អាមេរិកចាត់ទុកសម្ព័ន្ធភាពជាមួយជប៉ុនថា ជាគ្រឹះនៃស្ថិរភាពក្នុងតំបន់
ចុះផ្សាយនៅថ្ងៃ៖
មន្ដ្រីការពារជាតិអាមេរិក លោក James Mattis បានប្រាប់សមភាគីជប៉ុននៅថ្ងៃសៅរ៍នេះថា សម្ព័ន្ធភាពអាមេរិកនិងជប៉ុន គឺជាចំណុចស្នូលនៃស្ថិរភាពក្នុងតំបន់។ និងថា សម្ព័ន្ធភាពនេះនឹងបន្តទៅមុខទៀតយ៉ាងរឹងមាំជាទីបំផុត។ សូមជម្រាបជូនថា លោក James Mattis បានទៅដល់ប្រទេសជប៉ុននៅថ្ងៃសុក្រម្សិលមិញ សម្រាប់ដំណើរទស្សនកិច្ចរយៈពេលពីរថ្ងៃ។ ក្នុងជំនួបជាមួយនាយករដ្ឋមន្ដ្រីជប៉ុនកាលពីម្សិលមិញ ប្រមុខការពារជាតិអាមេរិកបានគូសបញ្ជាក់ថា អាមេរិកនឹងឈរប្រកៀកស្មាជាមួយជប៉ុន ប្រឈមនឹងការគម្រាមកំហែងពីប្រទេសដទៃ។
សម្ព័ន្ធភាពរវាងអាមេរិកនិងជប៉ុន គឺជាគ្រឹះនៃសន្តិភាព វិបុលភាព និងសេរីភាព នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ នេះគឺជាអ្វីដែលប្រមុខការពារជាតិអាមេរិក លោក James Mattis លើកឡើងប្រាប់សមភាគីជប៉ុន គឺលោកស្រី Tomomi Inada នៅក្នុងជំនួបក្នុងទីក្រុងតូក្យូ នាថ្ងៃសៅរ៍នេះ។
អាមេរិកនិងជប៉ុន គឺជាសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធនឹងគ្នាជាច្រើនទសវត្សរ៍មកហើយ។ ប៉ុន្តែចុងក្រោយនេះ ជប៉ុនបានសម្ដែងការព្រួយបារម្ភពីទំនាក់ទំនងរវាងប្រទេសទាំងពីរ នៅពេលលោក ដូណាល់ ត្រាំ ឡើងកាន់តំណែងជាប្រធានាធិបតីអាមេរិក។ បារម្ភព្រោះនៅក្នុងអំឡុងពេលឃោសនាបោះឆ្នោត លោក ត្រាំ បានព្រមានដកទ័ពអាមេរិកចេញពីជប៉ុននិងកូរ៉េខាងត្បូង បើសិនប្រទេសទាំងពីរនេះមិនបង់លុយឲ្យអាមេរិក។ អាមេរិកដែលចំណាយលុយប្រមាណ៥ពាន់លានដុល្លារ សម្រាប់កងទ័ពអាមេរិករាប់ម៉ឺននាក់ ដែលឈរជើងនៅជប៉ុននិងកូរ៉េខាងត្បូង។
ប៉ុន្តែយ៉ាងណាក៏ដោយ តាមរយៈដំណើរទស្សនកិច្ចលើកនេះ ប្រមុខការពារជាតិអាមេរិក បានធានាថា សម្ព័ន្ធភាពរវាងអាមេរិកនិងជប៉ុន នឹងបន្តទៅមុខទៀតយ៉ាងរឹងមាំជាទីបំផុត។ បើតាមលោក James Mattis អាមេរិកត្រៀមខ្លួនជាស្រេច ដើម្បីឆ្លើយតបនឹងការគម្រាមកំហែងណាមួយ ទៅលើប្រទេសជប៉ុន។ និងថា អាមេរិកនឹងឈរប្រកៀកស្មាជាមួយជប៉ុន ប្រឈមនឹងការគម្រាមកំហែងពីប្រទេសដទៃ។
សូមជម្រាបជូនថា មុនធ្វើដំណើរមកជប៉ុន លោក James Mattis បានចំណាយពេលពីរថ្ងៃនៅកូរ៉េខាងត្បូង។ នៅទីនោះ រដ្ឋមន្រ្តីការពារជាតិអាមេរិក បាននិយាយធានាការពារ សម្ព័ន្ធមិត្តរបស់ខ្លួន នៅចំពោះមុខការវាយប្រហារនុយក្លេអ៊ែររបស់កូរ៉េខាងជើង។ លោកថា រាល់ការវាយប្រហារទៅលើអាមេរិក និងប្រទេសសម្ព័ន្ធមិត្តរបស់អាមេរិក នឹងជួបបរាជ័យ។ ហើយរាល់ការប្រើនុយក្លេអ៊ែរនឹងត្រូវបកមកវិញ ដោយចម្លើយដ៏មានប្រសិទ្ធភាព និងលើសលុប៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ