តើហេតុអ្វីបានជាកងនគរបាលអាមេរិកចូលចិត្តប្រព្រឹត្តអំពើហិង្សាលើជនសង្ស័យ?
ចុះផ្សាយនៅថ្ងៃ៖
ការស្លាប់របស់យុវជនអាមេរិកស្បែកខ្មៅ Freddie Gray នៅទីក្រុងបាល់ទីម័រ (រដ្ឋម៉ារីឡែន) កាលពីប៉ុន្មានសប្តាហ៍មុន ដោយសារអំពើហិង្សារបស់កងនគរបាលបានបញ្ចេះកំហឹងសាធារណជនទូទៅ ពិសេសសហគមន៍ជនជាតិអាមេរិកដើមកំណើតស្បែកខ្មៅ។ បាតុកម្មនៅតាមបណ្តាទីក្រុងនានាក្នុងសហរដ្ឋអាមេរិកកំពុងបង្ហាញអោយឃើញពីការមិនពេញចិត្តរបស់ប្រជាពលរដ្ឋ ចំពោះចំណាត់ការដ៏ព្រៃផ្សៃរបស់កំលាំងប៉ូលិសមកលើជនសង្ស័យស្បែកខ្មៅ។ នេះមិនមែនជាលើកទីមួយឡើយ ដែលយុវជនស្បែកខ្មៅត្រូវបានសំលាប់ ឬរងរបួសរហូតដល់ស្លាប់ពេលប៉ូលិសកំពុងចាប់ឃាត់ខ្លួន។ តើមានកត្តាអ្វីខ្លះដែលជំរុញអោយកងប៉ូលិសប្រើប្រាស់អំពើហិង្សាឃោរឃៅបែបនេះ?
ហេតុការណ៍កំពុងកើតឡើងនៅទីក្រុងបាល់ទីម័រ រដ្ឋម៉ារីឡែនគឺ ជាករណីមួយមិនខុសពីករណីដ៏ទៃទៀត ដែលជនសង្ស័យស្បែកខ្មៅត្រូវបានសំលាប់ដោយប៉ូលិសស្បែកស។ ប៉ុន្តែ ករណីនៅទីក្រុងបាល់ទីម័រនេះក៏មានប៉ូលិសស្បែកខ្មៅដែរ។ គេកំរឃើញនគរបាល ដែលប្រព្រឹត្តអំពើហិង្សានេះត្រូវបានផ្តន្ទាទោសដាក់ពន្ធាគារឡើយ។ ករណីស្លាប់របស់យុវជនអាមេរិកស្បែកខ្មៅ Michael Brown នៅទីក្រុង Ferguson រដ្ឋមីស៊ូរី កាលពីឆ្នាំ២០១៤ គឺជាឧទាហរណ៍ជាក់ស្តែង។ ភាពអយុត្តិធម៌នេះបានបណ្តាលប្រជាជនស៊ីវិលងើបបះបោរឡើងប្រឈមមុខដាក់គ្នាជាមួយកងនគរបាល។ មានមូលហេតុបីយ៉ាងសំខាន់ៗ ដែលអាចពន្យល់ពីការស្លាប់ជនសង្ស័យងាយៗបែបនេះ ដោយសារស្នាដៃប៉ូលិស។
អំពើហិង្សារបស់កងនគរបាល
មូលហេតុទីមួយគឺ ការប្រើប្រាស់អំពើហិង្សាពីសំណាក់កងនគរបាលមកលើជនសង្ស័យ។ អំពើហិង្សានេះមានក្នុងផ្នត់គំនិតស្ថាប័នតែម្តង។ រាល់ការធ្វើអន្តាគមន៍ ប៉ូលិសតែងប្រើហិង្សាក្រោមលេសស្វ័យការពារ ខណៈពេលដែលជនសង្ស័យគ្មានអាវុធ ឬគ្មានទោសពៃសោះឡើយ។ បើតាមការសិក្សារបស់សមាគមមួយឈ្មោះ សហភាពសេរីភាពស៊ីវិលអាមេរិក (American Civil Liberties Union) បានអោយដឹងថា អំពើហិង្សាបានចាក់រឹសគល់យ៉ាងជ្រៅក្នុងជួរកងកំលាំងនគរបាលអាមេរិកតាំងពីយូរយារណាស់មកហើយ។
បើយោងតាមតួលេខរបស់សមាគមនេះ ជារៀងរាល់ឆ្នាំ មានករណីស្លាប់ចំនួនរាប់រយដោយសារអំពើហិង្សានគរបាល។ គ្រាន់តែនៅឆ្នាំ ២០០៩ មួយប៉ុណ្ណោះ មានការស្លាប់ជនសង្ស័យចំនួន ៤៩៧ ករណី។ រាល់ករណីតូចធំទាំងឡាយ ជាទូទៅ នគរបាលដែលបានប្រព្រឹត្តអំពើហិង្សាតែងរួចខ្លួន ពុំបានទទួលទោសពៃឡើយ។ ដូចនេះ និទណ្ឌភាពនេះហើយដែលកាន់តែជំរុញអោយនគរបាលអាមេរិកប្រព្រឹត្តហិង្សាបែបនេះ។ ពេលខ្លះ ពេលណាមានសម្ពាភខ្លាំងពីសាធារណជន ឬសម្ពាភផែ្នកនយោបាយទើបមានការផ្តន្ទាទោសលើនគរបាល។ ប៉ុន្តែ ទំហំទោសទណ្ឌពុំធ្ងន់ធ្ងរឡើយ។
ការបំពាក់សព្វាវុធយោធាក្នុងជួរកំលាំងនគរបាល
មូលហេតុទីពីរ ការបំពាក់សព្វាវុធយោធាក្នុងជួរកំលាំងនគរបាល។ យោងតាមរបាយការណ៍របស់សហភាពសេរីភាពស៊ីវិលអាមេរិកដដែល ចន្លោះពីឆ្នាំ ១៩៩០ ដល់ ២១០២ សំភារៈយោធាក្នុងទំហំទឹកប្រាក់ប្រមាណ ៤,៣ ពាន់ដុល្លារត្រូវបានក្រសួងការពារជាតិអាមេរិកផ្ទេរទៅអោយក្រសួងសន្តិសុខ។ លើសពីនេះ ចន្លោះពីឆ្នាំ ២០១១ ដល់ឆ្នាំ២០១២ ស្នងការដ្ឋាននគរបាលចំនួន ៥០០ កន្លែងសុទ្ធតែមានបំពាក់រថយន្តដែកបាញ់មិនធ្លុះ។ ការផ្ទេរ និងបំពាក់យុទ្ធភ័ណ្ឌយោធាអោយកំលាំងនគរបាលនេះត្រូវបានចោទជាសំណួរ ព្រោះថាសំភារៈយោធា ឬរថយន្តការពារគ្រាប់កាំភ្លើងជាដើមនោះគឺ សំរាប់ប្រើប្រាស់ក្នុងសមរភូមិប្រយុទ្ធ មិនមែនសំរាប់កិច្ចអន្តរាគមន៍ក្នុងទីក្រុងនោះទេ។
គេសង្ស័យថា នយោបាយបំពាក់សំភារៈយោធាទៅអោយកំលាំងនគរបាលអាមេរិកនេះគឺ ដើម្បីបំរើផលប្រយោធន៍ក្រុមហ៊ុនផលិតគ្រឿងសព្វាវុធសង្គ្រាម។ បើតាមលោក William Hartung អ្នកជំនាញស្រាវជ្រាវផែ្នកសន្តិសុខ បានអោយដឹងថា ជារៀងរាល់ឆ្នាំ ក្រុមហ៊ុនផលិតអាវុធ Lockheed Martin តែងទទួលបានថវិកាប្រមាណ ២៩ ពាន់លានដុល្លារពីក្រសួងការពារជាតិអាមេរិក។ មានក្រុមហ៊ុនមួយទៀតគឺ ក្រុមហ៊ុន ATK ជាអ្នកផ្គត់ផ្គង់ដឹកមុខគេផែ្នកគ្រាប់រំសេវសំរាប់កាំភ្លើងធន់ស្រាល។ កាលពីឆ្នាំមុន ក្រុមហ៊ុននេះរកបានប្រាក់ចំណូលចំនួន ២,៩ ពាន់លានដុល្លារ។
ក្រៅពីសំភារៈយោធា គេឃើញការបង្កើតកងអន្តរាគមន៍ពិសេស ដែលគេតែងតែហៅថា SWAT។ យោងតាមការសិក្សាស្រាវជ្រាវរបស់លោក Peter Kraska សាស្រ្តាចារ្យប្រចាំសាកលវិទ្យាល័យ Eastern Kentucky បានបង្ហើបអោយដឹងថា ជាង ៨០% នៃទីក្រុងដែលមានប្រជាជនលើសពី ២៥ ០០០ នាក់គឺ មានកងអន្តរាគមន៍ពិសេស SWAT មួយប្រចាំការ។ ជាទូទៅ កំលាំងពិសេសនេះត្រូវបានបង្កើតឡើង ដើម្បីធ្វើអន្តរាគមន៍លើករណីគ្រោះថ្នាក់ធំៗ ដូចជា ដើម្បីរំដោះចំណាប់ខ្មាំងជាដើម។ តាមទិន្នន័យនៃការស្រាវជ្រាវ កងនគរបាលអាមេរិកបានប្រើប្រាស់កងអន្តរាគមន៍ពិសេស SWAT ចំនួនជាង ៥ ម៉ឺនដងក្នុងមួយឆ្នាំ។
អ្វីដែលចំលែកនោះគឺ កងអន្តរាគមន៍ពិសេសនេះបំពាក់ទៅដោយអាវុធធន់ធ្ងន់មិនខុសពីយោធាទេ ប៉ុន្តែ បេសកកម្មរបស់កងកំលាំងនេះផ្ទុយពីយោធា។ កងកំលាំងនេះត្រូវបានគេបញ្ជូនអោយទៅធ្វើប្រតិបត្តិការក្នុងតំបន់គ្មានគ្រោះថ្នាក់ទៅវិញ មានជាអាទិ៍ដូចជា គ្រាន់តែចុះឆែកឆេរអនុវត្តទៅតាមដីការតុលាការជាដើម។ ការបង្ហាញសាច់ដុំបែបយោធានេះបានជះឥទ្ធិពលអាក្រក់ដល់រូបភាពរបស់កងនគរបាល បណ្តាលអោយប្រជាជនស៊ីវិលភ័យខ្លាច ឬសំដែងប្រតិកម្មឆេវឆាវប្រឆាំងតបវិញ ពិសេសសហគមន៍អាមេរិកស្បែកខ្មៅ។
ការរើសអើងពូជសាសន៍ក្នុងសង្គមអាមេរិក
មូលហេតុទីបី គឺ ការរើសអើងពូជសាសន៍ពណ៌សម្បុរបានចាក់រឹសតាំងពីយូរយារណាស់មកហើយក្នុងសង្គមអាមេរិក។ ការមើលងាយ និងស្អប់ពួកស្បែកខ្មៅអាចអោយយល់បានយ៉ាងច្បាស់ហើយថា មូលហេតុអ្វីបានជាប៉ូលិសហ៊ានបាញ់លើជនសង្ស័យដោយគ្មានមូលហេតុច្បាស់លាស់។ ប៉ូលិសស្បែកសអាចគិតថា ខ្លួនទទួលការកំរាមកំហែងតាមរយៈអាកប្បកិរិយាច្រង៉េងច្រងាងរបស់ជនសង្ស័យស្បែកខ្មៅ។ របាយការណ៍មួយរបស់ក្រសួងយុត្តិធម៌អាមេរិកបានលាតត្រដាងថា សូម្បីតែក្នុងការគិតពិចារណា ប៉ូលិសបានរើសអើងជាស្រេចទៅលើជនសង្ស័យ។
ឧទាហរណ៍ បើប្រៀបធៀបនឹងអ្នកបើកបរស្បែកស អ្នកបើកបរស្បែកខ្មៅមានឱកាសទ្វេបីដង ត្រូវប៉ូលិសស្បែកសហៅឈប់ឆែកឆេរប័ណ្ណបើកបរ។ ក្នុងរបាយការណ៍របស់ក្រសួងយុត្តិធម៌ដដែលនេះក៏បានបញ្ជាក់ថា រយៈពេល ៤០ ឆ្នាំចុងក្រោយនេះ សង្គ្រាមប្រឆាំងគ្រឿងញៀនក្នុងសហរដ្ឋអាមេរិកបានបង្កើនចំនួនជនសង្ស័យកាន់តែច្រើនក្នុងពន្ធាគារ។ សហគមន៍ជនជាតិស្បែកខ្មៅបានប៉ះពាល់ធ្ងន់ជាងគេ។ គេឃើញថា បើប្រៀបធៀបជាមួយសហគមន៍ដទៃ ជនសង្ស័យស្បែកខ្មៅមានអត្រាខ្ពស់ជាប់ក្នុងមន្ទីរឃុំឃាំងច្រើនជាងគេ និងយូរយារជាងគេ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ