កិច្ចសន្ទនារវាងអាមេរិក និងគុយបាកំពុងចម្រើនទៅមុខ តែក៏នៅមានឧបសគ្គជាច្រើន
សហរដ្ឋអាមេរិកបានប្រកាសឲ្យដឹងពីគម្រោងបើកស្ថានទូតរបស់ខ្លួនឡើងវិញនៅក្នុងប្រទេសគុយបានៅខែមេសាខាងមុខ។ ដំណឹងនេះត្រូវបានបង្ហើបឲ្យដឹងនៅក្នុងកិច្ចចរចាដំណាក់កាលទី២រវាងក្រុមអ្នកតំណាងអាមេរិក និងក្រុមអ្នកតំណាងគុយបាក្នុងទីក្រុងវ៉ាស៊ីតោនកាលពីថ្ងៃសុក្រ ទី២៧ កុម្ភៈ។ ភាគីទំាងពីរបានសាទរដោយបានចាត់ទុកកិច្ចចរចានោះថា មានលក្ខណៈស្ថាបនា តែបានយល់ស្របគ្នាថា នៅមានឧបសគ្គជាច្រើនទៀតដែលត្រូវដោះស្រាយ មុននឹងអាចមានទំនាក់ទំនងជាប្រក្រតី ១០០% ឡើងវិញរវាងគ្នា។
ចុះផ្សាយនៅថ្ងៃ៖
កិច្ចចរចារវាងអាមេរិក គុយបានៅក្នុងទីក្រុងវ៉ាស៊ីនតោននាថ្ងៃសុក្រ ទី២៧ កុម្ភៈ គឺជាកិច្ចចរចាដំណាក់កាលទី២ បន្ទាប់ពីកិច្ចចរចាដំណាក់កាលទី១ នៅក្នុងទីក្រុងឡាហាវ៉ាន ប្រទេសគុយបាកាលពីដំណាច់ខែមករាកន្លងទៅ។ នៅក្នុងកិច្ចចរចាដំណាក់កាលទី២ ត្រូវបានលោកស្រីអនុរដ្ឋមន្រ្តីការបរទេសអាមេរិក Roberta Jacobson ទទួលបន្ទុកសំណុំរឿងអាមេរិកឡាទីនអះអាងថា មានការចម្រើនទៅមុខគួរឲ្យកត់សម្គាល់ ព្រមទំាងចាត់ទុកជាកិច្ចចរចាមួយដែលមានលក្ខណៈស្ថាបនា និងមានសេចក្តីក្លាហាន។ រីឯលោកស្រី Josefina Vidal នាយកាការិយាល័យទទួលបន្ទុកសំណុំរឿងអាមេរិក-គុយបានៅក្រសួងការបទេសអាមេរិកក៏បានប្រើពាក្យដូចគ្នាដែរ ព្រមទំាងបន្ថែមថា ភាគីនីមួយៗមានអាទិភាពរៀងៗខ្លួន។
សម្រាប់អាមេរិក អាទិភាពរបស់ទីក្រុងវ៉ាស៊ីនតោនគឺចង់បើកស្ថានទូតរបស់ខ្លួននៅគុយបាឲ្យចំពេលរៀបចំជំនួបកំពូលលើកទី៧ នៃបណ្តាប្រមុខរដ្ឋទំាង ៣៤ ប្រទេសក្នុងទ្វីបអាមេរិកដែលគ្រោងធ្វើនៅក្នុងខែមេសានៅប្រទេសប៉ាណាម៉ា។ នៅក្នុងជំនួបកំពូលលើកទី៧ឆ្នំានេះ លោកប្រមុខរដ្ឋគុយបា Raul Castro នឹងត្រូវចូលរួមជាលើកទី១ និងដែលគេមើលឃើញថា ជាឱកាសដ៏ល្អមួយនៃជំនួបរវាងលោកប្រធានាធិបតីគុយបា Raul Castro និងលោកប្រធានាធិបតីអាមេរិបារ៉ាក់ អូបាម៉ា។ ចំណែកអាទិភាពរបស់គុយបាវិញ គឺចង់ឲ្យអាមេរិកលុបឈ្មោះគុយបាចេញពីប្រទេសដែលគំាទ្រភេរវនិយម។ សម្រាប់ទីក្រុងឡាហាវ៉ាន គ្មានហេតុផលណាមួយដែលវ៉ាស៊ីនតោនបន្តទុកឈ្មោះគុយបាជាប្រទេសគំាទ្រភេរវនិយមតំាងពីឆ្នំា ១៩៨២ នោះទេ។
តែលោកប្រមុខការទូតអាមេរិកចន ឃ៊ែរីបានឆ្លើយពន្យល់ថា ការដកឈ្មោះគុយបាចេញពីប្រទេសគំាទ្រភេរវនិយមមិនមានជាប់ពាក់ព័ន្ធនឹងកិច្ចចរចាបច្ចុប្បន្ននេះទេ និងថា រឿងនោះត្រូវតែមានការបោះឆ្នោតយល់ព្រមពីសភាអាមេរិកំាង។ យ៉ាងណាក៏ដោយ លោកស្រី Josefina Vidal បានយល់ឃើញថា ទោះបីជារឿងដក ឬមិនដកគុយបាចេញពីប្រទេសគំាទ្រភេរវនិយមមិនមែនជាលក្ខខ័ណ្ឌក្នុងការបើកស្ថាទូតអាមេរិកឡើងវិញនៅគុយបាក៏ដោយ ក៏នេះ អាចជាឧបសគ្គមួយដែលនំាឲ្យមានការលំបាកក្នុងការស្វែងរកទំនាក់ទំនងប្រក្រតី ១០០% ឡើងវិញរវាងអាមេរិក និងគុយបាដែរ។ នេះដោយមិនបានរាប់បញ្ចូលនូវសំណុំរឿងរសើបមួយចំនួនទៀត ដូចយ៉ាងការលើកទ័ណ្ឌកម្មសេដ្ឋកិច្ចចេញពីគុយបាដែលអាមេរិកបានដាក់តំាងពីជាងកន្លះសតវត្សកន្លងមក៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ