អានតួអត្ថបទ
កម្ពុជា

អង្គភាព​ប្រឆាំង​ពុករលួយ​បើក​កកាយ​សំណុំរឿង​មន្ត្រី​ពន្ធដាររពុករលួយ

​លោកឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ
​លោកឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ ©សុវណ្ណារ៉ា
ដោយ៖ លាង ដឺលុច
១៩ នាទី

អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​នឹងផ្ញើ​របាយការណ៍​មួយ​ស្តីពី​អំពើ​ជំរឹត​ ទារលុយ​របស់​ក្រុម​មន្ត្រី​ពន្ធដារមួយ​ចំនួន​ទៅ​លើ​ប្រជាពលរដ្ឋ​ទាក់ទង​នឹង​ ករណី​បង់ពន្ធ​ផ្លូវ​កន្លង​មកនេះ។ អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ស្នើ​អោយ​ក្រសួង​សេដ្ឋកិច្ច​ដាក់​ទណ្ឌកម្ម​ ផ្នែករដ្ឋបាល​ទៅ​លើ​មន្ត្រី​ទាំងនោះ។ នៅក្នុងសន្និសីទ​កាសែត កាល​ពី​រសៀល​ថ្ងៃពុធ​នេះ លោក​ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុក​រលួយ​ក៏​បាន​បង្ហាញ​ពី​ប្រតិបត្តិការ​ បង្ក្រាប​មន្ត្រី​ជាន់ខ្ពស់​របស់​តុលាការ​ខេត្តពោធិ៍សាត់​ដែល​ត្រូវ​បាន​ ចាប់ខ្លួន ពីបទ​ប្រព្រឹត្តិ​អំពើ​ពុករលួយ​ផងដែរ។

ផ្សាយពាណិជ្ជកម្ម

 

សេចក្តី​រាយការណ៍​របស់​លាង ដឺលុច​ពី​ទីក្រុង​ភ្នំពេញ

នៅថ្ងៃ​ព្រហស្បតិ៍​ស្អែក អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​នឹង​ផ្ញើ​របាយការណ៍​មួយ​ដែល​បក​អាក្រាត​អំពើ​ពុករលួយ​របស់​មន្ត្រី​ពន្ធដារ​មួយ​ចំនួន ទៅ​ក្រសួង​សេដ្ឋកិច្ច។ របាយការណ៍​នេះ ស្នើ​អោយ​ថ្នាក់ដឹកនាំ​ក្រសួង​សេដ្ឋកិច្ច​ត្រូវ​ដាក់​ពិន័យ​ផ្នែករដ្ឋបាល​ទៅលើ​មន្ត្រី​ទាំងនោះ ហើយ​ត្រូវ​ធ្វើ​របាយការណ៍​ឆ្លើយតប​មក​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​វិញ។

នៅក្នុង​សន្និសីទ​កាសែត កាលពី​រសៀល​ថ្ងៃ​ពុធ ទី​១ ខែ​ធ្នូ​នេះ លោក​ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​បាន​បង្ហាញ​ភស្តុតាង​មួយ​ចំនួន ដែល​ក្រុម​អ្នកស៊ើប​អង្កេត​របស់​អង្គភាព​មាន។ មាន​ទាំង​រូបថត មាន​ទាំង​សម្លេង​សំដី​របស់​មន្ត្រី​ដែល​ត្រូវ​បាន​ភ្ជាប់​នៅក្នុង​របាយការណ៍​នោះ។ អំពើមិន​ប្រក្រតី​ដែល​ក្រុម​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​រកឃើញ​នោះ គឺ​ការទារ​លុយ​បន្ថែម​លើស​ពី​ការកំណត់​របស់​ក្រសួង​សេដ្ឋកិច្ច ចំពោះ​ប្រជាពលរដ្ឋ​ដែល​ទិញ​បណ្ណ​បង់ពន្ធ​ផ្លូវ។

លោក​ឱម យ៉ិនទៀង​បាន​បង្ហាញ​ប្រាប់​អ្នកកាសែត​ថា មន្ត្រី​ដែល​ជាប់​ពាក់ព័ន្ធ​សំណុំ​រឿង​ពុករលួយ​ទាំងនោះ បាន​ទារ​ប្រាក់​ពី​ពលរដ្ឋ​មួយ​ចំនួន ម្នាក់​៥០០០រៀល ដោយ​អះអាង​ជា​តម្លៃ​សម្រាប់​ឯកសារ និង​ការបំពេញ​ឯកសារ។ យោង​តាមរបាយការណ៍​របស់​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ ការស៊ើបអង្កេត​ត្រូវ​បាន​ធ្វើ​នៅតាម​ចំនុច​ជាច្រើន នៅក្នុង​ទីក្រុង​ភ្នំពេញ ដែល​ជា​ទីតាំង​នៃ​ការដាក់​លក់​បណ្ណពន្ធ​ផ្លូវ​កន្លងមក​នោះ។

ជារៀងរាល់ឆ្នាំ រាល់ពេល​មាន​ការបង់ពន្ធ​ផ្លូវ​ម្តងៗ ពលរដ្ឋ​ភាគច្រើន​តែងតែ​រិះគន់​មន្ត្រី​ពន្ធដារ​អំពី​ការយកលុយ​បន្ថែម លើស​ពី​តម្លៃ​បណ្ណពន្ធ​ផ្លូវ។

ក្នុង​សន្និសីទ​កាសែត​ដែល​ត្រូវ​បាន​រៀបចំ​នៅថ្ងៃនេះ អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ក៏​ចង់​បង្ហាញ​ផងដែរ​ពី​ប្រតិបត្តិការ នៃ​ការចាប់ខ្លួន​ព្រះរាជអាជ្ញា​ខេត្ត​ពោធិ៍សាត់ និង​បក្ខពួក​របស់​ខ្លួន កាល​ពីថ្ងៃ​ចន្ទ​ទី​២៩​វិច្ឆិកា។ ព្រះរាជអាជ្ញា​រូប​នេះ គឺ​ជា​មន្ត្រីធំ​ទីមួយ​ដែល​ត្រូវ​បាន​ចាប់ខ្លួន​ពាក់ព័ន្ធ​នឹង​ករណី​សង្ស័យ​អំពើ​ពុករលួយ ចាប់តាំង​ពី​ការអនុម័ត​ច្បាប់​ប្រឆាំង​អំពើ​ពុករលួយ។ លោក​ឱម យ៉ិនទៀង​បាន​បញ្ជាក់ថា តាំងពី​ច្បាប់​ប្រឆាំង​អំពើ​ពុករលួយ​ត្រូវ​បាន​អនុម័ត អង្គភាព​របស់​លោក​ទទួល​បាន​បណ្តឹង​ចំនួន​៤២ ពាក់ព័ន្ធ​នឹង​ករណី​ពុករលួយ និង​ដែល​អង្គភាព​របស់លោក​កំពុង​ស៊ើបអង្កេត៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ