​ព្រះអាទិត្យ​របស់​យើង។ គេ​មិន​ដឹង​ថា តើ​ពិភព​ថ្មី​ទី៩ នោះ​មាន​ឈ្មោះ​អ្វី​ទេ តែ​ក្រុម​អ្នកស្រាវជ្រាវ​អាមេរិកាំង​បាន​អះអាង​ថា ពិភព​ថ្មី​ទី៩ នោះ​មាន​ទំហំ​ធំ​ជាង​ផែនដី​យើង​ដល់​ទៅ ១០ដង និង​មាន​ចម្ងាយ​ឆ្ងាយ​ពី​ផែនដី​យើង​ដល់​ទៅ ៣០ ០០០លានគីឡូម៉ែត្រ​ឯណោះ។ គឺ​ជា​ចម្ងាយ​មួយ​ដែល​មនុស្សលោក​មិន​អាច​មើល​ឃើញ​ដោយ​ភ្នែក​ទទេ​បាន​ឡើយ។

ការ​ដែល​ក្រុម​អ្នកស្រាវជ្រាវ​ហ៊ាន​សន្និដ្ឋាន​ពី​វត្តមាន​ពិភព​ថ្មី​ទី៩ នៅ​ក្នុង​ប្រព័ន្ធ​ព្រះអាទិត្យ​របស់​យើង​ពេល​នេះ ក៏​មិនមែន​ដោយ​ការ​ប្រើ​ឧបករណ៍ពិសេស​ដូច​ដែល​គេ​ធ្លាប់​ប្រើ​កន្លង​មក​ទេ តែ​តាម​រយៈ​ការ​សិក្សា​ពី​គន្លង​ផ្លូវ​របស់​ពិភព​នានា​ស្ថិត​ក្នុង​តំបន់​ដូច​គ្នា​នៅ​ជុំវិញ​ព្រះអាទិត្យ។ បន្ទាប់​ពី​បាន​កត់សម្គាល់​ឃើញ​ពី​ការ​វិវត្តន៍​ដ៏​ចម្លែក​ខុស​ពី​ធម្មតា ក្រុម​អ្នក​ស្រាវជ្រាវ​ក៏​បាន​ទាញ​សេចក្តីសន្និដ្នាន​ពី​វត្តមាន​ពិភពថ្មី​មួយ​ទៀត។ តែ​គេ​ត្រូវ​ការ​ពេល​វេលា​ឃ្លាំមើល​ជា​ច្រើន​ឆ្នាំ​ទៅ​មុខ​ទៀត មុន​ប្រកាស​ជា​ផ្លូវការ និង​ឲ្យ​ឈ្មោះ​ពិភពថ្មី​ទី៩ នោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI