វ៉េណេស៊ុយអេឡា

វ៉េណេស៊ុយអេឡា៖ចាប់ខ្លួន​ចៅហ្វាយ​ក្រុង​ការ៉ាកាស​ពី​បទប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ

លោក Antonio Ledezma ចៅហ្វាយ​ក្រុង​ការ៉ាកាស ប្រទេស​វ៉េណេស៊ុយអេឡា​ដែល​ទើប​ចាប់​ខ្លួនក្នុង​ថ្ងៃទី១៩ កុម្ភៈ ឆ្នំា ២០១៥
លោក Antonio Ledezma ចៅហ្វាយ​ក្រុង​ការ៉ាកាស ប្រទេស​វ៉េណេស៊ុយអេឡា​ដែល​ទើប​ចាប់​ខ្លួនក្នុង​ថ្ងៃទី១៩ កុម្ភៈ ឆ្នំា ២០១៥ REUTERS/Carlos Garcia Rawlins/Files

នៅ​ក្នុង​ប្រទេស​វ៉េណេស៊ុយអេឡា មាន​ការ​ចាប់​ខ្លួន​មនុស្ស​ខ្លំាង​ម្នាក់​ទៀត​របស់​គណបក្សប្រឆំាង​គឺ​ចៅហ្វាយ​ក្រុង​ការ៉ាកាស​លោក Antonio Ledezma ពី​បទ​ជាប់សង្ស័យ​រៀបចំ​រដ្ឋប្រហារ​ទម្លាក់​រដ្ឋាភិបាល។ ខណៈ​នេះ រូប​លោក Antonio កំពុង​ឃុំ​ទុក​នៅ​ទីស្នាក់ការ​របស់​ក្រសួង​ស៊ើបការណ៍​សម្ងាត់ និង​ដែល​ព័ត៌មាន​ចាប់​ខ្លួន​ចៅក្រុង​ការ៉ាកាស​រូប​នេះ​ទើប​បាន​បញ្ជាក់​ជា​ផ្លូវការ​ពី​លោក​ប្រធានាធិបតី Nicolas Maduro។ ទន្ទឹម​គ្នា​នេះ លោក Maduro ក៏​បាន​ចោទ​អាមេរិក​ថា​បាន​ជួយ​គំាទ្រ​លោក Antonio នៅ​ក្នុង​ការ​រៀបចំ​រដ្ឋប្រហារ​នៅ​វ៉េណេស៊ុយអេឡា។ តែ​អាមេរិក​បាន​ប្រកាស​ច្រាន​ចោល​ភ្លាមៗ​នូវ​ការ​ចោទប្រកាន់​របស់​លោក Maduro។

ផ្សាយពាណិជ្ជកម្ម

យោង​តាម​ភរិយា​របស់​លោក Antonio Ledezma ឲ្យ​ដឹង​ថា មាន​កងកម្លំាង​ក្រសួង​ស៊ើបការណ៍សម្ងាត់​ជា​ច្រើន​នាក់​បាន​នំា​គ្នា​ចូល​ចាប់​ខ្លួន​ស្វាមី​របស់​លោកស្រី​នៅ​ក្នុង​សាលាក្រុង​ប្រហែល​ជា​ម៉ោង ៥ល្ងាច​ម៉ោង​ក្នុង​ប្រទេស​វ៉េណេស៊ុយអេឡា។ លោកស្រី​ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា ស្វាមី​របស់​លោកស្រី​ប្រហែល​ជា​បាន​រង​ការ​វ៉ៃតប់​យ៉ាង​ដំណំ មុន​នឹង​ត្រូវ​គេ​ចាប់​បញ្ចូល​ក្នុង​ឡាន​ដឹក​ចេញ​បាត់​ដោយ​មិន​បាន​ថ្លែង​អ្វី​មួយ​ម៉ាត់​សោះ។ បើ​យោង​តាម​សម្តី​របស់​លោក​ប្រធានាធិបតី Nicolas Maduro ចៅហ្វាយ​ក្រុង​ការ៉ាកាស​ត្រូវ​ជាប់​ចោទ​ពី​បទ​ប្រឆំាង​​សន្តិភាព និង​ប្រឆំាង​រដ្ឋធម្មនុញ្ញ។ ការ​អះអាង​យ៉ាង​ដូច​នេះ​ត្រូវ​បាន​លោក Maduro ផ្អែក​លើ​សេចក្តីជូនដំណឹង​ចុងក្រោយ​របស់​សាលាក្រុង​ការ៉ាកាស​ចុះ​ហត្ថលេខា​ដោយ​លោក Antonio ដែល​អំពាវនាវ​ឲ្យ​មាន​កិច្ចព្រមព្រៀង​មួយ​ដើម្បី​អន្តរកាល។

តាម​ពិត​ទៅ មនុស្សខ្លំាង​របស់​គណបក្សប្រឆំាង​ដែល​បាន​ជាប់ឆ្នោត​ជា​ហ្វាយក្រុង​ការ៉ាកាស​អាណត្តិ​ទី២​រូប​នេះ​បាន​ស្ថិត​ក្នុង​សំណាញ់​របស់​រដ្ឋអំណាច​តំាង​ពី​មួយ​សប្តាហ៍​មក​ហើយ។ នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី១៩ កុម្ភៈ រូប​លោក​ប្រធានាធីបតី​បាន​បរិហារ​ពី​ការ​ប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ​ផ្តួល​រំលំ​រដ្ឋាភិបាល​ដែល​រៀបចំ​ដោយ​មន្រ្តីយោធាជើងអាកាស​មួយ​ក្រុម និង​ដែល​លោក Antonio បាន​រួម​គំនិត​ជាមួយ។ ទន្ទឹម​គ្នា​នេះ លោក​ប្រមុខរដ្ឋ​វ៉េណេស៊ុយអេឡា​ក៏​បាន​ចោទ​អាមេរិក​ថា​បាន​ជួយគំាទ្រ​លោក Antonio នៅ​ក្នុង​ការ​រៀបចំ​រដ្ឋប្រហារ​នោះ។ តែ​រដ្ឋបាល​អាមេរិកំាង​បាន​បញ្ចេញ​ប្រតិកម្ម​ភ្លាមៗ ដោយ​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​របស់​លោក Maduro។ រីឯ​ក្រុម​គណបក្សប្រឆំាង​ក៏​បាន​ចេញ​មុខ​ថ្កោលទោស​លើ​ទង្វើ​ចាប់​ខ្លួន​លោក Antonio។

គួរ​រម្លឹក​ជូន​ថា ការ​ចាប់​ខ្លួន​លោក Antonio ពេល​នេះ​បាន​ធ្វើ​ឡើង មួយ​ឆ្នំា​ក្រោយ​ការ​ចាប់​ខ្លួន​មន្រ្តីប្រឆំាង​ម្នាក់​ទៀត​គឺ​លោក Leopoldo Lopez នា​ឱកាស​បាតុកម្ម​របស់​សិស្ស និស្សិត​កាល​ពី​ខែ​កុម្ភៈ ឆ្នំា ២០១៤៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI