Twitter

Twitter បដិសេធ​មិនបិទ​គណនី​របស់​មេដឹកនាំ ​ដែល​​សរសេរ​សារ​ពន្យុះ​ឲ្យមាន​ហិង្សា​

Twitter
Twitter REUTERS/Kacper Pempel

ឆ្លើយតបចំពោះការរិះគន់ជាច្រើន ស្តីពីការបណ្តែតបណ្តោយបើកដៃ ឲ្យមេដឹកនាំមួយចំនួន សរសេរ និងចែកផ្សាយ នូវសារដែលមានខ្លឹមសារពន្យុះអំពើហិង្សា រើសអើងប្រកាន់ពូជសាសន៍ជាដើម ក្រុមហ៊ុនបណ្តាញសង្គម Twitter បានឆ្លើយតបមកវិញថា ខ្លួនធ្វើគ្រប់យ៉ាង គឺដើម្បីធានាឲ្យមានការជជែកផ្លាស់ប្តូរ យោបល់គ្នា រវាងអ្នកប្រើប្រាស់ទាំងអស់។ ដូច្នេះ ក្រុមហ៊ុនTwitter មិនអាចទៅបិទគណនី ឬសាររបស់ ថ្នាក់ដឹកនាំណាទាំងអស់។

ផ្សាយពាណិជ្ជកម្ម

ថ្មីៗនេះ មានការរិះគន់ជាខ្លាំង ទាក់ទិននឹងសាររបស់បុគ្គលសាធារណៈ ឬថ្នាក់ដឹកនាំនយោបាយមួយចំនួន នៅលើទំព័រ Twitter ។ ក្រុមហ៊ុនTwitter សូម​ឆ្លើយបំភ្លឺអំពីការយល់ឃើញរបស់ខ្លួនថា៖ ការ​លុបចោល​សារ ឬក៏បិទខ្ទប់គណនី របស់មេដឹកនាំ ឬបុគ្គលសាធារណៈមួយ​ចំនួន គឺ​មិនខុសពីការ ដែលក្រុមហ៊ុន Twitter ធ្វើការលាក់កំបាំងព័ត៌មាន​ទាំងនោះ ទៅវិញទេ

នៅក្នុងទំព័រblogផ្លូវការរបស់Twitter  បានសរសេរបន្ថែមទៀតថា “ខ្លួនប្រឹងប្រែងធ្វើការ ដោយអព្យាក្រិត្យ​បំផុត ហើយកម្មវត្ថុរបស់Twitter គឺជំរុញ ឲ្យមានការជជែក ដេញដោល ដោះដូរយោបល់គ្នា តាមរយៈសេរីភាពបញ្ចេញមតិរៀងៗខ្លួន។ Twitter ខិតខំប្រឹងប្រែងត្រួតពិនិត្យ សារនីមួយៗ របស់មេដឹកនាំ ឬបុគ្គលសាធារណៈ ដោយយោងទៅលើបរិបទ​នយោបាយ និងដោយគោរពតាមបទវិធានរួមនៃការប្រើប្រាស់បណ្តាញTwitter។”

សូមបញ្ជាក់ថា មានថ្នាក់ដឹកនាំប្រទេស អ្នកនយោបាយ ឬបុគ្គលសាធារណៈជាច្រើន ដែលបានប្រើប្រាស់ បណ្តាញ Twitter ជាវេទិកា ដើម្បីសម្តែងមតិ សរសេរសារនយោបាយ ឬក៏ការយល់ឃើញ ការប្រតិកម្មនានា។ សារខ្លះ មានខ្លឹមសារ​រើសអើងប្រកាន់ពូជសាសន៍ ពន្យុះឲ្យមនុស្សស្អប់គុំគួនគ្នា និងពន្យុះឲ្យមានអំពើហិង្សាជាដើម ។ល។ គឺសាររបស់អ្នកនយោបាយ ឬរបស់មេដឹកនាំទាំងអស់នេះហើយ ដែលបានបណ្តាល ឲ្យកើតជាចរន្តតវ៉ា រិះគន់ទៅលើក្រុមហ៊ុនTwitter តែម្តង។ សកម្មជនតវ៉ា បានទាំងសរសេរនៅលើជញ្ជាំងស្នាក់ការក្រុមហ៊ុនTwitter ថាលោក Jack Dorsey អគ្គនាយកក្រុមហ៊ុននេះ គឺជាជនផ្សំគំនិតទៀតផង។

ដោយឡែក បើទោះបីក្នុងចំលើយឆ្លើយតបរបស់Twitter គេមិនបានលើកឡើងឲ្យចំឈ្មោះក៏ដោយ តែគ្រប់គ្នាដឹងយ៉ាងច្បាស់ ថាគេចង់សំដៅទៅលើ លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក ដែលតែងតែ​សរសេរ​សារ លើទំព័រTwitter ជារៀងរាល់ថ្ងៃ ហើយសារនីមួយៗ មានខ្លឹមសារអុចអាល ពន្យុះអំពើហិង្សា ព្រមទាំងប្រកាន់ពូជសាសន៍។

ជាក់ស្តែង កាលពីថ្ងៃអង្គារ បន្ទាប់ពីមេដឹកនាំកូរ៉េខាងជើង បានប្រកាស​ថា ខ្លួនចង់ចុ​ចប៊ូតុងនុយក្លេអ៊ែរពេលណាក៏បាន  លោកដូណាល់ត្រាំ ក៏បានសរសេរលើTwitter ឆ្លើយតបទៅវិញថា សូមផ្តាំប្រាប់ទៅ​គីម​ជុងអ៊ុន​វិញ​ផង លោកក៏ចង់ចុចប៉ូតុងគ្រាប់នុយក្លេអ៊ែរ ពេលណាក៏បានដែរ ហើយគ្រាប់នុយក្លេអ៊ែររបស់អាមេរិក ធំសម្បើម និងសាហាវជាងរបស់កូរ៉េខាងជើងទៅទៀត។

យ៉ាងណាមិញ សារTwitter និយាយតែផ្តេសតែផ្តាស របស់លោក​ដូណាល់​ត្រាំ នេះ ក៏ត្រូវបានសមាជិកសភាអាមេរិក មួយចំនួនចោទសួរ ហើយ​បាន​ទាមទារទៅភ្នាក់ងារសន្តិសុខជាតិអាមេរិក ឲ្យពិចារណា​ថា​តើ វាអាចជះផលប៉ះពាល់មិនល្អអ្វីខ្លះ ទៅលើសន្តិសុខជាតិ របស់សហរដ្ឋ​អាមេរិក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI