ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

អតីត​នាយករដ្ឋមន្រ្តី​អ៊ីតាលី Berlusconi ទទួល​ទោស​ជាប់​គុក ៧ឆ្នំា ក្នុង​រឿងអាស្រូវ​ស្រីញី

សំឡេង ០៦:០៣
អតីត​នាយករដ្ឋមន្រ្តី​អ៊ីតាលី Berlusconi
អតីត​នាយករដ្ឋមន្រ្តី​អ៊ីតាលី Berlusconi REUTERS/Remo Casilli

នៅ​ថ្ងៃ​ចន្ទ ទី២៤ មិថុនា លោក Silvio Berlusconi អតីត​នាយករដ្ឋមន្រ្តី​អ៊ីតាលី និង​ជា​ប្រធាន​គណបក្ស​សេរីភាព​ប្រជាជន​ដែល​កំពុង​ស្ថិត​ក្នុង​រដ្ឋាភិបាលចម្រុះ​សព្វ​ថ្ងៃ ត្រូវ​បាន​តុលាការ​ទីក្រុង​មីឡង់​កាត់​ទោស​ដាក់​ក្នុង​ពន្ធនាគារ​ចំនួន ៧ឆ្នំា និង​ហាម​មិន​ឲ្យ​បំពេញ​ការងារ​ក្នុង​វិស័យ​សាធារណៈ​អស់​មួយ​ជីវិត។ លោក Berlusconi បាន​ជាប់ចោទ​ពី​បទ​ពេស្យាចារ​លើ​នារី​មិន​ទាន់​គ្រប់​អាយុ និង​ការ​ប្រើអំណាច​ខុសច្បាប់។ លោក Berlusconi បាន​ចាត់​ទុក​ការ​សម្រេចចិត្ត​របស់​តុលាការ​ថា មិន​យុត្តិធម៌ និង​ត្រៀម​ខ្លួន​ប្តឹង​ឧទ្ធរណ៍។

ផ្សាយពាណិជ្ជកម្ម

 

រឿងរ៉ាវ​ដែល​នំា​ឲ្យ​មាន​ការ​កាត់ទោស​លោក​អតីត​ប្រមុខ​រដ្ឋាភិបាល​អ៊ីតាលី Berlusconi បាន​ចាប់​ផ្តើម​នៅ​ក្នុង​ពិធី​ជប់លៀង​ស៊ីផឹក​មួយ​ដែល​រៀបចំ​ឡើង​នៅ​ក្នុង​គេហដ្ឋាន​ដ៏​ប្រណិត​របស់​លោក Berlusconi ក្នុង​ស្រុក Arcore ក្បែរ​ទីក្រុង​មីឡង់ កាល​ពី​និទាឃរដូវ ឆ្នំា ២០១០។ ពិធី​ជប់លៀង​ដែល​មាន​ការ​ចូល​រួម​ដោយ​នារី​ពេស្យាចារ​ស្អាតៗ​ជា​ច្រើន​រូប ក្នុង​នោះ ក៏​មាន​នារីស្អាត​ជាតិ​ម៉ារ៉ុក​ម្នាក់​ឈ្មោះ Karima El Mahroug ដែល​ហៅ​ក្រៅ​ថា Ruby។ Ruby ដែល​កាល​ណោះ ទើប​តែ​មាន​អាយុ ១៧ឆ្នំា និង​ដែល​ប្រហែល​ជា​លោក Berlusconi មាន​ទំនាក់​ទំនង​ផ្លូវភេទ​ជាមួយ។ ម្យ៉ាង​ទៀត នារី Ruby ក៏​ធ្លាប់​បាន​ចូលរួម​នៅ​ក្នុង​ពិធី​ផ្សេងៗ​ជាមួយ​លោក Berluscni ច្រើន​ដង​ដែរ។ តែ​លោក Berlusconi តែង​តែ​បាន​អះអាង​ថា លោក​មិន​បាន​ដឹង​ថា នារី Ruby ទើប​តែ​មាន​អាយុ ១៧ឆ្នំា​ទេ នៅ​ពេល​នោះ។

រឿង​មួយ​ទៀត គឺ​ទាក់ទង​នឹង​ការ​ចាប់​ខ្លួន​នារី Ruby ដោយ​ប៉ូលីស​ក្រុង​មីឡង់​ពី​បទ​បាន​លួច​អីវ៉ាន់​បន្តិចបន្តួច។ នៅ​ពេល​ដឹង​រឿង​នោះ​ភ្លាម លោក Berlusconi ក្នុង​នាម​ជា​នាយករដ្ឋមន្រ្តី​ក៏​បាន​ចេញ​មុខ​អន្តរាគមន៍​ដោយ​បាន​ទូរស័ព្ទ​ឲ្យ​មេប៉ូលីស​ទីក្រុង​មីឡង់​ចំនួន ៧ដង សុំ​ឲ្យ​ដោះលែង​នារី Ruby ដោយ​លោក Berlusconi បាន​ប្រាប់​រូប​មេប៉ូលីស​នោះ​ថា នារី Ruby ជា​កូនស្រី​របស់​លោក​ប្រធានាធិបតី​នៃ​ប្រទេស​អេហ្ស៊ីប Hosni Moubarak។

ផ្តើម​ចេញ​ពី​រឿងរ៉ាវ​ទំាង​អស់​នេះ តុលាការ​ក្រុង​មីឡង់​ក៏​បាន​ផ្តើម​បើក​សវនាការ​កាត់ទោស​លោក Berlusconi ក្នុង​ខែ​មេសា ឆ្នំា ២០១១។ នៅ​ថ្ងៃ​ចន្ទ ទី២៤ មិថុនា​ម្សិលមិញ តុលាការ​ក៏​បាន​សម្រេច​កាត់​ទោស​លោក Berlusconi ដែល​មាន​អាយុ ៧៦ឆ្នំា​ឲ្យ​ជាប់​គុក​ចំនួន ៧ឆ្នំា និង​ហាម​មិន​ឲ្យ​បំពេញ​ការងារ​ក្នុង​វិស័យ​សាធារណៈ​អស់​មួយ​ជីវិត ពី​បទ​មាន​ទំនាក់ទំនង​ផ្លូវភេទ​ជាមួយ​ក្មេងស្រី​មិន​ទាន់​គ្រប់​អាយុ និង​ការ​ប្រើអំណាច​ខុសច្បាប់។ ភ្លាមៗ​នៅ​ក្រោយ​ការ​ប្រកាស​សាលក្រម លោក Berlusconi បាន​ចាត់​ទុក​សេចក្តីសម្រេច​នោះ​ថា មិន​យុត្តិធម៌ និង​ថា​មាន​បំណង​ចង់​កំចាត់​លោក​ចេញ​ពី​ឆាក​នយោបាយ​អ៊ីតាលី។

អ៊ីតាលី​នឹង​ធ្លាក់​ក្នុង​វិបត្តិនយោបាយ​ជា​ថ្មី ?

រដ្ឋាភិបាល​សព្វថ្ងៃ​​របស់​លោក​នាយករដ្ឋមន្រ្តី Enrico Letta ដែល​ទើប​បង្កើត​បាន​ក្នុង​ខែ​មេសា​កន្លង​ទៅ​ថ្មីៗ​នេះ ជា​រដ្ឋាភិបាលចម្រុះ​ចូលរួម​ដោយ​គណបក្ស​ប្រជាធិបតេយ្យ និង​គណបក្ស​សេរីភាព​ប្រជាជន​របស់​លោក Berlusconi។ ត្រង់​ចំណុច​នេះ មាន​អ្នក​ខ្លះ​បាន​មើល​ឃើញ​ថា សាលក្រម​ប្រឆំាង​លោក Berlusconi នឹង​បង្ក​ឲ្យ​មាន​ភាព​តានតឹង​យ៉ាង​ខ្លំាង​នៅ​ក្នុង​រដ្ឋាភិបាលចម្រុះ។ រដ្ឋាភិបាល​ចម្រុះ​ដែល​កំពុង​ផុយស្រួច​ស្រាប់​ដោយសារ​តែ​មាន​ការ​និយាយ​មិន​ចុះ​សម្រុង​គ្នា​ជុំវិញ​បញ្ហា​ពន្ធដារ។

វិបត្តិនយោបាយ​នឹង​ចៀស​មិនរួច នៅ​ពេល​ណា​ដែល​ក្រុមសកម្មជន​របស់​គណបក្ស​សេរីភាព​ប្រជាជន​ទំាង​អស់​ងាក​មក​គំាទ្រ និង​រួម​សាមគ្គី​គ្នា​នៅ​ពី​ក្រោយ​លោក Berlusconi។ សំខាន់​ជាង​គេ គឺ​តំណាងរាស្រ្ត និង​សមាជិក​ក្នុង​រដ្ឋាភិបាលចម្រុះ​មក​ពី​គណបក្ស​របស់​លោក Berlusconi។ បើ​ពួក​គេ​ទំាង​អស់​គ្នា​នំា​គ្នា​ដក​សេចក្តីទុកចិត្ត​ពី​រដ្ឋាភិបាលចម្រុះ នោះ​រដ្ឋាភិបាលចម្រុះ​របស់​លោក Enrico Letta នឹង​ដួលរលំ​ដោយ​ស្វ័យប្រវត្តិ នេះ​ពិត​ជា​សេណារីយ៉ូ​ដ៏​គ្រោះថា្នក់​មួយ​សម្រាប់​ជីវិត​នយោបាយ​របស់​ប្រទេស​អ៊ីតាលី។

លោក Berlusconi មិនគួរភ្ជាប់រឿងផ្ទាល់ខ្លួនទៅនឹងរឿងនយោបាយ

អ្វីៗ​វា​ហាក់​ដូច​ជា​បាន​អាស្រ័យ​សឹង​តែ​ទំាង​ស្រុង​លើ​ការ​សម្រេច​ចិត្ត​របស់​លោក Berlusconi ផ្ទាល់ខ្លួន។ លោក​អាច​នឹង​មិន​ភ្ជាប់​រឿង​ផ្ទាល់ខ្លួន ទៅ​នឹង​រឿង​នយោបាយ​របស់​ប្រទេស។ តែ​ផ្ទុយ​ទៅ​វិញ លោក​អាច​អំពាវនាវ​ឲ្យ​សមាជិក​របស់​គណបក្ស​សេរីភាព​ប្រជាជន​ដក​ខ្លួន​ចេញ​ពី​រដ្ឋាភិបាល​ចម្រុះ​របស់​លោក Enrico Letta។ តែ​ការ​ធ្វើ​យ៉ាង​នេះ ជា​រឿង​មួយ​គ្រោះថ្នាក់​សម្រាប់​ខ្លួន​លោក ក៏​ដូច​ជា​គណបក្ស​របស់​លោក​ដែរ ព្រោះ​សូម​ជម្រាប​ជូន​ថា រដ្ឋាភិបាលចម្រុះ​សព្វថ្ងៃ​ដែល​ដឹក​នំា​រួម​គ្នា​ដោយ​គណបក្ស​ប្រជាធិបតេយ្យ និង​គណបក្ស​សេរីភាព​ប្រជាជន​របស់​លោក Berlusconi កំពុង​មាន​រូបភាព​ល្អ និង​ទទួល​បាន​ការ​កោត​សរសើរ​ខ្លំាង​ពី​ប្រជាជន​អ៊ីតាលី​ទូទៅ។ រីឯ​រូប​លោក​ប្រមុខ​រដ្ឋាភិបាល​ក៏​ជា​មនុស្ស​ដែល​មាន​សមត្ថភាព​ខ្ពស់ និង​ទទួល​បាន​ការ​គោរព។

អ៊ីចឹង​ហើយ​បាន​ជា​មាន​ការ​ទូន្មាន​ថា យក​ល្អ លោក Berlusconi គួរ​តែ​ស្វែង​រក​ដំណោះស្រាយ​អ្វី​ផ្សេង​សម្រាប់​ខ្លួន​ឯង ដូច​យ៉ាង​ទៅ​ចរចា​ជាមួយ​លោក​នាយករដ្ឋមន្រ្តី ឬ​មួយ​ក៏​លោក​ប្រធានាធិបតី​ដើម្បី​រក​ច្រក​ចេញ​ដោយ​សម្រួល។ តែ​នៅ​ពេល​នេះ លោក Berlusconi បាន​ប្រឆំាង​នឹង​សាលក្រម និង​ត្រៀមខ្លួន​ប្តឹងឧទ្ធរណ៍​ដែល​ជា​វិធានការ​មួយ​ដែល​លោក​ធ្លាប់​ទទួល​បាន​ជោគជ័យ​ជានិច្ច តំាង​ពី​ដើម​មក។

គួរ​ជម្រាប​ជូន​ថា តំាង​ពី​បាន​ចូល​ប្រឡូក​ក្នុង​ឆាកនយោបាយ​ក្នុង​ឆ្នំា ១៩៩៤ មក​ដល់​សព្វ​ថ្ងៃ លោក Berlusconi បាន​ជាប់ជំពាក់វាក់វិន​ជាមួយ​តុលាការ​ក្នុង​រឿង​អាស្រូវ​ផ្សេងៗ​ដែល​លោក​បាន​ទទួល​ទោស​ជាប់​ពន្ធនាគារ​សរុប ១១ឆ្នំា និង ៥ខែ។ តែ​នៅ​ទីបំផុត លោក​តែងតែ​បាន​រួច​ខ្លួន ដោយ​មិន​ដែល​បាន​ដេក​ក្នុង​គុក សូម្បី​តែ​មួយ​ម៉ោង ក៏​គ្មាន​ដែរ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI