អាមេរិក-អ៊ីស្រាអែល

លោកអូបាម៉ា​សាទរ​លោក​នេតាន់យ៉ាហ៊ូ តែ​ព្រមាន​សើរើ​ជំហរការទូតអាមេរិក​ចំពោះ​អ៊ីស្រាអែល​នៅ អ.ស.ប.

លោកអូបាម៉ា​សាទរ​លោក​នេតាន់យ៉ាហ៊ូ តែ​ព្រមាន​សើរើ​ជំហរការទូតអាមេរិក​ចំពោះ​អ៊ីស្រាអែល​នៅ អ.ស.ប.
លោកអូបាម៉ា​សាទរ​លោក​នេតាន់យ៉ាហ៊ូ តែ​ព្រមាន​សើរើ​ជំហរការទូតអាមេរិក​ចំពោះ​អ៊ីស្រាអែល​នៅ អ.ស.ប. REUTERS/Kevin Lamarque

នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី១៩ មីនា លោក​ប្រធានាធិបតី​អាមេរិក​បារ៉ាក់ អូបាម៉ា​បាន​ទូរស័ព្ទ​ទៅ​ឲ្យ​លោក​នាយករដ្ឋមន្រ្តី​ផុតអាណត្តិ​អ៊ីស្រាអែល​នេតាន់យ៉ាហ៊ូ។ នៅ​ក្នុង​កិច្ចសន្ទនា​នោះ លោក​អូបាម៉ា​បាន​សាទរ​ចំពោះ​ការ​ជាប់​ឆ្នោត​ជា​ថ្មី​របស់​លោក​នេតាន់យ៉ាហ៊ូ តែ​ក៏​បាន​ឆ្លៀត​ព្រមាន​ប្រាប់​លោក​នេតាន់យ៉ាហ៊ូ​ថា រដ្ឋបាល​អាមេរិកំាង​នឹង​ធ្វើ​ការ​សើរើ ពិនិត្យមើល​ឡើង​វិញ​នូវ​ជំហរ​ការទូត​របស់​ខ្លួន​ចំពោះ​អ៊ីស្រាអែល​នៅ​អង្គការសហប្រជាជាតិ ពិសេស​ទាក់ទង​នឹង​នយោបាយ​នៅ​តំបន់​ដើមបូព៌ា។ ប្រតិកម្ម​របស់​លោក​អូបាម៉ា​ពេល​នេះ​ជា​សក្ខីកម្ម​ថ្មី​មួយ​ទៀត​ដែល​បញ្ជាក់​ពី​ទំនាក់ទំនង​កាន់​តែ​តានតឹង​រវាង​លោក​អូបាម៉ា និង​លោក​នេតាន់យ៉ាហ៊ូ។

ផ្សាយពាណិជ្ជកម្ម

គឺ​ទើប​តែ​នៅ​ក្នុង​ជំនាន់​លោក​ប្រធានាធិបតី​អាមេរិក​អូបាម៉ា​ទេ​ដែល​ភាព​រកំារកូស និង​ការ​ខ្វែង​គំនិត​បាន​បន្ត​កើត​មាន​ជា​ហូរហែ​រវាង​លោក​អូបាម៉ា និង​លោក​នាយករដ្ឋមន្រ្តី​អ៊ីស្រាអែល​នេតាន់យ៉ាហ៊ូ។ គួរ​រម្លឹក​ជូន​ឡើង​វិញ​ថា លោក​អូបាម៉ា និង​លោក​នេតាន់យ៉ាហ៊ូ​បាន​ឡើង​កាន់​តំណែង​ក្នុង​ឆ្នំា ២០០៩ ដូច​គ្នា។ តែ​តំាង​ពី​ពេល​នោះ​មក ឥស្សរជន​ទំាង​រូប​បាន​ខ្វែង​គំនិត​គ្នា​នៅ​ក្នុង​សំណុំរឿង​សំខាន់​ពីរ គឺ​រឿង​ការ​បង្កើត​រដ្ឋប៉ាឡេស្ទីន និង​រឿង​នុយក្លេអ៊ែរ​អ៊ីរ៉ង់។

នៅ​ក្នុង​រឿង​បង្កើត​រដ្ឋប៉ាឡេស្ទីន លោក​អូបាម៉ា​បាន​បញ្ជាក់​ពី​ជំហរ​របស់​ខ្លួន​តំាង​ពី​ក្នុង​អាណត្តិទី១ ដោយ​បាន​អំពាវនាវ​ឲ្យ​អ៊ីស្រាអែល​ផ្អាក​ការ​សាងសង់​លំនៅដ្ឋាន​ក្នុង​ទឹកដី​ប៉ាឡេស្ទីន និង​ត្រូវ​ទទួល​យក​ខ្សែបន្ទាត់​ព្រំដែន​នៅ​មុន​ឆ្នាំ​១៩៦៧ មក​ធ្វើ​ជា​គោល ក្នុង​ការ​ចរចា​ជាមួយ​ប៉ាឡេស្ទីន។ តែ​លោក​នេតាន់យ៉ាហ៊ូ​បាន​បដិសេធ​យ៉ាង​ដាច់​អហង្ការ។ ចំណែក​នៅ​ក្នុង​រឿង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​វិញ លោក​អូបាម៉ា​បាន​បន្ត​កិច្ចចរចា​ជាមួយ​ភាគី​ពាក់ព័ន្ធ​ដើម្បី​ស្វែង​រក​កិច្ចព្រមព្រៀង​មួយ។ តែ​មិន​ទាន់​អី​ផង លោក​នេតាន់យ៉ាហ៊ូ​បាន​ចាត់​ទុក​កិច្ចព្រមព្រៀង​មិន​ទាន់​សម្រេច​បាន​នោះ​ថា ជា​កិច្ចព្រមព្រៀង​មាន​គ្រោះថ្នាក់​កាន់​តែ​ខ្លំាង​សម្រាប់​សន្តិសុខ​អ៊ីស្រាអែល និង​ជា​ការ​គំរាមកំហែង​សន្តិភាព​ពិភពលោក។

លោក​នេតាន់យ៉ាហ៊ូ​បន្ត​ផ្គើន​លើ​លោក​អូបាម៉ា

ថ្មីៗ​ចុង​ក្រោយ​នេះ ពោល​នៅ​ក្នុង​យុទ្ធនាការ​បោះឆ្នោត​អ៊ីស្រាអែល លោក​នេតាន់យ៉ា​បាន​ទៅ​ថ្លែង​សុន្ទរកថា​នៅ​សភា​អាមេរិក​ដោយ​បរិហារ​លើ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ដែល​ភាគី​ចរចា ៥បូក១ កំពុង​ចរចា​គ្នា​នៅ​ឡើយ។ បន្ទាប់​មក​នៅ​ថ្ងៃ​ឃោសនា​បោះឆ្នោត​ចុង​ក្រោយ លោក​នេតាន់យ៉ាហ៊ូ​ថែម​ទំាង​បាន​អះអាង​ថា បើ​លោក​ជាប់ឆ្នោត​ជា​ថ្មី និង​ដរាប​ណា​លោក​បន្ត​ធ្វើ​ជា​នាយករដ្ឋមន្រ្តី​អ៊ីស្រាអែល លោក​នឹង​មិន​ឲ្យ​មាន​ការ​បង្កើត​រដ្ឋប៉ាឡេស្ទីន​ទេ។ គឺ​ផ្តើម​ចេញ​ពី​ការ​ខ្វែង​គំនិត​គ្នា​លើ​រឿង​ទំាង​ពីរ​នេះ​ហើយ​ដែល​បាន​ធ្វើ​ឲ្យ​លោក​អូបាម៉ា និង​លោក​នេតាន់យ៉ាហ៊ូ​បន្ត​មើល​មុខ​គ្នា​មិន​ចំ​មក​ដល់​សព្វថ្ងៃ។

លោក​នេតាន់យ៉ាហ៊ូ​ចេញ​មុខ​កែតម្រូវ​ពាក្យសម្តី តែ​យឺតពេល

ប៉ុន្មាន​ម៉ោង​មុន​នឹង​លោក​អូបាម៉ា​ទូរស័ព្ទ​ទៅ​សាទរ​ការ​ជាប់ឆ្នោត​ជា​ថ្មី​របស់​លោក​នេតាន់យ៉ាហ៊ូ និង​ព្រមាន​ពី​បំណង​សើរើ​ជំហរ​ការទូត​របស់​អាមេរិក​ចំពោះ​អ៊ីស្រាអែល លោក​នេតាន់យ៉ាហ៊ូ​ខ្លួន​ឯង​ក៏​បាន​ចេញ​មុខ​កែប្រែ​ពាក្យ​សម្តី​ដែល​លោក​បាន​និយាយ​នៅ​ថ្ងៃ​ឃោសនា​បោះឆ្នោត​ចុងក្រោយ​ដែល​ថា បើ​លោក​ជាប់​ឆ្នោត​ជា​ថ្មី លោក​នឹង​មិន​ឲ្យ​មាន​ការ​បង្កើត​រដ្ឋប៉ាឡេស្ទីន​ទេ។ នៅ​ក្នុង​បទសម្ភាសន៍​ជាមួយ​ទូរទស្សន៍​អាមេរិកំាង NBC លោក​នេតាន់យ៉ាហ៊ូ​បាន​អះអាង​ថា លោក​មិនមែន​មិន​ចង់​ឲ្យ​មាន​រដ្ឋប៉ាឡេស្ទីន​នោះ​ទេ គ្រាន់​តែ​ថា កាលៈទេសៈ​នយោបាយ​សព្វថ្ងៃ​មិន​ទាន់​អនុគ្រោះ និង​នៅ​មិន​ទាន់​មាន​លក្ខខណ្ឌ​គ្រប់គ្រាន់​ដើម្បី​អាច​បង្កើត​រដ្ឋប៉ាឡេស្ទីន​បាន។

តែ​បញ្ហា​នៅ​ត្រង់​ថា អ្វី​ដែល​លោក​នេតាន់យ៉ាហ៊ូ​បាន​និយាយ​នៅ​ពេល​មុន រួច​កែតម្រូវ​ឡើង​វិញ​ពេល​នេះ​ហាក់​ដូច​ជា​យឺតពេល និង​ហាក់​ដូច​ជា​មិន​អាច​ផ្តល់​ទំនុកចិត្ត​ដល់​សេតវិមាន​បាន​ឡើយ ពិសេស​ដល់​រូប​លោក​អូបាម៉ា​តែ​ម្តង។ លោក​អូបាម៉ា​បាន​បញ្ជាក់ៗ​ច្បាស់ៗ​ថា លោក​នឹង​សើរើ ពិនិត្យមើល​ឡើង​វិញ​នូវ​ជំហរការទូត​របស់​អាមេរិក​ចំពោះ​សំណុំរឿង​អ៊ីស្រាអែល ប៉ាឡេស្ទីន។

អាមេរិក​ប្រកាស​ពី​បំណង​ប្តូរ​ជំហរការទូត​ចំពោះ​អ៊ីស្រាអែល

រហូត​មក​ដល់​ពេល​នេះ អាមេរិក​ក្នុង​នាម​ជា​សមាជិក​អចិន្រ្តៃយ៍ និង​មិន​អចិន្រ្តែយ៍​នៃ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​តែងតែ​បាន​ចេញ​មុខ​ការពារ​អ៊ីស្រាអែល​គ្រប់​ពេល​ទំាង​អស់​នៅ​ក្នុង​សំណុំរឿង​ជាមួយ​ប៉ាឡេស្ទីន។ ទន្ទឹម​គ្នា​នោះ អាមេរិក​ក៏​បាន​ដើរ​បញ្ចុះបញ្ចូល​ប្រទេស​តូតតាច​ផ្សេង​ទៀត​ឲ្យ​នៅ​ខាង​ខ្លួន​ដើម្បី​ជួយ​គំាទ្រ​អ៊ីស្រាអែល​ដែរ។ អាមេរិក​នៅ​តែ​បន្ត​ចាត់​ទុក​បង្កើត​រដ្ឋប៉ាឡេស្ទីន​មួយ​ឯករាជ្យ​រស់ក្បែរ​អ៊ីស្រាអែល ជា​នយោបាយ​ការទូត​អាទិភាព​របស់​អាមេរិក​តំាង​ពី​ឆ្នំា ២០០២ មក​ម្ល៉េះ ពោល​តំាង​ពី​ជំនាន់​លោក​ប្រធានាធិបតី George W.Bush។ ទីក្រុង​វ៉ាស៊ីតោន​ចង់​ឲ្យ​អ៊ីស្រាអែល​ចរចា​ស្វែង​រក​សន្តិភាព​ជាមួយ​ប៉ាឡេស្ទីន​ជា​មុន​សិន មុន​នឹង​និយាយ​ពី​ការ​បង្កើត​រដ្ឋប៉ាឡេស្ទីន។

ដូច្នេះ​ក៏​ថ្លែង​របស់​លោក​នេតាន់យ៉ាហ៊ូ​ពេល​នេះ​ជា​ការ​ប្រឆំាង​ចេញ​មុខ​នឹង​នយោបាយ​ការទូត​អាមេរិកំាង​ក្នុង​សំណុំរឿង​ដើមបូព៌ា។ នេះ​ជា​ទង្វើ​មួយ​ដែល​លោក​អូបាម៉ា​មិន​អាច​ទទួល​យក​បាន​ទេ និង​បាន​បង្ខំ​ឲ្យ​លោក​សើរើ​ឡើង​វិញ​នូវ​ជំហរការទូត​ចំពោះ​អ៊ីស្រាអែល។ ដូច្នេះ​នៅ​ចំពោះ​មុខ លោក​អូបាម៉ា​អាច​នឹង​បញ្ឈប់​ប្រើ​ឥទ្ធិពល​របស់​អាមេរិក​នៅ​ផ្ទៃក្នុង​ក្រុមប្រឹក្សាសន្តិសុខ​ដើម្បី​ជួយ​អ៊ីស្រាអែល​ដូច​ដែល​អាមេរិក​ធ្លាប់​បាន​ធ្វើ​កន្លង​មក ពិសេស​នៅ​ក្នុង​ជម្លោះ​ជាមួយ​ប៉ាឡេស្ទីន។ ការ​ប្តូរ​ជំហរ​ការទូត​របស់​អាមេរិក​ជា​យថាហេតុ​នៅ​ក្រុមប្រឹក្សាសន្តិសុខ​នឹង​អាច​អនុញ្ញាត​ឲ្យ​ឈាន​ដល់​ការ​អនុម័ត​លើ​សេចក្តីសម្រេចចិត្ត​ក្នុង​ការ​បង្កើត​រដ្ឋ​ប៉ាឡេស្ទីន​មួយ​ដោយ​កំណត់​យក​ព្រំដែន​មុន​ឆ្នំា ១៩៦៧ ដូច​ដែល​លោក​អូបាម៉ា​ចង់​បាន។

យ៉ាង​ណា​ក៏​ដោយ គេ​ត្រូវ​ហ៊ាន​ទទួល​ស្គាល់​ថា ទោះ​បី​ជា​សង្រ្គាម​ពាក្យសម្តី​រវាង​លោក​អូបាម៉ា និង​លោក​នេតាន់យ៉ាហ៊ូ​បន្ត​វែង​ឆ្ងាយ​រហូត​ដល់​លោក​អូបាម៉ា​បញ្ចប់​អាណត្តិ​ប្រធានាធិបតី​នៅ​ឆ្នំា ២០១៦ ក៏​ដោយ ក៏​គ្មាន​នរណា​ម្នាក់​អាច​ចូល​ទៅ​បំបែក​សម្ព័ន្ធមិត្ត​អាមេរិក អ៊ីស្រាអែល​បាន​ទេ ហើយ​ក៏​គ្មាន​ថ្ងៃ​ណា​មួយ​ដែល​អាមេរិក​បោះបង់​អ៊ីស្រាអែល​ចោល​ដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI