អានតួអត្ថបទ
អាមេរិក-អ៊ីរ៉ង់

នុយក្លេអ៊ែរ៖ ​អាមេរិក​និង​អ៊ីរ៉ង់​ខ្វែងគំនិតគ្នា​រឿង​ដក​ទណ្ឌកម្ម​ដែល​អ.ស.ប​ដាក់លើ​អ៊ីរ៉ង់

លោក​អូបាម៉ា នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​រួមគ្នា​ជាមួយ​នាយករដ្ឋមន្រ្តី​អ៊ីតាលី ថ្ងៃ​សុក្រ ១៧មេសា ២០១៥
លោក​អូបាម៉ា នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​រួមគ្នា​ជាមួយ​នាយករដ្ឋមន្រ្តី​អ៊ីតាលី ថ្ងៃ​សុក្រ ១៧មេសា ២០១៥ REUTERS/Jonathan Ernst
ដោយ៖ សេង ឌីណា
១៦ នាទី

ក្រោយ​ពី​បាន​ចុះ​កិច្ចព្រមព្រៀង​នយោបាយ កាល​ពី​ជាង​ពីរ​សប្តាហ៍​មុន មហាអំណាច​លោកខាងលិច និង​អ៊ីរ៉ង់ នឹង​ចាប់ផ្តើម​បើក​ការ​ចរចា​គ្នា​ជុំទីពីរ នៅ​សប្តាហ៍ក្រោយ ដើម្បី​ជជែក​គ្នា​អំពី​បញ្ហា​បច្ចេកទេស​លម្អិត ក្នុង​ការ​ឈាន​ទៅ​ចុះ​កិច្ចព្រមព្រៀង​ស្ថាពរ លើ​សំណុំរឿង​នុយក្លេអ៊ែរ​អ៊ីរ៉ង់។ ក៏ប៉ុន្តែ នៅ​មុន​ពេល​ចាប់បើក​កិច្ចចរចា​ជុំទី២​នេះ បញ្ហា​ចម្រូងចម្រាស​កំពុងតែ​កើតមាន​ រវាង​ អ៊ីរ៉ង់ និង​អាមេរិក​ ជុំវិញ​ការ​ដក​ទណ្ឌកម្ម​ដែល​អ.ស.ប​​បាន​ដាក់​​លើ​អ៊ីរ៉ង់។ ​អ៊ីរ៉ង់​​ទាមទារ​ថា ទណ្ឌកម្ម​ត្រូវ​តែ​ដកចេញ​ភ្លាមៗ នៅ​ក្រោយ​ពេល​ដែល​កិច្ចព្រមព្រៀង​ស្ថាពរ​ត្រូវ​បាន​ចុះ​ហត្ថលេខា ចំណែក​ឯ​អាមេរិកវិញ​ចង់​ឲ្យ​ការ​ដកទណ្ឌកម្ម​នេះ​ត្រូវ​ធ្វើឡើង​ជា​ដំណាក់កាល។

ផ្សាយពាណិជ្ជកម្ម

កាលពី​ល្ងាច​ថ្ងៃ​សុក្រ​ម្សិលមិញ រដ្ឋមន្រ្តី​ការបរទេស​អ៊ីរ៉ង់​បាន​បញ្ជាក់​សាជាថ្មី​ម្តងទៀត​នូវ​អ្វី ដែលប្រមុខដឹកនាំ​អ៊ីរ៉ង់​ធ្លាប់​បាន​ទាមទារ​កាល​ពី​មុនរួចហើយ គឺ​ទណ្ឌកម្ម​ដែលអ.ស.ប និង​​មហាអំណាច​លោកខាងលិច​បាន​ដាក់​លើ​អ៊ីរ៉ង់​ត្រូវ​តែ​ដកចេញ​វិញ​ភ្លាមៗ នៅ​ក្រោយ​ពេល​ដែល​ការចរចា​ជុំទី២​បាន​សម្រេច​ជា​កិច្ចព្រមព្រៀង​ជា​ស្ថាពរ។

លោក Mohammed Javad Zarif រដ្ឋមន្រ្តី​ការបរទេស​អ៊ីរ៉ង់​បាន​លើកឡើង​ថា សហរដ្ឋ​អាមេរិក​ធ្វើការ​បកស្រាយ​ខុស​ពី​អ្វី ដែល​បាន​ព្រមព្រៀងគ្នា កាល​ពីថ្ងៃ​ទី២​មេសា ដោយ​លោក​បញ្ជាក់ថា កិច្ចព្រមព្រៀង​ដែល​បាន​ចុះ​នៅ​ប្រទេស​ស្វ៊ីសនោះ​បាន​ចែង​យ៉ាងច្បាស់​អំពី​ការ​ដកទណ្ឌកម្ម​ក្រោយ​មាន​កិច្ចព្រមព្រៀង​ស្ថាពរ ដោយ​មិនមាន​កន្លែង​ណា​​និយាយ​អំពី​ការ​ដក​ទណ្ឌកម្ម​ជា​ដំណាក់កាល​នោះទេ។

លោក​អូបាម៉ាវិញ នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​ក្នុង​ឱកាស​ដំណើរទស្សនកិច្ច​របស់​នាយករដ្ឋមន្រ្តី​អ៊ីតាលី នៅ​សេតវិមាន នៅតែ​បន្ត​​ចង់​ឲ្យ​ការ​ដក​ទណ្ឌកម្ម​លើ​អ៊ីរ៉ង់​នេះ​ត្រូវ​ធ្វើឡើង​ជា​ដំណាក់កាល ដោយ​លោក​បាន​ធ្វើការ​ពន្យល់ថា អាមេរិក​ទាមទារ​ចង់​ឲ្យ​ដក​ទណ្ឌកម្ម​ជា​ដំណាក់កាល​បែបនេះ គឺ​ដើម្បី​ធានា​ថា អ៊ីរ៉ង់​នឹង​គោរព​ដោយ​ខ្ជាប់ខ្ជួន​ទៅតាម​កិច្ចព្រមព្រៀង។

លោក​អូបាម៉ា​បាន​លើកឡើង​ថា “ចំណុច​សំខាន់​ដែល​យើងចង់​បាន គឺចង់​ធានា​ថា ប្រសិនបើ​អ៊ីរ៉ង់​មិន​អនុវត្ត​តាម​កិច្ចព្រមព្រៀង​នេះទេ យើង​នឹង​អាច​ដាក់​ទណ្ឌកម្ម​ទៅលើ​អ៊ីរ៉ង់វិញ​បាន​ភ្លាមៗ ដោ​យ​មិន​ចាំបាច់​ឆ្លងកាត់​នីតិវិធី​ស្មុគស្មាញ ហើយ​ខ្ញុំ​ជឿជាក់ថា ការរក្សា​សិទ្ធិ​ក្នុងការ​ដាក់​ទណ្ឌកម្ម​ក្នុងករណី​អ៊ីរ៉ង់​មិន​គោរព​កិច្ចព្រមព្រៀង​នេះ គឺ​ជា​គោលដៅ​ដែល​យើង​អាច​នឹង​សម្រេច​បាន ”។

ទោះជាយ៉ាងណា បើ​យើង​ស្តាប់​តាម​ប្រសាសន៍​នេះ លោក​អូបាម៉ា​ហាក់ដូចជា​មាន​ការ​បន្ទន់​ជំហរ​មកវិញ​បន្តិច ដោយ​លោក​មិន​បាន​ទាមទារ​ដាច់ខាត​ថា ការ​ដកទណ្ឌកម្ម​ត្រូវតែ​ធ្វើ​ជា​ដំណាក់កាល​នោះទេ ដោយ​គ្រាន់តែ​ទាមទារ​ឲ្យ​កំណត់​គោលការណ៍​រក្សា​សិទ្ធិ​ក្នុង​ការ​​ដាក់ទណ្ឌកម្មទៅ​​លើ​អ៊ីរ៉ង់វិញ​​​ដោយ​មិន​ឆ្លងកាត់​នីតិវិធី​ស្មុគស្មាញ ក្នុងករណី​អ៊ីរ៉ង់​មិន​គោរព​កិច្ចព្រមព្រៀង។

គួរបញ្ជាក់ថា ទណ្ឌកម្ម​ដែល​អ.ស.ប​ដាក់​លើ​អ៊ីរ៉ង់​ត្រូវតែ​ឆ្លងកាត់​ការអនុម័ត នៅ​ក្នុង​ក្រុមប្រឹក្សា​សន្តិសុខ ដែល​នៅ​ក្នុង​នោះ​រុស្ស៊ី ដែល​មាន​ទំនាក់ទំនង​ជិតស្និទ្ធិ​ជាមួយ​អ៊ីរ៉ង់ គឺ​ជា​សមាជិក​អចិន្រ្តៃយ៍​ដែល​មាន​សិទ្ធិវ៉េតូ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ