អានតួអត្ថបទ
អាមេរិក-ចិន-កូរ៉េខាងជើង

អាមេរិក​កំពុង​សិក្សា​ពី​លទ្ធភាព​ដាក់​កូរ៉េខាងជើង​ទៅ​ក្នុង​បញ្ជីប្រទេស​គំាទ្រ​ភេរវនិយម​ជា​ថ្មី

ប្រធានាធិបតី​អាមេរិក លោក​បារ៉ាក់ អូបាម៉ា
ប្រធានាធិបតី​អាមេរិក លោក​បារ៉ាក់ អូបាម៉ា REUTERS
១៤ នាទី

នៅ​សហរដ្ឋអាមេរិក លោក​ប្រធានាធិបតី​អូបាម៉ា​បាន​ផ្តល់​កិច្ចសន្ទនា​ឲ្យ​ទូរទស្សន៍ CNN កាល​ពី​ថ្ងៃ​សុក្រ ទី១៩ធ្នូ តែ CNN ទើប​បាន​ចាក់​ផ្សាយ​នៅ​ថ្ងៃ​អាទិត្យ ទី២១ ធ្នូ​ម្សិលមិញ។ នៅ​ក្នុង​កិច្ចសន្ទនា​នោះ លោក​អូបាម៉ា​បាន​បញ្ជាក់​ពី​ការ​ដែល​រដ្ឋបាល​អាមេរិកំាង​បាន​សុំ​ឲ្យ​ចិន​ជួយ​សហការណ៍​ក្នុង​ការ​ទប់​ស្កាត់​ចោរអ៊ីនធ័រណេត​របស់​កូរ៉េខាងជើង។ ទន្ទឹម​គ្នា​នេះ លោក​អូបាម៉ា​ក៏​បាន​បញ្ជាក់​ថា អាមេរិក​កំពុង​សិក្សា​ពី​លទ្ធភាព​ដើម្បី​ដាក់​កូរ៉េខាងជើង​ទៅ​ក្នុង​បញ្ជី​ប្រទេស​គំាទ្រ​ភេរវនិយម​ជា​ថ្មី​ដែរ។

ផ្សាយពាណិជ្ជកម្ម

បន្ទាប់​ពី​បាន​ចង្អុល​មុខ​របបក្រុង​ព្យុងយ៉ាង​ថា ជា​ចោរអ៊ីនធ័រណេត​ចូល​លួច​ទិន្នន័យ​របស់​ក្រុមហ៊ុន​ហូលីវូដ សូនី​មក លោក​អូបាម៉ា​ហាក់​ដូច​ជា​បន្ទន់​សម្លេង​បន្តិច​វិញ​ដោយ​បាន​ចាត់​ទុក​ទង្វើ​របស់​កូរ៉េខាងជើង​ថា មិនមែន​ជា​ទង្វើ​សង្រ្គាម​ទេ តែ​ជា​ទង្វើ​បំផ្លិចបំផ្លាញ​មួយ​ដែល​មាន​តម្លៃថ្លៃ និង​ដែល​អាមេរិក​ត្រូវ​ឆ្លើយ​តប​ឲ្យ​សក្តិសម​នឹង​ទង្វើ​បំផ្លិចបំផ្លាញ​នេះ។ តែ​ដោយ​មិន​បាន​និយាយ​ភ្ជាប់​នឹង​រឿង​ចោរអ៊ីនធ័រណេត​របស់​កូរ៉េខាងជើង លោក​អូបាម៉ា​បាន​បញ្ជាក់​ថា អាមេរិក​កំពុង​ផ្តើម​សិក្សា​ពី​លទ្ធភាព​ក្នុង​ការ​ដាក់​កូរ៉េខាងជើង​ទៅ​ក្នុង​បញ្ចី​ប្រទេស​ដែល​គំាទ្រ​ភេរវនិយម​ជា​ថ្មី។ គួរ​រម្លឹក​ជូន​ថា គឺ​ទើប​តែ​នៅ​ឆ្នំា ២០០៨ ទេ​ដែល​រដ្ឋបាល​អាមេរិកំាង​បាន​សម្រេច​ដក​កូរ៉េខាងជើង​ចេញ​ពី​បញ្ជី​ប្រទេស​គំាទ្រ​ភេរវនិយម មូលហេតុ​នៃ​ការ​ចេញ​កាលណោះ ដោយសារ​តែ​របប​ក្រុង​ព្យុងយ៉ាង​បាន​សន្យា​ឲ្យ​ក្រុមអធិការ​អន្តរជាតិ​អាច​ចូល​ទៅ​ពិនិត្យ​ទីតំាង​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​របស់​ខ្លួន។

តែ​លោក​អូបាម៉ា​បាន​រម្លឹក​ប្រាប់​ថា ការ​ដែល​អាមេរិក​បាន​ត្រៀម​បញ្ចូល​កូរ៉េខាងជើង​ទៅ​ក្នុង​បញ្ជី​ប្រទេស​គំាទ្រ​ភេរវនិយម​ជា​ថ្មី​ពេល​នេះ មិនមែន​ដោយសារ​តែ​កូរ៉េខាងជើង​ជា​ចោរអ៊ីធ័រណេត​ចូលលួច​ទិន្នន័យ​របស់​ក្រុមហ៊ុន​ហូលីវូដ សូនី​ថ្មីៗ​នេះ​ទេ។ ដោយឡែក លោក​អូបាម៉ា​ក៏​បាន​បញ្ជាក់​ពី​ការ​ដែល​អាមេរិក​ទើប​បាន​សុំ​ឲ្យ​ចិន​ជួយ​ទប់ស្កាត់​ទង្វើ​របស់​កូរ៉េខាងជើង ដោយ​ស្នើ​ឲ្យ​ទីក្រុង​ប៉េកំាង​បណ្តេញ​ចោរអ៊ីនធ័រណេត​ជនជាតិ​កូរ៉េខាងជើង​ដែល​កំពុង​រស់នៅ​ក្នុង​ទឹកដី​ចិន។ តែ​មក​ដល់​ពេល​នេះ រដ្ឋាភិបាល​ចិន​នៅ​មិន​បាន​ផ្តល់​ចម្លើយ​យ៉ាង​ម៉េច​ទេ តែ​បើ​យោង​តាម​ប្រភព​អាមេរិកំាង ចិន​ប្រហែល​ជា​មិន​ជំទាស់​នឹង​យុទ្ធនាការ​នៅ​ក្នុង​ផ្នែក​សន្តិសុខប្រព័ន្ធ​ព័ត៌មានវិទ្យា​នេះ​ទេ។

តែ​អ្វី​ដែល​ចិន​ហាក់​ដូច​ជា​ទើសទាល់​បន្តិច​នោះ​នៅ​ត្រង់​ថា តើ​ខ្លួន​ត្រូវ​ជ្រើសរើស​យ៉ាង​ដូច​ម្តេច​រវាង​រួម​សហការណ៍​ជាមួយ​អាមេរិក និង​ធ្វើ​ឲ្យ​សម្ព័ន្ធមិត្ត​កូរ៉េខាងជើង​ក្តៅក្រហាយ​នោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ