មេដឹកនាំភូមាចេញមុខការពារព្រះសង្ឃដែលប្រឆាំងនឹងសហគមន៍អ៊ីស្លាម
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ប្រជាជនភូមាបាននាំគ្នាបញ្ចេញប្រតិកម្មទាំងកំហឹង តបទៅនឹងការចុះផ្សាយរបស់ទស្សវនាដ្តីអាមេរិក ឈ្មោះ “Time Magazine” ដែលបានរិះគន់ធ្ងន់ៗ ចំពោះព្រះសង្ឃភូមាមួយអង្គថាជាសកម្មជនដឹកនាំចលនាប្រឆាំងនឹងសហគមន៍អ្នកកាន់សាសនាអ៊ីស្លាម។ លោកថេន សេន ប្រធានាធិបតីភូមា ក៏បានចេញមុខការពារព្រះសង្ឃអង្គនេះ និងបានរិះគន់ការចុះផ្សាយរបស់ទស្សវនាដ្តីអាមេរិកនេះដែរ។
« The Face of Buddhist Terror » (មានន័យថា “មុខមាត់នៃភេរវកម្មពុទ្ធសាសនា”) គឺជាចំណងជើងធំៗ នៅលើទំព័រមុខរបស់ទស្សវនាដ្តី Time Magazine ចុះផ្សាយ នៅក្នុងសប្តាហ៍នេះ ដោយអមជាមួយនឹងរូបថតយ៉ាងធំពេញមួយទំព័រ របស់ព្រះសង្ឃ អាស្ហ៊ីន វីរ៉ាធុ (Ashin Wirathu)។ ការចុះផ្សាយ ដែលបានធ្វើឲ្យបណ្តាជនភូមាស្ទើរគ្រប់ស្រទាប់ ផ្ទុះកំហឹង។
ញត្តិមួយត្រូវបានបង្កើតឡើង នៅលើប្រព័ន្ធអ៊ីនធ័រនែត កាលពីចុងសប្តាហ៍កន្លងទៅនេះ ដើម្បីថ្កោលទោសចំពោះការចុះផ្សាយរបស់ទស្សវនាដ្តី Time ដែលពួកគេចាត់ទុកថា ជាការប្រមាថដល់ពុទ្ធសាសនា។ រហូតមកទល់នឹងថ្ងៃចន្ទ ញត្តិនេះ មានអ្នកចុះហត្ថលេខាគាំទ្ររហូតដល់ទៅ ប្រមាណជាជិត ៤ម៉ឺននាក់។ អ្វីដែលនាំឲ្យប្រជាជនភូមាផ្ទុះកំហឹងខ្លាំងបំផុត គឺការប្រើពាក្យថា “ភេរវកម្មពុទ្ធសាសនា”។
កាលពីល្ងាចថ្ងៃអាទិត្យ លោកថេន សេន ប្រធានាធិបតីភូមា ក៏បានចេញសេចក្តីថ្លែងការណ៍រិះគន់ការចុះផ្សាយនេះដែរ ដោយបានសង្កត់ធ្ងន់ថា ព្រះសង្ឃ គឺជាអ្នកដែលទទួលបាននូវការគោរពយ៉ាងខ្ពង់ខ្ពស់បំផុត ពីសំណាក់អ្នកកាន់ពុទ្ធសាសនា។ លោកថេន សេន ក៏បានលើកឡើងផងដែរថា ការចុះផ្សាយប្រមាថព្រះសង្ឃ ដោយទស្សវនាដ្តីអាមេរិកនេះអាចនឹងបង្កជាឧបសគ្គ ក្នុងការផ្សះផ្សា និងការស្តារទំនុកចិត្តគ្នាឡើងវិញ រវាងអ្នកកាន់សាសនាផ្សេងៗគ្នា នៅភូមា។
ព្រះសង្ឃ អាស្ហ៊ីន វីរ៉ាធុ ដែលត្រូវបានទស្សនាវដ្តី Time ហៅថា ជាមេដឹកនាំក្រុមជ្រុលនិយម ត្រូវទទួលរងនូវការចោទប្រកាន់ថា ជាអ្នកញុះញង់បង្កឲ្យមានគំនិត និងចលនាប្រឆាំងនឹងអ្នកកាន់សាសនាអ៊ីស្លាម ដែលជាសហគមន៍ភាគតិច នៅភូមា។
ព្រះតេជព្រះគុណវីរ៉ាធុ ដែលមានព្រះជន្ម ៤៥ព្រះវស្សា និងមានទីសំណាក់ នៅក្នុងទីក្រុង Mandalay ធ្លាប់មានជាប់រឿងចម្រូងចម្រាសជាច្រើនរួចមកហើយ ទាក់ទងនឹងការញុះញង់ឲ្យស្អប់អ្នកកាន់សាសនាអ៊ីស្លាមនៅភូមានេះ។ កាលពីឆ្នាំ២០០៣ ព្រះអង្គត្រូវបានតុលាការភូមាកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល ២៥ឆ្នាំ ពីបទញុះញង់ឲ្យស្អប់អ្នកកាន់សាសនាអ៊ីស្លាមនេះ ក៏ប៉ុន្តែ ព្រះអង្គត្រូវបានដោះលែងពីពន្ធនាគារវិញ កាលពីឆ្នាំ២០១២កន្លងទៅ រួមជាមួយនឹងអ្នកទោសផ្សេងទៀត ដែលទទួលបាននូវការលើកលែងទោសពីរដ្ឋាភិបាលភូមា។
នៅក្នុងពេលដែលមានផ្ទុះអំពើហិង្សា រវាងអ្នកកាន់ពុទ្ធសាសនា និងសហគមន៍អ្នកកាន់សាសនាអ៊ីស្លាម នៅរដ្ឋអារ៉ាកាន់ កាលពីឆ្នាំ២០១២ ព្រះតេជព្រះគុណ វីរ៉ាធុ បានចេញមុខដឹកនាំបាតុកម្មគាំទ្រអ្នកកាន់ពុទ្ធសាសនា។ កាលពីខែកុម្ភ ដើមឆ្នាំ២០១៣នេះ ព្រះអង្គបានបង្កើតចលនាមួយ ឈ្មោះថា “ចលនា ៩៦៩” ដោយអំពាវនាវឲ្យអ្នកកាន់ពុទ្ធសាសនាទាំងអស់ធ្វើពហិកា ឈប់ចូលទិញឥវ៉ាន់ក្នុងហាងរបស់អ្នកកាន់សាសនាអ៊ីស្លាម។
កាលពីពេលថ្មីៗនេះទៀត ព្រះសង្ឃ វីរ៉ាធុ បានបង្កើតយុទ្ធនាការមួយទៀត ដើម្បីទាមទារឲ្យសភាភូមាអនុម័តច្បាប់ថ្មីមួយ ដើម្បីគ្រប់គ្រងការរៀបអាពាហ៍ពិពាហ៍រវាងស្រ្តីអ្នកកាន់ពុទ្ធសាសនា និងបុរសអ្នកកាន់សាសនាអ៊ីស្លាម។ សេចក្តីព្រាងច្បាប់ថ្មី ដែលតម្រូវឲ្យស្រ្តីអ្នកកាន់ពុទ្ធសាសនាសុំការអនុញ្ញាតពីឪពុកម្តាយជាមុនទើបអាចរៀបការជាមួយបុរសអ្នកកាន់សាសនាអ៊ីស្លាមបាន ហើយបុរសនេះ ចាំបាច់ត្រូវតែបោះបង់សាសនាអ៊ីស្លាមចោល ហើយងាកមកកាន់ពុទ្ធសាសនាវិញ ទើបអាចរៀបការបាន។
សេចក្តីព្រាងច្បាប់នេះ ត្រូវបានទទួលនូវការរិះគន់ ពីសំណាក់លោកស្រី អ៊ុង សានស៊ូជី ប្រមុខដឹកនាំប្រឆាំងភូមា ដោយលោកស្រីចាត់ទុកថា វាគឺជាច្បាប់ ដែលមានការរើសអើង និងរំលោភសិទ្ធិមនុស្ស។
គួរបញ្ជាក់ឡើងវិញថា ចាប់តាំងពីឆ្នាំ២០១២មក អំពើហិង្សា រវាងអ្នកកាន់ពុទ្ធសាសនា និងសហគមន៍អ្នកកាន់សាសនាអ៊ីស្លាម នៅភូមា បានបណ្តាលឲ្យមនុស្សស្លាប់សរុប យ៉ាងតិច ១៦៧នាក់ និងមនុស្សប្រមាណជាង ១២ម៉ឺននាក់ត្រូវបង្ខំចិត្តរត់ភៀសខ្លួនចេញពីផ្ទះសម្បែង។
អំពើហិង្សារវាងសហគមន៍ជនជាតិ និងសាសនាផ្សេងៗគ្នា នៅភូមា គឺជាបញ្ហាប្រឈមដ៏ចម្បងបំផុតរបស់លោក ថេន សេន ដែលតាំងពីបានឡើងកាន់តំណែងជាប្រធានាធិបតីភូមា កាលពីខែមីនា ឆ្នាំ២០១១មក បានព្យាយាមធ្វើកំណែទម្រង់ទាំងខាងនយោបាយ និងសេដ្ឋកិច្ច ដើម្បីនាំភូមាចេញពីភាពឯកោក្នុងឆាកអន្តរជាតិ។ កំណែទម្រង់ទាំងអស់នេះ បានធ្វើឲ្យសហគមន៍អន្តរជាតិដក ឬព្យួរទណ្ឌកម្មលើភូមា ក៏ប៉ុន្តែ បញ្ហាជម្លោះជាតិសាសន៍កំពុងតែធ្វើឲ្យរដ្ឋាភិបាលរបស់លោកថេន សេន ត្រូវទទួលរងនូវការរិះគន់យ៉ាងខ្លាំងក្លា ជាពិសេស ពីសំណាក់សកម្មជន និងអង្គការសិទ្ធិមនុស្សអន្តរជាតិ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ