កូរ៉េខាងជើង-អាមេរិក

អ្នកជំនាញ៖ កូរ៉េខាងជើង​អាច​មាន​​អាវុធ​នុយក្លេអ៊ែរ​១០០​គ្រាប់ នៅ​ក្នុង​រយៈពេល​៥​ឆ្នំាទៀត

កូរ៉េខាងជើង​ធ្វើ​សមយុទ្ធ​កាលពីថ្ងៃ​ទី ២១​កុម្ភៈ
កូរ៉េខាងជើង​ធ្វើ​សមយុទ្ធ​កាលពីថ្ងៃ​ទី ២១​កុម្ភៈ ©REUTERS/KCNA

អ្នកស្រាវជ្រាវ​​អាមេរិកាំង​នៃ​វិទ្យាស្ថាន​អាមេរិក-កូរ៉េ នៅ​ទីក្រុង​វ៉ាស៊ីនតោន​ ​បាន​បញ្ចេញ​របាយការណ៍​គួរ​ឲ្យ​ព្រឺក្បាល មួយ កាលពីថ្ងៃ​អង្គារ ដែល​បង្ហាញថា នៅក្នុង​រយៈពេល ៥​ឆ្នាំខាង​មុខ កូរ៉េខាងជើង នឹង​អាច​មាន​នៅក្នុង​ដៃ អាវុធ​នុយក្លេអ៊ែរ ចំនួន ១០០​គ្រាប់។ ទីក្រុង​វ៉ាស៊ីនតោន នៅ​មិនទាន់​បាន​ធ្វើ​អត្ថាធិប្បាយ​យ៉ាងណា​ទៅលើ​របាយការណ៍​របស់​អ្នកជំនាញ​អាមេរិក​​នៅឡើយទេ។ សម្រាប់​អ្នកតំណាង​អាមេរិក​ទទួល​បន្ទុក​កិច្ចការ​កូរ៉េ​ខាងជើង ​វ៉ាស៊ីនតោន​មាន​តួលេខ​​របស់ខ្លួន ស្តីពី​បរិមាណ​គ្រាប់នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង​ ប៉ុន្តែ​ តួលេខ​នោះត្រូវ​គេ​លាក់​ជាការណ៍​​សម្ងាត់​  

ផ្សាយពាណិជ្ជកម្ម

អ្នកជំនាញ​នៃ​វិទ្យាស្ថាន​កូរ៉េ-អាមេរិក នៅ​សកលវិទ្យាល័យ John Hopkins ក្នុង​ទីក្រុង​វ៉ាស៊ីនតោន បាន​សិក្សា តាមដាន កម្មវិធី​ផលិត​អាវុធ​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង​អស់​រយៈពេល ១៥​ខែ មុន​នឹង​បញ្ចេញ​របាយការណ៍​គួរ​ឲ្យ​ភ័យខ្លាច​មួយនេះ។ ភ័យខ្លាច ព្រោះ បើតាម​អ្នកស្រាវជ្រាវ​អាមេរិកាំង កូរ៉េខាងជើង​ដែល​បច្ចុប្បន្ន អាច​​មាន​អាវុធ​នុយក្លេអ៊ែរ ពី ១០ ទៅ ១៦គ្រាប់ រួចហើយនោះ នឹង​អាច​មាន​អាវុធ​នុយក្លេអ៊ែរ ដល់​ទៅ ១០០​គ្រាប់ នៅ​ឆ្នាំ ២០២០។

 
កូរ៉េខាងជើង​អាច​មាន​អាវុធ​នុយក្លេអ៊ែរ​ដល់​ទៅ​១០០​គ្រាប់ នៅក្នុង​រយៈពេល​៥​ឆ្នាំ​ទៅមុខ គឺ​ជា​សេណារីយ៉ូ​មួយ​ដ៏​អាក្រក់​បំផុត ក្នុង​ចំណោម​សេណារីយ៉ូ​ទាំងបី ដែល​អ្នកជំនាញ​អាមេរិកាំង បាន​លើកឡើង ដោយ​ពឹងផ្អែក​ទៅលើ​ចង្វាក់​ការងារ​ស្រាវជ្រាវ និង​ការបាញ់​សាកល្បង របស់​ទីក្រុង​ព្យុងយ៉ាង កន្លងមក (ពី​ឆ្នាំ ២០០៩ ដល់ ឆ្នាំ ២០១៤)។

នៅក្នុង​សេណារីយ៉ូ​ទីមួយ កូរ៉េខាងជើង​នឹង​អាច​មាន​អាវុធ​នុយក្លេអ៊ែរ ២០​គ្រាប់ នៅក្នុង​ឆ្នាំ ពេល ៥​ឆ្នាំ​ទៀត។ តាម​លោក​Joel Wit​ដែល​ជា​អ្នកសរសេរ​របាយការណ៍ នៅក្នុង​សម្មតិកម្ម​ទីមួយ កូរ៉េខាងជើង​អាច​មាន​ផងដែរ ក្បាល​គ្រាប់​នុយក្លេអ៊ែរ​តូចៗ ដែល​គេ​អាច​ដាក់​នៅ​លើ​មីស៊ីល និង​ដែល​អាច​បាញ់​ដល់​ប្រទេស​ជប៉ុន។

សម្រាប់​​លោក​Joel Wit នៅក្នុង​សេណារីយ៉ូ​ទីពីរ ដែល​មាន​លក្ខណៈ​ប្រាកដ​ជាងគេ កូរ៉េខាងជើង​​នឹង​អាច​មាន​អាវុធ​នុយក្លេអ៊ែរ ៥០គ្រាប់ ក្នុង​រយៈពេល​៥​ឆ្នាំ​ខាងមុខ។ តាម​អ្នកជំនាញ​កាលណា​កូរ៉េខាងជើង​មាន​អាវុធ​នុយក្លេអ៊ែរ នៅក្នុង​ដៃ​កាន់តែច្រើន នោះ គេ​នឹង​ពិបាក​ដើម្បី​បញ្ចុះបញ្ចូល​ឲ្យ​កូរ៉េខាងជើង​លះបង់​ចោល​កម្មវិធី​ផលិត​អាវុធ​នុយក្លេអ៊ែរ។ មួយ​វិញ​ទៀត វា​ជាកិច្ចការ​ប្រកប​ដោយ​គ្រោះថ្នាក់ នៅពេល​គេ​ដាក់ទណ្ឌកម្ម​ទៅ​លើ​ប្រទេស​ដែល​មាន​អាវុធ​នុយក្លេអ៊ែរ​ដ៏ច្រើន បែបនេះ។

គួររំលឹក​ជូនថា ទីក្រុង​ព្យុងយ៉ាង​ធ្លាប់​បាន​ល្មើស​នឹង​ការហាម​របស់​អង្គការ​សហប្រជាជាតិ ដោយបាន​បាញ់​សាកល្បង​អាវុធ​នុយក្លេអ៊ែរ​ចំនួន ៣​ដង កាលពី​ឆ្នាំ ២០០៦ ២០០៩ និង​ឆ្នាំ ២០១៣។ នៅ​រាល់​ការបាញ់​សាកល្បង​ម្តងៗ កូរ៉េខាងជើង​តែងទទួល​ការដាក់​ទណ្ឌកម្ម​ពី​​ក្រុមប្រឹក្សា​សន្តិសុខ​នៃ​អង្គការ​សហប្រជាជាតិ។ នៅ​ដើម​ខែ​កុម្ភៈនេះ កូរ៉េខាងជើង​បាន​បដិសេធ​លែង​ចង់​ចរចា​ពីកម្មវិធី​នុយក្លេអ៊ែរ​របស់ខ្លួន​ជាមួយ​អាមេរិក។ លើសពីនោះ កូរ៉េខាងជើង​ធ្លាប់​បាន​គំរាម​ប្រើ​អាវុធ​នុយក្លេអ៊ែរ និង​សង្រ្គាម​ព័ត៌មានវិទ្យា ដើម្បី​ឆ្លើយតប​នឹង​សង្រ្គាម​ឈ្លានពាន​របស់​អាមេរិក។
 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI