ស.រ.អា.ចង់ទិញឧទ្ធម្ភាគចក្ររុស្ស៊ីថែមទៀត យកទៅបំពាក់កងទ័ពអាហ្វហ្កានីស្ថាន
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ជាចម្លើយ ភាគីរុស្ស៊ី រំពឹងថា គឺទៅទល់ ចុងខែមិថុនានេះទៅហើយ ដែលនឹងមាន ចុះ កិច្ចសន្យាសមស្រប។ លើកនេះ ក្រសួងការពារជាតិអាមេរិក គ្រោងទិញពីក្រុមហ៊ុនរដ្ឋរុស្ស៊ី ខាងលក់អាវុធទៅក្រៅ RosOboronExport គឺ ឧទ្ធម្ភាគចក្ររុស្ស៊ីធុនMi-17 ចំនួន១០គ្រឿងទៀត បន្ថែមទៅលើ ២១គ្រឿង កាលពីមុន។
គឺ ថ្ងៃពុធម្សិលម៉្ងៃ ដែលក្រសួងការពារជាតិអាមេរិក “មន្ទីរបញ្ចកោណ” បានជូនជា ដំណឹង ទៅសភាស.រ.អា. អំពីគម្រោងទិញ ឧទ្ធម្ភាគចក្ររុស្ស៊ីធុន Mi-17 ចំនួន១០គ្រឿងទៀត សម្រាប់តម្រូវការនៃ ពួកយោធាអាហ្វហ្កានីស្ថាន។
ហើយថ្ងៃនេះ តំណាងផ្លូវការនៃ ក្រុមហ៊ុនរដ្ឋរុស្ស៊ីខាងលក់អាវុធទៅក្រៅ RosOboronExport លោក Vyacheslav Davidenko បានប្រកាសឲ្យដឹងថា ភាគីរុស្ស៊ីកំពុងពិភាក្សាជាមួយ តំណាង របស់“មន្ទីរបញ្ចកោណ” អំពី ល័ក្ខខ័ណ្ឌនៃអនាគតកិច្ចសន្យាដែល គូភាគីគ្រោងចុះឲ្យបាន ក្នុង ពេលឆាប់ៗខាងមុខ ទៅហើយ។
គួរនិយាយថា ក្នុងឆ្នាំនេះ ក្រសួងការពារជាតិអាមេរិក បានធ្វើកុម៉្មង់ទិញពីរុស្ស៊ី គឺ ឧទ្ធម្ភាគចក្រ ធុន Mi-17 ២គ្រឿងទៅហើយ សម្រាប់ប្រទេសអាហ្វហ្កានីស្ថាន ដើម្បីប្រើវាជំនួស អា២គ្រឿង បែបនេះ ដែលបានធ្លាក់ឆេះទៅ។ ដូច្នេះ បូកជាមួយ១០គ្រឿងលើកនេះ គឺឡើងដល់១២គ្រឿង ក្នុងតម្លៃសរុប ២១៧លាន៧សែនដុល្លារអាមេរិក។
“មន្ទីរបញ្ចកោណ” បានពន្យល់បំភ្លឺអំពីមូលហេតុដែលជំរុញឲ្យទិញ ឧទ្ធម្ភាគចក្ររុស្ស៊ី Mi-17 ដ្បិតទី១-វាថោកជាងឆ្ងាយ ពីឧទ្ធម្ភាគចក្រប្រភេទដូចគ្នានេះរបស់ក្រុមហ៊ុនអាមេរិកាំង ហើយ ទី២- វាងាយប្រើជាង សម្រាប់បង្វឹកបង្ហាត់ ពួក Pilotes អាហ្វហ្កាន ដែលទម្លាប់បើកបរ ឧទ្ធម្ភាគចក្ររុស្ស៊ី តាំងពី ជំនាន់សូវៀតមក ,ទី៣- វាឆ្លើយស្របនឹងលក្ខណៈអាកាសធាតុ និងភូម៌សាស្ត្រប្រទេសអាហ្វហ្កានីស្ថាន តែម្តង។
ជាការរំលឹក កាលពីថ្ងៃ២៦ឧសភាឆ្នាំ២០១១ ក្រសួងការពារជាតិអាមេរិក បានចុះកុងត្រា ដើម្បី ទិញពីក្រុមហ៊ុនរដ្ឋរុស្ស៊ី ខាងលក់អាវុធទៅក្រៅ RosOboronExport សម្រាប់បំពេញដល់ តម្រូវការកងទ័ពអាហ្វហ្កានីស្ថាន គឺឧទ្ធម្ភាគចក្ររុស្ស៊ីធុន Mi-17 ចំនួន២១គ្រឿង ក្នុងតម្លៃសរុប ៣៧៥លានដុល្លារ ហើយពី ក្នុងនោះ មកទល់ឥឡូវ ភាគីរុស្ស៊ីបានបញ្ជូន ទៅឲ្យ អាហ្វហ្កានីស្ថានផ្ទាល់ គឺ១៨គ្រឿង ទៅហើយ ចំណែក៣គ្រឿងដែលនៅសល់ នឹងត្រូវប្រគល់ ទៅឲ្យទីក្រុង Kaboul គឺទៅទល់ចុង ខែមិថុនានេះ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ