អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

តើ​តួនាទី​កាណាដា​លើ​ឆាកអន្តរជាតិ​នឹង​ប្រែប្រួល​បែប​ណា​ខ្លះ ក្រោម​ការ​ដឹកនាំ​របស់​លោក​នាយករដ្ឋមន្រ្តី​ថ្មី Justin Trudeau?

សំឡេង ០៤:២៥
តើ​តួនាទី​កាណាដា​លើ​ឆាកអន្តរជាតិ​នឹង​ប្រែប្រួល​បែប​ណា​ខ្លះ ក្រោម​ការ​ដឹកនាំ​របស់​លោក​នាយករដ្ឋមន្រ្តី​ថ្មី Justin Trudeau?
តើ​តួនាទី​កាណាដា​លើ​ឆាកអន្តរជាតិ​នឹង​ប្រែប្រួល​បែប​ណា​ខ្លះ ក្រោម​ការ​ដឹកនាំ​របស់​លោក​នាយករដ្ឋមន្រ្តី​ថ្មី Justin Trudeau? REUTERS/Chris Wattie
ដោយ៖ បូលីន ដាវីដ
៣២ នាទី

កាលពី​សប្តាហ៍​មុន ប្រទេស​កាណាដា​បាន​រៀបចំ​បោះឆ្នោត​ជ្រើសរើស​នាយក​រដ្ឋមន្រ្តី​ ដឹកនាំ​រដ្ឋាភិបាល​ថ្មី។​ លោក​ Justin Trudeau មក​ពី​គណបក្ស​សេរីនិយម​ ដែល​ជាបក្ស​ប្រឆាំង​មួយ​ បាន​ឈ្នះ​ឆ្នោត​ ទទួល​បាន​សំលេង​ច្រើន​លើស​លប់​។​ គណបក្ស​នេះ​នឹង​បង្កើត​រដ្ឋាភិបាល​ម្នាក់​ឯង​ ដោយសារ​តែ​ទទួល​បាន​ទទួល​អាសនៈ​ចំនួន​ ១៨៤​ លើ​ ៣៣៨។ រយៈពេល​ ១០ ឆ្នាំ​ចុង​ក្រោយ​នេះ​ ក្រោម​ការ​ដឹកនាំ​របស់​គណបក្ស​ចាញ់ឆ្នោត​ គឺ​គណបក្ស​អភិរក្ស​និយម​ ប្រទេស​កាណាដា​តែង​រង​ការ​រិះគន់​ថា​ ពុំ​សូវ​សកម្ម​លើ​ផ្នែក​ការទូតលើ​ឆាក​អន្តរជាតិ​ ជាពិសេស​សំណុំ​រឿង​ទប់​ស្កាត់​ការ​ប្រែប្រួល​អាកាស​ធាតុ។​

ផ្សាយពាណិជ្ជកម្ម

ក្រោយ​ពី​អវត្តមាន​ពី​អំណាច​អស់​រយៈពេល​ជិត​ ១០ ឆ្នាំ ដោយ​សារ​រឿង​អាស្រូវ​មួយ​ចំនួន​ កាលពី​អតីតៈកាល​ ឥឡូវ​នេះ​ គណបក្ស​សេរីនិយម​នឹង​ដឹកនាំ​រដ្ឋាភិបាល​ថ្មី​ ចាប់​ពីថ្ងៃ​ទី ៤ ខែវិច្ឆិការ​ ខាង​មុខ​នេះ។​ ការ​ត្រលប់​មក​កាន់​អំណាច​វិញ​របស់​គណបក្ស​ ដែល​មាន​និន្នការ​កណ្តាល​និយម​នេះ​ ជា​សញ្ញា​បញ្ជាក់​ថា​ កម្មវិធី​នយោបាយ​ក្នុង​ស្រុកនឹង​ផ្លាស់​ប្តូរ​។ ចំណែក​ នយោបាយ​ការបរទេស​កាណាដា នៅ​លើ​ឆាក​អន្តរជាតិ​ក៏​អាច​នឹង​ប្តូរ​ផង​ដែរ។

កាណាដា​ក្រោម​រជ្ជកាល​របស់​គណបក្ស​អភិរក្ស​និយម

សូម​បញ្ជាក់​ថា​ ក្នុង​រយៈ​ជិត​ដប់​ឆ្នាំ​កន្លង​មក​នេះ​ ពោលគឺ ចាប់​ពីឆ្នាំ​ ២០០៦​ ក្រោម​ការ​ដឹកនាំ​រយៈពេល​ ៣ អាណត្តិ​ជាប់​គ្នា​ របស់​លោក​នាយករដ្ឋមន្រ្តី​កំពុង​ផុត​អាណ្ណតិ​ Stephen Harper​ កាណាដា​បាន​អនុវត្ត​ កំណែទម្រង់​សេដ្ឋកិច្ច​ក្នុង​ស្រុក​ ដោយ​ព្យាយាម​បើក​ចំហ​ជើង​មេឃ ​បង្កើត​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​បណ្តា​ប្រទេស​នានា​ និង​តំបន់​នានា​លើ​ពិភពលោក។​ ជា​សរុប​ កាណាដា​បាន​ចុះ​ហត្ថលេខា​លើ​សន្ធិសញ្ញា​ដោះដូរសេរី​ចំនួន​ ៤៦។​
គួបផ្សំ​នឹង​វិបត្តិ​សេដ្ឋកិច្ច​កាល​ពី​ឆ្នាំ​ ២០០៨​ គណបក្ស​អភិរក្ស​និយម​ ដែល​មាន​និន្នាការ​ស្តាំ​និយម​របស់​លោក​ Stephen Harper បាន​ចាប់​ផ្តើម​អនុវត្ត​នយោបាយ​ត្បិត​ត្បៀត​ថវិកា។

លើស​ពីនេះ​ រដ្ឋាភិបាល​បាន​ចេញ​ច្បាប់​​​កំណត់​អំណាច​សហជីព និង​ធ្វើ​កំណែទម្រង់​​លើ​ច្បាប់​ស្តីពី​ការ​ធានា​រ៉ាប់រង​ការងារ​ជាដើម។​ វិធានការណ៍​​នេះ​បាន​ធ្វើ​អោយ​ប្រជាជន​កាណាដា​មួយ​ចំនួន​ ដែល​រង​ប៉ះពាល់​មិន​សប្បាយ​ចិត្ត​ឡើយ។ លើស​ពី​នេះ​ រដ្ឋាភិបាល​របស់​លោក​ Harper ក៏​បាន​សំរេច​ចិត្ត​ដក​ខ្លួន​ចេញ​ពី​ពិធីសារ​ក្រុង​ក្យូតូ​ ស្តីពី​ការ​ប្រែប្រួល​អាកាសធាតុ កាលពី​ឆ្នាំ​២០១១។​ សម័យកាល​នេះ​ រដ្ឋាភិបាល​គណបក្ស​អភិរក្ស​និយម​បាន​ពន្យល់​ថា​ សេចក្តី​សំរេច​ចិត្ត​នេះ​ គឺ ដោយសារ​តែ​ប្រទេស​បំពុល​បរិស្ថាន​ធំៗ​ដូច​ជា​អាមេរិក និង​ចិន​ ជាដើម​ មិន​បាន​ចុះ​ហត្ថលេខា​លើ​ពិធីសារ​នេះ​ទេ។ ទាក់​ទង​នឹង​នយោបាយ​ការ​បរទេស​ កាណាដា​ក្រោម​រជ្ជកាល​របស់លោក​ Harper ជា​ញឹកញយ​ បាន​ដើរ​ស្រប​តាម​សហរដ្ឋ​អាមេរិក​។

ជាក់​ស្តែង​ អន្តរាគមន៍​នៅ​ប្រទេស​អាហ្វហ្គានីស្ថាន​ក្នុង​រយៈពេល​មួយ​ទសវត្សរ៍​ចុង​ក្រោយ​នេះ។ ជាពិសេស​ គឺការ​ចូលរួម​ជាមួយ​ក្រុម​សម្ព័ន្ធ​មិត្ត​អន្តជាតិ​ បើក​ការ​វាយ​ប្រហារ​លើ​ក្រុម​អង្គការ​រដ្ឋ​អ៊ីស្លាម​ នៅ​ប្រទេស​ស៊ីរី​ និង​អីរ៉ាក់។ កាណាដា​បាន​កាត់​បន្ថយ​តួនាទី​របស់​ខ្លួន​នៅ​តាម​ស្ថាប័ន​នានា​របស់ ​អ.ស.ប ​កាត់​បន្ថយ​ការ​ចំណាយ​លើ​ជំនួយ​អន្តរជាតិ និង​មនុស្ស​ធម៌ ​ដោយ​ក្នុង​នោះ​មាន​ការ​បិទ​ស្ថានទូត​មួយ​ចំនួន​នៅ​លើ​ពិភពលោក​ ដោយ​រាប់​បញ្ជូល​ទាំង​ប្រទេស​កម្ពុជា​ផងដែរ។​ ប៉ុន្តែ​ ជា​សរុប​ ការ​គ្រប់គ្រង​​អំណាច​របស់​លោក​ Stephen Harper រយៈពេល​ជិត​ ១០ ឆ្នាំ​ បាន​ធ្វើ​អោយ​សេដ្ឋកិច្ច​កាណាដា​មាន​លំនឹង​មាំ​។

តើ​រដ្ឋាភិបាល​ថ្មី​របស់​គណបក្ស​សេរីនិយម​កាណាដា​ផ្តោត​លើ​អ្វី​ខ្លះ​លើ​ឆាក​អន្តរជាតិ?

ក្នុង​រយៈ​ពេល​ប៉ុន្មាន​សប្តាហ៍​ខាង​មុខ​ទៀត​នេះ​ លោក​នាយក​រដ្ឋមន្រ្តី​ថ្មី​ Justin Trudeau នឹង​មមាញឹក​​លើ​សំណុំ​រឿង​អន្តរជាតិ​សំខាន់ៗ មាន​ជាអាទិ៍ កិច្ច​ប្រជុំ​ក្រុម​ប្រទេសសេដ្ឋកិច្ច​ទាំង​ ២០ (G20) នៅ​ប្រទេស​តួគី​ ពី​ថ្ងៃ​ទី​១៥ ដល់​១៦ ខែវិច្ឆិការ ជំនួប​កំពូល​សេដ្ឋកិច្ច​អាស៊ី​ប៉ាស៊ីហ្វិក​ (APEC) នៅ​ប្រទេស​ហ្វីលីពីន​ ពី​ថ្ងៃ​ទី​ ១៨ ដល់​១៩ ខែ​វិច្ឆិការ​ និង​ សន្និសីទ​អង្គការ​សហ​ប្រជាជាតិ​ស្តី​ពី​អាកាស​ធាតុ​ នៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង​ ពី​ថ្ងៃ​ទី​៣០​ វិច្ឆិការ​ ដល់​ ១១ ឆ្នូ។

ទាក់​ទង​នឹង​តួនាទី​កាណាដា​លើ​ឆាក​អន្តរជាតិ​ លោក​ Justin Trudeau ធ្លាប់​បាន​ប្រកាស​ថា​ កាណាដា​នឹង​វិល​ត្រលប់​មក​លើ​ឆាក​អន្តរជាតិ​វិញ​ ក្រោម​នយោបាយ​ការ​បរទេស​របស់​បក្ស​សេរីនិយម​របស់​លោក។​ ក្រោម​រដ្ឋាភិបាល​មុន​ កាណាដា​បាន​ផ្តោត​លើ​តួនាទី​កំលាំង​យោធា​ ជា​ជាង​ការទូត។​ ក្នុង​ជម្លោះ​អ៊ីស្រាអែល-ប៉ាឡេស្ទីន កាណាដា​បាន​បង្ហាញ​ពី​ជំហរ​ការពារ​អ៊ីស្រាអែល។​ បើ​តាម​លោក​ស្រី​ Lauchlan Munro អ្នក​ស្រាវជ្រាវ​ផែ្នក​អភិវឌ្ឍន៍​អន្តរជាតិ​ ប្រចាំ​សាកល​វិទ្យាល័យ​អូតាវ៉ា បាន​អោយ​ដឹង​​ថា គេ​ត្រូវ​តាម​ដាន​មើល​ការ​សន្យា​របស់​រដ្ឋាភិបាល​ថ្មី​ជាមុន​សិន ជា​ពិសេស​ការ​ចូលខ្លួន​ឡើង​វិញ​របស់​កាណាដា នៅ​តាម​ស្ថាប័ន​អន្តរជាតិ​ធំៗ​ របស់​ អ.ស.ប។

គួរ​កត់​សំគាល់​ថា​ បន្ទាប់​ពី​បាន​ជាប់​ឆ្នោត​ភ្លាមៗ​ លោក​នាយករដ្ឋមន្រ្តី​ថ្មី​ Justin Trudeau សន្ទនា​តាម​ទូរស័ព្ទ​ជាមួយ​លោក​ប្រធានាធិបតី​អាមេរិក បារ៉ាក់ អូបាម៉ា។​ លោក​ Trudeau បាន​ប្រកាស​ពី​ជំហរ​ថ្មី​​របស់​កាណាដា​ ក្នុង​​ការ​ដក​ខ្លួន​ចេញ​ពី​បេសកកម្ម​វាយ​ប្រហារ​ទំលាក់​គ្រាប់​បែក​តាម​ផ្លូវ​អាកាស​ ប្រឆាំង​ក្រុម​អង្គការ​រដ្ឋ​អ៊ីស្លាម​ នៅ​អ៊ីរ៉ាក់ និង​ស៊ីរី។​ ហើយ​រដ្ឋាភិបាល​ថ្មី​នឹង​នឹង​បង្វែរ​ការ​យក​ចិត្ត​ទុក​ដាក់​លើ​សកម្មភាព​ជំនួយ​មនុស្ស​ធម៌ និង​បច្ចេកទេស។
ក្នុង​សំណុំ​រឿង​អាកាស​ធាតុ​ លោក​ Trudeau​ បាន​សំណេះសំណាល​ជាមួយ​លោក François Hollande ​ប្រធានាធិបតី​បារាំង។ ប្រមុខ​ដឹកនាំ​នៃ​ប្រទេស​ទាំងពីរ​ប្រាថ្នា​ចង់​អោយ​សន្និសីទ​ អ.ស.ប ស្តី​ពី​អាកាសធាតុ​ សំរេច​បាន​ផ្លែផ្កា​ជោគជ័យ។ ពោល​គឺ ការ​សន្យា​របស់​ប្រទេស​នីមួយៗ​ក្នុង​ការ​កាត់​បន្ថយ​ឧស្ម័ន​ផ្ទះ​កញ្ចក់។

ដោយ​ឡែក ក្នុង​សំណុំ​រឿង​ជនភៀសខ្លួន​ស៊ីរី​ លោក​ ​ Justin Trudeau បាន​សន្យា​នៅ​ក្នុង​យុទ្ធនាការ​ឃោសនា​សំលេង​ឆ្នោត​ថា​ រដ្ឋាភិបាល​ថ្មី​ដឹកនាំ​ដោយ​គណបក្ស​​សេរីនិយម​របស់​លោក​ នឹងទទួល​ជនភៀសខ្លួន​ស៊ីរី​ចំនួន ២៥ ០០០ នាក់​អោយ​បាន​មុន​ដើម​ឆ្នាំ​ ២០១៦។ បើ​តាម​យោបល់​លោក Stephan Reichhold ប្រធាន​ផែ្នក​សំរបសំរួល​អង្គការ​ជួយ​ជន​ភៀសខ្លួន​ និង​អន្តោរ​ប្រវេសន៍​ បាន​ពន្យល់​ថា​ ការ​សន្យា​នេះ​​ពិបាក​សំរេច​បាន​ណាស់។ គេ​ត្រូវ​ការ​យន្តហោះ​ដឹក​ជញ្ជូន​យ៉ាង​ហោច​ណាស់​ចំនួន​ ៨០ គ្រឿង​ ដើម្បី​ដឹក​ជន្លៀស​ជនភៀសខ្លួន​ទាំង​នោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ