អ.ស.ប.-អារ៉ាប៊ីសាអ៊ូឌីត

ប្រទេស​អារ៉ាប់​​ប្រទាញ​ប្រទង់​គ្នា​រឿង​អារ៉ាប៊ីសាអ៊ូឌីត​បដិសេធ​កៅអី​សមាជិក​ក្រុម​ប្រឹក្សា​សន្តិសុខ

សាល​ប្រជុំ​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​(រូបថត​ឯកសារ)
សាល​ប្រជុំ​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​(រូបថត​ឯកសារ) REUTERS/Lucas Jackson

ការ​បដិសេធ​របស់​ប្រទេសអារ៉ាប៊ីសាអ៊ូឌីត មិន​ទទួល​យក​កៅអី​ជា​សមាជិក​អចិន្ត្រៃយ៍​នៃ​ក្រុម​ប្រឹក្សា​សន្តិសុខ​​អង្គការ​សហប្រជាជាតិ​ ស្ថិត​នៅ​តែ​ជា​បច្ចុប្បន្នភាព​សំខាន់មួយ។ នៅ​ថ្ងៃអាទិត្យ​ម្សិលមិញ ប្រមុខ​ដឹកនាំ​​សម្ព័ន្ធ​អារ៉ាប់ បាន​ប្រកាសគាំទ្រ​ជំហរ​របស់​អារ៉ាប៊ីសាអ៊ូឌីត ក្នុង​ខណៈ​ដែល​ប្រទេស​ជា​សមាជិក​ផ្សេងៗ​ទៀត គំរាម​ថា​នឹង​អាច​ជ្រើសរើស​បេក្ខភាព​ប្រទេស​អារ៉ាប​ថ្មី​មួយទៀត ទៅ​ជំនួស​កៅអី​ទំនេរ​នោះ។

ផ្សាយពាណិជ្ជកម្ម

សម្រាប់​​​ប្រធាន​សម្ព័ន្ធ​អារ៉ាប់ អារ៉ាប៊ី​សាអ៊ូឌីត ធ្វើ​ត្រូវ​ ដែល​បដិសេធ​មិន​​ទទួល​យក​នាទី​ជា​សមាជិក​ក្រុមប្រឹក្សា​សន្តិសុខ​ ព្រោះ​ស្ថាប័ន​នេះ​មិន​ដែល​ទទួល​បន្ទុក​គិត​គូរ​ជួយ​ដោះស្រាយ​បញ្ហា​ឱ្យ​បណ្តា​ប្រទេស​អារ៉ាប​ទេ។ ហើយ​ប្រទេស​អារ៉ាប​ក៏​មិន​ដែល​មាន​ការ​ទទួល​ខុស​ត្រូវ​​សម្រាប់​រក្សា​សន្តិភាព និង​សុវត្ថិភាព​អន្តរជាតិដែរ ! ផ្ទុយ​ទៅ​វិញ គឺ​ក្រុមប្រទេស​អារ៉ាប​ជា​អ្នក​រងគ្រោះ​អំពី​អសមត្ថភាព​របស់​ក្រុមប្រឹក្សា​ មាន​ជាអាទិ៍​ សំណុំ​រឿង​ប៉ាឡេស្ទីន និង​ជម្លោះ​នៅ​ស៊ីរី។

 
នេះ​ជា​លើក​ទី​មួយ​ ក្នុង​ប្រវត្តិ​ក្រុមប្រឹក្សា​សន្តិសុខ​ ដែល​មាន​ប្រទេស​បាន​ជាប់​ឆ្នោត បែរជា​ បដិសេធ​មិន​ព្រម​ទទួល​កៅអី​ជា​សមាជិក​មិន​អចិន្ត្រៃយ៍​ដូច្នេះ។ ប្រទេស​ជា​ច្រើន​បាន​សម្តែង​ការ​ងឿង​ឆ្ងល់​នឹង​សេចក្តី​សម្រេច​ចិត្ត​របស់​អារ៉ាប៊ីសាអ៊ូឌីត ព្រម​ទាំង​បញ្ចេញ​ប្រតិកម្ម​រិះគន់​តប​វិញ​ផង។ អាមេរិក​ដែល​ក្រុង​រីយ៉ាត​ចង់​ចង្អុល​មុខ​ខ្លាំង​ជាងគេនោះ បាន​ត្រឹម​បង្ហើរ​សម្តី​ថា​ជា​សិទ្ធិ​របស់​អារ៉ាប៊ីសាអ៊ូឌីត ក្នុង​ការ​សម្រេច​ចិត្ត​អ្វី​មួយ ព្រោះ​ក្រុម ប្រឹក្សា​សន្តិសុខ​បាន​ធ្វើ​អ្វី​ដែលគួរ​ច្រើន​ណាស់​ហើយ។

មានតែ​ក្រុម​ប្រទេស​អារ៉ាប់​ដូច​គ្នា​ប៉ុណ្ណោះ ដែលបាន​បង្ហាញ​ការ​យល់​ចិត្ត​ ប៉ុន្តែ​​ក៏​បាន​បង្ខំ​ឱ្យ​អារ៉ាប៊ីសាអ៊ូឌីត ប្តូរ​ចិត្ត​ ទៅ​ទទួល​យក​ភារកិច្ច​ជា​សមាជិក​មិន​អចិន្ត្រៃយ៍​ ចាប់​ពី​ថ្ងៃ​ទី ១​មករា សម្រាប់​រយៈ​ពេល​ពីរ​ឆ្នាំ ដើម្បី​ការពារផល​ប្រយោជន៍​តំបន់​ដើម​បូព៌ា ជាពិសេស​ក្នុង​​បរិបទ​ជា​ប្រវត្តិសាស្ត្រ​ ដូច​នាពេល​បច្ចុប្បន្ន​នេះ។

ប្រសិន​បើ​អារ៉ាប៊ីសាអ៊ូឌីត នៅ​តែ​ចចេស​បដិសេធ​ ក្រុមប្រទេស​អារ៉ាប ត្រូវ​តែ​ជ្រើសរើស​​ ក្នុង​ពេល​ដ៏​ខ្លី​ៗ​ខាង​មុខ​នេះ បេក្ខភាព​ប្រទេស​ យ៉េមែន ឬ កូវ៉ែត ស្ថិត​នៅ​លំដាប់​លើគេ​អាច​មក​ ​ជំនួស​​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត។

សូម​បញ្ជាក់​ថា​រហូត​មក​ទល់​នឹង​ម៉ោង​នេះ អារ៉ាប៊ីសាអ៊ូឌីត មិន​ទាន់​បាន​ចេញ​សេចក្តី​ជូន​ដំណឹង​អ្វី​ជា​ផ្លូវការ​ ទៅ​អង្គការ​សហប្រជាជាតិ​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI