ចិន

បន្ទាប់​ពី​ទឹកដោះគោ​ឥឡូវនេះ​ដល់​វេន​ប្រេងឆា​លាយ​ជាតិពុល​វិញ​ម្តង​

ទឹកដោះគោដែលមានជាតិពុល​មេឡាមីន(melamine)
ទឹកដោះគោដែលមានជាតិពុល​មេឡាមីន(melamine) Reuters

បន្ទាប់​ពី​​គេ​​រក​​ឃើញ​​ជាតិ​ពុល​​បង្ក​​ឲ្យ​​កើត​​​មហារីក​​នៅ​​ក្នុង​​ទឹកដោះ​​​គោ​​​នា​ពេល​ថ្មីៗមក​ ​ឥឡូវ​នេះ​ គេ​​ទើប​​​នឹង​​រក​​ឃើញ​​សារធាតុ​​ពុល​​ដូច​​គ្នា​​នេះ​​ នៅ​​ក្នុង​​ប្រេង​​ឆា​​សម្រាប់​​ធ្វើ​​ម្ហូប​​អាហារ​​​។ អាជ្ញាធរ​​សុខាភិបាល​ បាន​​ប្រកាស​​ឲ្យ​​ក្រុមហ៊ុន​​ចំនួន ​៣​​ដែល​​ផលិត​​ប្រេង​ឆា​​​មាន​​​ជាតិ​​ពុល​​ ដក​​ផលិតផល​​របស់​​ខ្លួន​​ចេញ​​ពី​​ទីផ្សារ។​

ផ្សាយពាណិជ្ជកម្ម

ស្ថាប័នសុខាភិបាល​នៅ​ខេត្ត​ Guangdong ​ ប៉ែកខាងត្បូងប្រទេស​ចិន បាន​ចេញ​បញ្ជា​ឲ្យ​ក្រុមហ៊ុន​ចិន​ចំនួន​៣ ដែល​ផលិត​ប្រេងឆា​សំរាប់​ធ្វើ​ម្ហូប​អាហារ ​លើក​ផ្អាក​សកម្មភាព​ផលិត​​​ប្រេង​សណ្តែកដី​របស់​ខ្លួន ដោយហេតុ​តែ ​គេ​ទើបនឹង​រក​ឃើញ​​ជាតិ​ពុល​ម្យ៉ាង​​ដែល​បណ្តាល​​​មក​ពី​ការផ្អាប់​ដុះផ្សិតពុលបង្កឲ្យកើតមហារីក​។

យោងតាមទីភ្នាក់ងារព័តមាន  « ចិនថ្មី »ចុះ​ផ្សាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​២៩​ធ្នូ​នេះ​ ក្រុមហ៊ុន​ទាំង​​៣​ដែល​ផលិត​ប្រេង​ឆា​នោះ​ មាន​​ក្រុមហ៊ុន « ​ Fusheng Oil, « Manyi Peanut Oil »​ និង​«  Mabao Oil ».។

កាលពី​ថ្ងៃចន្ទ​២៦​ធ្នូ​ដើម​សប្តាហ៍​នេះ អាជ្ញាធរ​ចិន​ទើប​បាន​ជូន​ដំណឹង​អំពី ​« ការ​រក​ឃើញ ​ជាតិ​ពុលបង្ក​ជា​រោគ​មហារីកនៅក្នុងទឹកដោះគោ​។​ ទឹកដោះគោ​នេះ ​ផលិត​ដោយ​ក្រុមហ៊ុន​ដ៏​ធំ​មួយ​​នៅ​ក្នុង​​ប្រទេស​ចិន​ឈ្មោះ « Mengniu Dairy Group » និង ក៏ធ្លាប់​ស្អុយឈ្មោះ​​ដោយ​សារ​រឿង​អាស្រូវ​ នៅ​ជុំវិញ​​ផលិតផល​ចំណីអាហារ​របស់​ខ្លួន។

ជាសំណាងល្អ  ​ទឹកដោះគោ ដែល​គេទើបនឹង​រកឃើញ​​ជាតិ​ពុល ​កាលពីថ្ងៃ​ចន្ទ​មុន​នេះ​ នៅ​មិន​ទាន់​ត្រូវ​​បាន​ អនុញ្ញាត​ឲ្យ​ដាក់​លក់​នៅ​លើ​ទីផ្សារ​នៅឡើយទេ។ ក៏ប៉ុន្តែបញ្ហាប្រេងឆារបស់ក្រុមហ៊ុនទាំង៣ដែលត្រូវគេចោទប្រកាន់ខាងលើ​នេះ គេ​​នៅ​ពុំទាន់ដឹងថាតើផលិតផលនេះ ត្រូវបាន​គេដាក់​លក់​ក្នុង​កម្រិត​ណា​នោះទេ។

យោងតាមអង្គការសុខាភិបាលពិភពលោក (OMS),  សារជាតិពុលដែល​បង្ក​មក​ការដុះផ្សិតខ្លាំង​ នឹងធ្វើឲ្យមនុស្ស​យើង​កើត មហារីកថ្លើម។

ប្រទេស​ចិន​តែងតែ​មាន​រឿង​អាស្រូវ​ម្ហូប​អាហារជានិច្ច ដូចជា​បញ្ហា​សំណល់​ប្រេង​ឆា​ចាស់​​ យកមកចម្រាញ់ធ្វើថ្មីឡើងវិញ បញ្ហា​ស៊ុត​មាន់ទា​ឬ ឲ្យ​ព័ណ៌​​ផ្លែឈើ​ ​ដោយ​ដាក់​ល័ក្ខ​ពុល​ បន្លែ​​ផ្សិត​ដែល​បង្ក​ឲ្យ​កើត​រោគ​មហារីក តៅហ៊ូ ក្លែងក្លាយ ឬក៏សុរា ដែល​លាយ​បន្លំ​នឹង​ជាតិ​ដទៃ​​នាំ​ឲ្យសៅហ្មងដល់សុខភាពមនុស្ស ត្រូវបាន​គេ​ផ្សព្វ​ផ្សាយ​​លាតត្រដាង​នៅ​ក្នុង​​ប្រទេស នៅ​អំឡុង​ប៉ុន្មានខែចុងក្រោយនេះ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI