អានតួអត្ថបទ
កាណាដា

លោក ​Justin Trudeau ​ជាប់ឆ្នោត​ជា​នាយករដ្ឋមន្រ្តី​វ័យក្មេង​បំផុត​របស់​កាណាដា

លោក Justin Trudeau និង​ភរិយា នៅ​ក្រោយ​ពេល​ដឹង​លទ្ធផល​បោះឆ្នោត ថ្ងៃ​ចន្ទ​​ ទី១៩ តុលា ២០១៥
លោក Justin Trudeau និង​ភរិយា នៅ​ក្រោយ​ពេល​ដឹង​លទ្ធផល​បោះឆ្នោត ថ្ងៃ​ចន្ទ​​ ទី១៩ តុលា ២០១៥ REUTERS/Jim Young
ដោយ៖ សេង ឌីណា
១៦ នាទី

លោក​ស្ទីវិន ហារភ័រ (Stephen Harper) ប្រមុខដឹកនាំ​គណបក្ស​អភិរក្ស​និយម ដែល​កាន់តំណែង​ជា​នាយករដ្ឋមន្រ្តី​កាណាដា​អស់រយៈពេល​ជិត​១០ឆ្នាំមកហើយ​នោះ បាន​ទទួល​បរាជ័យ​ក្នុងការ​បោះឆ្នោត​ជាតិ កាលពីថ្ងៃ​ចន្ទ ហើយ​អ្នក​ដែល​បាន​ជាប់ឆ្នោត​ឡើង​​ត្រូវ​ឡើង​មក​កាន់​តំណែង​ជា​នាយករដ្ឋមន្រ្តី​ថ្មី គឺ​លោក Justin Trudeau មេដឹកនាំ​គណបក្ស​សេរីនិយម ដែល​ជា​បក្ស​ប្រឆាំង។ ក្នុងវ័យ ៤៣ឆ្នាំ លោក Justin Trudeau នឹង​ត្រូវ​ក្លាយ​ជា​នាយករដ្ឋមន្រ្តី​ក្មេងបង្អស់​ក្នុង​ប្រវត្តិសាស្រ្ត​របស់​កាណាដា។

ផ្សាយពាណិជ្ជកម្ម

លោក Justin Trudeau បាន​ចាប់ផ្តើម​យុទ្ធនាការ​ឃោសនា​បោះឆ្នោត ដោយ​ឈរនៅ​លំដាប់ទី៣ ក្នុងការ​ស្ទាបស្ទង់មតិ។ ក៏ប៉ុន្តែ ក្រោយ​ពី​​ធ្វើ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​រយៈពេល​ជាង ៧០ថ្ងៃ ក្រោម​ប្រធានបទ “ការផ្លាស់ប្តូរ” ប្រមុខដឹកនាំ​គណបក្ស​សេរីនិយម (Parti libéral) បាន​​ឡើង​ពី​លំដាប់​ទី៣ មក​នៅ​លំដាប់​ទីមួយ ហើយ​អ្វី​ដែល​គេ​នឹកស្មាន​មិនដល់​នោះ គឺគណបក្ស​សេរីនិយម​មិនត្រឹមតែ​​ទទួល​បាន​អាសនៈ​ច្រើន​ជាងគេ​នៅ​ក្នុង​សភា​ប៉ុណ្ណោះ​ទេ តែ​ទទួល​បាន​សំឡេងភាគច្រើន​គ្រប់គ្រាន់ ដែល​អាច​បង្កើត​រដ្ឋាភិបាល​តែ​ម្នាក់ឯង​បាន។

នាយករដ្ឋមន្រ្តី​មក​ពី​គណបក្ស​អភិរក្ស​និយម លោក Stephen Harper បាន​ប្រកាស​ទទួលស្គាល់​​បរាជ័យរបស់​ខ្លួន ព្រមទាំង​​​ប្រកាស​លាឈប់​ពី​តំណែង​ជា​ប្រធានបក្ស ហើយ​លោក​ក៏​បាន​ថ្លែង​ផងដែរ​​អបអរ​សាទរ​លោក Justin Trudeau ដែល​ជា​គូប្រជែង។

ក្នុងវ័យ ៤៣ឆ្នាំ លោក Justin Trudeau នឹង​ត្រូវ​ក្លាយ​ជា​នាយករដ្ឋមន្រ្តី​ទី២៣ ហើយ​ជា​នាយករដ្ឋមន្រ្តី​ក្មេងបង្អស់​ក្នុង​ប្រវត្តិសាស្រ្តកាណាដា។ ក៏ប៉ុន្តែ នៅ​ពេល​លោក​ចូល​ទៅ​បំពេញ​ការងារ​នៅ​រដ្ឋធានី​អូតាវ៉ា និវេសនដ្ឋាន​នាយករដ្ឋមន្រ្តី​នឹង​មិនមែន​ជា​កន្លែង​ថ្មី​សម្រាប់​លោក​នោះទេ ពីព្រោះ​ថា លោក​បាន​កើត​និង​ធំដឹងក្តី​​នៅ​ទីនោះ​ គឺ​កាល​ពី​ពេល​ដែល​ឪពុក​របស់​លោក គឺ​លោក Pierre Elliot Trudeau ធ្វើ​ជា​នាយករដ្ឋមន្រ្តី​ នៅ​ក្នុង​ចន្លោះ​ពី​ឆ្នាំ​១៩៦៨ ដល់​ឆ្នាំ​១៩៨៤។

លោក Justin Trudeau អតីត​គ្រូបង្រៀន​គណិតវិទ្យា​និង​ភាសា​បារាំង បាន​ចូល​ប្រឡូក​ក្នុង​ឆាក​នយោបាយ​នៅ​ឆ្នាំ​២០០០ ហើយ​បាន​ជាប់ឆ្នោត​ជា​តំណាងរាស្រ្ត​មណ្ឌល​ម៉ុងរ៉េអាល់ នៅឆ្នាំ​២០០៨ មុននឹង​ត្រូវ​បោះឆ្នោត​ឲ្យ​ធ្វើ​ជា​ប្រធាន​គណបក្ស​សេរីនិយម នៅឆ្នាំ​២០១៣។

ថ្លែង​ទៅកាន់​អ្នក​គាំទ្រ ក្រោយ​ពី​ដឹង​លទ្ធផល​បោះឆ្នោត​នៅ​យប់ថ្ងៃ​ចន្ទ លោក Justin Trudeau បាន​លើកឡើង​ថា “តាមរយៈ​សន្លឹកឆ្នោត​នៅថ្ងៃ​នេះ ប្រជាជន​កាណាដា​បាន​បញ្ចេញ​សំឡេង​របស់​ខ្លួន​យ៉ាង​ច្បាស់​ថា ពេលនេះ​គឺ​ជា​ពេល​ដែល​ត្រូវ​មាន​ការ​ផ្លាស់ប្តូរ” ហើយ​ក្នុងពេល​ជាមួយគ្នា លោក​ក៏​បាន​ឆ្លៀត​ថ្លែង​អបអរ​សាទរ​ផងដែរ ចំពោះ​ការ​វិលត្រឡប់​ទៅកាន់​អំណាច​​រដ្ឋ​សហព័ន្ធ​របស់​ខេត្ត​កេបិច ដែល​ជា​ខេត្ត​តែមួយគត់​នៅ​កាណាដា ដែល​និយាយ​ភាសាបារាំង ហើយ​ដែល​ត្រូវ​គេ​ផាត់ចេញ​ពី​នយោបាយ​នៃ​រដ្ឋ​សហព័ន្ធ​កាណាដា​​នៅ​ក្នុង​រយៈពេល​ជិត ១០ឆ្នាំ​កន្លងទៅនេះ។

គួរបញ្ជាក់​ថា ​នៅ​ក្នុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត លោក Justin Trudeau ក៏ធ្លាប់​បាន​សន្យា​ផងដែរ​ថា ប្រសិន​បើ​លោក​ជាប់ឆ្នោត ​រដ្ឋាភិបាល​របស់​លោក​នឹង​ទទួល​យក​ជនភៀសខ្លួន​ច្រើន​ជាងមុន ព្រមទាំង​បង្កើន​កិច្ចខិតខំ​ប្រឹងប្រែង​ក្នុងការ​ប្រយុទ្ធប្រឆាំង​នឹង​ការប្រែប្រួល​អាកាសធាតុ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ