អង់គ្លេស៖ប៉ូលិសទទួលស្គាល់ថា ការគំរាមកំហែងភេរវកម្មកើនឡើងនៅអង់គ្លេស
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ថ្ងៃសុក្រនេះ ប៉ូលិសអង់គ្លេសបានទទួលស្គាល់ថា ការគំរាមកំហែងភេរវកម្មមានការកើនឡើង ក្នុងប្រទេសអង់គ្លេស។ តាំងពីមានភេរវកម្មនៅមុខសភា ក្នុងក្រុងឡុងដ៍ ២២មីនាមក ប៉ូលិសបានចាប់ខ្លួនមនុស្ស ស្ទើរតែរាល់ថ្ងៃ។ ថ្ងៃព្រហស្បតិ៍កន្លងទៅ ប៉ូលិសបានបើកប្រតិបត្តិការពិសេស ចាប់ខ្លួនមនុស្ស៦នាក់ សុទ្ធតែជាប់សង្ស័យធ្វើសកម្មភាពភេរវកម្ម។
ថ្ងៃព្រហស្បតិ៍កន្លងទៅ បុរសគួរសង្ស័យម្នាក់អាយុ២៧ឆ្នាំ មានកាំបិតជាច្រើនក្នុងខ្លួន ត្រូវបានប៉ូលិសចាប់ខ្លួននៅជិតសភា ក្នុងក្រុងឡុងដ៍។ យោងតាមសារព័ត៌មានអង់គ្លេស បុរសនេះស្ថិតក្រោមការឃ្លាំមើលរបស់ប៉ូលិសច្រើនសប្តាហ៍ហើយ ព្រោះក្រុមគ្រួសារគាត់បានសង្ស័យនិងបានជូនដំណឹងទៅប៉ូលិស ហេតុនេះហើយទើបប៉ូលិសមិនពិបាកចាប់ខ្លួនគាត់។
ថ្ងៃព្រហស្បតិ៍២៧មេសាដដែល ប៉ូលិសបានបើកប្រតិបត្តិការចាប់ខ្លួនមនុស្ស៦នាក់ នៅផ្ទះមួយកន្លែង ក្នុងភាគពាយព្យក្រុងឡុងដ៍ និងនៅស្រុកKent ភាគអាគ្នេយ៍អង់គ្លេស។ មាននារីអាយុជាង២០ឆ្នាំម្នាក់ បានរងរបួសធ្ងន់ដោយគ្រាប់កាំភ្លើងប៉ូលិស ក្នុងប្រតិបត្តិការនេះ។ ស្ត្រីរូបនេះកំពុងទទួលការព្យាបាលនៅមន្ទីរពេទ្យ និងស្ថិតក្រោមការឃ្លាំពិនិត្យរបស់ប៉ូលិស។
ប៉ូលិសប្រឆាំងភេរវកម្មអង់គ្លេសលើកឡើងថា ផ្ទះនៅភាគពាយព្យក្រុងឡុងដ៍នេះ ស្ថិតក្រោមការត្រួតពិនិត្យ ក្នុងក្របខណ្ឌការស៊ើបអង្កេតភេរវកម្ម។ អ្នកជិតខាងម្នាក់ប្រាប់ថា ប៉ូលិសបានបង្ក្រាបស្ត្រីម្នាក់រុំស្បៃមុខខ្មៅ មានរុំបង់ដៃនិងនៅពោះ ហើយក្រុមគ្រួសារដែលរស់ក្នុងផ្ទះនោះ មានដើមកំណើតមកពីប្រទេសសូម៉ាលី។
ប៉ូលិសអង់គ្លេសបានទទួលស្គាល់ថា ការគំរាមភេរវកម្មក្នុងស្រុកមានការកើនឡើង និងបានសុំអោយប្រជាជនធ្វើការប្រុងប្រយ័ត្ន។ គួររំលឹកឡើងវិញថា ភេរវកម្មនៅជិតសភាក្រុងឡុងដ៍ កាលពីថ្ងៃ២២មីនា បានធ្វើអោយមនុស្សស្លាប់៥នាក់។ ភេរវជនជាពលរដ្ឋអង់គ្លេស បានបើកឡានទៅបុកហ្វូងមនុស្សនៅស្ពាន Westminster មុននឹងដកកាំបិតចាក់សម្លាប់ប៉ូលិសម្នាក់នៅមុខសភា។ ប៉ូលិសបានបាញ់សម្លាប់ភេរវជនរូបនេះនៅនឹងកន្លែង។ ក្រោយភេរវកម្មនេះ មនុស្ស១២នាក់ត្រូវបានចាប់ខ្លួន ប៉ុន្តែក្រោយមក ក៏ត្រូវបានប៉ូលិសលែងអោយរួចខ្លួនវិញទាំងអស់៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ