COP25៖ អគ្គលេខាធិការអង្គការសហប្រជាជាតិ ស្នើឱ្យបញ្ចប់សង្គ្រាមប្រឆាំងនឹងធម្មជាតិ
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ពីថ្ងៃអាទិត្យទី១ធ្នូ ពោលគឺមួយថ្ងៃមុនសន្និសីទអន្តរជាតិស្តីពីអាកាសធាតុ COP25, អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres ស្នើឱ្យពិភពលោកចូលរួមកាត់បន្ថយការបញ្ចេញឧស្ម័នកាបូនិក ដែលលោកប្រកាសថាត្រូវ«បញ្ចប់សង្គ្រាមប្រឆាំងនឹងធម្មជាតិ!»។ សូមជ្រាបថា សន្និសីទអន្តរជាតិស្តីពីអាកាសធាតុCOP25 ត្រូវបើករៀបចំធ្វើឡើងចំនួនពីរថ្ងៃ នៅក្រុង Mardid ប្រទេសអេស្បាញ ក្នុងថ្ងៃទី២និង៣ធ្នូ។
បើតាមអគ្គលេខាធិការអង្គការសហប្រជាជាតិ, ពិភពលោកដែលយើងរស់នៅរាល់ថ្ងៃ គឺដល់ចំណុចគ្រោះភ័យខ្លាំង ផ្នែកប្រែប្រួលអាកាសធាតុ និងដែលមិនអាចរង់ចាំ ឈរឱបដៃមើល បានតទៅទៀតនោះទេ គឺគេត្រូវតែរកដំណោះស្រាយជាបន្ទាន់។ លោក Antonio Guterres បញ្ជាក់ទៀតថា ៥ឆ្នាំចុងក្រោយនេះ គឺជារយៈពេលដែលក្តៅខ្លាំង មិនដែរធ្លាប់ជួបប្រទះ ពិសេសគឺនៅក្នុងឆ្នាំ២០១៩នេះតែម្តង ក្តៅមែនទែន។ កម្តៅបង្កហានិភ័យគ្រោះធម្មជាតិជាច្រើន ដូចមនុស្សគ្រប់គ្នាបានឃើញនឹងភ្នែកស្រាប់ នោះគឺ គ្រោះធម្មជាតិ គ្រោះរាំងស្ងួតហួតហែង កំណើនកម្ពស់នីវ៉ូទឹកសមុទ្រ និងការរំលំរលាយផ្ទាំងទឹកកក ជាដើម គឺសុទ្ធសឹងតែមានភស្តុតាងជាក់ស្តែង និងជាទឡ្ហីករប្រាកដច្បាស់ដែលគំរាមកំហែងដល់ដល់អាយុជីវិតមនុស្ស-សត្វ។
អគ្គលេខាធិការអង្គការសហប្រជាជាតិ កត់សម្គាល់ដោយគូសបញ្ជាក់ថែមថា ការចូលរួមជួយគិតគូរពីសំណាក់សហគមអន្តរជាតិ នាពេលកន្លងទៅ គឺនៅមិនទាន់គ្រប់គ្រាន់ទេ និងនៅមិនទាន់អស់ពីលទ្ធភាពនៅឡើយ ហើយកិច្ចការកន្លងមកនេះ គឺពិតជាមិនអាចកាត់បន្ថយការកើនឡើងកម្តៅឱ្យនៅក្រោម២អង្សារ បាននោះដែរ។ ក៏ប៉ុន្តែ លោក Antonio Guterres នៅតែសង្ឃឹមថា បើពិភពលោករួមរួបពួតដៃគ្នា គេច្បាស់ជាអាចសម្រេចបាន។
ប្រទេសហត្ថលេខីនៃកិច្ចព្រមព្រៀងអាកាសធាតុក្រុងប៉ារីស២០១៥ ត្រូវចូលជួបប្រជុំកំពូល ក្នុងថ្ងៃទី២និងទី៣ធ្នូ នៅប្រទេសអេស្បាញ ដើម្បីស្វែងរកដំណោះស្រាយ និងរកវិធានការចាំបាច់ចំពោះមុខ ដើម្បីទម្លុះទម្លាយឧសបគ្គ គឺសម្រេចគោលបំណងត្រូវកាត់បន្ថយកំណើនកម្តៅអាកាសធាតុ ឱ្យនៅក្រោម២អង្សារ ឬក្រោម១,៥អង្សារ នៅត្រឹមឆ្នាំ២០៣០។ តែអ្វី ដែលគេស្តាយ គឺអាមេរិក ក្រោមការដឹកនាំរបស់លោក ដូណាល់ ត្រាំ ដែលគិតតែពីប្រយោជន៍សួនតួ បានដកខ្លួនចេញពីកិច្ចព្រមព្រៀងនេះ ជាឯកតោភាគី។ ហើយសម្រាប់កិច្ចប្រជុំកំពូល COP25 នៅអេស្បាញនេះ គឺអាមេរិកបញ្ចូនត្រឹមតែមន្ត្រីទូតម្នាក់ទៅជំនួសលោក ត្រាំ តែប៉ុណ្ណោះ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ