អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

លោកស្រី Hillary Clinton រិះគន់​លោក Donald Trump ជុំវិញ​ជំហរ​នយោបាយ​ចំពោះ​ប្រទេស​អ៊ីស្រាអ៊ែល

សំឡេង ០៤:០៧
លោកស្រី Hillary Clinton និង​លោក​ Donald Trump
លោកស្រី Hillary Clinton និង​លោក​ Donald Trump REUTERS/David Becker/Nancy Wiechec/Files
ដោយ៖ បូលីន ដាវីដ
៣១ នាទី

កាលពីដើម​សប្តាហ៍​មុន​ គណៈកម្មាធិការ​កិច្ចការ​សាធារណៈ​អាមេរិក​-អ៊ីស្រាអែល​ (American Israel Public Affairs Committe) បាន​រៀបចំ​ជំនួប​ប្រជុំ​ប្រចាំឆ្នាំ​មួយ​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន។​ សំរាប់​ជំនួប​ឆ្នាំ​២០១៦ ​ គណៈកម្មការ​នេះ​បាន​អញ្ជើញ​បេក្ខជន​ប្រធានាធិបតី​ប្រចាំ​គណបក្ស​ទាំងពីរ​ គឺ​គណបក្ស​ប្រជាធិបតេយ្យ​ និង​គណបក្ស​សាធារណរដ្ឋ។ បេក្ខជន​ម្នាក់ៗ​បាន​ឡើង​​បញ្ចេញ​ទស្សនៈ​របស់​ពួក​គេ​ជុំវិញ​នយោបាយ​ការ​បរទេស​អាមេរិក​ចំពោះ​អ៊ីស្រាអែល។ លោកស្រី​ Hillary Clinton បាន​និយាយ​រិះគន់​ដោយ​ប្រយោល​ចំពោះ​គោល​នយោបាយ​ការបរទេស​ដ៏​គ្រោះថ្នាក់​របស់​លោក​ Donald Trump។

ផ្សាយពាណិជ្ជកម្ម

គណៈកម្មាធិការ​កិច្ចការ​សាធារណៈ​អាមេរិក​-អ៊ីស្រាអែល​ ដែល​គេ​តែង​ហៅ​កាត់​ថា​ AIPAC គឺ​ជា​គណៈកម្មាធិការមួយ​ប្រមូល​ផ្តុំ​គ្នា​ដោយ​ជនជាតិ​អាមេរិក​ដើម​កំណើត​ជ្វីហ្វ។​ ពួកគេ​គឺ​ជា​ក្រុម​​ lobby ដ៏​ធំ​មួយ​ បាន​ន័យ​ថា​ជាក្រុម​ចរចា​ និង​ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​។ ហើយ​ក្រុម​នេះ​មាន​គោល​ជំហរ​ដឹកនាំ​សកម្មភាព​គាំទ្រ​ប្រទេស​អ៊ីស្រាអែល។ សំរាប់​ជំនួប​ប្រចាំ​ឆ្នាំ​នេះ​ រាល់​បេក្ខជន​ប្រធានាធិបតី​នៃ​​គណបក្ស​ទាំង​អស់​សុទ្ធ​តែ​មាន​វត្តមាន​។​ លើកលែង​តែ​បេក្ខជន​ Bernie Sanders ម្នាក់​គត់​ ដែល​ពុំ​មាន​វត្តមាន​នៅ​ក្នុង​ឱកាស​នោះ។

លោក​ Bernie Sanders ​ដែល​មែនទែន​ទៅ​មាន​ដើម​កំណើត​ជ្វីហ្វ​ដែរ​ផង​នោះ​ បាន​បដិសេធ​ចូលរួម​ការ​អញ្ជើញ​នេះ​ ដោយសារ​តែ​ជាប់​មមាញឹក​ក្នុង​ជំនួប​ជាមួយ​អ្នក​គាំទ្រ​របស់​គាត់​នៅ​តាម​បណ្តា​រដ្ឋ​ផេ្សង​ទៀត។ នៅ​ចំពោះ​មុខ​អ្នក​ចូលរួម​ស្តាប់​ចំនួន ១៥០០​នាក់ លោកស្រី​ Hillary Clinton​ មក​ពី​គណបក្ស​ប្រជាធិបតេយ្យ​បាន​ថ្លែង​រិះគន់​គូបដិបក្ខ​មក​ពី​គណបក្ស​សាធារណរដ្ឋ​គឺ លោក​ Donald Trump។ លោកស្រី​បាន​មាន​ប្រសាសន៍​ថា​ លោក​ Donald Trump ពុំ​មាន​ជំហរ​ច្បាស់លាស់​ឡើយ​ជុំវិញ​នយោបាយ​ការបរទេស​ចំពោះ​ប្រទេស​អ៊ីស្រាអែល ​ជាពិសេស​គឺ ​ជំរុញ​អោយ​កាន់​តែ​មាន​អំពើរ​ហិង្សា​ ខ្លាំង​ថែម​ទៀត​ជុំវិញ​សំណុំ​រឿង​ជម្លោះ​អីស្រាអែល​-ប៉ាឡេស្ទីន។

លោកស្រី​បាន​វាយ​ប្រហារ​ជា​លក្ខណៈ​ប្រយោល​ ដោយ​​និយាយ​បែប​បញ្ឆិត​បញ្ឆៀង​ថា​ សហរដ្ឋ​អាមេរិក​ត្រូវ​ការ​ប្រធានាធិបតី​ ដែល​មាន​ជំហរ​ច្បាស់លាស់​ចំពោះ​ប្រទេស​អ៊ីស្រាអែល​។ គេ​មិន​អាច​និយាយ​បែប​បាត​ដៃ​ខ្នង​ដៃ​ ប្តូរ​ជំហរ​មួយ​ថ្ងៃ​នេះ​អញ្ចេះ​មួយ​ថ្ងៃ​អញ្ចុះ​ឡើយ។ ​ហើយ​គេ​មិន​ត្រូវ​គិត​ថា​អ្វីៗ​អាច​និយាយ​ចរចា​គ្នា​បាន​ទាំង​អស់​ឡើយ។​ សំរាប់​អតីត​ប្រមុខ​ការទូត​អាមេរិក​ចន្លោះ​ពី​ឆ្នាំ​២០០៩​ ដល់​២០១៣​រូបនេះ​ សន្តិសុខ​ប្រទេស​អ៊ីស្រាអែល​ គឺ​មិន​អាច​ចរចា​បាន​ឡើយ។

ជា​សេចក្តី​សន្និដ្ឋាន​ លោកស្រី​ Hillary Clinton បាន​អះអាង​ថា​ ដើម្បី​សន្តិសុខ​របស់​អ៊ីស្រាអែល​ និង​ពិភពលោក​ទាំង​មូល​ សហរដ្ឋ​អាមេរិក​ត្រូវ​ការ​ប្រមុខ​ដឹកនាំ​ប្រសើរ​ជាង​នេះ​។ គេ​ត្រូវ​ការ​សហរដ្ឋ​អាមេរិក​ ដែល​ជា​អ្នក​ដឹកនាំ​ពិភពលោក​ និង​ជា​អ្នក​ការពារ​​លើក​ស្ទួយ​សណ្តាប់​ធ្នាប់​ពិភពលោក។​ និយាយ​រួម​ គឺ​សហរដ្ឋអាមេរិក​ ដែល​មាន​លទ្ធភាព​អាច​ប្រឆាំង​តទល់​នឹង​ការ​ប៉ុនប៉ង​ណា​មួយ​កំទេច​ប្រទេស​អ៊ីស្រាអែល។ សេចក្តី​ថ្លែង​ការណ៍​បែប​នេះ​របស់​លោកស្រី​ Hillary Clinton គឺ​ជា​ការ​ឆ្លើយ​តប​​ទៅ​នឹង​គោលជំហរ​របស់​បេក្ខជន Donald Trump ចំពោះ​សំណុំ​រឿង​ប្រទេស​អ៊ីស្រាអែល។

កាលពី​បី​សប្តាហ៍​មុន​ នៅ​ក្នុង​កិច្ច​សម្ភាសន៍​មួយ​ជាមួយ​ស្ថានីយ​ទូរទស្សន៍​ CNN មហា​សេដ្ឋី​អចលនទ្រព្យ​រូប​នេះ​បាន​ប្រកាស​ថា​ សហរដ្ឋ​អាមេរិក​ត្រូវ​តែ​ដើរ​តួនាទី​​ជា​អ្នក​សម្រប​សម្រួល​ «អព្យាក្រឹត្យ​» ​រវាង​អ៊ីស្រាអែល​ និង​ប៉ាឡេស្ទីន។ ការ​អះអាង​បែប​​នេះ​បាន​ធ្វើ​អោយប្រមុខ​ដឹកនាំ​មួយ​ចំនួន​នៃ​សហគមន៍​ជ្វីហ្វ​នៅ​សហរដ្ឋ​អាមេរិក​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង។ លោក Donald Trump បាន​បន្ថែម​ទៀត​ថា គ្មាន​នរណា​គេ​ម្នាក់​គាំទ្រ​អ៊ីស្រាអែល​ជាង​រូប​គាត់​ទេ។​ ប្រសិន​បើ​ខ្លួន​ជាប់​ឆ្នោត​ជា​ប្រធានាធិបតី​អាមេរិក​ ​លោក​នឹង​ទទួល​ស្គាល់​ទីក្រុង​ Jérusalem ជា​រដ្ឋ​ធានី​ប្រទេស​អ៊ីស្រាអែល​តែ​ម្តង។

លើស​ពី​នេះ​ លោក​នឹង​បញ្ជា​អោយ​គេ​ផ្ទេរ​ស្ថានទូត​អាមេរិក​ពី​រដ្ឋធានី​បច្ចុប្បន្ន​ គឺ​ Tel-Aviv ​មក​ដាក់​នៅ​ទីក្រុង​ជាទី​សក្ការៈ​នេះ​វិញ។ សូម​ជំរាប​ជូន​ថា​ សំណុំ​រឿង​ទឹកដី​ Jérusalem នេះ​ គឺ​ជា​ប្រធានបទ​ដ៏​រសើប​បំផុត ​ដែល​គេ​មិន​ហ៊ាន​លើក​យក​មក​និយាយ​លេង​សើច​ឡើយ។ សំរាប់​លោកស្រី​ Hillary Clinton ​សំដី​បែប​នេះ​របស់​លោក​ Donald Trump គឺ​មិន​ខុស​ពី​ការ​ចង់​បង្ក​អោយ​មាន​ហិង្សា​កាន់​តែ​ខ្លាំង​ឡើង​ក្នុង​ជម្លោះ​រវាង​អ៊ីស្រាអែល​ និង​ប៉ាឡេស្ទីន​ឡើយ។​ លោកស្រី​បាន​ផ្តល់​ជា​អនុសាសន៍​ដោយ​ស្នើ​ឲ្យ​មាន​ដំណោះ​ស្រាយ​មួយ​សំរាប់​រដ្ឋ​ទាំងពីរ​ ហើយ​សន្យា​បន្ត​កិច្ចចរចា​ដោយ​ផ្ទាល់​ជាមួយ​ភាគី​ទាំងពីរ​។

គួរ​រំលឹក​ផងដែរ​ថា​ អ៊ីស្រាអែល​ និង​ប៉ាឡេស្ទីន​មាន​ជម្លោះ​រ៉ាំរ៉ៃ​​ពាក់ព័ន្ធ​នឹង​ទីក្រុង​ Jérusalem នេះ​ចាប់​តាំង​ពីឆ្នាំ​១៩៦៧​មក​ម្ល៉េះ។​ ពោល​គឺ ចាប់តាំង​ពីពេល​ដែល​អ៊ីស្រាអែល​បាន​ចូល​ឈ្លានពាន​ និង​គ្រប់​គ្រង​ភាគខាងកើត​របស់​ប៉ាឡេស្ទីន​នៅ​ក្នុង​ទីក្រុង​នេះ។ កន្លង​មក​ អ៊ីស្រាអែល​ធ្លាប់​បាន​ទាមទារ​ប្រកាស​ទីក្រុង​នេះ​ជា​រដ្ឋធានី​របស់​ខ្លួន។​ ប៉ុន្តែ​ សហគមន៍​អន្តរជាតិ​បដិសេធ​ពុំ​ទទួល​ស្គាល់​ឡើយ។ សព្វថ្ងៃ​នេះ​ ភាគី​ប៉ាឡេស្ទីន​ក៏​បាន​ចាត់​ទុក​ Jérusalem នេះជា​រដ្ឋ​ធានី​នៃ​អនាគត​ប្រទេស​របស់​ខ្លួន​ផងដែរ។

ចំពោះ​នយោបាយ​ការ​បរទេស​អាមេរិក​បច្ចុប្បន្ន​នេះ​ ដូច​សហគមន៍​អន្តរជាតិ​ផងដែរ​ រដ្ឋាភិបាល​ទីក្រុង​វ៉ាស៊ីងតោន​បាន​ចាត់​ទុក​ ​Tel-Aviv ជា​រដ្ឋ​ធានី​របស់​ប្រទេស​អ៊ីស្រាអែល។ ហើយ​ជានិច្ច​ជាកាល​ គេ​តែង​បដិសេធ​ផ្តល់​លក្ខន្តិកៈ​ការទូត​ និង​នយោបាយ​ដល់​ទីក្រុង​ Jérusalem។ រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ​ ​ការ​ប្រទាញ​ប្រទង់​គ្នា​រវាង​អ៊ីស្រាអែល​ និង​ប៉ាឡេស្ទីន​បាន​កើត​ឡើង​ជុំវិញ​បញ្ហា​ទីលាន​សក្ការៈ​ដែល​ជាទីតាំង​ព្រះវិហារ​ក្នុង​ទីក្រុង​ Jérusalem។​ ថ្មីៗ​នេះ​ ប្រទេស​ហ្សកដានី​ បាន​ប្រកាស​បំពាក់​កាមេរ៉ា​សុវត្ថិភាព​ឃ្លាំមើល​ចំនួន​ ៥៥ ​គ្រឿង​នៅ​ទីលាន​ពិសិដ្ឋ​នេះ។

សូម​បញ្ជាក់​ថា​ប្រទេស​ហ្សកដានី​មាន​តួនាទី​អព្យាក្រឹត្យ​ក្នុង​ឋានៈ​ជា​ឆ្មាំ​យាម​ការពារ​ទីក្រុង​បុរាណ​នេះ​។ នៅ​ទីលាន​ដ៏​ចំណាស់​នេះ​មាន​ព្រះវិហារ​ ​ Al-Aqsa និង​ប្រាសាទ​ផ្នូរ​ថ្ម​ (Dôme du Rocher)។ ទាំង​ជនជាតិ​ជ្វីហ្វ​ ទាំង​អ្នក​មាន​ជំនឿ​លើ​សាសនា​អ៊ីស្លាម​ក៏​ដូច​ជា​សាសនា​គ្រិស្ត​ ពួកគេ​ចាត់​ទុក​ទីក្រុង​នេះ​ជា​ទីកន្លែង​ដ៏​ពិសិដ្ឋ​មួយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ