ប៉ូលិសរកឃើញឡានបង្កៃគ្រាប់បែកនៅញូយ៉ក
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ប៉ូលិសបានរកឃើញឡានមួយគ្រឿងផ្ទុកពេញទៅដោយគ្រឿងផ្ទុះ នៅចំកណ្តាលក្រុងញូយ៉ក។ អភិបាលក្រុង និងប៉ូលិសក្រុងញូយ៉ក បានអះអាងថា ឡាននេះពិតជាត្រូវបានគេរៀបចំបម្រុងនឹងដាក់បំផ្ទុះពិតមែន។ ប៉ុន្តែ ក្រុមជំនាញខាងគ្រឿងផ្ទុះបានដោះយកគ្រាប់ចេញពីឡាននោះរួចហើយ។
សេចក្តីរាយការណ៍របស់ សេង ឌីណា
ក្រុងញូយ៉កទើបនឹងចៀសផុតពីការវាយប្រហារភេរវកម្មដ៏ធំមួយ កាលពីយប់ថ្ងៃសៅរ៍ ទី១ ឧសភា ២០១០។ ឡានផ្ទុកគ្រឿងផ្ទុះមួយត្រូវបានគេរកឃើញ ដោយមាននាឡិកាកំណត់ពេលផ្ទុះភ្ជាប់ជាមួយផង។
ឡានផ្ទុកគ្រឿងផ្ទុះ ត្រូវបានគេរកឃើញ នៅចំកណ្តាលទីប្រជុំជន ក្រុងញូយ៉ក ត្រង់កន្លែងដែលអ៊ូអរបំផុត ជាពិសេស សម្បូរទៅដោយទេសចរ និងអ្នកទៅដើរកំសាន្ត នៅរាត្រីថ្ងៃសៅរ៍។
ប៉ូលិសបានជម្លៀសប្រជាជនចេញពីកន្លែងកើតហេតុ មុននឹងក្រុមអ្នកជំនាញខាងគ្រឿងផ្ទុះចូលទៅដោះគ្រាប់ចេញពីឡាន។
យោងតាមអភិបាលក្រុង និងប៉ូលិសក្រុងញូយ៉ក ឡាននោះ ពិតជាត្រូវគេដាក់បង្កៃ ប៉ុនប៉ងបំផ្ទុះមែន ក៏ប៉ុន្តែ អ្នកណាជាអ្នកធ្វើ ហើយធ្វើក្នុងគោលដៅអ្វី គេនៅមិនទាន់ដឹងច្បាស់នៅឡើយទេ។ គេគ្រាន់តែដឹងថា គ្រឿងផ្ទុះ ដែលបង្កៃក្នុងឡាននោះ គឺជាគ្រឿងផ្ទុះធ្វើអាយតែប៉ុណ្ណោះ។
ប៉ូលិសបានឲ្យដឹងថា តាមការពិត នាឡិកាកំណត់ពេលបានដើរដល់ម៉ោងត្រូវកំណត់ឲ្យផ្ទុះទៅហើយ ក៏ប៉ុន្តែ សំណាងល្អ ឈ្នួនបំផ្ទុះមិនដំណើរការល្អ ទើបឡាននេះមិនផ្ទុះ។
យោងតាមអ្នកជំនាញខាងភេរវកម្ម ការប៉ុនប៉ងវាយប្រហារ នៅញូយ៉ក កាលពីថ្ងៃសៅរ៍នេះ គឺជាអំពើភេរវកម្មដ៏ធំមួយ ក៏ប៉ុន្តែ ពេលនេះ វានៅឆាប់ពេក ដែលគេអាចកំណត់បានថា តើវាជាអំពើរបស់បុគ្គល ឬក៏របស់ក្រុមណាមួយ។ វាអាចជាអំពើរបស់អង្គការភេរវកម្មអន្តរជាតិ ដូចជា អាល់កៃដា។ វាក៏អាចជាអំពើរបស់បុគ្គល ឬក្រុមណាមួយ នៅក្នុងសហរដ្ឋអាមេរិក ហើយដែលមិនមានជាប់ពាក់ព័ន្ធអ្វីទាំងអស់នឹងក្រុមអ៊ីស្លាមជ្រុលនិយម។
គួរបញ្ជាក់ថា ចាប់តាំងពីភេរវកម្ម ១១ កញ្ញា ២០០១មក ប៉ូលិសក្រុងញូយ៉ក ស្ថិតក្នុងភាពប្រុងប្រយ័ត្នជាប់ជានិច្ច ដើម្បីបង្ការការវាយប្រហារថ្មីណាមួយទៀត៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ