អានតួអត្ថបទ
អាមេរិក-គុយបា

អាមេរិក​បាន​ផ្តើម​បន្ធូរបន្ថយ​ទ័ណ្ឌកម្ម​មួយចំនួនតូច​លើ​ប្រទេស​គុយបា

មុខ​ព្រលានយន្តហោះ​ក្នុង​ទីក្រុង​ឡាហាវ៉ាន ប្រទេស​គុយបា
មុខ​ព្រលានយន្តហោះ​ក្នុង​ទីក្រុង​ឡាហាវ៉ាន ប្រទេស​គុយបា REUTERS/Stringer
1 នាទី

ទំនាក់ទំនង​រវាង​អាមេរិក និង​គុយបា​កំពុង​បោះជំហាន​ទៅ​មុខ។ នៅ​ថ្ងៃ​សុក្រ ទី១៦ មករា​នេះ វិធានការ​នៃ​ការ​បន្ធូរបន្ថយ​ទ័ណ្ឌកម្ម​ទាក់ទង​នឹង​ការ​ដោះដូរ​ពាណិជ្ជកម្ម និង​ការ​ធ្វើ​ដំណើរ​បាន​ចូល​ជា​ធរមាន​រវាង​អាមេរិក និង​ប្រទេស​គុយបា។ នេះ​គ្រាន់​ជា​វិធានការ​មួយ​ក្នុង​ចំណោម​វិធានការ​ជា​ច្រើន​ទៀត​ដែល​បាន​ប្រកាស​ដោយ​លោក​ប្រធានាធិបតី​អាមេរិក​អូបាម៉ា​កាល​ពី​ថ្ងៃទី១៧ ធ្នូ ឆ្នំា ២០១៤ កន្លង​ទៅ។ មួយ​វិញ​ទៀត វិធានការ​នេះ​ក៏​មិន​មែន​ជា​ការ​លើក​ទ័ណ្ឌកម្ម​សេដ្ឋកិច្ច​ទំាង​ស្រុង​ចេញ​ពី​គុយបា​ដែរ ព្រោះ​ថា ដើម្បី​អាច​ធ្វើ​យ៉ាង​នេះ​បាន គេ​ត្រូវ​ការ​ឲ្យ​មាន​ការ​បោះឆ្នោត​យល់ព្រម​ពី​សភា​អាមេរិកំាង​ជា​មុន។

ផ្សាយពាណិជ្ជកម្ម

កម្មវត្ថុ​នៃ​វិធានការ​ដំបូង​ដែល​ទើប​បាន​ប្រកាស​ដោយ​រដ្ឋបាល​អាមេរិកំាង​ពេល​នេះ គឺ​ជួយ​សម្រួល​ដល់​ការ​ដោះដូរ​រវាង​ពលរដ្ឋ និង​ពលរដ្ឋ ព្រម​ទំាង​ជាមួយ​វិស័យ​ឯកជន​ដែល​ត្រូវ​បាន​បើក​ចំហ​តំាង​ពី​ក្រោយ​ការ​ចូល​កាន់​តំណែង​ប្រធានាធិបតី​គុយបា​របស់​លោក​រ៉ាអ៊ូល កាស្រ្តូ។ ទន្ទឹម​គ្នា​នេះ ក្រសួង​សេដ្ឋកិច្ច និង​សេតវិមាន​ក៏​បាន​យក​ចិត្ត​ទុក​ដាក់​ខ្លំាង​នៅ​ក្នុង​វិស័យ​ទូរគមនាគមន៍​ដោយ​ផ្តោត​សំខាន់​ផ្នែក​អ៊ីនធឺណែត និង​ព័ត៌មានវិទ្យា។ ក្នុង​ន័យ​នេះ​នំា​ឲ្យ​គេ​យល់​ភ្លាម​ថា គោលដៅ​របស់​អាមេរិក​គឺ​ចង់​បើក​ចំហ​ពី​សិទ្ធិសេរីភាព​ផ្នែក​ទំនាក់ទំនង និង​ការ​ទទួល​ព័ត៌មាន​សម្រាប់​ពលរដ្ឋ​គុយបា​ទូទៅ។ ចាប់​ពី​ពេល​នេះ​ត​ទៅ ពលរដ្ឋអាមរិកំាង​អាច​នឹង​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​គុយបា​ដើម្បី​ទិញអីវ៉ាន់ ឬ​ទេសចរណ៍ ចូលរួម​នៅ​ក្នុង​សកម្មភាព​វប្បធម៌ ទៅ​សិក្សា ទៅ​បំពេញ​បេសកកម្ម​មនុស្សធម៌ ឬ​មួយ​ទៅ​ធ្វើ​សិក្ខាសាលា​ជា​ដើម ហើយ​ការ​បំពេញ​បែបបទ​រដ្ឋបាល​ក៏​នឹង​លែង​ស្មុគស្មាញ​ដែរ។

ទាក់ទង​នឹង​ការ​ផ្ទេរ ផ្ញើ​លុយ ពលរដ្ឋ​គុយបា​ដែល​រស់​ក្នុង​ទឹកដី​អាមេរិកំាង​អាច​ផ្ញើ​លុយ​ទៅ​ឲ្យ​ក្រុម​គ្រួសារ បងប្អូន​រស់នៅ​គុយបា​រហូត​ដល់​ទៅ ៨ ០០០ដុល្លារ​ក្នុង​មួយ​ឆ្នំា ពោល​មិនមែន ២ ០០០ដុល្លារ​ដូច​មុន​ទេ។ មួយ​វិញ​ទៀត​នៅ​ក្នុង​ប្រទេស​គុយបា អ្នកទេសចរណ៍​អាមេរិកំាង​អាច​ប្រើ Credit card ដើម្បី​ដក​លុយ ឬ​ក៏​នៅ​ក្នុង​ចំណាយ​ផ្សេងៗ។ យ៉ាង​ណា​ក៏​ដោយ វិធានការ​ទំាង​នេះ​គ្រាន់​តែ​ជា​ចំណែក​តូច​មួយ​នៅ​ក្នុង​ទំនាក់ទំនង​រវាង​អាមេរិក និង​គុយបា​ប៉ុណ្ណោះ ព្រោះ​ថា ទ័ណ្ឌកម្ម​សេដ្ឋកិច្ច​ដែល​អាមេរិក​បាន​ដាក់​លើ​គុយបា​តំាង​ពី​ជាង ៥០ឆ្នំា​កន្លង​ទៅ​កំពុង​បន្ត​មាន​ជា​ធរមាន​ដដែល។

គឺ​មាន​តែ​សភា​ទេ​ដែល​មាន​សិទ្ធិ​ក្នុង​ការ​ដក ឬ​មិន​ដក​ទ័ណ្ឌកម្ម​ទំាង​ស្រុង​ចេញ​ពី​គុយបា។ តែ​សម្រាប់​រដ្ឋបាល​អាមេរិកំាង ទីក្រុង​ឡាហាវ៉ាន​ពិត​ជា​បាន​បំពេញ​ពាក្យ​សន្យា​របស់​ខ្លួន​ត្រឹមត្រូវ ពោល​គឺ​បាន​ដោះលែង​អ្នកទោស​នយោបាយ​ចំនួន ៥៣នាក់​ឲ្យ​មាន​សេរីភាព​ឡើង​វិញ។ នៅ​សប្តាហ៍​ក្រោយ ទីក្រុង​ឡាហាវ៉ាន​នឹង​ទទួល​ដំណើរ​ទស្សនកិច្ច​របស់​លោក​អនុរដ្ឋមន្រ្តី​ការបរទេស​អាមេរិក Jacobson ដែល​ទៅ​គុយបា​ដើម្បី​រៀបចំ​នូវ​កម្មវិធី​មួយ​ចំនួន និង​និយាយ​ពី​ការ​បើក​ស្ថានទូត​អាមេរិក​ឡើង​វិញ។ បន្ទាប់​មក លោក​ប្រមុខ​ការទូត​អាមេរិក​ចន ឃែរី​អាច​នឹង​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​គុយបា នៅ​មុន​ដំណាច់​ឆ្នំា ២០១៥៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ