កូរ៉េខាងត្បូង ឈ្នះអាមេរិក និងជប៉ុន ក្នុងការប្រកួតប្រជែងមនុស្សយន្ត
ចុះផ្សាយនៅថ្ងៃ៖
មនុស្សយន្តដែលមានរូបរាងពិតដូចមនុស្ស កសាងដោយក្រុមអ្នកវិទ្យាសាស្រ្តកូរ៉េខាងត្បូងបានប្រកួតឈ្នះ មនុស្សយន្តមកពី៥ប្រទេសផ្សេងទៀត នាការប្រកួតប្រជែងមនុស្សយន្ត រៀបចំ នៅរដ្ឋLos Angeles សហរដ្ឋអាមេរិក។ មនុស្សយន្តប្រភេទនេះ នឹងអាចគេយកទៅប្រើនៅក្នុងអន្តរាគមន៍ពិសេស ដែលគ្រោះថ្នាក់សម្រាប់មនុស្ស តួយ៉ាង រោងចក្រនុយក្លេអ៊ែរ នៅហ៊្វូគូស៊ីម៉ា ដែលខូចខាតដោយគ្រោះមហន្តរាយធម្មជាតិ កាលពីឆ្នាំ ២០១១ នៅប្រទេសជប៉ុន។
ក្រុមអ្នកវិទ្យាសាស្រ្តកូរ៉េខាងត្បូង KAISTនិងមនុស្សយន្តរបស់ពួកគេ ឈ្មោះ អ៊ុយបូ DRC-Hubo បានត្រលប់ទៅផ្ទះវិញ ជាមួយនឹងរង្វាន់លេខមួយ ដែលមានទឹកប្រាក់ ២លានដុល្លារ។ ចំណែកមនុស្សយន្ត របស់ក្រុមហ៊ុនអាមេរិកាំង ពីរផ្សេងទៀត IHMC Robotics និងTartan Rescue ដែលបានទទួលរង្វាន់លេខ២ ជាមួយនឹងទឹកប្រាក់១លាន និងរង្វាន់លេខបី តម្លៃ ៥សែនដុល្លារ។ មិនមែនទឹកប្រាក់រង្វាន់ដែលធ្វើឲ្យក្រុមអ្នកវិទ្យាសាស្រ្តកូរ៉េខាងត្បូងរីករាយត្រេកអរ ប៉ុន្តែ គឺជ័យជំនះរបស់ពួកគេដែលបានកសាងមនុស្សយន្តមួយ ដែលមានសមត្ថភាព ប្រកួតប្រជែងឈ្នះ មនុស្សយន្តមកពីអាមេរិក និងជប៉ុន។
នៅក្នុងការប្រកួតផ្តាច់ព្រ័ត្រ កាលពីថ្ងៃសៅរ៍ មនុស្សយន្ត ចំនួន ២០ មកពីប្រទេសចំនួន ៦ ដូចជាអាមេរិក ជប៉ុន កូរ៉េខាងត្បូង អាល្លឺម៉ង់ អ៊ីតាលី និងហុងកុង របស់ចិនដីគោក ត្រូវដោះស្រាយវិញ្ញាសារចំនួន ៨ ដែលគេបង្កើតឡើង ដោយយកលំនាំតាមគ្រោះមហន្តរាយធម្មជាតិនៅហ៊្វូគូស៊ីម៉ា។
មនុស្សយន្តរបស់អាមេរិក ជប៉ុន និងកូរ៉េខាងត្បូង បានដោះស្រាយដោយជោគជ័យរាល់វិញ្ញាសារ ដូចជា អាចបើកឡាន ឆ្លងផុតទ្វារ វាយទម្លាយជញ្ជាំង ចុះឡើង ជណ្តើរ ឬបើកសន្ទះបំពង់បង្ហូរឧស្ម័ន។ ប៉ុន្តែ មនុស្សយន្តអ៊ុយបូ ទម្ងន់៨០គីឡូក្រាម និងកំពស់១,៨ម៉ែត្រ ដែលអ្នកវិទ្យាសាស្រ្តកូរ៉េខាងត្បូងចាប់ផ្តើមសិក្សា បង្កើតតាំងពីឆ្នាំ ២០០២ បានឈ្នះទទួលរង្វាន់ ដោយមកពីល្បឿនលឿនជាងគេ។ អ្នកវិទ្យាសាស្រ្តកូរ៉េខាងត្បូង មនុស្សយន្ត ដែលមានរូបរាងដូចមនុស្សអ៊ុយបូអាចដោះស្រាយវិញ្ញាសារបានលឿនជាង គឺ ៦នាទីមុន មនុស្សយន្តដទៃទៀត ដោយមកពីវាអាចបត់ បន្ទន់ជង្គង់ ងើបអង្គុយ ឬឈរបានរហ័ស។
លោកBrad Tousley អ្នកទទួលខុសត្រូវ ទីភ្នាក់ងារអាមេរិកាំង ដើម្បីគម្រោង និងស្រាវជ្រាវស៊ីជម្រៅ Darpa ដែលជាអ្នករៀបចំការប្រកួត និងជាអ្នកធ្វើការបញ្ជាទិញ រាល់កម្មវិធីស្រាវជ្រាវបច្ចេកវិទ្យា សម្រាប់ក្រសួងការពារជាតិអាមេរិក បាននិយាយថា ក្រសួងការពារជាតិអាមេរិកចង់ជួយអន្តរាគមន៍ នៅក្នុងពេលមានគ្រោះថ្នាក់ធម្មជាតិកើតឡើង។ នៅក្នុងករណីជាច្រើន គេចង់បញ្ជូនមនុស្សយន្តប្រភេទអ៊ុយបូ ឲ្យទៅធ្វើអន្តរាគមន៍ជំនួសមនុស្ស នៅកន្លែងដែលអាចគ្រោះថ្នាក់ខ្លាំងសម្រាប់មនុស្ស ដូចជា នៅក្នុងរោងចក្រនុយក្លេអ៊ែរ ដែលផ្ទុះឆេះ នៅកន្លែងដែលជួបគ្រោះថ្នាក់រញ្ជួយដី ឬនៅកន្លែងរងរាតត្បាត ដោយជម្ងឺឆ្លង ដូចជាអេបូឡាជាដើម។
តាមអ្នកទទួលខុសត្រូវរបស់ទីភ្នាក់ងារអាមេរិកំាង ដើម្បីគម្រោង និងការស្រាវជ្រាវស៊ីជម្រៅ ដែល បើសិនរដ្ឋាភិបាលជប៉ុនមានមនុស្សយន្ត ដ៏មានសមត្ថភាព នោះ គេនឹងអាចជៀសផុតពីគ្រោះថ្នាក់ផ្ទុះឆេះ រោងចក្រ នុយក្លេអ៊ែរ នៅហ៊្វូគូស៊ីម៉ា។ នៅក្រោយគ្រោះថ្នាក់រញ្ជួយដី ម្ចាស់រោងចក្រនុយក្លេអ៊ែរ នៅហ៊្វូគូស៊ីម៉ា បានប្រើមនុស្សឲ្យចូលទៅបញ្ជាម៉ាស៊ីនដោយដៃ នៅក្នុងរោងចក្រ។ ដោយសារតែមិនអាចទ្រាំទ្រនឹងធាតុវិទ្យុសកម្ម ដែលសាយភាយខ្លាំង បុគ្គលិកជប៉ុនមិនអាចធ្វើការ យូរ និងមានប្រសិទ្ធិភាព រហូតធ្វើឲ្យរោងចក្រត្រូវផ្ទុះឆេះ ដោយសារការកើនឡើងនៃឧស្ម័នអ៊ីដ្រូសែន៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ