អានតួអត្ថបទ
កម្ពុជា

សង្គម​ស៊ីវិល​ស្វែង​រក​គន្លឹះ​កសាង​សន្តិភាព​ដាក់​ជូន​គណ​បក្ស​ជាប់​ឆ្នោត​

ក្រុមអ្នកវិភាគនៅក្នុងវេទិកាស្តីពីការកសាងសន្តិភាពប្រកបដោយនិរន្តរភាពនៅកម្ពុជា។
ក្រុមអ្នកវិភាគនៅក្នុងវេទិកាស្តីពីការកសាងសន្តិភាពប្រកបដោយនិរន្តរភាពនៅកម្ពុជា។ RFI/ Seoung Phearak
១៦ នាទី

កម្ពុជា​គ្មាន​សង្គ្រាម​ ប៉ុន្តែ​ក៏​មិន​ទាន់​មាន​សន្តិភាព​ពេញ​លេញ​ដែរ​។ ​នេះ​ជា​ការ​កត់​សម្គាល់​របស់​ក្រុម​អ្នក​វិភាគ​ នៅ​ក្នុង​វេទិកា​ស្តី​ពី​ការ​កសាង​សន្តិភាព​ប្រកប​ដោយ​និរន្តរភាព​នៅ​កម្ពុជា​។ ​វេទិកា​នេះ​បាន​ប្រព្រឹត្ត​ទៅ​ពេញ​មួយ​ថ្ងៃ​ នា​ថ្ងៃ​ទី​២ ​ខែ​កញ្ញា​នេះ ​ក្នុង​ទី​ស្នាក់​ការ​របស់​វិទ្យា​ស្ថាន​សន្តិភាព​កម្ពុជា ​និង​អង្គការ​យុវ​សន្តិភាព​ក្នុង​ទី​ក្រុង​ភ្នំពេញ​។ ​អ្នក​វិភាគ​ និង​ក្រុម​យុវជន​ដែល​បាន​ចូល​រួម​ក្នុង​វេទិកា​នេះ​ព្យា​យាម​ស្វែង​រក​គន្លឹះ​កសាង​សន្តិភាព​ដើម្បី​ដាក់​ជូន​គណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ​។

ផ្សាយពាណិជ្ជកម្ម

អ្នក​ចូល​រួម​ប្រមាណ​ជា ​១០០​នាក់​ដែល​ភាគ​ច្រើន​ជា​យុវជន​បាន​ជួប​ជុំ​គ្នា​ក្នុង​គោល​បំណង​ជជែក​ពិភា​ក្សា​ពី​បញ្ហា​សន្តិ​ភាព​នៅ​កម្ពុជា​។​ ទំនាស់​ដី​ធ្លី ​បញ្ហា​សេរីភាព​បញ្ចេញ​មតិ​ អំពើ​ពុក​រលួយ​ អយុតិធម៌​សង្គម ដែល​ពល​រដ្ឋ​ជា​ច្រើន​បាន​ជួប​ប្រទះ​ត្រូវ​បាន​វា​គ្មិន​នា​នា​ចាត់​ទុក​ថា​គឺ​ជា​ដើម​ហេតុ​បណ្តាល​ឲ្យ​សន្តិភាព​នៅ​កម្ពុជា​មិន​ទាន់​មាន​ស្ថិរ​ភាព​គ្រប់​គ្រាន់​នៅ​ឡើយ​។

លោក​សុខ​ ទូច​ អ្នក​វិ​ភាគ​ និង​ជា​វា​គ្មិន​ក្នុង​វេទិកា​នោះ ​បាន​ថ្លែង​ថា ក្រៅ​ពី​មូល​ហេតុ​ដែល​បាន​លើក​ឡើង​ខាង​ដើម​ កង្វះ​ចំ​ណេះ​ដឹង​របស់​មេ​ដឹក​នាំ​ក៏​ជា​មូល​ហេតុ​ចម្បង​មួយ​ផង​ដែរ​។ ដោយ​សារ​តែ​បញ្ហា​នេះ​ហើយ​ទើប​សន្តិភាព​របស់​កម្ពុជា​បាត់​បង់​ទៅ​វិញ​ក្រោយ​ទសវត្សរ៍​ឆ្នាំ​៦០​។ លោក​បន្ត​ថា​ ចំណេះ​ដឹង​របស់​មេ​ដឹក​នាំ​សំ​ខាន់​ណាស់​ តែ​ទន្ទឹម​នឹង​នោះ​ប្រជា​ពលរដ្ឋ​ក៏​ត្រូវ​មាន​ចំណេះ​ដឹង​គ្រប់​គ្រាន់​ដែរ​ទើប​សង្គម​មួយ​អាច​ស្វែង​រក​សន្តិភាព​បាន​ពិត​ប្រាកដ​។

លោក ​ឡុង ​ខែត ​នាយក​ប្រតិបត្តិ​នៃ​អង្គ​ការ​យុវ​សន្តិភាព ​បាន​ថ្លែង​ផង​ដែរ​ថា ​សន្តិភាព​មិន​មែន​មាន​ន័យ​ថា ​ជា​ការ​គ្មាន​សង្គ្រាម​នោះ​ឡើយ​។ ​ដូច្នេះ ​ការ​សម្រេច​ទិស​ដៅ​ទៅ​រក​សន្តិភាព​ពិតប្រាកដ​កំ​ពុង​ស្ថិត​នៅ​លើ​ផ្លូវ​វែង​ឆ្ងាយ​មួយ​សម្រាប់​ប្រ​ទេស​កម្ពុជា​។ ​ចំណែក​លោក ​ឡៅ ​ម៉ុងហៃ ​អ្នក​វិ​ភាគ​សង្គម​និង​នយោ​បាយ​ក៏​បាន​កត់​សម្គាល់​ដែរ​ថា​ ពល​រដ្ឋ​ដែល​រស់​ក្នុង​សន្តិភាព​តែ​គ្មាន​សេរីភាព​គឺ​មាន​ន័យ​ស្មើ​នឹង​ទាសករ​។

យ៉ាង​ណា​ក៏​ដោយ ​លោក​សុខ​ ទូច​ បញ្ជាក់​ថា ​បើ​ប្រៀប​ធៀប​នឹង​ប្រ​ទេស​ជិត​ខាង​ កម្ពុជា​ជា​ប្រទេស​ដែល​មាន​សន្តិភាព​គួរ​សម​។ ​ជាក់​ស្តែង​ កម្ពុជា​មិន​ទាន់​មាន​វិបត្តិ​នយោបាយ​ធ្ងន់​ធ្ងរ​ដូច​ប្រទេស​ជិត​ខាង​នោះ​ទេ​។ លោក​ផ្តល់​យោបល់​ថា ​ដើ​ម្បី​ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា​ទទួល​បាន​សន្តិ​ភាព​ពេញ​លេញ ​លុះ​ត្រា​តែ​តំ​ណាង​រាស្ត្រ​បច្ចុប្បន្ន​ មិន​នៅ​ក្រោម​ការ​គ្រប់​គ្រង​របស់​ប្រ​ធាន​គណបក្ស​ មនុស្ស​គ្រប់​គ្នា​មិន​ថា​អ្នក​មាន​ឬ​អ្នក​ក្រ​ត្រូវ​ស្ថិត​នៅ​ក្រោម​ច្បាប់​តែ​មួយ ​ហើយ​ច្បាប់​មិន​ត្រូវ​ស្ថិត​នៅ​លើ​មាត់​អ្នក​មាន​អំ​ណាច​នោះ​ទេ​។

គួរ​បញ្ជាក់​ដែរ​ថា ​វេទិកា​ពិ​ភាក្សា​នេះ​មាន​គោល​ដៅ​ប្រ​មូល​និង​ចង​ក្រង​គំ​និត​របស់​អ្នក​ចូល​រួម​ទាំង​អស់​ដើ​ម្បី​ដាក់​បញ្ចូល​នៅ​ក្នុង​ញត្តិ​មួយ​។​ ញត្តិ​នោះ​នឹង​ត្រូវ​ផ្ញើរ​ទៅ​កាន់​គណ​បក្ស​ជាប់​ឆ្នោត​ទាំង​ពីរ និង​ទៅ​រដ្ឋ​សភា​ដើ​ម្បី​ជា​ជំ​នួយ​ស្មារតី​ក្នុង​ការ​កសាង​វប្បធម៌​សន្តិភាព​ប្រកប​ដោយ​និរន្តរ​ភាព​នៅ​កម្ពុជា​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ