តុលាការ​ខ្មែរក្រហម

ប្រតិកម្មជុំវិញសំណុំរឿង០០៣ និង០០៤

នាយកអង្គការ​លើកលែង​ទោស​អន្តរជាតិ​ ប្រចាំអាស៊ីប៉ាស៊ីហ្វិក
នាយកអង្គការ​លើកលែង​ទោស​អន្តរជាតិ​ ប្រចាំអាស៊ីប៉ាស៊ីហ្វិក ©AP

សំណុំរឿង​០០៣​និង​០០៤​នៅ​តែ​ជា​ប្រធានបទ​ក្តៅ ពិសេស​ក្រោយ​ពី​ការប្រកាស​លា​លែង​ពី​តួនាទី​របស់​សហចៅក្រមស៊ើបអង្កេត​ អន្តរជាតិ លោក​ស៊ីកហ្វ្រែដ ប៊្លុង។ នៅ​ថ្ងៃ​អង្គារ​ទី​១១​តុលា​នេះ អង្គការ​លើកលែង​ទោស​អន្តរជាតិ ​Amnesty International បាន​អំពាវនាវ​ឲ្យ​​អង្គការ​សហប្រជាជាតិ​រារាំង​កម្ពុជា កុំ​ឲ្យ​លូក​ដៃ​ចូល​កិច្ចការ​តុលាការ​ខ្មែរក្រហម ខណៈពេល​ដែល​លោក​ហោ ណាំហុង រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា​ពន្យល់​ថា រដ្ឋាភិបាល​កម្ពុជា​ត្រូវ​ទទួលខុសត្រូវ​ចំពោះ​អស្ថិរភាព ឬ​អសន្តិសុខ​សង្គម។

ផ្សាយពាណិជ្ជកម្ម

អង្គការ​សហប្រជាជាតិ​ត្រូវ​បង្កើន​ការដាក់​សំពាធ​ទៅ​លើ​រដ្ឋាភិបាល​កម្ពុជា​ដើម្បី​រារាំង​រដ្ឋាភិបាល​នេះ​កុំ​អោយ​លូកដៃ​ចូល​ទៅ​ក្នុង​កិច្ចការ​តុលាការ​ខ្មែរ​ក្រហម។ នេះ​គឺ​ជា​ការអំពាវនាវ​របស់​អង្គការ​លើកលែង​ទោស​អន្តរជាតិ Amnesty International នៅ​ថ្ងៃ​អង្គារ​ទី​១១​តុលា​នេះ។ ការអំពាវនាវ​ដែល​ត្រូវ​បាន​ធ្វើ​ឡើង​ក្រោយ​ការប្រកាស​លាលែង​ពី​តួនាទី​របស់​សហចៅក្រម​ស៊ើបអង្កេត​អន្តរជាតិ លោក​ស៊ីកហ្វ្រែដ ប៊្លុង។

នាយក Amnesty International ប្រចាំ​អាស៊ី​ប៉ាស៊ីហ្វិក លោក Sam Zarifi បាន​ថ្លែង​ថា វា​គឺ​ជា​ការ​ចាំបាច់ដែល​អង្គការ​សហប្រជាជាតិ​ត្រូវ​មាន​វិធានការ​ដើម្បី​ការពារ​អនាគត​របស់​សាលាក្តី​ដោយ​ធានា​ថា ដំណើរការ​សាលាក្តី​នេះ​នឹង​ទទួល​បាន​ស្តង់ដា​នៃ​ការកាត់ក្តី​ដ៏​យុត្តិធម៌​ដោយ​ឯករាជ្យ និង​អព្យាក្រិត។

មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​វិញ​បាន​ច្រានចោល​ការចោទ​ប្រកាន់​ដែល​ថា កម្ពុជា​លូកដៃ​ជ្រៀតជ្រែក​ចូល​ទៅ​ក្នុង​កិច្ចការ​តុលាការ​ខ្មែរ​ក្រហម។ ហើយ​ប្រសិនបើ​រដ្ឋាភិបាល​កម្ពុជា​ប្រឆាំង​សំណុំរឿង​០០៣ និង​០០៤​នោះ ក៏​រដ្ឋាភិបាល​នេះ​មាន​ហេតុផល​គ្រប់គ្រាន់​ដើម្បី​និយាយ​ជំទាស់​ដែរ។ ទាំង​លោក​ខៀវ កាញារីទ្ធ ដែល​ជា​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល និង​លោក​ហោ ណាំហុង​រដ្ឋមន្ត្រីការបរទេស​កម្ពុជា បាន​អះអាង​ថា ដំណើរការ​០០៣ និង០០៤​គឺ​ទុក​អោយ​តុលាការ​ជា​អ្នក​សម្រេច។ ប៉ុន្តែលោក​ខៀវ កាញារីទ្ធ​បញ្ជាក់ថា តុលាការ​នេះ​ត្រូវ​មើល​កិច្ចព្រមព្រៀង​រវាង​រដ្ឋាភិបាល​កម្ពុជា និង​អង្គការ​សហប្រជាជាតិ។ កិច្ចព្រមព្រៀង​ដែល​អនុញ្ញាត​អោយ​តុលាការ​នេះ​កាត់ទោស​មនុស្ស​តែ​២​ក្រុម​ប៉ុណ្ណោះ​គឺ​អ្នកទទួលខុសត្រូវ​ជាន់​ខ្ពស់ និង​អ្នកដឹកនាំជាន់​ខ្ពស់​នៃ​របប​ខ្មែរក្រហម។

លោកហោ ណាំហុង​វិញ​បាន​ចោទ​ជាសំណួរ នៅ​ព្រឹក​ថ្ងៃ​ទី​១១​តុលា​នេះ​ថា ប្រសិនបើ​តុលាការ​នេះ​បង្កើត​អោយ​មាន​ចលាចល​អស្ថិរភាព​សង្គម តើ​មាន​អ្នកណា​គឺ​ជា​ទទួលខុសត្រូវ​ចំពោះ​អសន្តិសុខ​នេះ ក្រៅ​ពី​រដ្ឋាភិបាល​កម្ពុជានោះ?

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI