អ៊ីរ៉ាក់

អ៊ីរ៉ាក់៖​ ​​​Amnesty International​ ទាមទារ​​​បង្កើត​​គណៈ​កម្មការ​​ឯករាជ្យ​​ស៊ើប​អង្កេត​​​​បទឧក្រិដ្ឋ​​នៅ​​មូស៊ូល​

កងកម្លាំង​អ៊ីរ៉ាក់​នៅ​មូស៊ូល​
កងកម្លាំង​អ៊ីរ៉ាក់​នៅ​មូស៊ូល​ REUTERS/Thaier Al-Sudani

ថ្ងៃអង្គារ​នេះ អង្គការ​​សិទ្ធិមនុស្ស​Amnesty International បានបរិហារ​ពី​បទឧក្រិដ្ឋ​នៅ​ទីក្រុង​មូស៊ូល ប្រទេស​អ៊ីរ៉ាក់ ​ដែល​​​​​បង្កឡើង​ដោយ​ក្រុមជីហាត​រដ្ឋអ៊ីស្លាម តែ​ក៏​អាច​ជា​ស្នាដៃ​របស់​កងកម្លាំង​អ៊ីរ៉ាក់ ​​និង​​ក្រុមប្រយុទ្ធ​សម្ព័ន្ធមិត្ត​ដឹកនាំ​ដោយ​អាមេរិក​ផងដែរ។ ​អង្គការ​ Amnesty International បាន​ទាមទារ​អោយបង្កើត​គណៈកម្មការ​ឯករាជ្យ​មួយ ស៊ើបអង្កេត​​លើ​បទឧក្រិដ្ឋ​ទាំងនេះ។ ​

ផ្សាយពាណិជ្ជកម្ម

ថ្ងៃអង្គារ​នេះ កងទ័ព​អ៊ីរ៉ាក់ព្យាយាម​​​បោសសម្អាត​ក្រុមជីហាត​ដែល​នៅសេសសល់​នៅ​មូស៊ូល ភាគខាងជើង​ប្រទេស។ ​ការ​វាយ​ដណ្តើម​​យកបាន​ក្រុងមូស៊ូល ​​​ពី​​​ក្រុមភេរវជន​រដ្ឋអ៊ីស្លាមមក​​វិញ​ បាន​ចំណាយ​ពេល​ច្រើនខែ​ និង​ធ្វើអោយ​មាន​​មនុស្ស​ស្លាប់​និង​របួស​រាប់ពាន់​នាក់។ សម្រាប់​អង្គការ​សិទ្ធិមនុស្ស​ Amnesty International ប្រតិបត្តិការ​មួយចំនួន​របស់​កងកម្លាំង​អ៊ីរ៉ាក់ និង​ក្រុម​សម្ព័ន្ធមិត្ត​ដែល​អាមេរិក​ដឹកនាំ​ នៅ​មូស៊ូល ជា​ទង្វើ​អមនុស្សធម៌ និង​បាន​រំលោភ​លើ​សិទ្ធិ​មនុស្ស ​ប្រៀប​បាន​នឹងឧក្រិដ្ឋកម្ម​​​សង្គ្រាម​ដូច្នោះ​ដែរ។ Amnesty International បានទាមទារ​អោយ​មាន​គណៈកម្មការ​ស៊ើបអង្កេត​ឯករាជ្យ​មួយ ស៊ើបអង្កេត​លើ​ករណី​ដែល​មានសាក្សី និង​ភស្តុតាង​ជាក់ស្តែង បង្ហាញ​ពី​បទឧក្រិដ្ឋ​ទាំងនេះ។

អង្គការ​ Amnesty International ក៏បាន​បរិហារ​ក្រុមជីហាត​រដ្ឋ​អ៊ីស្លាម​ផងដែរ ដែល​បាន​យក​ប្រជាជន​អ៊ីរ៉ាក់ធ្វើជា​ខែលការពារ​ និង​បញ្ជូន​ប្រជាជន​​​អោយ​ទៅតំបន់​ប្រយុទ្ធ​ភាគខាងលិច​មូស៊ូល។ ពេល​ដែល​ការប្រយុទ្ធ​កាន់តែ​ខិតជិត​មកដល់ ជនស៊ីវិល​ទាំងនេះត្រូវបាន​ឃុំឃាំង​​ក្នុងផ្ទះ។ ពួកគេ​​មិនអាច​ទទួល​អាហារ​បរិភោគ រឺ​ក៏​ថ្នាំសង្កូវ​ព្យាបាលទេ។ ប៉ុន្តែ មិនមែន​​មាន​តែ​ក្រុម​ភេរវជនទេ ដែល​បាន​បង្ក​បទឧក្រិដ្ឋ​ទាំងនេះ។

កងទ័ព​អ៊ីរ៉ាក់ និង​កងកម្លាំង​ប្រយុទ្ធ​ដឹកនាំ​ដោយ​អាមេរិក មានដូចជា​កងកម្លាំង​គួដឌីស្ថាន ​និង​កងកម្លាំង​ស្ហ៊ីអ៊ីត ក៏​អាច​ជាប់ឈ្មោះ​ថា បានបង្ក​បទឧក្រិដ្ឋ​​​នៅ​មូស៊ូលដែរ។ អង្គការ​សិទ្ធិមនុស្ស​លើកឡើង​ថា ក្រុម​ប្រយុទ្ធ​ទាំងនេះ​បានកែច្នៃ​​អាវុធ​​​ពី​​​ធុងហ្គាស ហើយ​យក​អាវុធ​មិនត្រឹមត្រូវ​តាម​ក្បួនខ្នាត​ទាំងនេះ ទៅ​​ប្រើ​ក្នុង​​ទីប្រជុំជន​ដែល​សំបូរ​មនុស្ស។ លើសពីនេះ ​កងទ័ព​អ៊ីរ៉ាក់ និង​កងទ័ព​សម្ព័ន្ធមិត្ត​ក៏​​​​គ្មាន​សមត្ថភាព​​ចាត់វិធានការ​ចាំបាច់ ដើម្បី​ការពារ​ជន​ស៊ីវិល​ទៅទៀត ​ធ្វើអោ​យជនស៊ីវិល​ស្លាប់កាន់តែ​ច្រើន។ បែបយ៉ាង ការទំលាក់​គ្រាប់បែក​របស់​អាមេរិក​ ​កាលពី​ថ្ងៃ​១៧មីនា បាន​សម្លាប់​ជនស៊ីវិល​១០៧នាក់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI