អេហ្ស៊ីប

បក្សសម្ព័ន្ធ​អារ៉ាប​គាំទ្រ​ឱ្យ​មាន​មណ្ឌល​ហាមប្រាម​ការ​ហោះហើរ​ពីលើ​ប្រទេស​លីប៊ី

សន្និសីទ​វិសាមញ្ញ​របស់​បក្សសម្ព័ន្ធ​អារ៉ាប់
សន្និសីទ​វិសាមញ្ញ​របស់​បក្សសម្ព័ន្ធ​អារ៉ាប់ ©Reuters / Amr Abdallah Dalsh

បក្សសម្ព័ន្ធ​អារ៉ាប​នៅ​ថ្ងៃ​សៅរ៍​១២មីនា​ម្សិល​មិញ​បាន​អំពាវ​នាវ​សូម ​ឱ្យ​ក្រុមប្រឹក្សា​សន្តិសុខ​អ.ស.ប.​អនុញ្ញាត​ឱ្យ​បង្កើត​មណ្ឌល​ហាម​ប្រាម​ ការហោះ​ហើរ​ពី​លើ​ប្រទេស​លីប៊ី​។​រួម​ប្រជុំ​គ្នា​នៅ​ទីក្រុង​គែរ​ រដ្ឋ​មន្ត្រី​ក្រសួង​ការបរទេស​និង​អ្នក​តំណាង​ប្រទេស​ជា​សមាជិក​ បក្សសម្ព័ន្ធ​អារ៉ាប​បាន​យល់​ឃើញ​ថា​ របប​លោក​ Mouammar​ Kadhafi​ បាន​”​ បាត់​បង់​ធម្មានុរូបភាព​របស់​ខ្លួន​ “​ ហើយ​ក៏​បាន​ទាំង​យល់​ឃើញ​ដែរ​ថា​ ចាំ​បាច់​ត្រូវ​តែ​សហការ​ជាមួយ​ក្រុមប្រឹក្សា​ជាតិ​អន្តរកាល​បង្កើត​ឡើង​ដោយ ​ពួក​អ្នក​ប្រឆាំង​លីប៊ី​។

ផ្សាយពាណិជ្ជកម្ម

សេចក្តីរាយការណ៍​​ប្រែសម្រួល​ដោយ​ វីនស្តុន រតនា

សេចក្តី​សំរេច​ចិត្ត​របស់​បក្សសម្ព័ន្ធ​អារ៉ាប​បាន​ត្រូវ​អ្នក​ ខ្លះ​គាំទ្រ​ទាំង​ស្រុង​ ​ អ្នក​ខ្លះ​ទៀត​សំដែង​ការប្រុង​ប្រយ័ត្ន​ នៅ​ពិភព​អារ៉ាប​។​អ្នក​ដែល​គាំទ្រ​ទាំង​ស្រុង​សេចក្តី​សំរេច​ចិត្ត​នេះ​គឺ​បណ្តា​ប្រទេស​នៃ​តំបន់​ឈូង​សមុទ្រ​ពែរ្ស​និង​ប្រទេស​ជិតខាង​លីប៊ី​គឺ​អេហ្ស៊ីប​និង​ទុយនីស៊ី​។​

ប៉ុន្តែ​ ក៏​មាន​អ្នក​ដែល​បាន​សំដែង​ការប្រុង​ប្រយ័ត្ន​ដូច​យ៉ាង​ប្រទេស​ស៊ីរី​។​ដាម៉ាស​យល់​ឃើញ​ថា​ ការបង្ខំ​ឱ្យ​ទទួល​យក​មណ្ឌល​ហាម​ប្រាម​ការហោះ​ហើរ​ពី​លើ​ប្រទេស​លីប៊ី​ប្រហែល​អាច​នឹង​ត្រួស​ត្រាយ​ផ្លូវ​ឱ្យ​មាន​អន្តរាគមន៍​យោធា​បរទេស​និង​នៅ​ទី​បំផុត​ទៅ​ ធ្វើ​ឱ្យ​បែក​ខ្ចាយ​ប្រទេស​លីប៊ី​។

បក្សសម្ព័ន្ធ​អារ៉ាប​បាន​ចៀស​វាង​ឥរិយាបថ​ប្រុង​ប្រយ័ត្ន​នេះ​ ដោយ​បន្ថែម​ឃ្លា​ប្រយោគ​មួយ​ដែល​បដិសេធ​ទាត់​ចោល​អន្តរាគមន៍​យោធា​បរទេស​ជា​យថាហេតុ​។​គឺ​ជា​គំនិត​មិន​ច្បាស់​លាស់​ នៅ​ពេល​ដែល​គេ​ដឹង​ថា​ ការបង្ខំ​ឱ្យ​ទទួល​យក​មណ្ឌល​ហាម​ប្រាម​ការហោះ​ហើរ​តម្រូវ​ឱ្យ​ប្រើ​កម្លាំង​ជា​ចាំបាច់​ដូច​ជា​ក្នុង​ករណី​ប្រទេស​អ៊ីរ៉ាក់​ជាដើម​។​គឺ​ករណី​អ៊ីរ៉ាក់​ហ្នឹង​ហើយ​ដែល​ច្រើន​តែ​មាន​ចុះ​នៅ​ក្នុង​គេហទំព័រ​អាំងទែរណេត​អារ៉ាប​។

ជន​ជា​ច្រើន​ដែល​ប្រើ​ប្រាស់​បណ្តាញ​អាំងទែរណេត​យល់​ឃើញ​ថា​ មណ្ឌល​ហាម​ប្រាម​ការហោះ​ហើរ​ ដើម្បី​ការពារ​ពួក​Chiites​និង​ពួក​Kurdes​ទល់​នឹង​លោក​ Saddam​ Hussein​ គឺ​ជា​ជំហាន​ទី១​ដែល​បាន​នាំ​ទៅ​កាន់​ការលុក​លុយ​ប្រទេស​អ៊ីរ៉ាក់​។​មាន​អ្នក​ដែល​ចង់​ឱ្យ​គោលការណ៍​ចែង​អំពី​ការហាម​ប្រាម​ការហោះ​ហើរ​ ដើម្បី​ការពារ​បណ្តាជន​ស៊ីវិល​ ត្រូវ​លាត​សន្ធឹង​ទៅ​កាន់​តំបន់​ដទៃ​ទៀត​ ជា​ឩទាហរណ៍​ តំបន់​Darfour​ខាង​លិច​ប្រទេស​ស៊ូដង់​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI