អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

តើ​សហរដ្ឋអាមេរិក​អាច​ត្រឡប់​មក​ប្រើ​កាំភ្លើង​ប្រហារ​ជីវិត​អ្នកទោស?

សំឡេង ០៣:៤៣
តើ​សហរដ្ឋអាមេរិក​អាច​ត្រឡប់​មក​ប្រើ​កាំភ្លើង​ប្រហារ​ជីវិត​អ្នកទោស?
តើ​សហរដ្ឋអាមេរិក​អាច​ត្រឡប់​មក​ប្រើ​កាំភ្លើង​ប្រហារ​ជីវិត​អ្នកទោស? Latifa Mouaoued/RFI
ដោយ៖ បូលីន ដាវីដ

យូថាស (Utah) អាច​នឹង​ក្លាយ​ជា​រដ្ឋ​ដំបូង​គេ​បង្អស់​របស់​សហរដ្ឋ​អាមេរិក​ ដែល​ត្រឡប់​មក​ប្រើ​កាំភ្លើង​ប្រហារ​ជីវិត​អ្នកទោស។​ កាលពី​សប្តាហ៍​មុន​ តំណាងរាស្រ្ត​របស់​សភា និង​ព្រឹទ្ធសភា ក្នុង​តំបន់​ប្រចាំ​រដ្ឋ​ Utah បាន​អនុម័ត​សេចក្តី​ព្រាង​ច្បាប់​មួយ​ស្តីពី​ការ​ប្រហារ​ជីវិត​អ្នកទោស​ ដោយ​ការ​បាញ់​កាំភ្លើងជំនួស​អោយ​ការ​​ចាក់ថ្នាំ​ ក្នុង​ករណី​ដែល​អាជ្ញាធរ​ពុំ​អាច​ស្វែងរក​ថ្នាំ​ចាក់​តាម​សរសៃ​បាន។​ កង្វះ​ខាតថ្នាំ​សម្រាប់​​ប្រហារ​ជីវិត​អ្នកទោស​កំពុង​តែ​ចោទ​ជា​បញ្ហា​យ៉ាង​ខ្លាំង​ នៅ​តាម​បណ្តា​រដ្ឋ​មួយ​ចំនួន​ក្នុង​សហរដ្ឋ​អាមេរិក។ ​​ប្រសិន​បើ​សេចក្តី​ព្រាង​ច្បាប់​របស់​រដ្ឋ​ Utah នឹង​ក្លាយ​ជាច្បាប់ពេញលេញ​ ហើយ​ត្រូវ​គេ​យក​ទៅ​អនុវត្ត​ចំពោះ​អ្នកទោស​ គេ​មាន​ការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ខ្លាចបណ្តា​រដ្ឋ​ដទៃទៀត​យក​គំរូតាម។​ តើ​មូលហេតុអ្វី​បាន​ជា​សហរដ្ឋ​អាមេរិក​ខ្វះថ្នាំ​សំរាប់​ចាក់​ប្រហារ​ជីវិត​អ្នកទោស? តើ​មាន​រដ្ឋ​ចំនួន​ប៉ុន្មាន​នៅ​សហរដ្ឋ​អាមេរិក​ ដែល​នៅ​អនុវត្ត​ទោស​ប្រហារ​ជីវិត?

ផ្សាយពាណិជ្ជកម្ម

សេចក្តី​ព្រាង​ច្បាប់​ដ៏​ចម្រូង​ចម្រាស់​ ដែល​សមាជិក​សភា​ និង​ព្រឹទ្ធិសភា​ក្នុង​តំបន់​រដ្ឋ​ Utah ទើប​តែបាន​អនុម័តកាលពី​ថ្មីៗនេះ​កំពុង​ត្រូវ​បាន​បញ្ជូន​ទៅ​អោយ​អភិបាល​រដ្ឋគឺ ​លោក​ Gary Hebert ផ្តល់​សច្ចាប័ន។ គិត​មក​ដល់​ពេល​នេះ​ អភិបាល​រដ្ឋ Utah ពុំទាន់​បាន​សំរេច​ចិត្ត​ចុះហត្ថលេខា​លើ​សំណើច្បាប់​នេះ​នៅ​ឡើយ​ទេ។​ ប្រសិន​បើ​ច្បាប់​នេះ​មាន​សុពលភាព​មែន​នោះ Utah នឹង​ក្លាយ​ជា​រដ្ឋ​តែ​មួយ​គត់ ​នៅ​សហរដ្ឋ​អាមេរិក​ ដែល​សុខចិត្ត​​ប្រើប្រាស់​កាំភ្លើង​ជំនួស​ការ​ចាក់​ថ្នាំ​ប្រហារ​ជីវិត​អ្នកទោស។ ប៉ុន្តែ​ ច្បាប់​នេះ​ក៏​បាន​ចែង​ច្បាស់​ផងដែរថា​ កាំភ្លើង​នឹង​យក​មក​ប្រើប្រាស់​ ក្នុង​ករណី​ដែល​អាជ្ញាធរ​ពន្ធនាគារ​របស់​រដ្ឋ​នេះ​ពុំមាន​លទ្ធភាព​អាច​ស្វែង​រក​ថ្នាំ​ចាក់បាន។​ រដ្ឋ​ Utah មាន​ប្រវត្តិ​ប្រហារ​ជីវិត​អ្នកទោស​ដោយ​បាញ់​គ្រាប់​កាំភ្លើង​អស់​រយៈពេល​រាប់​សតវត្សន៍​មកហើយ។​ ប៉ុន្តែ​ ក្រោម​សម្ពាធ​នៃ​ការ​រិះគន់​ ចាប់​តាំងពីឆ្នាំ​ ២០០៤ មក​ រដ្ឋ​អភិរក្ស​និយម​មួយ​នេះ​បាន​សុខចិត្ត​ប្រើប្រាស់​ការ​ចាក់​ថ្នាំ​ប្រហារ​ជីវិត​អ្នកទោស​ជំនួស​វិញ។

 កង្វះ​ការ​ផ្គត់ផ្គង់​ថ្នាំចាក់​ប្រហារ​ជីវិត​


តាមរយៈ​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​​ អភិបាល​រដ្ឋ Utah បាន​បញ្ជាក់​អោយ​ដឹង​ថា​ រដ្ឋ​របស់​ខ្លួន​កំពុង​ប្រឈម​នឹង​បញ្ហា​ខ្វះ​ថ្នាំ​សំរាប់​ចាក់​ប្រហារ​ជីវិត​ ព្រោះ​ក្រុមហ៊ុន​ឪសថ​ដែល​ធ្លាប់​តែ​ផ្គត់ផ្គង់​អោយ​កន្លង​មក​ឈប់​លក់​ថ្នាំអោយ​ខ្លួន។​ រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​ ក្រុមហ៊ុន​ឪសថ​ទាំង​នោះ​បាន​ទទួល​សម្ពាធ​ពី​សហភាព​អឺរ៉ុប។ ​សហភាព​អឺរ៉ុប​ ដែល​ប្រឆាំង​នឹង​ទោស​ប្រហារ​ជីវិត​ បាន​ហាម​ឃាត់​រាល់​រោងចក្រ​ឪសថ​ណា​ ដែល​មាន​ទីតាំង​លើ​ទឹកដី​របស់​ខ្លួន​ កុំអោយ​លក់​ថ្នាំ​ ឬ​សារធាតុ​ថ្នាំ​សំរាប់​ប្រហារ​ជីវិត​មនុស្ស​ទៅ​អោយ​សហរដ្ឋ​អាមេរិក។​ ហេតុ​ដូចនេះ​ហើយ​បាន​ជា​ប្រភេទ​ថ្នាំ​សន្តំ​មាន​ផ្ទុក​សារធាតុ​ Pentobarbital ពុំ​ងាយ​ស្វែងរក​បាន​នៅ​សហរដ្ឋ​អាមេរិក។

ដើម្បី​បញ្ចៀស​បញ្ហា​នេះ​ ​បណ្តា​រដ្ឋ​មួយ​ចំនួន​បាន​ស្វះស្វែង​រក​សារធាតុ​ថ្នាំ​ផ្សេង​ទៀត​មក​ជំនួស​វិញ។​ ដោយ​ស្ថិត​ក្នុង​ដំណាក់​កាល​ពិសោធន៍​នៅឡើយ​ ប្រភេទ​ថ្នាំ​ទាំង​នោះ​ត្រូវ​បាន​គេ​យក​មក​ប្រើ​ប្រាស់​សាកល្បង​លើ​អ្នកទោស​បទឧក្រិដ្ឋ​ធ្ងន់ធ្ងរ។​ បញ្ហា​ជាច្រើន​បាន​ចោទ​ឡើង​ ព្រោះ​ប្រភេទ​ថ្នាំ​ទាំង​នោះ​បាន​ធ្វើ​អោយ​អ្នកទោស​ស្លាប់​យ៉ាង​វេទនា​បំផុត​ មាន​ជា​អាទិ៍​ដូចជា​ករណី​នៅរដ្ឋ​ Oklahoma Ohio និង Arizona ជាដើម។ ជា​ធម្មតា​ ​ប្រភេទ​ថ្នាំ​នាំចូល​ពី​អឺរ៉ុប​ចំណាយ​ពេល​តែ​ ១០ ទៅ​ ១៥​នាទី​ប៉ុណ្ណោះ​ ដើម្បី​ផ្តាច់​ជីវិត​មនុស្ស​ក្នុង​សភាព​សន្លប់​បាត់​ស្មារតី​សូន្យ​ឈឹង។

ផ្ទុយ​ទៅវិញ​ ប្រភេទ​សារជាតិ​ថ្នាំ​ក្នុង​ដំណាក់​កាល​ពិសោធន៍​របស់​អាមេរិក​មាន​ប្រតិកម្ម​ខុស​ពីធម្មតា ធ្វើ​អោយ​អ្នកទោស​ស្លាប់​ក្នុង​សភាព​យឺត​យ៉ាវ​ និង​ឈឺ​ចុក​ចាប់​បំផុត។​ កាល​ពី​ឆ្នាំ​មុន​ អ្នក​ទោស​ម្នាក់​នៅ​រដ្ឋ​ Arizona បាន​ស្លាប់​យ៉ាង​វេទនា​ ដោយ​ស្រែក​ឡូឡា ព្យាយាម​រើបម្រះ​​ខ្លួន អស់​រយៈ​ពេល​ ១ ម៉ោង​ ៥៧ នាទី​មុន​នឹង​បាត់​បង់​ជីវិត។ ចំណែក​ ​អ្នក​ទោស​ម្នាក់​មក​ពីរដ្ឋ​ Oklahoma បាន​ចំណាយ​ពេល​ ៤៥ នាទី​ក្នុង​សភាព​កន្ទ្រាក់​រាងកាយ​យ៉ាង​អណោច​អធម​។​ ដូចគ្នា​នេះ​ផង​ដែរ​ អ្នកទោស​ទៀត​ម្នាក់​មក​ពី​រដ្ឋ​ Ohio បាន​ស្លាប់​ក្នុង​រយៈពេល​ ២៦ នាទី។

ទោស​ប្រហារ​ជីវិត​នៅ​សហរដ្ឋ​អាមេរិក
នៅ​សហរដ្ឋ​អាមេរិក​ ទោស​ប្រហារ​ជីវិត​ត្រូវ​បាន​អនុវត្ត​ជា​លើកដំបូង​កាលពី​ឆ្នាំ​ ១៦០៨ ​នៅ​ក្នុង​រដ្ឋ​ Virginie។​ ទោស​ប្រហារជីវិត​នេះ​ត្រូវ​បាន​ផ្អាក​ម្តង​រួច​មកហើយ​កាល​ពីចុង​ទសវត្សរ៍​ទី​៦០ ប៉ុន្តែ​ ត្រូវ​បាន​ត្រលប់​មក​ប្រើប្រាស់​សារជាថ្មី​ឡើង​វិញ ​កាលពី​ឆ្នាំ ១៩៧៦។​ ជា​ទូទៅ​ ទោស​ប្រហារ​ជីវិត​នេះ​ច្រើន​តែ​អនុវត្ត​ទៅ​លើ​ជន​ជាប់ចោទ​ណា​ ដែល​បាន​ប្រព្រឹត្ត​បទល្មើស​ធ្ងន់​ធ្ងរ​ ជាពិសេស​មនុស្ស​ឃាដ​។​ គិត​មក​ត្រឹម​ឆ្នាំ​ ២០១៣​ ក្នុង​ចំណោម​រដ្ឋ​ចំនួន​ ៥០​ របស់​សហរដ្ឋ​អាមេរិក មាន​រដ្ឋ​ចំនួន​ ៣២​ ដែល​អនុវត្ត​ទោស​ប្រហារ​ជីវិត​ ក្នុង​នោះ​មាន​តែ​រដ្ឋ​ Nebraska មួយ​ប៉ុណ្ណោះ​ ដែល​យក​វិធីសាស្រ្ត​ឆក់អគ្គិសនី​ប្រហារ​ជីវិត​ ជំនួស​ការ​ចាក់ថ្នាំ​តាម​សរសៃ។ ​ចំណែក​ រដ្ឋ​ចំនួន​ ១៨ ផ្សេង​ទៀត​បាន​សំរេច​លុប​ចោល​ទោស​ធ្ងន់ធ្ងរ​នេះ​ ដោយ​សំអាង​ហេតុផល​មនុស្ស​ធម៌។

សេចក្តី​សំរេច​របស់​តុលាការ​កំពូល
មាន​សំណួរ​ជា​ច្រើន​បាន​ចោទ​ឡើង​ជុំវិញ​ការ​ចាក់​ថ្នាំ​ប្រហារ​ជីវិត​នេះ។​ កាល​ពីឆ្នាំ​ ២០០៨ តុលាការ​កំពូល​សហរដ្ឋ​អាមេរិក​បាន​ផ្តល់​សេចក្តី​សំរេច​ថា​ ការចាក់​ថ្នាំ​ប្រហារ​ជីវិត​គឺ ស្របទៅ​តាម​រដ្ឋធម្មនុញ្ញ​របស់​ប្រទេស។​ ប៉ុន្តែ​ ចាប់​តាំង​ពី​មាន​រឿង​អាស្រូវ​បង្ក​ឡើយ​ការ​ចាក់​ថ្នាំ​ពិសោធន៍​លើ​អ្នកទោស​ ក្រុម​មេធាវី​ការពារ​ជនជាប់​ចោទ​កំពុង​ដាក់​ពាក្យ​បណ្តឹង​ទៅ​តុលាការ​កំពូល​សហព័ន្ធ។ ក្នុង​រយៈពេល​មួយ​ខែទៀត​ តុលាការ​កំពូល​សហរដ្ឋ​អាមេរិក​នឹង​ប្រកាស​អំពី​ធម្មនុញ្ញភាព​នៃ​វិធីសាស្រ្ត​ចាក់​ថ្នាំ​ប្រហារ​ជីវិត​អ្នកទោស៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ