អាមេរិក

អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្ដរជាតិ ចង់​ឲ្យ​អាមេរិក ដាក់​បញ្ហា​សិទ្ធិ​មនុស្ស ជា​ប្រធាន​បទ​ធំ ក្នុង​ជំនួប​ជាមួយ​មេដឹកនាំ​អាស៊ាន

លោកប្រធានាធិបតី​អាមេរិក បារ៉ាក់ អូបាម៉ា
លោកប្រធានាធិបតី​អាមេរិក បារ៉ាក់ អូបាម៉ា © Reuters

អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្ដរជាតិ ចង់​ឲ្យ​ប្រធានាធិបតី​អាមេរិក ដាក់​បញ្ហា​សិទ្ធិ​មនុស្ស ជា​ប្រធាន​បទ​ធំ ក្នុង​ជំនួប​ជាមួយ​មេ​ដឹក​នាំ​អាស៊ាន ដែល​នឹង​រៀបចំ​ធ្វើ​នៅ​រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋ​អាមេរិក ចាប់​ពី​ថ្ងៃ​ទី​១៥ ដល់​ថ្ងៃ​ទី​១៦​ខែ​កុម្ភៈ​ខាង​មុខ​។ នៅ​ក្នុង​លិខិត​ចុះ​ថ្ងៃ​ទី​១៩​មករា​ម្សិលមិញ អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្ដរជាតិ បាន​លើក​ឡើង​ពី​បញ្ហា​ប្រឈម​ផ្នែក​សិទ្ធិ​មនុស្ស​ដែល​កើត​ឡើង​នៅ​ក្នុង​ប្រទេស​កម្ពុជា និង​ប្រទេស​ជា​សមាជិក​អាស៊ាន៩​ផ្សេង​ទៀត។ អង្គការ​អន្ដរជាតិ​នេះ បាន​ស្នើ​ឲ្យ​អាមេរិក ​ដាក់​សម្ពាធ​លើ​មេដឹកនាំ​អាស៊ាន ឲ្យ​ដោះស្រាយ​បញ្ហាសិទ្ធិ​មនុស្ស​​ទាំង​នោះ​ជា​ចាំ​បាច់​។

ផ្សាយពាណិជ្ជកម្ម

បញ្ហា​ប្រឈម​ផ្នែក​សិទ្ធិ​មនុស្ស​នៅ​ប្រទេស​ជា​សមាជិក​អាស៊ាន មាន​ជា​អាថិ៍ អវត្តមាន​នៃ​ការ​បោះ​ឆ្នោត​ដោយ​សេរី​និង​យុត្តិធម៌ ការ​រឹត​បន្តឹង​លើ​សេរីភាព​បញ្ចេញ​មតិ​និង​ការ​ជួប​ជុំ​ប្រមូល​ផ្ដុំ ការ​រឹត​បន្តឹង​ដោយ​មិន​ចាំ​បាច់​ទៅ​លើ​ក្រុម​សង្គម​ស៊ីវិល ការ​រំលោភ​បំពាន​លើ​សកម្មជន​សិទ្ធិ​មនុស្ស សិទ្ធិ​ស្ដ្រី ឥទ្ធិពល​នយោបាយ​ទៅ​លើ​អំណាច​តុលាការ អំពើ​ពុក​រលួយ​ជាន់​ខ្ពស់ កង្វះ​ការ​គាំពារ​ចំពោះ​ជន​ភៀស​ខ្លួន ការ​ជួញ​ដូរ​មនុស្ស និង​សិទ្ធិ​សម្រាប់​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា​។ នេះ​គឺ​ជា​អ្វី​ដែល​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្ដរជាតិ Human Rights Watch លើក​ឡើង​នៅ​ក្នុង​លិខិត ចុះ​ថ្ងៃ​ទី​១៩​ខែ​មករា ​ផ្ញើ​ជូន​លោក​ប្រធានាធិបតី​អាមេរិក បារ៉ាក់ អូបាម៉ា​។

អង្គការ Human Rights Watch ចង់​ឲ្យ​ប្រធានាធិបតី​អាមេរិក ដាក់​បញ្ហា​សិទ្ធិ​មនុស្សទាំង​នេះ ជា​ប្រធាន​បទ​ធំ ក្នុង​ជំនួប​ជាមួយ​មេ​ដឹក​នាំ​អាស៊ាន​។ ជំនួប​ជាមួយ​មេ​ដឹក​នាំ​អាស៊ាន ដែល​​នឹង​រៀបចំ​ធ្វើ​នៅ​រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋ​អាមេរិក ចាប់​ពី​ថ្ងៃ​ទី​១៥ ដល់​ថ្ងៃ​ទី​១៦​ខែ​កុម្ភៈ​ខាង​មុខ​។

បើ​តាម​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​អន្ដរជាតិ អាមេរិក​គួរ​តែ​ជំរុញ​ឲ្យ​ប្រទេស​ជា​សមាជិក​អាស៊ាន​ ដោះ​លែង​អ្នក​ទោស​នយោបាយ និង​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​នានា ដែល​គ្រប​ដណ្ដប់​ដោយ​ឥទ្ធិពល​នយោបាយ នៅ​មុន​ជំនួប​នៅ​ខែ​កុម្ភៈ​។ បើ​ពុំ​ដូច្នោះ​ទេ អាមេរិក​គួរ​តែ​លើក​យក​បញ្ហា​នេះ ទៅ​ជជែក​នៅ​ក្នុង​ជំនួប​ជាមួយ​មេ​ដឹក​នាំ​អាស៊ាន​ផង​។ នេះ​បើ​តាម​អង្គការ Human Rights Watch។

ជា​ការ​កត់​សម្គាល់ នៅ​ក្នុង​លិខិត​ដដែល​នេះ អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្ដរជាតិ ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋ​អាមេរិក បាន​បរិហារ​ខ្លាំង​ៗ​ចំពោះ​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​។ សម្រាប់អង្គការ Human Rights Watch លោកនាយក​រដ្ឋ​មន្ដ្រី ហ៊ុន សែន បាន​កាន់​អំណាច​ដុះ​ស្លែ​ជាង​៣០​ឆ្នាំ និង​បាន​ប្រើ​ប្រាស់​ហិង្សា ក៏​ដូច​ជា​យន្តការ​តុលាការ ដើម្បី​ដាក់​សម្ពាធ​លើ​ដៃគូ​ប្រកួត​ប្រជែងនយោបាយ​​។ អង្គការ​អន្ដរជាតិ​ Human Rights Watch បាន​លើក​យក​ករណី​លោក សម រង្ស៊ី ប្រធាន​គណបក្ស​ប្រឆាំង ដែល​កំពុង​រស់​នៅ​និរទេស​ខ្លួន​នៅ​បរទេស មក​ធ្វើ​ជា​ភស្តុតាង​បញ្ជាក់​។

វិទ្យុ​បារាំង​អន្ដរជាតិ​មិន​អាច​សុំ​ការ​បំភ្លឺ​ពី​តំណាង​រដ្ឋាភិបាល​កម្ពុជា​នៅ​ឡើយ​ទេ នៅ​ថ្ងៃ​ពុធ​នេះ​។ ប៉ុន្តែ​កន្លង​មក សំណើ​ឬ​ការ​ចោទ​ប្រកាន់​របស់​អង្គការ Human Rights Watch ត្រូវ​បាន​រដ្ឋាភិបាល​កម្ពុជា​ចាត់​ទុក​ថា​ជា​ការ​បញ្ចេញ​មតិ ​គ្មាន​មូលដ្ឋាន​។ និង​ថា ការ​លើក​ឡើង​របស់​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្ដរជាតិ​នេះ គ្មាន​តម្លៃ​គ្រប់​គ្រាន់​សម្រាប់ឲ្យ​រដ្ឋាភិបាល​​ពិចារណា​ឡើយ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI