ទស្សនៈព្រឹត្តិការណ៍ពិភពលោក

អាគីណូ៖ ជាប់ឆ្នោត​ដោយ​កេរ្តិ៍ឈ្មោះ​ឳពុក-ម្តាយ តែ​ត្រូវ​ដោះស្រាយ​បញ្ហាជាតិ​ដោយ​ខ្លួនឯង

សំឡេង ០៤:០០
លោក​អាគីណូ ស្បថចូលកាន់​តំណែង​ជាប្រធានាធិបតី​ហ្វ៊ីលីពីន ថ្ងៃ​ទី៣០ មិថុនា ២០១០
លោក​អាគីណូ ស្បថចូលកាន់​តំណែង​ជាប្រធានាធិបតី​ហ្វ៊ីលីពីន ថ្ងៃ​ទី៣០ មិថុនា ២០១០ ©REUTERS/Erik de Castro

នៅថ្ងៃពុធនេះ លោក​បេនីកណូ អាគីណូ (Benigno Aquino) បាន​ស្បថ​ចូល​កាន់តំណែង​ជា​ប្រធានាធិបតី​ទី១៥ របស់​ហ្វ៊ីលីពីន។ មាន​បញ្ហា​ធំៗ​ជាច្រើន​កំពុង​តែ​រង់ចាំ​លោក​អាគីណូ។ សំណួរ​ចោទឡើង​ថា តើ​លោក​អាគីណូ ដែល​បាន​ឡើង​ធ្វើ​ជា​ប្រធានាធិបតី ដោយសារ​តែ​កេរ្តិ៍ឈ្មោះ​ម្តាយ​នោះ​​មាន​សមត្ថភាព​គ្រប់គ្រាន់ ក្នុងការប្រឈមមុខ​នឹង​បញ្ហា​ធំៗ​ទាំងនេះ​បាន​ដែរ​ឬទេ?

ផ្សាយពាណិជ្ជកម្ម

លោក​បេនីកណូ អាគីណូ បាន​ស្បថ​ចូល​កាន់​មុខតំណែង ដោយ​បាន​សន្យា​ថា​នឹង​កាត់បន្ថយ​ភាពក្រីក្រ និង​លុបបំបាត់​អំពើ​ពុករលួយ។ នៅ​ហ្វ៊ីលីពីន មនុស្ស​ភាគច្រើន​ សុទ្ធតែ​ជឿថា លោក​អាគីណូ ពិតជាមាន​ឆន្ទៈ​​ពិតប្រាកដ ក្នុងការ​បំពេញ​តាម​ការ​សន្យា​​ទាំងនេះ។ សំណួរ​ដែលចោទនោះ គឺ​ថា តើ​គាត់​មាន​សមត្ថភាព​ដែរ​ឬទេ?

លោក​អាគីណូ មាន​កម្រិតវប្បធម៌​ត្រឹម​​ថ្នាក់​បរិញ្ញាប័ត្រ​​ប៉ុណ្ណោះ។ លោក​ គឺ​ជា​អ្នក​នយោបាយ​​ដែល​មិន​សូវ​ចេះ​​និយាយ​ស្តី ហើយ​មិន​មាន​ស្នារដៃ​អ្វី​ធំដុំ​នោះទេ។ អ្វី​ដែល​ធ្វើ​ឲ្យ​លោក​អាគីណូ​ល្បីឈ្មោះ រហូត​បាន​ជាប់ឆ្នោត​ជា​ប្រធានាធិបតី គឺ​ដោយសារ​តែ​គាត់​ជា​កូនប្រុស​របស់​លោកស្រី​អាគីណូ អតីត​ប្រធានាធិបតី និង​លោក​អាគីណូ​ វីរបុរស​ខាង​​ប្រជាធិបតេយ្យ​​ដ៏ល្បីល្បាញ​របស់​ហ្វ៊ីលីពីន។

បញ្ហាពុករលួយ

ទាំង​នៅ​ក្នុង​​ពេល​ធ្វើ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត និង​នៅ​ថ្ងៃ​ស្បថ​ចូល​កាន់តំណែង លោក​អាគីណូ បាន​ប្រកាស​សន្យា​ថា ការលុបបំបាត់​អំពើ​ពុករលួយ គឺ​ជា​អាទិភាព​ទីមួយ​​របស់​លោក ហើយ​ថា យុទ្ធនាការ​បោសសម្អាត​អំពើ​ពុករលួយនេះ​នឹង​មិនធ្វើ​ត្រឹមតែ​ទៅលើ​មន្រ្តី​តូចតាច​នោះទេ ប៉ុន្តែ ទៅ​លើ​មន្រ្តីធំៗ ជាពិសេស គឺ​មន្រ្តីគយ ដែល​ល្បីល្បាញ​ខាង​ពុករលួយ​ជាងគេ។ លោក​អាគីណូ​ថែមទាំងបាន​បង្ហើប​ឲ្យ​ដឹង​ទៀតផង​ថា លោក​នឹង​បញ្ជា​ឲ្យ​គេ​បើក​ការ​ស៊ើបអង្កេត​លើ​សំណុំរឿង​ពុករលួយ ដែល​ពាក់ព័ន្ធ​នឹង​លោកស្រី​អារ៉ូយ៉ូ (Arroyo) អតីត​ប្រធានាធិបតី ដែល​ទើប​នឹង​ផុតអាណត្តិ។

អំពើ​ពុករលួយ គឺ​ជា​បញ្ហា​ដ៏ធំមួយ​របស់​ហ្វ៊ីលីពីន។ គេ​ប៉ាន់ប្រមាណថា អំពើ​ពុករលួយ​បាន​ធ្វើ​ឲ្យ​រដ្ឋាភិបាល​ហ្វ៊ីលីពីន​​បាត់បង់​ចំណូល​ជា​មធ្យម ប្រមាណ​ជា ៣០% ក្នុងមួយ​ឆ្នាំៗ។ កន្លងមក គេ​សង្កេតឃើញថា ស្ទើរតែគ្រប់​ប្រធានាធិបតី​ហ្វ៊ីលីពីន ដែល​ឡើង​មក​កាន់​តំណែង សុទ្ធតែ​បាន​សន្យា​ថា​នឹង​លុបបំបាត់​អំពើ​ពុករលួយនេះ។ ក៏ប៉ុន្តែ លទ្ធផល​ចុងក្រោយ អំពើ​ពុករលួយ​នៅតែមាន​ទំហំធំធេង​ដដែល។ ដូច្នេះ បើ​មាន​ត្រឹម​តែ​ពាក្យ​សន្យា មានត្រឹមតែ​​ឆន្ទៈ តែ​គ្មាន​​វិធានការ​​ច្បាស់លាស់ នយោបាយ​ប្រឆាំង​អំពើ​ពុករលួយ​របស់​លោក​អាគីណូ មិន​រំពឹង​ថានឹង​​អាច​សម្រេច​បាន​លទ្ធផល​អ្វី​ធំដុំ​នោះទេ។

ឱនភាពថវិកាជាតិ

ក្រៅពី​បញ្ហា​ពុករលួយ លោក​អាគីណូ នៅ​មាន​បញ្ហា​ធំៗ​ជាច្រើន​ទៀត ដែលចាំបាច់ត្រូវ​តែ​ដោះស្រាយ។ បញ្ហា​បន្ទាន់ គឺ​​កាត់បន្ថយ​ឱនភាព​ថវិកា​ជាតិ​ ដែល​​ពេលបច្ចុប្បន្ននេះ​មាន​ចំនួន​ដល់​ទៅ​ជាង ៦ពាន់​លាន​ដុល្លារ ស្មើ​នឹង ៣,៦% នៃ​ផលិតផល​ក្នុង​ស្រុកសរុប។ ម្យ៉ាងទៀត តម្លៃទំនិញ​នៅលើ​ទីផ្សារ​ក៏​មាន​ការ​កើន​ឡើង​ខ្លាំង ដែល​ចាំបាច់​ត្រូវ​តែ​រក​វិធី​ដោះស្រាយ ដើម្បី​កុំ​ឲ្យ​ប្រជាជន​ក្រីក្រ​ត្រូវ​រងទុក្ខវេទនា។

​អ្នក​ជំនាញ​ខាង​សេដ្ឋកិច្ច​ហ្វ៊ីលីពីន​បាន​លើក​ឡើងថា ដើម្បី​ឲ្យ​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ទទួល​បាន​ជោគជ័យ លោក​អាគីណូ​ត្រូវ​តែ​ដាក់​ចេញ​នូវ​នយោបាយ​សេដ្ឋកិច្ច​ជា​អាទិភាព​មួយ ដែល​​​មិន​ត្រឹម​តែ​ជំរុញ​ឲ្យ​មាន​កំណើន​សេដ្ឋកិច្ច​នោះទេ ប៉ុន្តែត្រូវ​​ធ្វើ​យ៉ាង​ឲ្យ​កំណើន​សេដ្ឋកិច្ច​នេះ​អាច​ផ្តល់​ផល​ចំណេញ​​​ដល់​ប្រជាជន​ក្រីក្រផង មិនមែន​ផ្តល់​ចំណេញ​ដល់​តែ​​អ្នក​មាន​នោះទេ។

បញ្ហា​អសន្តិសុខ

បញ្ហា​ដ៏ធំមួយទៀត ដែល​កំពុង​រង់ចាំ​លោក​អាគីណូ គឺ​បញ្ហា​សន្តិសុខ។ នៅតាម​បណ្តា​ខេត្ត​ខ្លះ អាជ្ញាធរ​ដែនដី​មាន​អំណាច​លើសលុប ដូចជា​ស្តេច​ត្រាញ់​ប្រចាំ​ស្រុក ធ្វើ​ភ្លៀងធ្វើផ្គរ​ស្រេចតែ​នឹង​ចិត្ត។ ស្តេច​ត្រាញ់​​ខ្លះ ថែមទាំងមាន​កងកម្លាំងប្រដាប់អាវុធ​ឯកជន​ផ្ទាល់​ខ្លួន​ទៀតផង។ ពួក​ស្តេចត្រាញ់​ទាំងនេះ​ បាន​ប្រើ​អំណាច​របស់ខ្លួន​ កាប់សម្លាប់​មនុស្ស​តាម​ចិត្ត ដោយ​គ្មាន​អ្នកណា​​ហ៊ាន​ធ្វើ​អ្វី​នោះទេ។

ក្រៅពី​ពួក​ស្តេច​ត្រាញ់​ទាំងនេះ រដ្ឋាភិបាល​​ហ្វ៊ីលីពីន​កំពុង​ប្រឈមមុខ​នឹង​​ក្រុមឧទ្ទាម​ចំនួនពីរ​ទៀត៖ ក្រុមឧទ្ទាម​កុម្មុយនិស្ត និង​ក្រុម​ភេរវជន​អ៊ីស្លាម នៅ​ខេត្ត​ប៉ែកខាង​ត្បូង​ប្រទេស។
រហូត​មកទល់ពេលនេះ គេ​នៅមិនទាន់​ច្បាស់​នៅឡើយទេ​ថា តើ​លោក​អាគីណូ​មាន​វិធានការ​អ្វី​ខ្លះ ដើម្បី​ដោះស្រាយ​បញ្ហា​ធំៗ​ទាំងនេះ។ នៅ​ក្នុង​ពេល​ធ្វើ​យុទ្ធនាការឃោសនា​បោះឆ្នោត គេ​ហាក់ដូចជា​មិនឃើញ​​លោក​អាគីណូ​បង្ហាញ​ច្បាស់​លាស់​ ​អំពី​គោលនយោបាយ​​របស់​គាត់ នៅពេល​បាន​ឡើង​កាន់​តំណែងនោះទេ។ តាម​ការពិត នៅ​ហ្វ៊ីលីពីន ​នេះ​មិនមែន​ជា​រឿង​ចម្លែក​នោះទេ ពីព្រោះ​ថា ជាទូទៅ នៅ​ក្នុង​ការបោះឆ្នោត ប្រជា​ពលរដ្ឋ​ហ្វ៊ីលីពីន​​ច្រើន​ផ្តោត​អារម្មណ៍​ទៅ​លើ​កេរ្តិ៍ឈ្មោះ និង​បុគ្គលិកលក្ខណៈ​របស់​បេក្ខជន ​ដោយ​មិនសូវ​រវីរវល់​ចង់​ដឹង​ថា តើ​បេក្ខជន​នោះ​មាន​គោលនយោបាយ​បែបណា​នោះទេ។

កេរិ៍្តឈ្មោះ​ល្បីល្បាញ​របស់​ឳពុក-ម្តាយ ​បាន​​ជួយ​ឲ្យ​លោក​អាគីណូ​ជាប់ឆ្នោត​ជា​ប្រធានាធិបតី​ ក៏ប៉ុន្តែ មិន​ប្រាកដ​ថា​អាច​ជួយ​ដោះស្រាយ​បញ្ហា​ធំៗ ដែល​​គាត់​នឹង​ត្រូវ​ប្រឈម ​ក្នុង​អាណត្តិ ៦ឆ្នាំ​របស់​គាត់​នេះ​បានទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI