លោកចន ឃ៊ែរី៖បញ្ហាយេម៉ែននឹងមិនបង្កឧបសគ្គដល់សំណុំរឿងនុយក្លេអ៊ែរអ៊ីរ៉ង់ទេ
ចុះផ្សាយនៅថ្ងៃ៖
សហរដ្ឋអាមេរិកបានបញ្ជាក់ជាផ្លូវការពីការផ្តល់ជំនួយបច្ចេកទេសដល់ប្រទេសអារ៉ាប៊ីសាអូឌីតនៅក្នុងយុទ្ធនាការវាយប្រហារផ្លូវអាកាសប្រឆំាងក្រុមឧទ្ទាមហ៊ូទី្សក្នងប្រទេសយេម៉ែន។ លោកប្រមុខការទូតអាមេរិចន ឃ៊ែរីដែលកំពុងស្ថិតក្នុងទីក្រុងឡូសាន ប្រទេសស្វ៊ីសដើម្បីបន្តកិច្ចចរចារឿងនុយក្លេអ៊ែរអ៊ីរ៉ង់ក៏បានលើកយកបញ្ហាយេម៉ែនទៅនិយាយជាមួយសមភាគីអ៊ីរ៉ង់ដែរ។ ក្រសួងការបរទេសអាមេរិកបានបញ្ជាក់ថា សំណុំរឿងយេម៉ែន និងការទម្លាក់គ្រាប់បែកប្រឆំាងពួកហ៊ូទី្សនិកាយឈីអ៊ីតគំាទ្រដោយប្រទេសអ៊ីរ៉ង់នឹងមិនធ្វើឲ្យប៉ះពាល់ដល់ដំណើរការចរចានុយក្លេអ៊ែរអ៊ីរ៉ង់ទេ។
គឺនៅថ្ងៃសុក្រ ទី២៧ មីនានេះឯងដែលកិច្ចចរចា ៥ភាគីបូក១ ស្តីពីរឿងនុយក្លេអ៊ែរអ៊ីរ៉ង់បានចាប់ផ្តើមជាថ្មីនៅក្នុងទីក្រុងឡូសាន ប្រទេសស្វ៊ីស។ តែសំណួរដែលបាន និងកំពុងចោទឡើងពេលនេះគឺថា តើការចូលរួមរបស់អាមេរិកជាមួយសម្ព័ន្ធមិត្តអារ៉ាប៊ីសាអូឌីតដើម្បីប្រឆំាងនឹងពួកឧទ្ទាមហ៊ូទី្សនិកាយឈីអ៊ីតក្នុងប្រទេសយេម៉ែនពេលនេះមិនចូលទៅបំពុលបរិយាកាសនៃការចរចាស្តីពីសំណុំរឿងនុយក្លេអ៊ែរអ៊ីរ៉ង់ទេ ឬយ៉ាងណា?។ លោកប្រមុខការទូតអាមេរិកចន ឃ៊ែរីពិតជាបានលើកយកបញ្ហាយេម៉ែនទៅនិយាយយ៉ាងខ្លីជាមួយសមភាគីអ៊ីរ៉ង់។ តែអ្នកនំាពាក្យក្រសួងការបរទេសអាមេរិកបានថ្លែងច្បាស់ៗថា ស្ថានការណ៍នៅយេម៉ែននឹងមិនជះឥទ្ធិពលអាក្រក់អ្វីដល់កិច្ចចរចានុយក្លេអ៊ែរអ៊ីរ៉ង់នៅពេលនេះទេ និងគូសបញ្ជាក់ថា រឿងយេម៉ែនមិនមែនជារឿងគួរឲ្យចាប់អារម្មណ៍ឡើយ។
ក្រសួងការបរទេសអាមេរិកបានបកស្រាយបន្ថែមថា គ្មានចំណងទាក់ទងគ្នារវាងសំណុំរឿងយេម៉ែន និងនុយក្លេរអ៊ែរអ៊ីរ៉ង់ទេ។ តែបញ្ហានៅត្រង់ថា បច្ចុប្បន្នភាពនៅយេម៉ែនពេលនេះត្រូវបានភាគីអ៊ីរ៉ង់លើកយកទៅជជែកនៅក្នុងកិច្ចចរចារវាងអ៊ីរ៉ង់ និងអាមរិកក្នុងទីក្រុងឡូសាន ព្រោះសម្រាប់ទីក្រុងតេហេរ៉ង់ ពួកឧទ្ទាមហ៊ូទី្សនិកាយឈីអ៊ីតដែលកំពុងទទួលរងការវាយប្រហារផ្លូវអាកាសពីអារ៉ាប៊ីសាអូឌីត គឺជាកូនជឹងរបស់ខ្លួន។ នៅក្នុងទីក្រុងវ៉ាស៊ីនតោនឯណោះ រដ្ឋបាលអាមេរិកំាងបានប្រាប់ឲ្យដឹងលំអិតបន្ថែមពីជំនួយបច្ចេកទេសរបស់ខ្លួនចំពោះប្រទេសអារ៉ាប៊ីសាអូឌីត និងក្រុមប្រទេសនៃក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ។
ជំនួយបច្ចេកទេសទំាងនោះរួមមាន ព័ត៌មានសម្ងាត់ និងផ្ទំាងស៊ីបនានានៅក្នុងដែនដីយេម៉ែន ព្រមទំាងជំនួយផ្នែកព័ស្តុភា។ ទន្ទឹមគ្នានេះ ក្រសួងការពារជាតិអាមេរិកក៏បានសន្យាផ្តល់ឲ្យក្រុមសម្ព័ន្ធមិត្តអារ៉ាប៊ីសាអូឌីតនូវយន្តហោះបំពាក់រ៉ាដា និងយន្តហោះសម្រាប់ចាក់សំាងនៅលើផ្ទៃអាកាសផងដែរ។ ខណៈនេះ ក្រុមការងារអាមរិក និងសម្ព័ន្ធមិត្តកំពុងធ្វើការលើបញ្ហានេះនៅក្រសួងការពារជាតិអាមេរិក៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ