ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ហេតុអ្វី​សហរដ្ឋអាមេរិក​ចង់​ធ្វើ​បត្យាប័ន​មេក្លោង​គ្រឿងញៀន​ម៉ិចស៊ិក El Chapo?

សំឡេង ០៤:៣៣
រូប El Chapo ដែល​ចាប់​ខ្លួន​ក្នុង​ឆ្នាំ ២០១៤
រូប El Chapo ដែល​ចាប់​ខ្លួន​ក្នុង​ឆ្នាំ ២០១៤ © Reuters

ស្តេច​ជួញ​ដូរ​គ្រឿង​ញៀន​ម៉ិចស៊ិក​ត្រូវ​បាន​ចាប់​ខ្លួន​កាលពី​ដើម​ខែ​មករា​នេះ។​ El Chapo ត្រូវ​បាន​គេ​ស្គាល់​ថា​ ជា​មេក្លោង​ជួញដូរ​គ្រឿង​ញៀន​ដ៏​ធំ និង​មាន​ឥទ្ធិពល​ខ្លាំង​គេ​នៅ​ប្រទេស​ម៉ិចស៊ិក។ នេះ​ជា​លើក​ទី​បី​ហើយ​ ដែល​ El Chapo ត្រូវ​បាន​ចាប់​ខ្លួន​ បន្ទាប់​ពី​បាន​ធ្លាប់​លួច​រត់​ចេញ​ពី​ពន្ធាគារ​ចំនួន​ពីរ​លើក។​ សហរដ្ឋ​អាមេរិក​ចង់​បាន​ឧក្រិដ្ឋ​ជន​ជួញ​ដូរ​គ្រឿង​ញៀន​រូប​នេះ​មក​កាត់​ទោស​ និង​ឃុំ​ឃាំង​លើ​ទឹកដី​ខ្លួន។ បច្ចុប្បន្ន​ និតិ​វិធី​សុំ​ធ្វើ​បត្យាប័ន​កំពុង​ដំណើរ​ការ។

ផ្សាយពាណិជ្ជកម្ម

ស្តេច​ជួញ​ដូរ​គ្រឿង​ញៀន​ដ៏​ល្បីល្បាញ​នៅ​ប្រទេស​ម៉ិច​ស៊ិក​ គឺ Jaoquin Guzman ត្រូវ​បាន​កង​កម្លាំង​ទាហាន​ម៉ារ៉ីន​ម៉ិចស៊ិក​ ក្រោម​កិច្ច​សហការ​ជាមួយ​មន្រ្តី​ទីភ្នាក់ងារ​អាមេរិក​ប្រឆាំង​គ្រឿង​ញៀន​ (DEA) ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ពុធ​ ទី​៦ ខែ​មករា​ កន្លងទៅ​នេះ​ នៅ​ក្នុង​សណ្ឋាគារ​មួយ​ក្បែរ​ក្រុង​ Los Mochis ក្នុង​រដ្ឋ​ Sinaloa ភាគ​ពាយ័ព្យ​ប្រទេស​ម៉ិចស៊ិក។​ មាន​រហស្សនាម​ហៅ​ថា​ «El Chapo» ឬ​ប្រែ​ជា​ភាសាខ្មែរ​ថា​ «បុរស​កំពស់​ទាប​មាឌ​ក្រាស់» ដោយ​សារ​តែ​ខ្លួន​មាន​កំពស់​តែ​ ១,៦៥ ម៉ែត្រ ​ឧក្រិដ្ឋ​ជន​រូប​នេះ​ជា​សត្រូវ​សាធារណៈ​ទីមួយ​របស់​រដ្ឋាភិបាល​ម៉ិចស៊ិក​ផង​ និងសហរដ្ឋ​អាមេរិក​ផង។

ភ្លាមៗ​ក្រោយ​ការ​ចាប់​ខ្លួន​ មន្រ្តី​ប៉ូលីស​អន្តរជាតិ​ Interpol ម៉ិចស៊ិក​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ពន្ធនាគារ​ ដើម្បី​អនុវត្ត​នីតិ​វិធី​ផ្លូវការ​ ដោយ​បង្ហាញ​ដីកា​ចាប់​ខ្លួន​អន្តរជាតិ​ចំនួន​ពីរ​ ជាពិសេស​ គឺ​សហរដ្ឋ​អាមេរិក​ដែល​តាម​រក​​មុខ​ឧក្រិដ្ឋជន​រូប​នេះ។ ប៉ុន្មាន​ថ្ងៃ​​ក្រោយមក​ ក្រសួង​យុត្តិធម៌​ម៉ិចស៊ិក​បាន​ប្រកាស​ពី​លទ្ធភាព​បើក​ផ្លូវ​អោយ​មាន​ការ​ធ្វើ​បត្យាប័ន​បញ្ជូន​ខ្លួន​ស្តេច​គ្រឿង​ញៀន​រូប​នេះ​ទៅ​កាត់​ទោស​នៅ​លើ​ទឹកដី​អាមេរិក។​ នេះ​ជា​លើក​ទី​មួយ​ហើយ​ ដែល​រដ្ឋាភិបាល​ម៉ិចស៊ិក​របស់​លោក​ប្រធានាធិបតី​ Enrique Pena Nieto សំរេច​ចិត្ត​ធ្វើ​បត្យាប័ន​បែប​នេះ។

សូម​រំលឹក​ជូន​ថា​ ទីភ្នាក់ងារ​អាមេរិក​ប្រឆាំង​គ្រឿង​ញៀន​ (DEA) ធ្លាប់បាន​ស្នើ​សុំ​ធ្វើ​បត្យាប័ន​ស្តេច​ជួញដូរ​គ្រឿង​ញៀន​ម៉ិចស៊ិក​រូប​នេះ បន្ទាប់​ពី​បាន​ចាប់​ខ្លួន​លើក​ដំបូង​កាលពី​ខែ​កុម្ភៈ​ ឆ្នាំ​២០១៤។ ប៉ុន្តែ សម័យកាល​នោះ រដ្ឋាភិបាល​ប្រទេស​ម៉ិចស៊ិក​បាន​បដិសេធ ហើយ​ចង់​កាត់​ទោស​ឧក្រិដ្ឋជន​រូបនេះ​នៅ​លើ​ទឹកដី​របស់​ខ្លួន។ សហរដ្ឋ​អាមេរិកក៍​បាន​ដាក់​សំណើ​ជា​ផ្លូវ​ការ​ម្តង​ទៀត​កាលពី​ថ្ងៃ​ទី ២៥ ខែ​មិថុនា​ ឆ្នាំ​២០១៥ កន្លង​ទៅ​នេះ។ ពោលគឺ តែ​ពីរ​សប្តាហ៍​ប៉ុណ្ណោះ​ មុន​ពេល​ដែល​ស្តេច​ជួញដូរ​គ្រឿង​ញៀន​រូប​នេះ​បាន​រត់​គេច​ខ្លួន​ចេញ​ពី​ពន្ធនាគារ​ជា​លើក​ទីពីរ។
 
តើ​ El Chapo​ ជា​នរណា?
ដោយសារ​គ្មាន​ជម្រើស​ក្នុង​ជីវិត​ ជាពិសេស​ភាព​ក្រីក្រ​ El Chapo បាន​ចាប់​ផ្តើម​មុខ​របរ​ដាំកញ្ឆា​ពេល​មាន​អាយុ​ ១៥ ឆ្នាំ។​ ផ្តើម​ចេញ​ពី​កសិករ​សាមញ្ញ​ បុរស​រូប​នេះ​បាន​ក្លាយ​ជា​មេក្លោង​បណ្តាញ​ជួញដូរ​គ្រឿង​ញៀន​ប្រចាំ​រដ្ឋ​ Sinaloa ក្នុង​ប្រទេស​ម៉ិចស៊ិក​ និង​មាន​អំណាច​ខ្លាំងក្លា​ជាង​គេ​ ក្នុង​ចំណោម​ក្រុម​ឧក្រិដ្ឋ​ជួញដូរ​គ្រឿង​ញៀន​ទាំង​ ៧​ ក្នុង​ប្រទេស។ សព្វថ្ងៃ​នេះ​មាន​អាយុ​ ៥៩ ឆ្នាំ​ El Chapo បាន​គ្រប់គ្រង​ការ​នាំ​ចេញ​គ្រឿង​ញៀនចំនួន​ ៧៥% ​ពី​ម៉ិចស៊ិក​ទៅ​កាន់​សហរដ្ឋ​អាមេរិក ក្នុង​នោះ​មាន​ដូច​ជា​ ម្សៅ​កូកាអ៊ីន​ កញ្ឆា​ និង​ថ្នាំ​អំហ្វេតាមីន។

ជារៀងរាល់​ឆ្នាំ​ បណ្តាញ​ក្រុម​ Sinaloa បាន​ដឹក​ជញ្ជូន​សារជាតិ​គ្រឿង​ញៀន​រាប់​សិប​តោន ក្នុង​រង្វង់​ទឹក​ប្រាក់​រាប់រយ​លាន​ដុល្លារ​ ​ទៅ​កាន់​សហរដ្ឋ​អាមេរិក។​ El Chapo មាន​ឈ្មោះ​ល្បី​ដោយសារដឹក​ជញ្ជូន​គ្រឿងញៀន​ តាមរយៈ​​ជំនាញ​ជីក​ផ្លូវ​ក្រោមដី​ក្នុង​លក្ខណៈ​គ្រប់​ទ្រង់​ទ្រាយ​ ពី​ប្រទេស​ម៉ិចស៊ិក​ឆ្ពោះ​ទៅ​កាន់​សហរដ្ឋ​អាមេរិក។ ជំនួយ​គ្រឿង​ញៀន​នេះ​ធ្វើ​អោយ​ Jaoquin « El Chapo » Guzman ក្លាយ​ខ្លួន​ជា​មហា​សេដ្ឋី។​ ហើយ​កាលពី​ឆ្នាំ​ ២០០៩ ទស្សនាវដ្តី​ Forbes អាមេរិក​បាន​ចាត់​ចូល​ក្នុង​បញ្ជី​អ្នក​​មាន​ទ្រព្យសម្បត្តិ​ស្តុកស្តម​​ម្នាក់​នៅ​លើ​ពិភពលោក​ ។ គេ​ប៉ាន់​ស្មាន​ថា​ El Chapo មាន​ទ្រព្យ​សម្បត្តិ​ក្នុង​រង្វង់​ទឹក​ប្រាក់​ប្រមាណ​ ១ ពាន់​លាន​ដុល្លារ។
 
ហេតុអ្វី​សហរដ្ឋ​អាមេរិក​ចង់​បាន​ El Chapo?
សហរដ្ឋ​អាមរិកត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​ទីផ្សារ​ដែល​មាន​អ្នក​ប្រើប្រាស់​ម្សៅ​កូកាអ៊ីន​ច្រើន​ជាង​គេ​បំផុត​នៅ​លើ​ពិភពលោក។ គ្រឿង​ញៀន​មិន​ត្រឹម​តែ​ធ្វើ​អោយ​ពលរដ្ឋ​អាមេរិក​រាប់​លាន​នាក់​ក្លាយ​ជា​ជន​រង​គ្រោះ​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​វា​ថែម​ទាំង​បង្ក​អោយ​មាន​ឧក្រិដ្ឋ​កម្ម​ និង​អំពើរមនុស្ស​ឃាត​ជា​ច្រើន​រាប់​មិន​អស់​ក្នុង​សង្គម​អាមេរិក។ ដូចនេះ​ El Chapo គឺ​ជា​សត្រូវ​ទីមួយ​របស់​ទីភ្នាក់ងារ​អាមេរិក​ប្រឆាំង​គ្រឿង​ញៀន (DEA)។

មាន​រដ្ឋ​ជាច្រើន​នៅ​សហរដ្ឋ​អាមេរិក​បាន​ចេញ​ដីការ​​តាម​ចាប់​ខ្លួន​ El Chapo ក្នុង​នោះ​មាន​រដ្ឋ​ Arizona California Texas Illinois New York និង​ Florida។លោក​ John Kirby អ្នក​នាំពាក្យ​ក្រសួង​ការ​បរទេស​អាមេរិក​បាន​ថ្លែង​ថា សហរដ្ឋ​អាមេរិក​ចង់​បាន​ El Chapo អោយ​បាន​ឆាប់ៗ​ ព្រោះ​ខ្លាច​ជន​នេះ​​រត់​គេច​ខ្លួន​ជា​ថ្មី​ម្តង​ទៀត។ ជាពិសេស​ គេ​បារម្ភ​ខ្លាច​ El Chapo ផ្តល់​សំណូក​​ ឬ​គំរាម​កំហែង​ចៅក្រម​ ឬ​មន្រ្តី​ពន្ធាគារ​ ដើម្បី​អាចហែក​គុក​។ គេ​ក៏​ខ្លាច​ El Chapo ត្រូវ​គេ​សំលាប់​នៅ​ក្នុង​ពន្ធនាគារ​ មុន​ការ​ធ្វើ​បត្យាប័ន​ទៅ​កាន់​សហរដ្ឋ​អាមេរិក​ ​ព្រោះ​អាជ្ញាធរ​ម៉ិចស៊ិក​ខ្លាច​ El Chapo លាត​ត្រដាង​អំពើ​ពុករលួយ​ ក្នុង​ចំណោម​មន្រ្តី​រដ្ឋាភិបាល​ម៉ិចស៊ិក​ ដែល​ធ្លាប់សំរួល​ការ​ដឹក​ជញ្ជូន​គ្រឿង​ញៀន​ទៅ​កាន់​អាមេរិក។

សូម​ជំរាប​ថា​ នេះ​ជា​លើក​ទី​បី​ហើយ​ ដែល​ El Chapo ​ត្រូវ​បាន​ចាប់​ខ្លួន​ជា​ថ្មី​ម្តង​ទៀត​ ក្រោយ​ពី​បាន​លួច​រត់​ចេញ​ពី​ពន្ធនាគារ​ចំនួន​ពីរ​ដង។​ ការ​ចាប់​ខ្លួន​លើក​ទីមួយ​ គឺ​កាលពីឆ្នាំ​ ១៩៩៣​ នៅ​ប្រទេស​ ក្វាតេម៉ាឡា ហើយ​បញ្ជូន​ខ្លួន​មក​ប្រទេស​ម៉ិចស៊ិក​ ប៉ុន្តែ​ El Chapo ​បាន​រត់​គេច​ខ្លួន​ចេញ​ពី​ពន្ធនាគារ​ ដោយ​បាន​សំងំ​លាក់​ខ្លួន​ក្នុង​ធុងដាក់​ខោអាវ​កខ្វក់។ ឧក្រិដ្ឋជន​រូប​នេះ​ត្រូវ​បាន​ចាប់​ខ្លួន​ជា​លើក​ទីពីរ​ កាលពី​ខែ​កុម្ភៈ​ ឆ្នាំ​២០១៤ បន្ទាប់​ពី​បាន​រត់​គេច​ខ្លួន​អស់​រយៈពេល​ ១៣ ឆ្នាំ។​ ជា​ថ្មី​ម្តង​ទៀត​ ក្រោយ​ពី​បាន​ជា​​ប់​ឃុំខ្លួន​អស់​រយៈពេល​ ១៧ ខែ​ El Chapo បាន​លួច​រត់​គេច​ខ្លួន​ជា​លើក​ទីបី​កាល​ពី​ខែ​កក្កដា ​ឆ្នាំ​២០១៥។

កាល​នោះ​ El Chapo ​ត្រូវ​បាន​បញ្ជូន​ខ្លួន​ទៅ​ពន្ធនាគារ​ Altiplano ​។ មន្ទីរ​ឃុំឃាំង​នេះ​ស្ថិត​នៅ​ចំងាយ​ប្រមាណ​ ៩០ គីឡូម៉ែត្រ​ ពីរដ្ឋធានី​ម៉ិចស៊ិចកូ​ មាន​ជញ្ជាំង​បេតុង​កម្រាស់​មួយ​ម៉ែត្រ​ និង​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ ជា​ពន្ធាគារ​មាន​សន្តិសុខ​តឹង​រឹង​បំផុត។ រឿងរ៉ាវ​របស់​ El Chapo ដែល​បាន​សម្រេច​ជោគជ័យ​លួច​ចេញ​ពី​ពន្ធនាគារ​នេះ​មិន​ខុស​ពី​ក្នុង​ខ្សែភាពយន្ត​ហូលីវូដ​អាមេរិក​ឡើយ។ ពោលគឺ គ្នីគ្នា​របស់​ El Chapo បាន​ជីក​ផ្លូវ​ក្រោម​ដី​ចំងាយ​ ១៥០០ ម៉ែត្រ​ត​ភ្ជាប់​ពី​ការដ្ឋាន​សំណង់​មួយ​ទៅ​កាន់​បន្ទប់​ស្នាក់​នៅ​របស់​ El Chapo នៅ​ក្នុង​ពន្ធាគារ​តែម្តង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI