Amnesty International ៖ ការ​កាត់ទោស​ប្រហារ​ជីវិត​​នៅទូទាំង​ពិភពលោកបាន​ធ្លាក់ចុះ​នៅឆ្នាំ២០១០

សំឡេង ០៥:៣៣
របាយការណ៍​របស់ Amnesty International ស្តីពី​ទោសប្រហារ​ជីវិត ឆ្នាំ​២០១០
របាយការណ៍​របស់ Amnesty International ស្តីពី​ទោសប្រហារ​ជីវិត ឆ្នាំ​២០១០ ©Amnesty International

របាយការណ៍​របស់​អង្គការ Amnesty International ដែល​ចេញ​ផ្សាយ នៅថ្ងៃ​ចន្ទ ២៨ មីនា ២០១១​នេះ បង្ហាញ​ថា ​​អ្នក​ទោស ដែល​ត្រូវ​បាន​ប្រហារជីវិត នៅ​ទូទាំង​ពិភពលោក​ នៅឆ្នាំ​២០១០​កន្លងទៅនេះ មាន​ចំនួន​យ៉ាងតិច ៥២៧​នាក់ តិច​ជាង​កាល​ពីឆ្នាំ​២០០៩ ដែល​មាន​យ៉ាងតិច​៧១៩​នាក់។ ហ្កាបុង គឺ​ជា​ប្រទេស​ចុងក្រោយគេ​ដែល​​ទើបនឹងបាន​លុបចោល​ទោសប្រហារ​ជីវិត។

ផ្សាយពាណិជ្ជកម្ម

 

៥២៧​នាក់ គឺ​តួលេខ​ដែល​អង្គការ​ Amnesty International ទទួល​បាន​ព័ត៌មាន​ច្បាស់លាស់។ ក៏ប៉ុន្តែ ចំនួន​ពិតប្រាកដ​អាច​មាន​ច្រើន​ជាងនេះ ដោយសារ​តែ​អាជ្ញាធរ​ប្រទេស​ខ្លះ ព្យាយាម​បិទបាំង​តួលេខ។

អ្នកទោស​ទាំង ៥២៧​ ដែល​ត្រូវ​បាន​ប្រហារ​ជីវិត កាល​ពី​ឆ្នាំ​២០១០ ត្រូវ​បាន​ Amnesty International រកឃើញ​នៅ​ក្នុង​ប្រទេស​ និង​ដែនដី (មិនទាន់ជារដ្ឋឯករាជ​ពេញលេញ) ចំនួន ២២ រួមមាន អ៊ីរ៉ង់, កូរ៉េ​ខាងជើង, យេម៉ែន, សហរដ្ឋអាមេរិក, អារ៉ាប៊ីសាអ៊ូឌីត, លីប៊ី, ស៊ីរី, បង់ក្លាដែស, សូម៉ាលី, ស៊ូដង់, ដែនដីប៉ាឡេស្ទីន, អេហ្ស៊ីប, ហ្គីណេអេក្វាទ័រ, តៃវ៉ាន់, បេឡារុស, ជប៉ុន, អ៊ីរ៉ាក់, ម៉ាឡេស៊ី, បារ៉ែន, បុតស្វាណា, សិង្ហបុរី និង​វៀតណាម។

ចិន​មិនត្រូវ​បានរាប់បញ្ចូល​ក្នុង​ចំណោម​ប្រទេស​ទាំងនេះទេ ដោយសារ​តែ​​គេ​មិនអាច​ដឹង​អំពី​តួលេខ​ជាក់លាក់។ ក៏ប៉ុន្តែ Amnesty International បាន​ប៉ាន់ស្មាន​ថា ចំនួន​អ្នកទោស ដែល​ត្រូវ​បាន​អាជ្ញាធរ​ចិន​ប្រហារ​ជីវិត កាលពីឆ្នាំ​២០១០ មាន​ប្រហែល​ជា ១០០០​នាក់​ (ពោល​គឺ​ច្រើន​ជាង ២២​ប្រទេស​ខាងលើ​បូកបញ្ចូល​គ្នា​ទៅទៀត)។

អ្វី​ដែល​គួរ​កត់សម្គាល់​ក្នុង​របាយការណ៍របស់ Amnesty International នេះ គឺ​ក្នុង​ចំណោម​ប្រទេស​ទាំង ២២ ដែល​បាន​ប្រហារ​ជីវិត​អ្នកទោស កាលពី​ឆ្នាំ ២០១០ មាន​ប្រទេស ៣ ​ជា​សមាជិក​អាស៊ាន គឺ​ម៉ាឡេស៊ី, សិង្ហបុរី និង​វៀតណាម។ ក្រៅ​ពីនេះ មាន​ប្រទេស​ពីរទៀត​ក្នុង​អាស៊ាន គឺ​ថៃ និង​ឡាវ ដែល​តុលាការ​បានប្រកាស​ទោស​ប្រហារ​ជីវិត​លើ​អ្នកទោស​ចំនួន ១១នាក់ (៧នាក់ នៅថៃ និង​​៤នាក់ នៅ​ឡាវ)​​ ក៏ប៉ុន្តែ អ្នកជាប់ទោស​មិនត្រូវបាន ឬ​មិនទាន់​ត្រូវ​បាន​គេ​យកទៅប្រហារ​ជីវិត។

គួរ​បញ្ជាក់ថា នៅក្នុង​ចំណោម​ប្រទេស​ទាំង១០ ដែលជាសមាជិក​អាស៊ាន មាន​ ៥​ប្រទេស (វៀតណាម, ថៃ, សិង្ហបុរី, ឥណ្ឌូណេស៊ី, និង​ម៉ាឡេស៊ី) នៅតែ​បន្ត​ប្រើប្រាស់​ទោស​ប្រហារជីវិត​ នៅពេល​បច្ចុប្បន្ន​នេះ។ ប្រទេស ៣ផ្សេងទៀត គឺ ព្រុយណេ, ភូមា និង​ឡាវ នៅ​បន្ត​រក្សា​ទោស​ប្រហារ​ជីវិត​ក្នុង​ច្បាប់​ដែរ ក៏ប៉ុន្តែ មិនដែល​​យកទោស​ប្រហារជីវិត​នេះ​មកអនុវត្ត​ទេ ក្នុងរយៈពេល​យ៉ាងតិច ១០​ឆ្នាំ​កន្លងទៅនេះ (អ្នកទោស​ដែល​ត្រូវ​បាន​តុលាការ​កាត់ទោស​ប្រហារ​ជីវិត ច្រើន​តែ​ត្រូវ​សម្រាល​ទោស​មក​ជាប់ពន្ធនាគារ​អស់​មួយជីវិត​វិញ)។ មានតែ​កម្ពុជា និង​ហ្វ៊ីលីពីន​ប៉ុណ្ណោះ ដែល​បាន​លុបចោល​ទោសប្រហារ​ជីវិត​ទាំងស្រុង​ពី​ក្នុង​ច្បាប់។ ទីម័រខាងកើត ដែល​ជាប្រទេស​​នៅ​អាស៊ីអាគ្នេយ៍ ប៉ុន្តែ មិនមែន​ជា​សមាជិក​អាស៊ាន ក៏​បាន​លុបចោល​ទោស​ប្រហារ​ជីវិត​ទាំងស្រុង​ដែរ។

នៅឆ្នាំ​២០១០​កន្លងទៅនេះ ប្រទេស​ហ្កាបុង (អាហ្វ្រិក) បាន​ប្រកាស​លុបចោល​ទោសប្រហារ​ជីវិត។ ចំណែក​ប្រទេស​ម៉ុងហ្គោលីវិញ (អាស៊ី) បាន​ប្រកាស​ថា រាល់​ការអនុវត្ត​​ទោសប្រហារ​ជីវិត​ទាំងអស់​នឹង​ត្រូវ​ព្យួរ​ដោយ​គ្មាន​ពេលកំណត់។

គិត​មក​ត្រឹមពេលបច្ចុប្បន្ន​នេះ នៅ​ទូទាំងពិភពលោក មាន​ប្រទេស​ចំនួន ៤១ ដែល​នៅ​បន្ត​ប្រើប្រាស់​ទោសប្រហារ​ជីវិត ទាំង​នៅក្នុង​ច្បាប់ និង​ក្នុង​ការ​អនុវត្ត​ជាក់ស្តែង។ ការប្រហារ​ជីវិត​ត្រូវបាន​ធ្វើ​ឡើង តាមវិធី​ខុសៗ​គ្នា ទៅតាម​ប្រទេស​នីមួយៗ រួមមាន ការប្រហារ​ជីវិត​ដោយ​ព្យួរ ក ដោយ​ឆក់ខ្សែភ្លើង ដោយ​ចាក់ថ្នាំ ដោយ​កាត់ក្បាល ដោយ​ការបាញ់​នឹង​កាំភ្លើង និង​ការប្រហារ​ជីវិត​ដោយ​ចោល​នឹង​ដុំថ្ម (ភាគច្រើន​នៅក្នុង​ប្រទេស​កាន់សាសនា​អ៊ីស្លាម ដូចជា នៅ​អ៊ីរ៉ង់ ប៉ាគីស្ថាន អារ៉ាប៊ីសាអ៊ូឌីត ស៊ូដង់ និង​នីហ្សេរីយ៉ា​ ជាដើម)៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI