ស៊ូដង់

កងរក្សា​សន្តិភាព​​អង្គការ​សហប្រជាជាតិ​៣នាក់​ ស្លាប់​នៅក្នុង​ការវាយប្រហារ​នៅ​តំបន់​​ដាហ្វួរ

កង​រក្សាសន្តិភាព​អង្គការ​សហប្រជាជាតិ​ប្រចាំ​តំបន់​ដាហ្វួរ UNAMID ​
កង​រក្សាសន្តិភាព​អង្គការ​សហប្រជាជាតិ​ប្រចាំ​តំបន់​ដាហ្វួរ UNAMID ​ RFI

ក្រុម​ប្រដាប់​អាវុធ​​បាន​វាយ​ប្រហារ​លើ​ក្បួន​ដឹក​ទឹក​របស់​កង​រក្សា​សន្តិភាព​អង្គការ​សហប្រជាជាតិ​ នៅ​តំបន់​ដាហ្វួរ ប្រទេស​ស៊ូដង់ បណ្ដាល​ឲ្យ​កង​រក្សា​សន្តិភាព​ជនជាតិ​សេណេហ្កាល់​ចំនួន​៣​នាក់ ស្លាប់​បាត់​បង់​ជីវិត។ ប្រមុខ​អង្គការ​សហប្រជាជាតិ លោក​បាន​គីមូន បាន​ថ្កោលទោស​ការ​វាយ​ប្រហារ​នេះ និង​បាន​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ស៊ូដង់ ស្វែង​រក​ចាប់​ខ្លួន​ក្រុមជន​ប្រដាប់អាវុធ​ទាំង​នោះ យកមក​​​ដាក់​ទោស​ទណ្ឌ​តាម​ច្បាប់។

ផ្សាយពាណិជ្ជកម្ម

បើ​តាម​ការ​ឲ្យ​ដឹង​ពី​អង្គភាព​ប្រតិបត្តិការរួម​រវាង​​​សហភាព​អាហ្វ្រិក និងអង្គការ​សហប្រជាជាតិ​ប្រចាំ​តំបន់​ដាហ្វួរ UNAMID ​កង​រក្សា​សន្តិភាព ត្រូវ​បាន​វាយ​ប្រហារ​ដោយ​ក្រុម​ជន​ប្រដាប់​អាវុធ​មួយ​ក្រុម ខណៈ​ដែល​ពួក​គេ​កំពុង​តែ​ដឹក​ទឹក​ពី​ទីក្រុង El Geneina ទៅ​ទី​ស្នាក់​ការ​កណ្ដាល​តំបន់​នៃ​អង្គការ​សហប្រជាជាតិ នៅ​ភាគ​ខាង​លិច​តំបន់​ដាហ្វួរ កាល​ពី​ព្រឹក​ថ្ងៃ​អាទិត្យ ទី​១៣​តុលា។ ជា​ការ​វាយ​ប្រហារ ដែល​បណ្ដាល​ឲ្យ​កង​រក្សា​សន្តិភាពជនជាតិ​សេណេហ្កាល់​ចំនួន​៣នាក់ ​ស្លាប់​បាត់​បង់​ជីវិត។

អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ លោក បាន​គីមូន បាន​បញ្ជាក់​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​ថា កង​រក្សា​សន្តិភាព UNAMID ត្រូវ​បាន​វាយ​ប្រហារ​និង​សម្លាប់​ជា​ញឹក​ញាប់ នៅ​ក្នុង​ភារកិច្ច​របស់​ខ្លួន ក្នុង​ការ​ស្វែង​រក​សន្តិភាព​ដល់​តំបន់​ដាហ្វួរ។ ការ​វាយ​ប្រហារ​លើក​នេះ ត្រូវ​បាន​លោក​ប្រមុខ​អង្គការ​សហប្រជាជាតិ​ថ្កោល​ទោស​ថា ជា​អំពើ​ដែល​មិនអាច​ទទួល​យក​បាន និង​បាន​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ស៊ូដង់ ស្វែង​រក​ចាប់​ខ្លួន​ក្រុម​ជន​ប្រដាប់អាវុធ​ទាំង​នោះ យកមក​​​ដាក់​ទោស​ទណ្ឌ​តាម​ច្បាប់។

ប្រតិបត្តិការរួម​រវាង​​​សហភាព​អាហ្វ្រិក និងអង្គការ​សហប្រជាជាតិ​ប្រចាំ​តំបន់​ដាហ្វូរ ហៅ​កាត់​ថា UNAMID ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ ​នៅ​ឆ្នាំ ២០០៧ មាន​តួនាទី​ការពារ​ប្រជាពលរដ្ឋ និង​ជួយ​រក្សា​សន្តិសុខ​នៅ​តំបន់​ដាហ្វួរ។ តំបន់​ដាហ្វួរ ដែល​ជា​សមរភូមិ​ក្ដៅ​ រវាង​ក្រុម​ប្រឆាំង និង​កង​ទ័ព​រដ្ឋាភិបាល​តាំង​ពី​ឆ្នាំ​២០០៣ បណ្ដាល​ឲ្យ​មនុស្ស​ជាង​៣០​ម៉ឺន​នាក់​ស្លាប់ និង​ជាង​២​លាន​នាក់​ផ្សេង​ទៀត​ ត្រូវ​ភៀស​ខ្លួន​ចេញ​ពី​ទី​នោះ។

កង​រក្សា​សន្តិភាព UNAMID ត្រូវ​រង​ការ​វាយ​ប្រហារ​ជា​ច្រើន​ដង​មក​ហើយ ក្នុង​រយៈ​ពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ។ ការ​វាយ​ប្រហារ​ដ៏​សាហាវ​ព្រៃ​ផ្សៃ​បំផុត​មួយ កើត​ឡើង​នៅ​ខែ​កក្កដា​កន្លងទៅ សម្លាប់​កង​រក្សា​សន្តិភាព​ជនជាតិ​​លីបង់​ចំនួន​៧​នាក់ និង​១៧​នាក់​ផ្សេង​ទៀត​រង​របួស៕ 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI