ទស្សនៈព្រឹត្តិការណ៍ពិភពលោក

សេដ្ឋកិច្ច​ចិនថមថយ​កម្លាំង បស្ចឹមលោក​បារម្ភ

សំឡេង ០៣:២៥
សេដ្ឋកិច្ច​ថយកម្លាំង បស្ចឹមលោក​ព្រួយ​បារម្ភ
សេដ្ឋកិច្ច​ថយកម្លាំង បស្ចឹមលោក​ព្រួយ​បារម្ភ REUTERS/Tyrone Siu

កំណើន​សេដ្ឋកិច្ច​នៃ​ប្រទេស​ចិន​នៅ​ឆ្នាំ​២០១១​នេះ នឹង​អាច​ធ្លាក់​មក​នៅ​ត្រឹម​តែ​៨,៥% តែ​ប៉ុណ្ណោះ។ ទន្ទឹមនេះ សញ្ញា​និង​តួលេខ​មួយ​ចំនួន​ក៏​ចាប់​ផ្តើម​បង្ហាញ​ឲ្យ​ឃើញ​ហើយ​ដែរ​នូវ គ្រោះថ្នាក់​ដែល​នឹង​អាច​កើត​ឡើង​សម្រាប់​សេដ្ឋកិច្ច​របស់​ប្រទេស​ចិន​ខ្លួន​ឯង និង សម្រាប់​សេដ្ឋកិច្ច​របស់​ពិភពលោក​ទាំង​មូល។

ផ្សាយពាណិជ្ជកម្ម

នៅពេល​ដែល​អឺរ៉ុប​កំពុង​ដក​ខ្លួន​ចេញ​មិន​រួច​ពី​វិបត្តិ​ក្រិក និង​កំពុង​បន្ត​ជំពាក់​បំណុល​គេ​​វ័ណ្ឌ​ក​ ស្រាប់តែ​ពី​ប្រទេស​ចិន ដំណឹង​មិន​ល្អ​ធ្លាក់​មក​ដល់។ ម៉ាស៊ីន​សេដ្ឋកិច្ច​នៃ​មហាយក្ស​អាស៊ី​មួយ​នេះ​ដែល​គេ​រំពឹង​ថា​អាច​ជួយ​អូស​ទាញ​កំណើន​ពិភពលោក​ក្នុង​គ្រា​ដ៏​ពិបាក​នេះ ស្រាប់តែ​ចាប់​ផ្តើម​ក្អក​ខេសៗ​ដែរ។ ទាំងនេះ​ធ្វើ​ឲ្យ​គេ​បារម្ភ​កាន់​តែ​ខ្លាំង ចំពោះ​វិបត្តិ​សេដ្ឋកិច្ច​សកល​ដើរ​ថយ​ក្រោយ ដែល​នឹង​អាច​កើត​ឡើង​នៅ​ឆ្នាំ​ក្រោយ​២០១២។

 
មាន​សញ្ញា​ជាច្រើន​ដែល​ស្តែង​ឲ្យ​ឃើញ​ថា​សេដ្ឋកិច្ច​ចិន​កំពុង​ថមថយ​កម្លាំង។ សកម្មភាព​នៃ​ទីផ្សារ​អចលនទ្រព្យ​បាន​និង​កំពុង​បន្ត​ធ្លាក់​ចុះ ជាពិសេស​នៅ​តាម​ទីក្រុង​ធំៗ រីឯ​នៅ​តាម​ទីក្រុង​តូចៗ​វិញ ផ្ទះ​ល្វែង​និង​condo ថ្មីៗ​ដែល​លក់​មិន​ដាច់ មាន​ចំនួន​ច្រើន​ឡើងៗ។ ទន្ទឹមនេះ ផលិតកម្ម​នៅ​ក្នុង​វិស័យ​ឧស្សាហកម្ម ក៏​ផ្តើម​ថយ​ចុះ​ដែរ ទោះបី​ជា​ក្នុង​ខណៈ​នេះ បរិមាណ​របស់​វា​នៅ​មាន​កម្រិត​ខ្ពស់​គ្រាន់​បើ​ក៏​ដោយ។ ទាំងអស់​នេះ រួម​ទាំង​ការ​ចុះ​ថោក​នៃ​តម្លៃ​គ្រឿង​សំណង់ ដូចជា​តម្លៃ​ដែក​ជាដើម សុទ្ធសឹង​ជា​សញ្ញា​មិន​ល្អ សម្រាប់​ប្រទេស​ចិន​ខ្លួន​ឯង និង​សម្រាប់​ពិភពលោក។

ជាការពិត​ណាស់​ដែល​ថា សេដ្ឋកិច្ច​ចិន​នៅ​តែ​ទៅ​មុខ ដ្បិត​កំណើន​របស់​វា​នៅ​តែ​ខ្ពស់ ទោះបី​ជា​នឹង​អាច​ធ្លាក់​ចុះ​ពី​ជាង​១០%​នៅ​ឆ្នាំ​ទៅ​មិញ មក​នៅ​ត្រឹម​តែ​៨,៥%​នៅ​ឆ្នាំ ២០១១​នេះ​ក៏​ដោយ។ ក៏ប៉ុន្តែ សេដ្ឋកិច្ច​ចិន​ក៏​ផ្តើម​ប្រឈម​មុខ​នឹង​គំនរ​បំណុល​មួយ​ចំនួន​ដែល​គេ​ពិបាក​រក​ប្រភព។ ឧទាហរណ៍​ជាក់ស្តែង គេ​ដឹង​ថា​បណ្តា​ខេត្ត​ធំៗ​នៅ​ប៉ែក​ខាង​ត្បូង​ប្រទេស​បាន​ខ្ចី​លុយ​ធនាគារ​នៅ​ឆ្នាំ​២០០៨ ដើម្បី​ជួយ​ទ្រទ្រង់​សកម្មភាព​សេដ្ឋកិច្ច។ តែ​គេ មិន​ស្គាល់​ចំនួន​ពិត​ប្រាកដ​នៃ​ប្រាក់​កម្ចី​ទាំង​នេះ ប្រាក់​កម្ចី​ដែល​គេ​សន្និដ្ឋាន​ថា អាច​កើន​ទៅ​ដល់​២០០ ០០០០​លាន​ដុល្លារ។ នេះ​ជា​គ្រោះថ្នាក់​មួយ​ធំ ប្រសិន​ណា​បើ​ពពុះ​ឥណទាន​និង​ពពុះ​អចលនទ្រព្យ​ដែល​ចេះ​តែ​ប៉ោង​ធំ បែក​ធ្លាយ​នៅ​ថ្ងៃ​ណា​មួយ។

សេដ្ឋកិច្ច​ចិន​ផ្តើម​ថម​ថយ​កម្លាំង…នេះ​ក៏​មិនមែន​ជា​ដំណឹង​ល្អ សម្រាប់​ពិភពលោក​ទេ ជាពិសេស​សម្រាប់​សហរដ្ឋ​អាមេរិក និង​អឺរ៉ុប។ ភាគី​ទាំងពីរ​នេះ ដែល​ជំពាក់​បំណុល​គេ​វ័ណ្ឌ​ក​ ត្រូវ​អនុវត្ត​នយោបាយ​រឹតត្បិត តែ​ក៏​ត្រូវ​ប្រយ័ត្ន​ដែរ ប្រយ័ត្ន​ធ្វើ​យ៉ាង​ណា​កុំ​ឲ្យ​នយោបាយ​រឹតត្បិត​នេះ​សម្លាប់​កំណើន​សេដ្ឋកិច្ច​ដែល​ពួក​ខ្លួន​ត្រូវការ។ អ៊ីចឹង​ហើយ បាន​ជា​មក​ទល់​ពេល​នេះ អាមេរិក និង​អឺរ៉ុប​ចិញ្ចឹម​ក្តី​សង្ឃឹម សង្ឃឹម​ថា​ចិន​អាច​ជួយ​អូស​ទាញ​កំណើន​សេដ្ឋកិច្ច​របស់​ពួក​គេ ដោយសារ​ថា​ទីផ្សារ​ចិន​ធំ និង​ដោយសារ​ថា​រដ្ឋាភិបាល​ចិន កំពុង​បន្ត​ប្រឹងប្រែង​ចាត់​វិធានការ​បង្កើន​តម្រូវការ​នៃ​ទីផ្សារ​ផ្ទៃ​ក្នុង ដើម្បី​ទប់ទល់​នឹង​ការ​ធ្លាក់​ចុះ​ជា​យថាហេតុ​នៃ​ការ​បញ្ជា​ទិញ​ពី​បរទេស។

និយាយ​សរុប​មក​វិញ សេដ្ឋកិច្ច​ដើរ​អូស​ជើង​នៅ​អាមេរិក និង​នៅ​អឺរ៉ុប​ក្នុង​គ្រា​បច្ចុប្បន្ន បាន​និង កំពុង​បន្ត​ជះ​ចំហាយ​តិច​ឬ​ច្រើន ខ្លាំង​ឬ​ខ្សោយ​ទៅ​លើ​ប្រទេស​ចិន។ ទន្ទឹម​នេះ នៅប្រទេស​ចិន​ឯណោះ រដ្ឋាភិបាល​កំពុង​ជំនះ​បញ្ហា​ពីរ​ដំណាល​គ្នា៖ នៅ​ម្ខាង ត្រូវ​ធ្វើ​យ៉ាង ណា​កុំ​ឲ្យ​ពពុះ​សេដ្ឋកិច្ច ជាពិសេស​នៅ​លើ​វិស័យ​អចលនទ្រព្យ​ដែល​កំពុង​ប៉ោង​ធំ​បែក​ធ្លាយ និង​នៅ​ម្ខាង​ទៀត​ត្រូវ​ធ្វើ​យ៉ាង​ណា​កុំ​ឲ្យ​កំណើន​សេដ្ឋកិច្ច​របស់​ប្រទេស​ខ្លួន​និង​របស់​ពិភពលោក​ទាំងមូល​ធ្លាក់​ស្រុត​ចុះ។ បើ​ពុំ​នោះ​សោត​ទេ វិបត្តិ​សេដ្ឋកិច្ច​សកល​នឹង​មក​ដល់​នៅ​ឆ្នាំ​ក្រោយ​២០១២៕
 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI