ជនបរទេស២នាក់តវ៉ាដើម្បីជីវិតសត្វមាន់ត្រូវបានចាប់ខ្លួន
ចុះផ្សាយនៅថ្ងៃ៖
សមត្ថកិច្ចខណ្ឌដូនពេញបានឃាត់ខ្លួនសកម្មជនបរទេសពីរនាក់កាលពីវេលាថ្ងៃត្រង់ ថ្ងៃចន្ទនេះ នៅពេលដែលពួកគេកំពុងធ្វើសកម្មភាពតវ៉ាដើម្បីអាយុជីវិតសត្វមាន់។ ការតវ៉ាត្រូវបានធ្វើប្រឆាំងនឹងក្រុមហ៊ុន KFC ជាចំហតែម្តង។ សកម្មជនប្រុសស្រីពីរនាក់នេះធ្វើការអោយអង្គការការពារសត្វឈ្មោះ PETA។
ម៉ោងប្រមាណ១២ថ្ងៃត្រង់ នៅពេលដែលមានមនុស្សច្រើនចេញចូលបរិភោគអាហារនៅក្នុងហាង KFC សាខាមុខវិទ្យាល័យចតុមុខ ក្នុងខណ្ឌដូនពេញ ការភ្ញាក់ផ្អើលមួយក៏កើតមានឡើងដែរនៅមុខហាងនេះ។ ជនបរទេសប្រុសស្រី២នាក់បានចូលក្នុងទ្រុងដែកមួយដែលត្បាញជាសំណាញ់រាងការ៉េ មានព្យួរបដា ដែលសរសេរថា KFC ធ្វើទារុណកម្មលើសត្វមាន់ ត្រូវបដិសេធការបរិភោគនៅ KFC ជាដើម។
ការតវ៉ានោះបានកើតឡើងតែមួយរយៈខ្លីតែប៉ុណ្ណោះ មុននឹងអាជ្ញាធរមូលដ្ឋានបាននាំខ្លួនពួកគេចេញទៅ។ តាមពិត ជនបរទេសប្រុសស្រី២នាក់នេះ ជាបុគ្គលិកអង្គការអន្តរជាតិមួយឈ្មោះ PETA ដែលជាអង្គការធ្វើការងារលើកស្ទួយការគោរពជីវិតរបស់សត្វ។
អ្នកទាំងពីរនាក់បានបង្ហាញការតវ៉ានេះ ដើម្បីអំពាវនាវកុំអោយមានការសម្លាប់សត្វមាន់។ និយាយចេញពីក្នុងទ្រុងទៅកាន់អ្នកកាសែត និងមានមនុស្សម្នាចោមរោមមើលផងនោះ បុរសជនបរទេស ដែលអះអាងថាជានាយកអង្គការ PETA ប្រចាំនៅអាស៊ីបាននិយាយថា សត្វមាន់ដែលគេយកកាត់ទោសសម្រាប់បម្រើដល់ក្រុមហ៊ុននោះ មានជោគវាសនាអាក្រក់ជាងស្លាប់ទៅទៀត។ លោករៀបរាប់ថា សត្វមាន់ត្រូវបានគេធ្វើទារុណកម្មគ្រប់នាទី។ លោកបានអំពាវនាវដល់ប្រជាពលរដ្ឋអោយឈប់បរិភោគអាហារនៅ KFC ប្រសិនបើពួកគេចង់ចូលរួមបញ្ចប់រូបភាពនៃការឈឺចាប់ទាំងនេះ។
អាចនិយាយបានថា នេះគឺជាលើកដំបូងនៅប្រទេសកម្ពុជាដែលមានការតវ៉ាប្រឆាំងហាងចំណីអាហារ ដើម្បីជីវិតសត្វយ៉ាងដូច្នេះ។ កន្លងមកមានដែរ ការអំពាវនាវ និងការចាត់វិធានការទប់ស្កាត់ការបរបាញ់ និងបរិភោគសត្វព្រៃ។ នោះគឺដើម្បីការអភិរក្ស។ ប៉ុន្តែ វាមិនដែលធ្លាប់មានទេ ការតវ៉ាប្រឆាំងការសម្លាប់សត្វមាន់ ដែលមនុស្សបរិភោគជាទូទៅទៅហើយនោះ។
អង្គការ PETA ត្រូវបានគេស្គាល់ថា ជាអង្គការធំជាងគេនៅលើពិភពលោកដែលត្រូវបានបង្កើតឡើង ដើម្បីការពារសិទ្ធិរបស់សត្វ។ អង្គការនេះមានសមាជិក និងអ្នកគាំទ្រជាង៣លាននាក់៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ