អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

អាមេរិកឡាទីន​រត់​តាម​ពិភពលោក​ក្នុង​វិស័យ​អវកាស ដោយ​មាន​ជំនួយ​ពី​ចិន

សំឡេង ០៤:១៩
កាំជ្រួួច Tupac Katari របស់​បូលីវី បាញ់​ចេញ​ពី​មូលដ្ឋាន​ចិន ទៅ​កាន់​តារាវិថី កាលពី​ថ្ងៃទី ២០ ធ្នូ ២០១៣
កាំជ្រួួច Tupac Katari របស់​បូលីវី បាញ់​ចេញ​ពី​មូលដ្ឋាន​ចិន ទៅ​កាន់​តារាវិថី កាលពី​ថ្ងៃទី ២០ ធ្នូ ២០១៣ © Reuters
ដោយ៖ អៀង សុខម៉ិញ

ការបង្ហោះផ្កាយ​រណប​ទៅ​ក្នុង​តារាវិថី​ កាន់​តែពេញ​និយម​ឡើងៗ ! អាមេរិក​ឡាទីន ដែល​យឺត​យ៉ាវ​ជាងគេ​ក្នុង​វិស័យ​អវកាស បាន​ចាប់​ផ្តើមចេញ​មុខ​មាត់ និង​​ចូល​ស៊ុប​ក្នុង​ពិភព​នេះ ដោយ​បង្កើន​ការ​បង្ហោះ​ផ្កាយ​រណប​ច្រើន​ឡើងៗ។ អាមេរិក​ឡាទីន​ហ៊ាន​ល្បង​​​ភ្នាល់​ល្បែង​​ជា​​យុទ្ធសាស្ត្រនេះ ដោយ​មាន​ជំនួយប្រតិបត្តការ និង​បច្ចេកវិទ្យា​​ពី​ចិន និង​រុស្ស៊ី។

ផ្សាយពាណិជ្ជកម្ម

គម្រោង​បង្ហោះ​ផ្កាយ​រណប​ទៅ​កាន់​តារាវិថី​​ កាលពី​សប្តាហ៍​មុន ជា​ផ្កាយ​រណប​របស់​ប្រទេស​បូលីវី​Tupac Katari បង្ហោះ​ចេញ​ពី​​មជ្ឈមណ្ឌល​ផ្កាយ​រណប​ចិន។ ​ប្រទេស​ប្រេស៊ីល ក៏​បាន​សម្រេច​ថា​នឹង​ដាក់​ឱ្យ​ដំណើរ​ការ​កម្មវិធី​មួយ​ សម្រាប់​បង្ហោះ​ផ្កាយ​រណប​ទូរគមនាគមន៍​​សាធារណៈដែរ​ បន្ទាប់​ពី​​មាន​ការ​បង្ហើប​រឿង​អាស្រូវ​​សកម្មភាព​អាមេរិក​លួច​ស៊ើបការណ៍​ លួច​ស្តាប់កិច្ច​សន្ទនា​ថ្នាក់​ដឹក​នាំ​ប្រទេស​ក្នុង​ពិភពលោក​ មិន​ថា​ជា​សម្ព័ន្ធ​មិត្ត​ ឬ​ជា​សត្រូវ រាប់​ទាំង​ប្រមុខ​ដឹកនាំ​ប្រទេស​​ប្រេស៊ីល ព្រមទាំង​ក្រុមហ៊ុន​ និង​ជីវិត​ឯកជន​របស់​ប្រជាពល​រដ្ឋ​នៅ​ជុំ​វិញ​ពិភពលោក។

 
ជា​ការ​ធម្មតា​ទេ ដែលបណ្តា​ប្រទេស​នៅ​តំបន់​អាមេរិកឡាទីន​​រិះរក​អភិវឌ្ឍវិស័យ​អវកាស​នោះ​​ ពីព្រោះ ភាគ​ខាង​ត្បូង​អាមេរិក​កំពុង​ស្គាល់​ការរីក​ចម្រើន​ខ្លាំង​ផ្នែក​សេដ្ឋកិច្ច​ ហើយ​ម្យ៉ាង​ទៀត ក្នុង​សម័យ​ពិភពលោកភាវូបនីយកម្មព័ត៌មាន និង​ស៊ើបការណ៍បែបនេះ ​មាន​​​ផ្កាយ​រណបជា​របស់​ខ្លួន​សឹង​ថា​ ជា​ការ​ចាំបាច់​ ក្នុង​អត្ថន័យ​​រក្សា​បូរណភាព​។

ការពារ​បូរណភាព​ ឬ​ ការពារ​ស្វ័យភាព​ ព្រោះ​បច្ចុប្បន្ន​នេះ​ ដើម្បី​អាច​សម្រេច​​ចិត្ត​លើ​កិច្ច​ការ​អ្វី​មួយ​ គេ​ត្រូវ​តែ​មាន​ព័ត៌មាន​ច្បាស់​លាស់​ត្រឹមត្រូវ​ គ្រប់គ្រាន់ ​ទាន់ពេល​វេលា​ ប្តូរ​ផ្លាស់​ស្រប​ទៅ​តាម​សភាពការណ៍​វិវឌ្ឍជាក់ស្តែង​ និង​ជា​ញឹកញយ​ មាន​តែ​ផ្កាយ​រណប​ប៉ុណ្ណោះ ដែល​មាន​សមត្ថភាព​ផ្តល់​នូវ​ព័ត៌មានទាន់​ចិត្ត​ មិន​ថា​ស្តី​ពី​បរិស្ថាន អាកាសធាតុ ឬ ការ​ឡើង​កម្តៅ​សីតុណ្ហភាព ឬ​អ្វី​ផ្សេងទៀត​ទេ។ នេះ​ហើយ​ប្រយោជន៍​នៃ​បច្ចេកវិទ្យា​អវកាស !

មួយ​វិញ​ទៀត ផ្កាយ​រណប​ មាន​ប្រយោជន៍​ចាំ​បាច់​កាន់​ខ្លាំង នៅអាមេរិក​ឡាទីន​ ក៏​ព្រោះ​តែ​នៅ​ក្នុង​ប្រទេសខ្លះ​ នៃ​ភូមិភាគ​នេះ មិន​ចាប់​អារម្មណ៍ឬមិន​​គិត​យក​​ប្រព័ន្ធ​អ៊ីនធឺណែត​ជា​សំខាន់​ឡើយ ៖ ជា​ឧទាហរណ៍​ ប្រជាជន​ហៃទី អេក្វាទ័រ​ ស៊ុយរីណាម ហុងឌូរ៉ាស ឬ​ ប៉ារ៉ាហ្គាយ ប្រមាណ​តែ​១០%​ប៉ុណ្ណោះ​ ​មាន​ប្រព័ន្ធអ៊ីនធឺណែត​ប្រើប្រាស់។ នេះ​បើ​តាម​តួលេខ​របស់​គណៈកម្មការ​សេដ្ឋកិច្ច​អាមេរិកឡាទីន​នៅ​អង្គការ​សហប្រជាជាតិ។

ពីពេល​នេះ ​ដល់​ឆ្នាំ​២០១៧ អាមេរិក​ឡាទីន​នឹង​មាន​ផ្កាយ​រណប​ប្រមាណ​៩៨​គ្រឿង​ ដែល​សុទ្ធ​សឹង​ជា​ផ្កាយ​រណប​​បម្រើ​​ឱ្យ​វិស័យ​ទូរគមនាគមន៍។ នេះ​បើ​តាម​តួលេខ​ផ្សព្វផ្សាយ​នា​ឱកាស​សន្និសីទផ្កាយ​រណប​អាមេរិក-ឡាទីន រៀប​ចំ​​ធ្វើ​នៅ​ទីក្រុង​ រីយ៉ូ ឌឺ ហ្សាណែរ៉ូ ប្រទេស​ប្រេស៊ីល។ ប្រេស៊ីល​ដែលមាន​តួនាទី​គន្លឹះ​ជាង​គេ​ក្នុង​បម្រើបម្រាស់​ផ្កាយ​រណប​ នៅទ្វីប​អាមេរិក​ឡាទីន។

ប្រេស៊ីល​មាន​ផ្កាយ​រណប​មិន​តិច​ជាង​៣០ទេ​ ហើយ​​ប្រេស៊ីល ​ទើប​ប្រកាសកាលពី​ពេលថ្មី​​ស្វែង​រក​​អវកាស​បួន​ទៀត ដើម្បី​មកអភិវឌ្ឍន៍​​សេវា​ទូរស័ព្ទ​ អ៊ីនធឺណែត ទូរទស្សន៍​ព្រោះ​ការ​ប្រកួតកីឡា​បាល់ទាត់​ពិភពលោក​ឆ្នាំ​២០១៤ កាន់​តែ​ខិត​ជិត​មកដល់។ ក្នុង​នាម​ជា​ប្រទេស​មហាអំណាច​សេដ្ឋកិច្ច​ទី ៧ នៅ​លើ​ពិភពលោក ប្រេស៊ីល ចង់​ប្រកួត​ប្រជែង​នឹង​គេ​ឯង​ដែរ ដោយ​​តម្រង់​កម្មវត្ថុ​​​ផ្កាយរណប​​ទៅ​តាមដានសកម្មភាព​​ភព​ផែនដី ​ដើម្បី​បាន​​ប្រយោជន៍ទៅ​កសិកម្ម ការពារ​ព្រៃឈើ​អាម៉ាហ្សូន។ ដើម្បី​សម្រេចកិច្ចការ​នេះ ប្រេស៊ីល​បានពឹង​ពាក់បច្ចេកវិទ្យា និង​ចុះ​កិច្ច​ព្រមព្រៀង​ធ្វើ​ការ​អភិវឌ្ឍន៍​ជាមួយ​ចិន។

ចំណែកប្រទេស​អាហ្សង់ទីន ថ្វី​បើ​ក្រីក្រ ខ្វះ​មធ្យោបាយ​មែន ប៉ុន្តែគួរ​ឱ្យ​ភ្ញាក់​ផ្អើល​ប្រទេស​នេះ​មាន​បច្ចេកវិទ្យា​អវកាស​ដើរ​លឿន​ខ្លាំង​ជាង​គេ​ក្នុង​តំបន់។ យោធា​អាហ្សង់ទីន ទើប​បាន​បង្ហោះ​យាន​អវកាសវិទ្យាសាស្ត្រ​មួយ កាលពី​សប្តាហ៍​មុន​ដែរ។ អាហ្សង់ទីន​ មាន​ផ្កាយរណប​ទូរគមនាគមន៍​រដ្ឋាភិបាល​រួច​ស្រេច​ទៅ​ហើយ។​​​

ពីមុន​ និង​ជា​ប្រពៃណី​ ​ អឺរ៉ុប និង​សហរដ្ឋ​អាមេរិក ​ជា​​​ទីផ្សារ​អវកាសធំ​សម្បើម​ពីរ​ប្រកួត​ប្រជែងគ្នា។​ ប៉ុន្តែពេល​នេះ ចិន​ទើប​បានក្លាយ​ជា​ប្រទេស​មហាអំណាច​ទី​បី ​ផ្នែក​អវកាស​បន្ទាប់​ពី​រុស្ស៊ី និង​អាមេរិក ​ដោយ​បាន​បង្ហោះ​យានយន្ត​ទៅកាន់​​ឋាន​ព្រះចន្ទ​បាន​សម្រេច​។ ដោយ​មានជំនួយ​ពី​ចិន បូលីវី បាន​បង្ហោះ​ដោយជោគជ័យ​ផ្កាយ​រណប​ទី​មួយ​​របស់​ខ្លួន ចេញ​ពី​មជ្ឈមណ្ឌល​របស់​Xichang របស់​ចិន។ ជោគជ័យនេះ​​របស់​បូលីវីផង និង​ជា​​របស់​ចិនផង និង​​អាច​បញ្ជាក់​កាន់​តែ​ច្បាស់​អំពី​ការ​អួត​អាង​របស់​ចិន ប្រាថ្នា​ចង់​ក្តោប​ទីផ្សារ​អវកាស​ពិភពលោក​​ផ្នែក​​​បង្ហោះ​ផ្កាយ​រណប​ទៅ​ក្នុង​តារាវិថី​ ឱ្យ​បាន​១៥%​ ពី​ពេល​នេះ​ដល់​ឆ្នាំ​២០២០។

ចិន​មាន​រួច​ជា​ស្រេច​ទៅ​ហើយ​គ្រឹះអភិវឌ្ឍន៍​ផ្កាយ​រណប​សម្រាប់​តំបន់​អាមេរិក​ឡាទីន និង​មាន​កិច្ច​សហប្រតិបត្តិការ​យ៉ាង​ស្អិត​ល្មួត​ជាមួយ​អាហ្សង់ទីន ប្រេស៊ីល វេណេស៊ុយអេឡា អេក្វាទ័រ ឬ នីការ៉ាហ្គា។ ចំណែក​រុស្ស៊ី​ ដែល​មាន​ប្រវត្តិ​ល្បី​ខាង​អវកាស​តាំង​ពី​ដើម​មក​វិញ បាន​ចាក់​ស្រេះ នារយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ជាមួយ​ប្រទេស​ប៉េរ៉ូ កូឡុំប៊ី អេក្វាទ័រ ម៉ិចស៊ិក និង​គុយបា។ កិច្ច​សហប្រតិបត្តការ​ចិន និង​រុស្ស៊ី បាន​ជួយ​ឱ្យ​មានការ​បង្ហោះ​ផ្កាយ​រណប​ផលិត​នៅ​អាមេរិកឡាទីន ប៉ុន្តែ​គ្មាន​ប្រទេស​ណា​មួយ សូម្បី​តែ​ប្រេស៊ីល មាន​មជ្ឈមណ្ឌល​បង្ហោះ​ដោយ​ខ្លួន​ឯង​ទេ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ