ទស្សនៈព្រឹត្តិការណ៍ពិភពលោក

សហរដ្ឋ​អាមេរិក​គ្រោង​សាងសង់​នាវា​បំបែក​ទឹកកក ​ដើម្បី​ប្រជែង​ជាមួយ​រុស្សី

សំឡេង ០៣:៤៧
លោក​ប្រធានាធិបតី​អាមេរិក អូបាម៉ា
លោក​ប្រធានាធិបតី​អាមេរិក អូបាម៉ា Reuters/路透社
២៦ នាទី

 កាល​ពី​សប្តាហ៍​មុន​ ក្នុង​អំឡុង​ទស្សនកិច្ច​រយៈពេល​បីថ្ងៃ​ នៅ​រដ្ឋ​អាឡាស្កា​ ​លោក​ប្រធានាធិបតី​ បារ៉ាក់ អូបាម៉ា​ បានអំពាវនាវ​អោយ​សភាអាមេរិក​ពន្លឿន​ការ​អនុម័ត​ គំរោង​សាងសង់​នាវា​បំបែក​ទឹកកក។ ​សហរដ្ឋ​អាមេរិក​មាន​​គំរោង​សាងសង់​នាវា​បំបែក​ទឹកកក​ ជាពិសេស​នាវា​ខ្នាត​ធំ​អោយ​បាន​ច្រើន​គ្រឿង​ ដើម្បី​ត្រៀម​ខ្លួន​ប្រជែង​គ្រប់​គ្រង​អធិបតេយ្យ​ភាព​ដែនដី​ នៅ​តំបន់​ទឹកកក​អាកទិក។ ​អ្នក​ជំនាញ​ផែ្នក​យោធា​យល់​ឃើញ​ថា​ សហរដ្ឋ​អាមេរិក​កំពុង​មាន​ភាព​យឺតយ៉ាវ​ ក្នុង​ការ​ប្រជែង​ជាមួយ​ប្រទេស​រុស្សី​ក្នុង​ការ​ត្រួតត្រា​តំបន់​នេះ។ 

ផ្សាយពាណិជ្ជកម្ម

 

ក្នុង​រយៈ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ ការ​ឡើង​កំដៅ​អាកាសធាតុ​ភពផែន​ដី ​បាន​ក្លាយ​ជា​ប្រធាន​បទ​មួយ​ដ៏​សំខាន់​ និង​ពេញ​និយមបំផុត​ នៅ​លើឆាក​អន្តរជាតិ។​ ជា​ការ​ពិត​ណាស់​ ការ​ប្រែប្រួល​​​អាកាសធាតុ​នេះ​បង្ហាញ​អោយ​ឃើញ​ ពី​ការ​គំរាម​កំហែង​ដល់​មនុស្ស​ជាតិ​ទាំង​មូល​នៅ​លើ​ផែនដី​នេះ។​ ជាក់​ស្តែង​ ការ​រលាយ​ទឹកកក​ក្នុង​ល្បឿន​លឿន​គួរ​អោយ​កត់​សំគាល់​នៅ​ទ្វីប​អាកទិក​ ​កំពុង​ក្លាយ​ជា​ចំណោទ​បញ្ហា​ថ្មី​មួយ​ ក្នុងបញ្ហា​ភូមិសាស្រ្ត​នយោបាយ។​​ ប្រទេស​​មួយ​ចំនួន​កំពុង​សំឡឹង​មើល​ផល​ប្រយោធន៍​ ដោយ​ខិតខំទាមទារ​ចំណែក​អធិបតេយ្យ​ភាព ​ នៅ​តាម​តំបន់​ខ្លះ​​ក្នុង​​ទ្វីប​អាកទិក​នេះ។

បណ្តា​ប្រទេស​ជុំវិញ​ទ្វីប​ទឹកកក​អាកទិក​នេះ​មាន​ដូច​ជា​៖​ កាណាដា ដាណឺម៉ាក​ ហ្វាំង​ឡង់​ អ៊ីស្លង់​ ន័រវែស​ រុស្សី​ ស៊ុយអែដ​ និង​សហរដ្ឋអាមេរិក។​ បើយោង​តាម​ការ​សិក្សា​របស់​វិទ្យាស្ថាន​ភូគព្ភសាស្រ្ត​អាមេរិក តំបន់​ទឹកកក​អាកទិក​នេះ​ត្រូវ​បាន​គេ​ជឿថា​ មាន​ផ្ទុក​ធនធាន​ប្រេងកាត​ក្រោម​បាតសមុទ្រ​ប្រមាណ​ ១៣% និង​ឧស្ម័ន​ហ្គាស​ចំនួន​ ៣០%​ នៃ​ធនធានសរុប​របស់​ពិភពលោក។ យោង​តាម​សារព័ត៌មាន​ The New York Times បាន​អោយ​ដឹង​ថា​ ពី​ពេល​នេះ​រហូត​ដល់​ឆ្នាំ​ ២០៣០​ ​ទឹកកក​នឹង​ឆាប់​រលាយ​កាន់​តែលឿន​​នៅ​តំបន់​ប៉ូល​ខាង​ជើង។​ ការណ៍​នេះនឹង​អំណោយ​ផល​ សំរួល​ដល់​ការ​បើក​ផ្លូវនាវាចរណ៍​នៅ​តំបន់​នោះ។

ផ្លូវ​ទឹក​ថ្មី​នេះ​ក៏​អាច​ភ្ជាប់​ទ្វីប​អាស៊ី​ និង​អឺរ៉ុប​ផង​ដែរ។​ ​ប្រទេស​​កូរ៉េខាង​ជើង​ និង​ចិន ​ជាដើម​ សង្ឃឹម​​ថា​នឹង​អាច​ប្រើប្រាស់​ផ្លូវ​ទឹក​ថ្មី​នេះ​ ដើម្បី​ចំណេញ​ពេល​វេលា​ ក្នុង​ការ​ដឹក​ទំនិញ​របស់​ខ្លួន​ទៅ​កាន់​ទ្វីប​អឺរ៉ុប​ ដោយ​លែង​ចាំបាច់​ពឹង​អាស្រ័យ​ផ្លូវ​ទឹក​សមុទ្រ​កាត់​តាម​ប្រទេស​រុស្សី។​ ដោយ​យល់​ឃើញ​ពី​សារៈ​ប្រយោជន៍​នៃ​តំបន់​នេះ​ សហរដ្ឋ​អាមេរិក​កំពុង​ព្យាយាម​រៀបចំ​ខ្លួន​ប្រជែង​ទាមទារ​ចំណែក​ទឹកដី​នៅ​ទ្វីប​ទឹកកក​អាកទិក។ កាលពី​ថ្ងៃ​អង្គារ​ ទី១ ខែកញ្ញា​ កន្លង​ទៅ ក្នុង​ដំណើរ​ទស្សនកិច្ច​នៅ​រដ្ឋ​អាឡាស្កា​ លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ បារ៉ាក់​ អូបាម៉ា​ បាន​ស្នើសុំ​សភាអាមេរិក​ អោយពន្លឿន​ការ​អនុម័ត​គំរោង​សាងសង់​នាវា​បំបែក​ទឹកក។​ នាវា​ថ្មី​ទាំង​នោះ​ត្រូវ​គេ​រំពឹង​ថា​ មាន​សមត្ថភាព​អាច​ធ្វើ​កិច្ច​ប្រតិបត្តិការ​ពេញ​មួយ​ឆ្នាំ​ នៅ​តាម​តំបន់​អាកទិក​ និង​ប៉ូល​ខាង​ជើង។

លោក​ អូបាម៉ា ​បាន​លើក​អំណះអំណាង​ថា​ សហរដ្ឋ​អាមេរិក​ត្រូវ​បង្កើន​ល្បឿន​ផលិត​នាវា​ប្រភេទ​នេះ​អោយ​បាន​ឆាប់​ ពោលគឺ ជំនួស​នាវា​បំបែក​ទឹកកក​បច្ចុប្បន្ន។ សូម​បញ្ជាក់​ថា​ សព្វថ្ងៃ​នេះ​ សហរដ្ឋ​អាមេរិក​មាន​តែ​នាវា​បំបែក​ទឹកកក​វ័យ​ចំណាស់​ចំនួន​តែ​ពីរ​គ្រឿង​ប៉ុណ្ណោះ ​ហើយ​ក្នុង​នោះ​មាន​តែ​មួយ​គ្រឿងប៉ុណ្ណោះ​ ដែល​ជា​ប្រភេទ​នាវា​ខ្នាត​ធំ។ ​បើ​តាម​គំរោង​ សហរដ្ឋ​អាមេរិក​ចង់​បាន​នាវា​ថ្មី​នេះ​យ៉ាង​ហោច​ណាស់​ក៏​មួយ​គ្រឿង​ដែរ​ ក្នុង​រយៈ​ពេល​ពីរ​ឆ្នាំ​ទៀត​នេះ។ ហើយ​ចន្លោះ​ពី​ឆ្នាំ​ ២០២០ ដល់ ឆ្នាំ២០២២ អាមេរិក​ត្រូវ​ការ​បន្ថែម​ជា​ច្រើន​គ្រឿង​ទៀត។​ ប៉ុន្តែ គេ​នៅ​មិន​ទាន់​ដឹង​ពី​ចំនួន​ពិត​ប្រាកដ​នៅ​ឡើយ​ទេ។

កន្លង​មក​ កង​ទ័ព​ឆ្មាំ​ល្បាត​សមុទ្រ​អាមេរិក​បាន​ពិចារណាពី​លទ្ធភាព​ត្រូវ​សាង​សង់​ដោយ​ខ្លួន​ ឬ​ត្រូវ​ទិញ​ពី​បរទេស។​ ក្នុង​នោះ​ អាមេរិក​កំពុង​សំឡឹង​មើល​​ក្រុមហ៊ុន​កាណាដាផង និង​ហ្វាំង​ឡង់​ផង​ ដែល​មាន​ជំនាញ​ខាង​សាងសង់​នាវា​បំបែក​ទឹកកក។ សេចក្តី​ប្រកាស​របស់​លោក​ អូបាម៉ា​ នេះ​ គឺ​ព្យាយាម​បញ្ចុះបញ្ចូល​សភា​តំណាង​រាស្រ្ត​ និង​ព្រឹទ្ធសភា អោយ​អនុម័ត​ថវិកា​លើ​គំរោង​នេះ។​ សូម​បញ្ជាក់​ថា​ នាវា​បំបែក​ទឹកកក​ខ្នាត​ធំមួយ​គ្រឿង​មាន​តំលៃ​រហូត​ដល់​ ១​ពាន់​លាន​ដុល្លារ។​ កងទ័ព​ឆ្មាំ​សមុទ្រអាមេរិក​ធ្លាប់​បញ្ជាក់​ថា​ ពួក​គេ​ត្រូវ​ការ​នាវា​បំបែក​ទឹកកក​ខ្នាត​ធំ​ចំនួន​ ៣ គ្រឿង​ និង​ខ្នាត​មធ្យម​ចំនួន ៣ គ្រឿង​ ដើម្បី​បំពេញ​បេសកកម្ម​ល្បាត​ធម្មតា​ប៉ុណ្ណោះ។

ថ្មីៗនេះ​ លោក​ឧត្តម​នាវី​ Paul F.Zukunft អគ្គ​មេបញ្ជា​ការ​ទ័ព​ឆ្នាំសមុទ្រ​អាមេរិក​ បាន​ប្រកាស​ក្នុង​សន្និសីទ​មួយ​ថា​ សហរដ្ឋ​អាមេរិក​កំពុង​ដើរ​យឺត​ខ្លាំង​ក្នុង​ការដណ្តើម​អធិបតេយ្យភាព​ក្នុង​តំបន់​ទឹកកក​អាកទិក។ បើ​យើង​ពិនិត្យ​មើល​លើផ្នែក​យុទ្ធសាស្រ្ត​​ ប្រទេស​រុស្សី​ហាក់​ត្រៀម​ខ្លួន​បាន​ល្អ​ជាង​សហរដ្ឋ​អាមេរិក។​ គិត​មកដល់​ពេល​នេះ​ ប្រទេស​រុស្សី​មាន​នាវា​បំបែក​ទឹកកក​សរុប​ចំនួន​ ៤១ គ្រឿង​ ហើយ​គ្រោង​សាង​សង់​បន្ថែម​ចំនួន​ ១១ គ្រឿង​ទៀត។​ លើស​ពី​នេះ​ រុស្សី​បាន​បង្កើត​កងពល​ថ្មី​ចំនួន​ ៦ ក្នុង​នោះ​ កង​ពល​ចំនួន​ ៤​ នឹង​ត្រូវ​ដាក់​ពង្រាយ​យាមល្បាត​តំបន់​អាកទិក៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI